អានតួអត្ថបទ
អាហ្សង់ទីន-G២០

G២០-អាហ្សង់ទីន៖​ក្រុមប្រទេស Brics ថ្កោលទោស​លើ​នយោបាយ​ការពារនិយម

ថ្ងៃ​សៅរ៍ ទី១ ធ្នូ​នេះ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។ ជំនួបកំពូល​ដែល​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​នៃ​ក្រុមប្រទេស​មហាអំណាច​ធំ​ទាំង ២០ប្រទេស។ តែ​ទន្ទឹម​នឹង​ជំនួបកំពូល G២០ ក៏​មាន​ជំនួបកំពូល​ជា​លក្ខណៈ​ទ្វេភាគី ឬ​ត្រីភាគី​មួយ​ចំនួន​ដែរ។ ជំនួបកំពូល​ទ្វេភាគី​ដែល​គ្រប់​គ្នា​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​នា​ថ្ងៃ​សៅរ៍​នេះ គឺ​ជំនួប​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង។ តែ​មុន​ជំនួប​នេះ​ឈាន​មក​ដល់ ចិន រួម​ជាមួយ​ប្រទេស​សមាជិក​ផ្សេង​ក្នុង​ក្រុម​ប្រទេស Brics បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​មួយ​នា​ថ្ងៃ​សុក្រ ទី៣០ វិច្ឆិកា​ដោយ​ថ្កោលទោស​លើ​នយោបាយ​ការពារនិយម។

មេដឹកនាំ​ក្រុម​ប្រទេស Brics ប្រធានាធិបតី​ប្រេស៊ីល​លោក Temer សមភាគី​រុស្ស៊ី​លោក Putin សមភាគី​អាហ្រ្វិកខាងត្បូង​​លោក Ramaphosa សមភាគី​ចិន​លោក​ Xi និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Modi ក្នុង​ឱកាស​ជំនួប G២០ ក្នុង​ប្រទេស​អាហ្សង់ទីន ថ្ងៃទី៣០ វិច្ឆិកា ២០១៨
មេដឹកនាំ​ក្រុម​ប្រទេស Brics ប្រធានាធិបតី​ប្រេស៊ីល​លោក Temer សមភាគី​រុស្ស៊ី​លោក Putin សមភាគី​អាហ្រ្វិកខាងត្បូង​​លោក Ramaphosa សមភាគី​ចិន​លោក​ Xi និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Modi ក្នុង​ឱកាស​ជំនួប G២០ ក្នុង​ប្រទេស​អាហ្សង់ទីន ថ្ងៃទី៣០ វិច្ឆិកា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា ក្រុម​ប្រទេស​សមាជិក Brics ដែល​មាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្រ្វិកខាងត្បូង​មិន​បាន​ចង្អុល​ចំ​មុខ​ប្រទេស​ណា​មួយ​ទេ តែ​បាន​ធ្វើ​ការ​បរិហារ​ជា​លក្ខណៈ​ទូទៅ​លើ​នយោបាយការពារនិយម។ នៅ​ក្នុង​ន័យ​នេះ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក៏​ដូច​ជា​សមភាគី​ដទៃ​ទៀតរបស់ Brics បាន​អំពាវនាវ​ឲ្យ​មាន​ពាណិជ្ជកម្ម​អន្តរជាតិ​បើក​ចំហ និង​ការ​គោរព​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ « ស្មារតី និង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រឆាំង​នឹង​នយោបាយ​ឯកតោភាគីនិយម និង​វិធានការ​ការពារនិយម » នេះ​ជា​ខ្លឹមសារ​ដែល​សរសេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់ Brics។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ទាមទារ​ឲ្យ​សមាជិក​របស់​ខ្លួន​ប្រឆាំង​នឹង​គ្រប់​វិធានការ​ការពារនិយម និង​គោរព​តាម​កិច្ចសន្យា​ដែល​បាន​អនុម័ត​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ទោះ​បី​ជា​ក្រុម​ប្រទេស Brics មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់ Brics។ អ្វី​ជា​ការ​កត់សម្គាល់ សេចក្តីប្រកាស​ព័ត៌មាន​របស់ Brics បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​ដូណាល់ ត្រាំ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​ត្រៀម​ជួប​គ្នា​នៅ​យប់​ថ្ងៃ​សៅរ៍ ទី១ ធ្នូ​ក្នុង​ក្របខណ្ឌ​នៃ​ជំនួបកំពូល G២០។ ជំនួប​រវាង​លោក​ត្រាំ និង​លោក​ស៊ី​ដែល​គេ​មើល​ឃើញ​ថា នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក។

អ្វី​ដែល​ទីក្រុង​ប៉េកាំង​សង្ឃឹម​ទទួល​បាន​ពី​ជំនួប​រវាង​លោក​ត្រាំ និង​លោក​ស៊ី គឺ​ជំនះ​អាមេរិក​កុំ​ឲ្យ​ដាក់​ពន្ធ​ថ្មី​ទៀត​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក។ គួរ​រម្លឹក​ថា​ចាប់​ពី​ថ្ងៃទី១ មករា​ឆ្នាំ ២០១៩ រដ្ឋបាល​អាមេរិក​នឹង​ដំឡើង​ពន្ធ​ពី ១០% ឲ្យ​ដល់ ២៥% លើ​ទំនំនិញ​ចិន​នាំ​ចូលអាមេរិក​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ២០០ ០០០លានដុល្លារ។ មន្រ្តីការទូត​ចិន​ម្នាក់​នៃ​ក្រសួង​ការបរទេស​បាន​និយាយ​ដោយ​សុទិដ្ឋិនិយម​ថា សំណាង​នៃ​ការ​ទទួល​បាន​កិច្ចព្រមព្រៀង​មាន​ច្រើន នោះ​បើ​ទោះ​បី​ជា​ចិន និង​អាមេរិក​នៅ​មាន​ចំណុច​ខ្វែង​គ្នា​ខ្លះ​ក៏​ដោយ។ ចំណែក​លោក Robert Lighthizer អ្នកតំណាង​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​អះអាង​ថា វា​ជា​រឿង​ភ្ញាក់ផ្អើល​បើ​ជំនួប​រវាង​លោ​ត្រាំ និង​លោក​ស៊ី​មិន​ទទួល​បាន​ជោគជ័យ​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ