អានតួអត្ថបទ
សហរដ្ឋអាមេរិក-អារ៉ាប៊ី សាអូឌីត

ព្រឹទ្ធសភា​អាមេរិក​ចេញ​សេចក្តីសម្រេច បែរខ្នង​ដាក់​សម្ព័ន្ធមិត្ត អារ៉ាប៊ី សាអូឌីត

ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ១៣ ធ្នូបានបោះឆ្នោត លើ​សេចក្តីសម្រេច​ដែល​បញ្ជាក់ថា គឺ​ព្រះរាជទាយាទ អារ៉ាប៊ី សាអូឌីត មហាម៉េដ បិន សាល់ម៉ាន ជា​អ្នកទទួល​ខុសត្រូវ​លើ​ឃាតកម្ម​លើ​អ្នកកាសែត Jamal Khashoggi។ សេចក្តីសម្រេច​ទី ២ របស់​ព្រឹទ្ធសភា​អាមេរិក​បាន​ទាមទារ​ផងដែរ ឲ្យ​រដ្ឋបាល​របស់លោកដូណាល់ ត្រាំ ឈប់​ជាបន្ទាន់​ផ្តល់​ជំនួយ​យោធា ដល់​សម្ព័ន្ធ​អារ៉ាប់ ដែល កំពុង​ធ្វើ​សង្រ្គាម​នៅ​ប្រទេស​យេម៉ែន។ 

អគារ​កាពីតូល នៅ​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ១៣​វិច្ឆិកា​២០១៨
អគារ​កាពីតូល នៅ​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ១៣​វិច្ឆិកា​២០១៨ ©REUTERS/Al Drago/File Photo
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​ទាំង​ពីរ ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត អនុម័ត​នៅ​ថ្ងៃ​ម្សិលមិញ សំដៅ ដាក់​ពិន័យ អារ៉ាប៊ី សាអូឌីត ជាពិសេស រាជបុត្រ​ស្នងរាជ្យ មហាម៉េដ បិនសាល់ម៉ាន់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ដូណាល់ ត្រាំ។ នៅក្នុង​សេចក្តី​សម្រេច​ទី១ ព្រឹទ្ធសភា​អាមេរិកបាន​កំណត់ថា គឺ​រាជទាយាទ​អារ៉ាប៊ី សាអូឌីត ដែល​ជាអ្នកទទួល​ខុសត្រូវ​លើ​ឃាតកម្ម ទៅលើ​អ្នកកាសែត លោក​Jamal Khashoggi។ ចំណែក សេចក្តីសម្រេច​ទី ២ របស់​ព្រឹទ្ធសភា វិញ គឺ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក បញ្ឈប់ រាល់​ការគាំទ្រ​ផ្នែក​យោធា ដល់​សម្ព័ន្ធ​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​វាយប្រហារ ទៅលើ​ក្រុមឧទ្ទាម​ហ៊ូទី ក្នុង​ទឹកដី​យេម៉ែន។ សម្រាប់​ព្រឹទ្ធសភា​អាមេរិក យ៉ាងណាក៏ដោយ កងទ័ព​អាមេរិក​នៅតែ​អាច​បន្ត វត្តមាន របស់ខ្លួន ក្នុង​ទឹកដី​យេម៉ែន ប៉ុន្តែ ក្នុង​គោលដៅ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម អាល់កៃដា ហើយ​និង​បក្សពួក។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​ប្រឆាំង គណបក្ស​ប្រជាធិបតេយ្យ លោក​Bernie Sander​បាន​ថ្លែងថា សេចក្តីសម្រេច​របស់​ព្រឹទ្ធសភា​ទៅលើ​សង្រ្គាម​នៅ​យេម៉ែន គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត ដើម្បី បញ្ជាក់​ទៅ​កាន់​ពិភពលោក​ទាំងមូល​ថា អាមេរិក នឹង​មិន​ចូលរួមក្នុង​គ្រោះមហន្តរាយ​ជីវិត​មនុស្ស​លើ​ផែនដី​នោះទេ។ សម្រាប់សមាជិក​ព្រឹទ្ធសភា​រូបនេះ សេចក្តី​សម្រេច​នេះ​នឹង​បញ្ជាក់​កាន់តែ​ច្បាស់ ទៅ​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត​ថា អាមេរិក​នឹង​មិន​ចូលរួម ក្នុង​ដំណើរផ្សងព្រេង​យោធា​របស់អារ៉ាប៊ីសាអូឌីត​ទៀតហើយ។

សេចក្តីសម្រេច​របស់​ព្រឹទ្ធសភា សបញ្ជាក់​ពី​កំហឹង និង​ការអស់​ភាពអត់ធ្មត់​របស់​សមាជិកគណបក្ស​សាធារណរដ្ឋ ទៅលើ​សម្ព័ន្ធមិត្ត​អារ៉ាប៊ី សាអូឌីត នៅក្រោយ​សង្រ្គាម​ដ៏ចម្រូងចម្រាស​នៅ​យេម៉ែន ហើយ​និង​ឃាតកម្ម​ទៅលើ​អ្នកកាសែត លោក​Jamal Khashoggi។ ជំហរ​ផ្ទុយ​របស់​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​របស់​លោកដូណាល់ ត្រាំ យ៉ាងដូច្នេះ គឺ ប្រៀបបាន​នឹង​ការដាល់​ចំ​មុខ​របស់​ប្រធានាធិបតី លោកដូណាល់ ត្រាំ ដែល​បដិសេធ​រហូតមក មិន​ ថ្កោលទោស​របប​អារ៉ាប៊ី សាអូឌីត នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើអ្នកកាសែត។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​នៅ​បាន​លើកឡើង​ពី​សារៈសំខាន់ ក្នុង​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ជា​យុទ្ធសាស្រ្ត ព្រោះថា អារ៉ាប៊ី សាអូឌីត បាន​សន្យា​ទិញអាវុធ​អាមេរិកាំង​តម្លៃ​ជាង ១០០​ពាន់​លាន​ដុល្លារ​ឯណោះ។

ទៅតាម​ព្រឹទ្ធសភា​អាមេរិក​ រដ្ឋាភិបាល​អាមេរិក មាន​រយៈពេល ៣០​ថ្ងៃ ដើម្បី អនុវត្ត​ធ្វើតាម​សេចក្តី​សម្រេច​ទាំងពីរ។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ អាច​នឹង​មិន​ធ្វើតាម សេចក្តីសម្រេច​របស់​ព្រឹទ្ធសភា អាមេរិក ដែល​គ្រាន់តែ​ជា​និមិត្តរូប នឹង​គ្មាន​កាតព្វកិច្ច​ផ្លូវច្បាប់ ចាប់​តម្រូវ​ឲ្យ​ប្រធានាធិបតី ធ្វើ​តាម​នោះទេ។ នៅក្នុង​ករណី​អន្តរាគមន៍​យោធា នៅ​ប្រទេស​យេម៉េន សេណារីយ៉ូ​នឹង​អាច​ផ្លាស់ប្តូរ​ទៅវិញ នៅពេល​ណា​ដែល​សភាអ្នកតំណាងរាស្រ្ត ដែល​នឹង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ខែ​មករា​ខាងមុខ អាច ចូលរួម គាំទ្រ​សេចក្តីសម្រេច​ទាំងពីរ​របស់​ព្រឹទ្ធសភា។ នៅពេលនោះ សភា​ទាំងពីរ​ជាន់ថ្នាក់ អាច​បោះឆ្នោត ទាមទារ​ឲ្យ​អនុវត្ត​”ច្បាប់ អំណាច​សង្រ្គាម” ដែល​បង្កើតឡើង​នៅ​សម័យ​សង្រ្គាម​វៀតណាម និង​ដែលបាន​ចែង​កំណត់​អំណាច​ប្រធានាធិបតី ក្នុងការធ្វើ​អន្តរាគម​យោធា នៅ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ