rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក កូស្តារីកា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ ត្រាំ​ថា​ គណបក្សប្រជាធិបតេយ្យ​មាន​ចំណែក​ទទួលខុស​ត្រូវ​នៃ​បរាជ័យ​ជំនួប​ត្រាំ គីម​នៅ​វៀតណាម

media
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ REUTERS/Carlos Barria

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី៤ មីនា​ថា ការ​ដែល​ជំនួបកំពូល​រវាង​លោក និង​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​វៀតណាម​បាន​បិទបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង និង​គ្មាន​សេចក្តីថ្លែងការណ៍ ក៏​ដោយសារ​តែ​គណបក្ស​ប្រជាធិបតេយ្យ​បាន​រៀបចំ​សវនាការ​សួរ​ដេញដោល​អតីត​មេធាវី​របស់​លោក។ លោក​ត្រាំ​យល់​ថា បើ​គ្មាន​ការ​សួរ​នាំ​អតីត​មេធាវី​របស់​លោក​ក្នុង​ថ្ងៃ​ដែល​លោក​កំពុង​ជួប​លោក​គីម ជុងអ៊ុន​ទេ ម្ល៉េះ​ជំនួប​ក៏​មិន​ទទួល​បរាជ័យ​ដែរ។


ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង លោក​ដូណាល់ ត្រាំ​បាន​ប្រើ​បណ្តាញ​សង្គម Twitter របស់​លោក​ដើម្បី​បញ្ចេញ​ប្រតិកម្ម។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​លោក Michael Cohen ដែល​ជា​អតីត​មេធាវី​របស់​លោក លោក​ត្រាំ​បាន​សរេសរ​យ៉ាង​ដូច្នោះ​ថា « ការ​ដែល​ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​បើក​សវនាការ​ជា​សាធារណៈ​សួរ​ដេញដោល​មនុស្ស​និយាយកុហក និង​លួចបន្លំ​ម្នាក់​ក្នុង​ពេល​ដែល​មាន​ជំនួប​សំខាន់​រឿង​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​អាច​រួម​ចំណែក​ពី​ការ​គ្មាន​កិច្ចព្រមព្រៀង​ក្នុង​ទីក្រុង​ហាណូយ »។ បន្ទាប់​មក លោក​ត្រាំ​បាន​សរសេរ​បន្ត​ដោយ​ចាត់​ទុក​ទង្វើ​របស់​គណបក្សប្រជាធិបតេយ្យ​ថា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់ និង​មិន​ដែល​ឃើញ​ក្នុង​ពេល​ដែល​ប្រធានាធិបតី​ម្នាក់​កំពុង​ស្ថិត​នៅ​បរទេស។

គួរ​រម្លឹក​ថា ក្នុង​ពេល​ដែល​លោក​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កំពុង​មាន​ជំនួបលើកទី២ នា​ថ្ងៃទី២៧ និង​ទី២៨ កុម្ភៈ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម លោក Michael Cohen ដែល​ជា​អតីត​មេធាវី​របស់​លោក​ត្រាំ​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​គណៈកម្មការ​សភា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​បាន​ចោទ​លោក​ត្រាំ​ជា​មនុស្ស​ប្រកាន់​ពូជសាសន៍ បោកប្រាស់ និង​ឆរបោក។ លោក Michael Cohen បាន​ធានា​នៅ​និង​ចំពោះ​មុខ​គណៈកម្មការ​សភា​ថា លោក​ត្រាំ​ជា​អ្នក​បញ្ជា​ឲ្យ​មាន​កិច្ចចរចា​រឿង​អចលនទ្រព្យ​ជាមួយ​រុស្ស៊ី​ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​បាន​បិទបញ្ចប់​ជំនួបកំពូល​ជាមួយ​លោក​គីម ជុងអ៊ុន​នៅ​មុន​ពេល​កំណត់ លោក​ត្រាំ​ក៏​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ដោយ​បាន​រិះគន់​ទិតៀន​លើ​សវនាការ​រៀបចំ​ដោយ​គណបក្សប្រជាធិបតេយ្យ និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​លោក Cohen លើ​លោក​ថា​ជា​រឿង​មិន​ពិត។ សម្រាប់​លោក​ត្រាំ គណបក្សប្រជាធិបតេយ្យ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​បរាជ័យ​នៃ​ជំនួបកំពូល​លើកទី២ ត្រាំ គីម​ក្នុង​ប្រទេស​វៀតណាម​ដែល​គ្មាន​កិច្ចព្រមព្រៀង និង​គ្មាន​សេចក្តីថ្លែងការណ៍៕