អានតួអត្ថបទ
កាណាដា-ONG

អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​អំពាវនាវ​ឲ្យ​យក​លុយ​រឹបអូស​ពី​ក្រុម​មេដឹកនាំផ្តាច់ការ​ទៅ​ជួយ​ជនភៀសខ្លួន

នៅ​ក្នុង​ប្រទេស​កាណាដា អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ « ក្រុមប្រឹក្សា​ពិភពលោក​ដើម្បី​ជនភៀសខ្លួន » បាន​ស្នើ​ឲ្យ​យក​លុយ​ដែល​រឹបអូស​បាន​ពីក្រុមមេដឹកនាំ​ផ្តាច់ការ​ទៅ​ជួយ​ទំនុកបម្រុង​ដល់​ជនភៀសខ្លួន។ នាយក​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​នេះ​ជា​អតីត​រដ្ឋមន្រ្តី​ការបរទេស​កាណាដា លោក​លយ អាក់វ៉ធី (LIoyd Axworthy)។ សំណើ​មួយ​នេះ​ត្រូវ​បាន​លោក​អាក់វ៉ធី​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូតរាជ​បរទេស​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​បណ្តា​អង្គការ​អន្តរជាតិ​ក្នុង​ទីក្រុង​ញូយ៉ក។ គួរ​បញ្ជាក់​ថា អង្គការ « ក្រុមប្រឹក្សា​ពិភពលោក​ដើម្បី​ជនភៀសខ្លួន » របស់​អតីត​ប្រមុខការទូត​កាណាដា​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧ ពោល​ក្នុង​ពេល​ដែល​ពិភពលោក​បាន​ជួប​វិបត្តិ​លំហូរជនភៀសខ្លួន​ធ្ងន់ធ្ងរ។

លោក Lloyd Axworthy អតីតរដ្ឋមន្រ្តីការបរទេសកាណាដា និង​ជា​ប្រធានអង្គការក្រៅរដ្ឋាភិបាលឈ្មោះ « ក្រុមប្រឹក្សាពិភពលោកដើម្បីជនភៀសខ្លួន »
លោក Lloyd Axworthy អតីតរដ្ឋមន្រ្តីការបរទេសកាណាដា និង​ជា​ប្រធានអង្គការក្រៅរដ្ឋាភិបាលឈ្មោះ « ក្រុមប្រឹក្សាពិភពលោកដើម្បីជនភៀសខ្លួន » AFP
ផ្សាយពាណិជ្ជកម្ម

សំណើ​របស់​លោក​លយ អាក់វ៉ធី​ឲ្យ​យក​លុយ​រឹបអូស​បាន​ពី​ក្រុម​ជនផ្តាច់ការ​ទៅ​ជួយ​ជនភៀសខ្លួន​គ្រាន់​ជា​អនុសាសន៍​មួយ​ក្នុង​ចំណោម​អនុសាសន៍​ផ្សេង​ទៀត​នៅ​ក្នុង​របាយការណ៍​របស់​លោក​ក្រោម​ចំណងជើង​ថា « ការ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព៖​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ជនភៀសខ្លួន​សកលលោក »។ របាយការណ៍​ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ជា ៦៨ ៥០០ ០០០នាក់​ក្នុង​លោក​ជា​ជនភៀសខ្លួន ឬ​ជា​ជនបម្លាស់ទី​ដែល​ពួក​គេ​បាន​រត់គេច​ពី​សង្រ្គាម ពី​ភាព​អត់ឃ្លាន និង​ពី​គ្រោះ​មហន្តរាយ​នានា។ ក្រៅ​ពី​លំហូរ​ជនភៀសខ្លួន​ក្នុង​ទ្វីបអឺរ៉ុប របាយការណ៍​បាន​លើកឡើង​ពី​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ភូមា ជនភៀសខ្លួន​ស៊ីរី និង​នៅ​អាហ្រ្វិក​សាហារ៉ា។

នាយក​អង្គការ « ក្រុមប្រឹក្សា​ពិភពលោក​ដើម្បី​ជនភៀសខ្លួន » លោក​លយ អាក់វ៉ធី​បាន​ថ្លែង​ច្បាស់ៗ​ថា ប្រព័ន្ធ​គាំពារ និង​ការពារ​ជនភៀសខ្លួន​របស់​ពិភពលោក​បច្ចុប្បន្ន​នៅ​មិន​អាច​ឆ្លើយ​តប​នឹង​​កំណើន​ជនភៀសខ្លួន ឬ​ជនបម្លាស់ទី​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ​ទេ។ នៅ​ក្នុង​ន័យ​នេះ លោក​លយ អាក់វ៉ធី​បាន​អំពាវនាវ​ឲ្យ​ប្រើ​ផ្លូវ​តុលាការ​ដើម្បី​រឹបអូស​លុយកាក់ ទ្រព្យសម្បត្តិ​របស់​ក្រុម​មេដឹកនាំ​ផ្តាច់ការ​ពុករលួយ​ដែល​ត្រូវ​បាន​បង្កក​នៅ​បរទេស​ដោយ​ហេតុផល​ទណ្ឌកម្ម។ តាម​ធនាគារពិភពលោក លុយកាក់ ទ្រព្យសម្បត្តិ​ដែល​ក្រុម​មេដឹកនាំ​ផ្តាច់ការ​ពុករលួយ​បាន​លាក់ទុក​នៅ​បរទេស​មាន​ដល់​ទៅ​រាប់សិបពាន់លាន​ដុល្លារ។

លោក​លយ អាក់វ៉ធី​បាន​មើល​ឃើញ​ថា បរិមាណ​ទឹកលុយ​របស់​ក្រុម​មេដឹកនាំ​ផ្តាច់ការ​ពុករលួយ​នៅ​បរទេស​អាច​ជា​ប្រភព​ចំណូល​ថ្មី​សម្រាប់​ជួយ​ទំនុកបម្រុង​ជនភៀសខ្លួន​ផង និង​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​ទទួល​ជនភៀសខ្លួន​ឲ្យ​ជ្រកកោន​ផង ពិសេស​បណ្តា​ប្រទេស​ដែល​ថវិកា​មាន​កម្រិត។ ដោយឡែក របាយការណ៍​របស់​លោក​លយ អាក់វ៉ធី​ក៏​បាន​និយាយ​ពី​សហរដ្ឋអាមេរិក​ដែល​ពី​មុន​ជា​ប្រទេស​ទទួល​ជនភៀសខ្លួន និង​អ្នក​សុំសិទ្ធិជ្រកកោន​ច្រើន តែ​បាន​ទទួល​តិចតួច​ក្នុង​ឆ្នាំ ២០១៨ គិត​ក្នុង​រយៈពេល ៤ទសវត្ស​ចុង​ក្រោយ​នេះ។

គួរ​រម្លឹក​ថា អង្គការ « ក្រុមប្រឹក្សា​ពិភពលោក​ដើម្បី​ជនភៀសខ្លួន » របស់​អតីត​ប្រមុខការទូត​កាណាដា​លោក​លយ អាក់វ៉ធី​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧ ពោល​ក្នុង​ពេល​ដែល​ពិភពលោក​បាន​ជួប​វិបត្តិ​លំហូរ​ជនភៀសខ្លួន​ធ្ងន់ធ្ងរ។ កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​អង្គការ​នេះ​ឡើង គឺ​ដើម្បី​ស្នើ​ចេញ​នូវ​គំនិត​ថ្មីៗ​ដើម្បី​ឆ្លើយ​តប​នឹង​ភាព​អាសន្នមនុស្សធម៌​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ