អានតួអត្ថបទ
សហរដ្ឋអាមេរិក-ស៊ីរី

ទីប្រឹក្សាសន្តិសុខ​អាមេរិក៖ អាវុធ​គីមី​នៅតែ​ជា​ខ្សែបន្ទាត់ក្រហម របស់​អាមេរិក

ទោះ​អាមេរិក​កំពុង​រៀបចំ​ដំណើរការ​ដក​កងទ័ព​ចេញពី​ទឹកដី​ស៊ីរី លោក​ចន បុលតុន ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ បាន​អះអាង​ប្រាប់​អ្នកកាសែត ថា ជំហរ​ប្រឆាំង​របស់​អាមេរិក​ទៅលើ​ការប្រើប្រាស់​អាវុធ​គីមី នៅ​ទឹកដី​ស៊ីរី គឺ​នៅតែ​ដដែល​ដូចមុន។ លោក​ចន បុលតុន បាន​និយាយ​ព្រមាន​ប្រធានាធិបតី ស៊ីរី ពីរឿង​ប្រើអាវុធ​គីមី នៅក្នុង​ពេល​លោក​កំពុង​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល និង​តួកគី នៅ​ចុងសប្តាហ៍នេះ។ 

ប្រធានាធិបតី​អាមេរិក និង​លោក​ចន បុលតុន (សំលៀកបំពាក់ស៊ីវិល កណ្តាល) នៅពេល​ធ្វើ​ទស្សនកិច្ច​មិនប្រកាស​ទុកមុន​នៅ​មូលដ្ឋាន​ទ័ពAl Asad នៅប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី ២៦ ធ្នូ ២០១៨
ប្រធានាធិបតី​អាមេរិក និង​លោក​ចន បុលតុន (សំលៀកបំពាក់ស៊ីវិល កណ្តាល) នៅពេល​ធ្វើ​ទស្សនកិច្ច​មិនប្រកាស​ទុកមុន​នៅ​មូលដ្ឋាន​ទ័ពAl Asad នៅប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី ២៦ ធ្នូ ២០១៨ ©REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​យន្តហោះ ដែលដឹក​លោក​ទៅ​ទីក្រុង​តែលអាវីវ​របស់​អ៊ីស្រាអែល នៅ​ថ្ងៃ​សៅរ៍ លោក​ចន បុលតុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​អះអាងថា ការដកទ័ព​អាមេរិក​ចេញពី​ស៊ីរី មិនមែន​មានន័យ​ថា អាមេរិក​នឹង​បន្ធូរដៃ នៅពេល​របបស៊ីរី ប្រើ​អាវុធ​គីមី​នោះទេ។

តាម​លោក​ចន បុលតុន អាមេរិក​ធ្លាប់បាន​វាយប្រហារ ស៊ីរី ២ដង នៅក្រោយ​ការប្រើអាវុធ​គីមី​សម្លាប់​មនុស្ស ដែល​គេ​បានទម្លាក់កំហុស ទៅលើ​របបស៊ីរី របស់លោក​បាស្ហា អាល់អាសាដ។ នៅ​ខែ​កញ្ញា​ឆ្នាំមុន មន្រ្តី​រដ្ឋាភិបាល​អាមេរិក ជាច្រើន​រូប​បាន​និយាយ​ថា គេ​មាន​ភស្តុតាង ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​ស៊ីរី ត្រៀម​នឹង​ប្រើ​អាវុធ គីមី សាជាថ្មី ដើម្បី វាយប្រហារ ចូលដណ្តើម​កាន់កាប់​ទីតាំង​ចុងក្រោយ​របស់​ពួឧទ្ទាម​ស៊ីរី នៅ​ខេត្ត​អ៊ីដលីប ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​តួកគី។ លោកចន បុលតុន​មិន​បាន​និយាយ​ដល់​ការចោទ​ប្រកាន់​ខាងលើនោះទេ ប៉ុន្តែ បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់វិធានការ​ខ្លាំង​ជាងមុន​ បើសិន​រដ្ឋាភិបាល​ស៊ីរី ប្រើអាវុធ​គីមី ជាលើកទី៣។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល និង​តួកគី​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី ពិភាក្សា​ពី​គម្រោងការ​ដក​កងទ័ព​អាមេរិក​ពីទឹកដី​ស៊ីរី ដែល​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ដោយ​ប្រថុចញ៉ុច​បំផុត កាលពី​ថ្ងៃ​ទី​១៩​ធ្នូ​កន្លងទៅ។

ដំណើរទស្សនកិច្ច​របស់​លោក​ចន បុលតុន នៅ​អ៊ីស្រាអែល និង​តួកគី ធ្វើឡើង​នៅ​មុន ដំណើរ​មួយជុំ​របស់​រដ្ឋមន្រ្តីការបរទេស អាមេរិក លោក​Mike Pompeo នៅ​តំបន់​ដើមបូព៌ា ដែល​ត្រូវ​ចាប់ផ្តើម​នៅ​សប្តាហ៍ក្រោយ ពី​ថ្ងៃទី ៨​រហូត​ដល់​ថ្ងៃទី ១៥​ខែ​មករា។

ការសម្រេច​ចិត្ត របស់​លោកដូណាល់ ត្រាំ ក្នុង​ការដក​កងទ័ព​អាមេរិក​ពី​ទឹកដី​ស៊ីរី មិនត្រឹមតែ​ធ្វើឲ្យ​សម្ព័ន្ធមិត្ត នៅក្នុង​កងកម្លាំង​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ភ្ញាក់ផ្អើល​និងស្រងាកចិត្ត​តែប៉ុណ្ណោះទេ ប៉ុន្តែ  វា​ជាដើមហេតុ​ផងដែរ ដែល​ធ្វើ​ឲ្យរដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក​ជែម ម៉ាទីស លាលែង​ចេញពីមុខ​តំណែង ព្រមគ្នា​ជាមួយ​នឹង​អ្នកតំណាង​របស់​អាមេរិក នៅ​ក្នុង​សម្ព័ន្ធ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ