អានតួអត្ថបទ
កាណាដា-អារ៉ាប៊ីសាអូឌីត

កាណាដា​បាន​យល់ព្រម​ផ្តល់​សិទ្ធិ​ជ្រកកោន​ឲ្យ​នារី​ជនជាតិ​អារ៉ាប៊ីសាអូឌីត

នៅ​ទីបំផុត នារី​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ឈ្មោះ​រ៉ាហា ម៉ូហាម៉េត អាល់គូណាន់​ដែល​បាន​លាក់ខ្លួន បិទទ្វារ​ក្នុង​បន្ទប់​សណ្ធាគារ​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ក្រុង​បាងកក​បាន​ទទួល​សិទ្ធិជ្រកកោន​ពី​រដ្ឋាភិបាល​កាណាដា។ នាង​អាល់គូណាន់​បាន​ជិះ​យន្តហោះ​ចេញ​ពី​ក្រុង​បាងកក​ប្រទេស​ថៃ​ទៅ​កាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង រួច​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កាណាដា​ដែល​ជា​គោលដៅ​ចុង​ក្រោយ។ កាយវិការ​របស់​រដ្ឋាភិបាល​កាណាដា​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអីឌីត​ដែល​កំពុង​តានតឹង​ស្រាប់​នឹង​រឹត​តែ​ធ្លាក់​ដុនដាប​បន្ថែម​ទៀត។

នារីជនជាតិអារ៉ាប៊ីសាអូឌីត រ៉ាហា ម៉ូហាម៉េត អាល់គូណាន់
នារីជនជាតិអារ៉ាប៊ីសាអូឌីត រ៉ាហា ម៉ូហាម៉េត អាល់គូណាន់ Reuters
ផ្សាយពាណិជ្ជកម្ម

ពី​ដំបូង អូស្រា្តលី​ជា​ប្រទេស​ដែល​នារី​ជនជាតិ​អារ៉ាប៊ីសាអូឌីត​រ៉ាហា ម៉ូហាម៉េត អាល់គូណាន់​បាន​សុំ​សិទ្ធិជ្រកកោន។ តែ​ទីបំផុត គឺ​ប្រទេស​កាណាដា​ដែល​បាន​យល់ព្រម​ទទួល​នាង ហើយ​លោក​នាយករដ្ឋមន្រ្តី​កាណាដា Justin Trudeau ផ្ទាល់​ខ្លួន​ដែល​បាន​ប្រកាស​ពី​ការ​ទៅ​ដល់​ទឹកដី​កាណាដា​របស់​នាង​អាល់គូណាន់។ នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល​នោះ លោក Trudeau មិន​បាន​ប្រាប់​ពី​មូលហេតុ​ដែល​កាណាដា​បាន​បើក​ទ្វារ​ទទួល​នាង​អាល់គូណាន់​ទេ តែ​គ្រាន់​បញ្ជាក់​ថា កាណាដា​បាន​យល់​ពី​សារៈសំខាន់​នៃ​ការ​បញ្ជាក់​ពី​សិទ្ធិ​របស់​ស្ត្រីនៅ​ក្នុង​លោក។

ចំណាប់​អារម្មណ៍​យ៉ាង​ដូច​នេះ​របស់​លោក Trudeau នឹង​ធ្វើ​ឲ្យ​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​មិន​សប្បាយចិត្ត​ឡើយ។ មិន​សប្បាយចិត្ត​ព្រោះ​វា​ជា​ការ​អះអាង​បន្ថែម​លើ​ការ​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​យល់ព្រម​ផ្តល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ឲ្យ​នាង​អាល់គូណាន់។ ការ​ផ្តល់​សិទ្ធិ​ជា​ជនភៀសខ្លួន​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ពី​ការ​ធ្វើ​បាប​ស្រ្តីភេទ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​នាង​អាល់គូណាន់​ជា​ជនរងគ្រោះ​ម្នាក់។ គួរ​រម្លឹក​ថា ភាព​តានតឹង​រវាង​កាណាដា និង​អារ៉ាប៊ីសាអូឌីត​បាន​ផ្តើម​ចេញ​ពី​សម្តី​របស់​រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ីសាអូឌីត​ក្នុង​ខែ​សីហា ឆ្នាំ ២០១៨ ដែល​និយាយ​ពី​ការ​ឃុំខ្លួន​ស្រ្តីអារ៉ាប៊ីសាអូឌីត។

កាល​ណោះ ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​អារ៉ាប៊ីសាអូឌីត​បាន​ដក​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​វិញ ហើយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ក៏​បាន​ស្នើ​ឲ្យ​និស្សិត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​ជា​ច្រើន​ពាន់នាក់​ដែល​កំពុង​សិក្សា​នៅ​កាណាដា​ឲ្យ​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ។ សូម​ជម្រាប​ថា ការ​ដែល​នាង​អាល់គូណាន់​ទទួល​បាន​សិទ្ធិជ្រកកោន​ក្នុង​ទឹកដី​កាណាដា​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​នាង​បាន​ទទួល​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្តាញ​ស្រ្តីអារ៉ាប៊ីសាអូឌីត​មួយ​ប្រចាំ​ប្រទេស​កាណាដា។ សកម្មភាព​របស់​បណ្តាញ​មួយ​នេះ គឺ​ព្យាយាម​បិទបញ្ចប់​ទាសភាព​ស្រ្តី​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ