rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

ដោយ ឈាង បុប្ផា

សង្រ្គាម​នៅ​យេម៉ែន ជា​សំណុំរឿង​សំខាន់​មួយ នៅក្នុង​ជំនួបកំពូល​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស ដែល​ត្រូវ​បើកធ្វើ​នៅថ្ងៃ​អាទិត្យ នេះ នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ី សាអូឌីត ដែល​ដឹកនាំ​សម្ព័ន្ធមិត្ត​អារ៉ាប់ សម្រាប់​ធ្វើ​ប្រតិបត្តិការ​យោធា ក្នុង​ទឹកដី​យេម៉ែន។ ការចរចា​ឈាន​ទៅ​បញ្ចប់​ទៅ​សង្រ្គាម​រយៈពេល ៤ឆ្នាំ នៅ​យេម៉ែន ដែល​បាន​សម្លាប់មនុស្ស រាប់ពាន់នាក់ និង​បង្កភាពអត់ឃ្លាន ក្នុង​ចំណោម​ប្រជាជនយេម៉ែន ក៏​កំពុង​បើក​ធ្វើ​ផងដែរ នៅ​ចុង​សប្តាហ៍​នេះ នៅ​ប្រទេស​ស៊ុយអែត ក្រោម​អធិបតីភាព​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ។

 

ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស ដែល​មាន​៦ប្រទេស ដូចជា​អារ៉ាប៊ី សាអូឌីត អេមីរ៉ា អារ៉ាប់រួម បារ៉ែន កាតា កូវ៉ែត ហើយនិង​ប្រទេស​អូម៉ង់ កំពុង​បើក​ជំនួប​កំពូល​ប្រចាំឆ្នាំ របស់​ខ្លួន នៅ​ទីក្រុង​រីយ៉ាដ នៅថ្ងៃអាទិត្យ​នេះ។ ជំនួបកំពូល​នេះ​រៀបចំ​ធ្វើឡើង នៅក្នុង​បរិបទ​មួយ​ដែល ​ក្រុមប្រទេស​អារ៉ាប់ មហាសេដ្ឋីប្រេង​កំពុង​តែ​ប្រេះឆា បែកបាក់គ្នា។ នៅថ្ងៃ​អាទិត្យ កាតា​បាន​បញ្ជាក់ថា ព្រះចៅ​ Emir Sheikh Tamim bin Hamad al-Thani នឹង​មិនទៅ​ចូលរួម​ប្រជុំ នៅទីក្រុង​រីយ៉ាដ តាម​ការអញ្ជើញនោះទេ។ កាតា​នឹង​មាន​រដ្ឋមន្រ្តីការបរទេស​ជាអ្នកតំណាង​របស់ខ្លួន នៅក្នុង​ជំនួបកំពូល​លើទី ៣៤ របស់​ក្រុមប្រឹក្សា​សហប្រតិបតិ្តការ ឈូងសមុទ្រ​ពែក្ស។

ចាប់តាំង ពី​អារ៉ាប៊ី សាអូឌីត អេមីរ៉ា អារ៉ាប់រួម បារ៉ែន បាន​រួម​គ្នា​ជាមួយ អេហ្ស៊ីប កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ ប្រទេស​កាតា (មហាសេដ្ឋី​មាន​ជង្រុក​ឧស្ម័ន​ធំ​ជាងគេ​លើ​លោក) កាល​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៧ ភាពប្រេះឆា រវាង​ប្រទេស​សមាជិក​ក្រុមប្រឹក្សា សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស កាន់តែ​រីក​ធំឡើងៗ។ កាតា ដែល​ត្រូវ​ប្រទេស​ជិតខាង លែង​រាប់រក ដោយសារ​តែ​គេ​ចោទប្រកាន់​ថា មាន​ជំហរ​ទៅ​គាំទ្រ អ៊ីរ៉ង់ ក៏​ហាក់​ដូចជា​មិន​បន្ទន់​ជំហរ ដើម្បី​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​អារ៉ាប់​ទាំង​៤​ខាងលើ​ដែរ។ នៅក្នុង​ពេល​ដែល​អារ៉ាប៊ី សាអូឌីត ដឹកនាំ​សម្ព័ន្ធ​អារ៉ាប់ ធ្វើ​សង្រ្គាម​ដ៏អាម៉ាស់មុខ នៅយេម៉ែន និង​ក្រោម​ភ្លើងរិះគន់​របស់​សហគមន៍​អន្តរជាតិ យ៉ាងដូច្នេះទៀត កាតា រឹតតែ​លែង​ខ្លាច​នឹង​ការដាក់​​សម្ពាធ​ពីខាង​អារ៉ាប៊ី សាអូឌីត។

ជំនួបកំពូល​​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ប្រទេស​ឈូងសមុទ្រ​ពែក្ស លើក​ទី ៣៤ នឹង​ផ្តោតសំខាន់​ទៅលើ​អ៊ីរ៉ង់ នៅក្រោយ​ប្រទេស​នេះ រងការដាក់ទណ្ឌកម្ម​សាជាថ្មី​របស់​រដ្ឋបាលលោក​ដូណាល់ ត្រាំ។ បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨១ ដើម្បី​រួមគ្នា ប្រឆាំង​ទប់ទល់​​នឹង​ការពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់ នៅក្នុង​តំបន់ ក្រុមប្រឹក្សា​សហប្រតិបត្តិការ ឈូងសមុទ្រ​ពែក្ស លែង​មាន​ន័យ​ដូចមុន​ទៀត ជាពិសេស នៅពេល​ដែល​ប្រទេស​សមាជិក​ពីរ គឺ​កូវ៉ែត និង​អូម៉ង់ ចង់​មានទំនាក់ទំនង​ធម្មតា​ជាមួយ​អ៊ីរ៉ង់។ ចំណែក​កាតា​វិញ ចង់​ធ្វើ​ច្រើន​ជាង​នេះ គឺ​ចង់​ទៅ​ចាប់ដៃ ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​ទៀតផង។ គឺ ជំហរ​ចង់បែរ​ទៅចាប់ដៃ​ជាមួយ​សត្រូវ របស់អារ៉ាប៊ី សាអូឌីត ដែល​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត ​អេមីរ៉ា អារ៉ាប់រួម និង​បារ៉ែន សម្រេច​ដាក់ទណ្ឌកម្ម លើ​កាតា នោះបើទោះបី​ជា​កាតា ធ្លាប់​ជា​សម្ព័ន្ធមិត្ត ចូលរួម​ជាមួយ​អារ៉ាប៊ី សាអូឌីត ធ្វើ​សង្រ្គាម​នៅ​ប្រទេស​យេម៉ែនក្តី។

សង្រ្គាម​នៅ​យេម៉ែន ជា​សំណុំរឿង​សំខាន់មួយ ដែរ របស់​ជំនួបកំពូល​របស់​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​ពែក្ស ដែល​បើកធ្វើ នៅខណៈពេល​ដែល ការចរចា​ដើម្បី​សន្តិភាព​យេម៉ែន​ក្រោមអធិបតីភាព​របស់​អង្គការ​សហប្រជាជាតិ​កំពុង​បើកធ្វើ​នៅ​ប្រទេស​ស៊ុយអែត។

នៅក្រោម​សម្ពាធ​ពីអន្តរជាតិ ជាពិសេស​ពី​សម្ព័ន្ធមិត្ត​អាមេរិក អារ៉ាប៊ី សាអូឌីត​ ដែល​ជា​អ្នកនៅពីក្រោយ​ខ្នងទេ បាន​ចូលរួម​ជំរុញ គាំទ្រ​ឲ្យ​ រដ្ឋាភិបាល​យេម៉ែន ទៅ​ចូលរួម តុ​ចរចា ជាមួយ​ក្រុមឧទ្ទាម​ហ៊ូទី នៅ​ប្រទេស​ស៊ុយអែត នៅ​សប្តាហ៍នេះ។ ការចរចា ដោយ​មិន​ផ្ទាល់មុខ រវាង​ភាគី​ជម្លោះ​យេម៉ែន​ទាំងពីរ ធ្វើឡើង​ជាលើកទី១ នៅក្រោយ​បរាជ័យ កាលពី​ឆ្នាំ ២០១៦។

អារ៉ាប៊ី សាអូឌីត និង​អេមីរ៉ា អារ៉ាប់រួម ជាភាគី​សំខាន់នាំមុខគេ នៅក្នុង​សង្រ្គាម​នៅ​យេម៉ែន។ ចាប់តាំង​ពី​ឆ្នាំ ២០១៥ អារ៉ាប៊ី សាអូឌីត បាន​ដឹកនាំ​ប្រតិបត្តិការ​កងទ័ពជើងអាកាស វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាមហ៊ូទី ក្រុមប្រឆាំង​រដ្ឋាភិបាល យេម៉ែន ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ អន្តរាគមន៍​ទ័ព របស់​សម្ព័ន្ធអារ៉ាប់ ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត ខាតលុយ​ច្រើនណាស់ និង​បាន​សម្លាប់ ជីវិត​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​យេម៉ែន​ច្រើន​ណាស់​ដែរ (១ម៉ឺននាក់) និង​បានធ្វើ​ឲ្យ​ប្រជាជន​យេម៉ែន រាប់លាន​នាក់ រងគ្រោះ​ដោយសារ​ការអត់ឃ្លាន។

ទោះ​សង្រ្គាម​នៅ​យេម៉ែន ធ្វើ​ឲ្យ​ប្រជាជន​យេម៉េន ជិត ២០លាន​នាក់ ប្រឈម​នឹង​ការខ្វះចំណីអាហារ​គ្រប់គ្រាន់ និង​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត​រងការរិះគន់ ប៉ុន្តែ អារ៉ាប៊ី សាអូឌីត នៅតែនិយាយ​ការពារ​ខ្លួន​ថា ធ្វើ​ត្រូវ ដែល​ធ្វើ​សង្រ្គាម​វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​ហ៊ូទី ព្រោះ​ថា ក្រុមនេះ ជា​អាយ៉ង​របស់​អ៊ីរ៉ង់ ដែល​ជា​សត្រូវ គំរាមកំហែង​ដែនអធិបតេយ្យភាព​របស់​អារ៉ាប៊ី សាអូឌីត។ ដរាបណា ពួកហ៊ូទី នៅតែ​មាន​មុខ មានអំណាច​នៅ​យេម៉ែន នោះ​អារ៉ាប៊ី សាអូឌីតគឺ​មិនអាច​នៅ​សុខស្រួល​បានទេ។ អាច​និយាយ​ម្យ៉ាង​ថា ទោះ​ជាអារ៉ាប៊ី សាអូឌីត ជំរុញ​ឲ្យ​ភាគី​រដ្ឋាភិបាល​យេម៉ែន​ដែល​ខ្លួន​គាំទ្រ ឲ្យ​ទៅ​ប្រជុំ​ចរចា​ជាមួយ ពួកឧទ្ទាម​ហ៊ូទី​នៅ​ប្រទេស​ស៊ុយអែត​មែន ប៉ុន្តែ អារ៉ាប៊ី សាអូឌីត​ធ្វើ​ដោយ​បង្ខំចិត្តទេ ដោយសារ​តែ​មាន​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ និង​ពី​អាមេរិក ដែល​ក៏កំពុង​តែ​រអៀស​ខ្លួនកាន់តែខ្លាំង​ដោយសារ​ចូលរួម​គាំទ្រ ប្រតិបត្តិការ​យោធា របស់​អារ៉ាប៊ី សាអូឌីត​នៅ​ក្នុង​សង្រ្គាម​នៅ​យេម៉ែននោះ។ បើនិយាយ​ពី​ចេតនា​ពិតប្រាកដនោះ គឺ​អារ៉ាប៊ី សាអូឌីត គ្មាន​ចិត្ត​ចង់​ឲ្យ​សង្រ្គាម​នៅ​យេម៉ែន​ចប់​នៅពេលនេះទេ ជាពិសេស នៅពេល​ដែល​ក្រុមឧទ្ទាម​ហ៊ូទី នៅតែ​ទទួល​ការគាំទ្រ យោធា ពី​ខាងអ៊ីរ៉ង់នោះ។

យេម៉ែន​ក្លាយ​ជាសមរភូមិ​ប្រយុទ្ធ គ្នា​រវាង​គូសត្រូវ អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត

យេម៉ែន​អាច​ដកខ្លួន​រួច​ពី​សង្រ្គាម​ស៊ីវិល បាន​ឬ​មិន​បាន គឺ​មិន​អាស្រ័យ​ទាំងស្រុង​លើ​ភាគី​ជម្លោះ​ក្នុងស្រុកនោះទេ ប៉ុន្តែ គឺ​អាស្រ័យ​ទៅលើ​ក្រុមប្រទេស​ពីខាងក្រៅ ដែល​លូកដៃ រុញច្រាន​យេម៉ែន ធ្លាក់​ទៅ​ក្នុង​ភ្លើងសង្រ្គាម ដើម្បី​បាន​លេស​ យក​យេម៉ែន​ទៅ​ធ្វើ​ជា​កន្លែង​ប្រយុទ្ធគ្នា​ដោយ​ប្រយោល ដូចជា​រវាង​អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់នោះ។

ដោយសារ​តែ​ឃាតកម្ម​ទៅលើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត ដែល​ធ្វើ​អារ៉ាប៊ី សាអូឌីត រងការរិះគន់ រហូតលេចធ្លាយ ដល់​អន្តរាគមន៍​យោធា ដែលសម្លាប់ប្រជាជន​ស៊ីវិល​នៅ​យេម៉ែន គេ​ធ្លាប់​សង្ឃឹមថា អាមេរិក​នឹង​ដាក់​សម្ពាធ រហូត​ធ្វើ​ឲ្យ​អារ៉ាប៊ី សាអូឌីត ដកខ្លួន​ទាំងស្រុង ពី​សង្រ្គាម​នៅយេម៉ែន។ គេ​ធ្លាប់​មាន​ក្តីសង្ឃឹមថា សង្រ្គាម​នៅ​យេម៉ែន​នឹង​ឈាន​ដល់​ទីបញ្ចប់ ក្នុង​ពេលឆាប់ៗ នៅពេល​លឺ​ថា អាមេរិក​បាន​សម្រេច​ឈប់​ចាក់ប្រេង​ឲ្យ​យន្តហោះ​អារ៉ាប៊ី សាអូឌីត ដែលបើកការវាយប្រហារ​យោធា ក្នុង​ប្រទេស​យេម៉ែន។ គេ​បាន​នឹកអរ​ក្នុង​ចិត្ត​តិចៗ នៅពេល​លឺថា ព្រឹទ្ធសភា​អាមេរិក​នឹង​បោះឆ្នោត ដើម្បី​ឲ្យ​រដ្ឋបាល​អាមេរិក បញ្ឈប់​ការគាំទ្រ​យោធា លក់​អាវុធ​ឲ្យ​អារ៉ាប៊ី សាអូឌីត​សម្រាប់​យកទៅធ្វើសង្រ្គាម​នៅ​យេម៉ែន​តទៅទៀត។

ប៉ុន្តែ ពន្លឺ​នៃ​ក្តីសង្ឃឹម​ទាំងនោះ បាន​រលាយ​អស់ទៅវិញ ព្រោះថា រដ្ឋបាល​អាមេរិក​នៅ​តែ​បង្ហាញ​ជំហរ​គាំទ្រ​គ្មានងាករេ ដល់​អារ៉ាប៊ី សាអូឌីត ដែល​អាមេរិក​ចាត់ទុក​ជាសម្ព័ន្ធមិត្ត​សំខាន់​សម្រាប់ទប់ទល់​ការពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់ នៅក្នុងតំបន់។ នៅថ្ងៃ​អាទិត្យនេះ នៅក្នុង​សន្និសីទ​នៅ​ប្រទេស​អេមីរ៉ា អារ៉ាប់រួម មន្រ្តីជាន់ខ្ពស់​របស់​ក្រសួងការបរទេស​អាមេរិក សម្រាប់​កិច្ចការ​អារ៉ាប់ លោក Timothy Lenderking បាន​បញ្ជាក់​សា​ជា​ថ្មីថា រដ្ឋបាល​របស់លោកដូណាល់ ត្រាំ គឺ​នៅតែ​គាំទ្រ​អារ៉ាប៊ី សាអូឌីត។ សម្រាប់​មន្រ្តី អាមេរិក ឈប់ គាំទ្រ​សម្ព័ន្ធ​យោធា ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត គឺ​ជា​កំហុស​ដ៏ធ្ងន់ធ្ងរ ព្រោះថា ​សម្ព័ន្ធ​អារ៉ាប់ ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការទប់ទល់​អ៊ីរ៉ង់ ដែល​អាមេរិក​ចោទប្រកាន់ ថា កំពុងដើរ​សាបព្រួស​អំពើ​ហិង្សា​ក្នុង​តំបន់។

សម្រាប់​មន្រ្តី​ជាន់ខ្ពស់​របស់​ក្រសួងការបរទេស​អាមេរិក ការចរចា រវាង​ភាគី​ជម្លោះ​ទាំងពីរ​នៅ​ប្រទេស​ស៊ុយអែត ជា​ជំហាន​សំខាន់​សម្រាប់​រក​ច្រកចេញ​ពី​ជម្លោះ​ប្រដាប់អាវុធ៕

ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៃ​អំណាច

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​

ក្រោយ​ហេតុការណ៍​បាញ់រះ ​​នូវែលសេឡង់ សន្យា​​​ធ្វើ​​កំណែ​ទ​ម្រង់​​ច្បាប់​កាន់​កាប់អាវុធ

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”

Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

ប្រទេសមួយ​ចំនួន​ផ្អាក​ប្រើ​យន្តហោះ​Boeing737max ​ក្រោយ​គ្រោះថ្នាក់​នៅ​អេត្យូពី

ខួប៦០ឆ្នាំ​នៃ​បដិវត្ត​ទីបេ ៖ ប៉េកាំង​ថា​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា គ្មាន​នាំ​ប្រយោជន៍​ឱ្យ​ទីបេ

លោក​ដូណាល់ ត្រាំ ចង់​ទារប្រាក់​ចំណាយ​បន្ថែម ពី​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

បារាំង​ប្រារព្ធ​ទិវាសិទ្ធិនារី៨មីនា ដោយ​ផ្តោត​លើ​​ វិសមភាព​ប្រាក់ខែ

តុលាការ​ធម្មនុញ្ញថៃ​សម្រេច​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae

សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​នៃ​សម័យប្រជុំពេញអង្គ​លើកទី១៣ របស់​សភាប្រជាជនចិន

វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់​ចូល​ស្រុកវិញ ជា​ហានិភ័យ ឬ​ជា​ការទម្លាយ​វិបត្តិ ?

សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​​ជា​សម្បទាន​​ឆ្ពោះ​​ទៅ​​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង?

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

កូរ៉េខាង​ជើង​សុំ​បន្តចរចា ទាំង​អះអាង​ថា ខ្លួន​មិន​បាន​សុំឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ទេ