អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា៖​ជំនួយមនុស្សធម៌​កំពុង​ក្លាយ​ជា​អាវុធការទូត​រវាង​ក្រុម​គាំទ្រ​លោកម៉ាឌូរ៉ូ និង​ក្រុម​គាំទ្រ​លោកហ្កាយដូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ជំនួយមនុស្សធម៌​កំពុង​បន្ត​ក្លាយ​ជា​អាវុធការទូត​យ៉ាង​ផុសផុល​រវាង​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ និង​ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី​ស្តីទី​ប្រកាស​ខ្លួន​ឯង​លោក​ហ័ន ហ្កាយដូ។ ខណៈ​ដែល​លោក​ហ្កាយដូ​បាន​ប្រកាស​ពី​ការ​ដឹកជំនួយ​មនុស្សធម៌​របស់​អាមេរិក​ចូល​ក្នុង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍ ទី២៣ កុម្ភៈ និង​ការ​រៀបចំ​បាតុកម្ម​ថ្មី លោក​ម៉ាឌូរ៉ូ​ក៏​បាន​ប្រកាស​ពី​ការ​ទទួល​ជំនួយមនុស្សធម៌​នៅ​ថ្ងៃ​ពុធ ទី២០ កុម្ភៈ តែ​ជា​ជំនួយមនុស្សធម៌​របស់​ប្រទេស​រុស្ស៊ី។ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី១៨ កុម្ភៈ ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​អំពាវនាវ​ដល់​មន្រ្តីយោធា និង​ស៊ីវិល​ដែល​គាំទ្រ​លោក​ម៉ាឌូរ៉ូ​កុំ​ឲ្យ​រារាំង​ជំនួយមនុស្សធម៌។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​បាន​ព្រមាន​ត្រង់​លើ​ក្រុម​មេដឹកនាំ​យោធា​ដោយ​បាន​ស្នើ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​គាំទ្រ​លោក​ហ្កាយដូ​វិញ។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​បាត់បង់​ទាំង​អស់ ហើយ​ក៏​នឹង​គ្មាន​កន្លែង​ជ្រកកោន​ដែរ នេះ​ជា​ការ​បន្ថែម​របស់​លោក​ត្រាំ។

លោក​​ប្រធានាធិបតី​​អាមេរិក​​ដូណាល់ ត្រាំ
លោក​​ប្រធានាធិបតី​​អាមេរិក​​ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

ដូច​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ថា បើ​កុំ​តែ​មាន​ក្រុម​មេដឹកនាំ​យោធា​បន្ត​គាំទ្រ​លោក​ម៉ាឌូរ៉ូ ម្ល៉េះ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​រូប​នេះ​ក៏​មិន​អាច​តោង​អំណាច​មក​ដល់​ថ្ងៃ​នេះ​ដែរ។ ចូរ​កុំ​ភ្លេច​ថា ប្រជាជន​វ៉េណេស៊ុយអេឡា​សឹង​តែ​ទូទាំង​ប្រទេស និង​សឹង​គ្រប់ជាន់ថ្នាក់​បាន​គាំទ្រ​លោក​ហ្កាយដូ​យ៉ាង​ពេញ​ទំហឹង។ គេ​មិន​ដឹង​ថា តើ​នៅ​មាន​មេដឹកនាំ​យោធា​ប៉ុន្មាន​នាក់​ដែល​បន្ត​ស្មោះស្ម័គ្រ​នឹង​លោក​ម៉ាឌូរ៉ូ និង​មាន​ប៉ុន្មាន​នាក់​ដែល​ឈប់​គាំទ្រ​លោក​ម៉ាឌូរ៉ូ តែ​កំពុង​សម្ងំ​នៅ​ស្ងៀម មិន​និយាយ​អ្វី​ទាំង​អស់​ទេ។ ម្យ៉ាង​ទៀត ក៏​គេ​នៅ​មិន​ទាន់​ហ៊ាន​និយាយ​ថា តើ​មេដឹកនាំ​យោធា​ដែល​កំពុង​បន្ត​មាន​សមានចិត្ត​ជាមួយ​លោក​ម៉ាឌូរ៉ូ​នឹង​បន្ត​គាំទ្រ​លោក​ម៉ាឌូរ៉ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ឬ​មួយ​ក៏​នឹង​ព្រលែង​លោក​ម៉ាឌូរ៉ូ​ចោល​វិញ​នៅ​ថ្ងៃ​ណា​មួយ​នោះ។

ការ​អំពាវនាវ និង​ការ​ព្រមាន​របស់​លោក​ត្រាំ គឺ​សំដៅ​លើ​ក្រុម​មេដឹកនាំ​យោធា​ដែល​កំពុង​បន្ត​គាំទ្រ​លោក​ម៉ាឌូរ៉ូ។ ថ្លែង​នៅ​ចំពោះ​មុខ​សហគមន៍​វ៉េណេស៊ុយអេឡា​ក្នុង​ទីក្រុង Miami នៃ​រដ្ឋ Florida នា​រសៀល​ថ្ងៃ​ចន្ទ ទី១៨ កុម្ភៈ លោក​ត្រាំ​បាន​ផ្ញើ​សារ​ត្រង់ៗ​ទៅ​កាន់​មន្រ្តីកងទ័ព​វ៉េណេស៊ុយអេឡា​ថា ពួក​គេ​មាន​ផ្លូវ​តែ​ពីរ​គត់​ដែល​ត្រូវ​ដើរ ទី១ បែរ​ទៅ​គាំទ្រ​លោក​ហ្កាយដូ ទទួល​យក​ការ​លើកលែងទោស​ពី​លោក​ហ្កាដូ ហើយ​បន្ត​រួមរស់​ក្នុង​សង្គមគ្រួសារ​របស់​ពួក​គេ និង​ទី២ ពួក​គេ​បន្ត​គាំទ្រ​លោក​ម៉ាឌូរ៉ូ តែ​ក្នុង​ករណី​នេះ ពួក​គេ​នឹង​បាត់បង់​ទាំង​អស់ ហើយ​ក៏​គ្មាន​កន្លែង​សម្រាប់​ភៀសខ្លួន​ដែរ។ បន្ទាប់​មក លោក​ត្រាំ​បាន​ចោទ​របបដឹកនាំ​របស់​លោក​ម៉ាឌូរ៉ូ​ថា ជា​អាយ៉ង​របស់​ប្រទេស​គុយបា ហើយ​បាន​ព្រមាន​ត្រង់ៗ​ថា ជីវិត​របបកម្មុយនិស្ត​នៅ​វ៉េណេស៊ុយអេឡា នៅ​នីការ៉ាហ្កា និង​នៅ​គុយបា​ជិត​ឈាន​ដល់​ទីបញ្ចប់​ហើយ។

តើ​សម្តីព្រមាន​ខ្លាំងៗ​របស់​លោក​ត្រាំ​ពេល​នេះ​មិនមែន​ជា​ការ​ត្រៀមខ្លួន​ចូលអន្តរាគមន៍​ផ្លូវយោធា​របស់​អាមេរិក​ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ទេ ឬ​យ៉ាង​ណា?។ លោក​ត្រាំ​ធ្លាប់​បាន​ឆ្លើយ​នឹង​សំណួរ​នេះ​រួច​ហើយ​ថា ការ​បញ្ចប់​អំណាច​លោក​ម៉ាឌូរ៉ូ​ដោយ​ប្រើ​កម្លាំងបាយ​របស់​អាមេរិក​ក៏​ជា​វិធានការ​មួយ​នៅ​លើ​តុ​របស់​លោក​ដែរ។

លោក​ហ្កាយដូ និង​លោក​ម៉ាឌូរ៉ូ​យក​ជំនួយមនុស្សធម៌​ដើម្បី​ប្រជែង​កម្លាំង​គ្នា

វ៉េណេស៊ុយអេឡា​ដែល​ជា​ប្រទេស​ស្តេចប្រេងកាត​មួយ​នៅ​អាមេរិកឡាទីន និង​ធ្លាប់​បាន​សោយសុខ​នឹង​ធនធានធម្មជាតិ​មួយ​នេះ​បែរ​ជា​កំពុង​មាន​សេដ្ឋកិច្ច​ត្រដរ​ខ្យល់​ខ្លាំង។ អត្រា​អតិផរណា​អាច​កើន​ដល់​ទៅ ១០លានភាគរយ​ក្នុង​ឆ្នាំ ២០១៩ ហើយ​ប្រជាជន​វ៉េណេស៊ុយ​ខ្វះខាត​សព្វគ្រប់ តាំង​ពី​អាហារ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្នាំសង្កូវ។ ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ជិត ៣លាននាក់​បាន​ភៀសខ្លួន​ទៅ​ស្វែង​ជីវភាព​សមរម្យ​នៅ​ក្នុង​ប្រទេស​ក្បែរខាង។ ក្រុម​អ្នក​ជំនាញ​បាន​ប្រមើលមើល​ថា បើ​គ្មាន​ដំណោះស្រាយ​ឆាប់ៗ​ទេ មាន​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ដល់​ទៅ ៥លាននាក់​នឹង​រត់​ចេញ​ពី​ស្រុក​កំណើត​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ ២០១៩។

គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គ្មាន​ប្រទេស​ណា​មួយ​នៅ​អាមេរិកឡាទីន​ធ្លាប់​បាន​ជួប​ប្រទះ​ដូច​ករណី​វ៉េណេស៊ុយអេឡា។ លោក​ហ្កាយដូ​ប្រាប់​ពី​ការ​ដឹក​ជំនួយមនុស្សធម៌​អាមេរិក​ចូល​ស្រុក​នៅ​ថ្ងៃ​សៅរ៍ ទី២៣ កុម្ភៈ ដែល​ជា​ថ្ងៃ​គម្រប់ ១ខែ​គត់​នៃ​ការ​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​ស្តីទី។ ទន្ទឹម​គ្នា​នេះ ថ្ងៃទី២៣ កុម្ភៈ​ក៏​ជា​ថ្ងៃ​ដែល​លោក​ហ្កាយដូ​រៀបចំ​ឲ្យ​មាន​ក្បួន​បាតុកម្ម​ជា​ថ្មី​ដែរ។ លោក​ហ្កាយដូ​យល់​មិន​ច្រឡំ​ទេ​ថា មាន​តែ​ការ​ប្រើ​ជំនួយមនុស្សធម៌​ទេ​ទើប​លោក​អាច​កែន​ប្រមូល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ព្រោះ​ដើម្បី​ក្រពះ មនុស្ស​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​រស់ និង​ប្រឹងរស់។

មក​ដល់​ពេល​នេះ លោក​ម៉ាឌូរ៉ូ​បាន​រារាំង និង​ប្រើ​កម្លាំងទ័ព​ដើម្បី​ទប់​មិន​ឲ្យ​ជំនួយមនុស្សធម៌​បរទេស​ចូល​ស្រុក ពិសេស​ជំនួយ​របស់​អាមេរិក។ ស្រាប់​តែ​ឥឡូវ លោក​ម៉ាឌូរ៉ូ​ក៏​បាន​ប្រើ​យុទ្ធសាស្រ្ត​ដូច​លោក​ហ្កាយដូ​ដែរ​ដោយ​ប្រកាស​ថា ជំនួយមនុស្សធម៌​របស់​ប្រទេស​រុស្ស៊ី​ចំនួន ៣០០តោន​នឹង​ដឹក​មក​ដល់​នៅ​ថ្ងៃ​ពុធ ទី២០ កុម្ភៈ។ ឃើញ​ថា កុំ​ថា​ឡើយ​លោក​ហ្កាយដូ និង​លោក​ម៉ាឌូរ៉ូ សូម្បី​តែ​បរទេស ពិសេស​អាមេរិក និង​រុស្ស៊ី​ក៏​បាន​យក​ជំនួយមនុស្សធម៌​ធ្វើ​ជា​អាវុធការទូត​ដើម្បី​ប្រជែង​កម្លាំង​គ្នា​ក្នុង​ការ​គាំទ្រ​ភាគី​រៀងៗខ្លួន​ដែរ។

លោក​ហ្កាយដូ​ប្តេជ្ញា​នាំ​ជំនួយអាមេរិក​ចូលស្រុក ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ម៉ាឌូរ៉ូ​បាន​ត្រៀម​ចាត់​វិធានការ​អ្វី​ខ្លះ​ដើម្បី​រារាំង​ជំនួយ​របស់​អាមេរិក​ក្នុង​ថ្ងៃ​សៅរ៍ ទី២៣ កុម្ភៈ​ទេ តែ​លោក​ហ្កាយដូ​បាន​ប្តេជ្ញាចិត្ត​រួច​ហើយ​ថា ទោះ​ក្រោម​ហេតុផល​អ្វី និង​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ក៏​លោក​នឹង​នាំ​ជំនួយមនុស្សធម៌​របស់​អាមេរិក​ចូល​ស្រុក​ឲ្យ​ទាល់​តែ​បាន។ តើ​តាម​វិធី​ណា​ខ្លះ? លោក​ហ្កាយដូ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ តែ​គ្រាន់​បញ្ជាក់​ថា ជំនួយ​ជា​អាហារ និង​ថ្នាំសង្កូវ​ជា​ច្រើន​តោន​កំពុង​ស្តុក​ទុក​នៅ​ក្នុង​ស្រុក​របស់​ប្រទេស​កូឡុំប៊ី​ស្ថិត​តាម​បណ្តោយព្រំដែន​ជាមួយ​ប្រទេស​វ៉េណេស៊ុយអេឡា។

ឃើញ​ថា កម្តៅ​នយោបាយ​អាច​នឹង​ឡើង​ដល់​កម្រិតកំពូល​នៅ​តាម​ព្រំដែន​នា​ថ្ងៃ​សៅរ៍ ទី២៣ កុម្ភៈ​រវាង​លោក​ហ្កាយដូ​ដែល​ត្រៀម​ប្រើ​កម្លាំង​មហាជន និង​លោក​ម៉ាឌូរ៉ូ​ដែល​ត្រៀម​ប្រើ​កម្លាំង​កងទ័ព។ គេ​នៅ​មិន​ទាន់​ដឹង​ថា បើ​លោក​ហ្កាយដូ​បន្ត​ជម្នះ​យក​ជំនួយ​អាមេរិក​ចូលស្រុក​ឲ្យ​ទាល់​តែ​បាន តើ​ប្រតិកម្ម​របស់​កងទ័ព​នឹង​មាន​កម្រិត​ណា​ទេ។ តែ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា បើ​មាន​ការ​បាញ់​សម្លាប់​រង្គាល​លើ​ប្រជាជន​ពី​សំណាក់​កងទ័ព​ក្នុង​ថ្ងៃ​នោះ វា​អាច​ជា​លេស ឬ​ជា​ហេតុផល​មួយ​ដែល​អាមេរិក​អាច​ចូល​អន្តរាគមន៍​ផ្លូវយោធា​នៅ​វ៉េណេស៊ុយអេឡា​ដើម្បី​បញ្ចប់​អំណាច​លោក​ម៉ាឌូរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ