អានតួអត្ថបទ

ម៉ិកស៊ិក​ ថា​មិនបាន​គាំទ្រ​សំណើ​ថ្មី​របស់​លោកត្រាំ​ ស្តីអំពី​បញ្ហា​ជន​អន្តោប្រវេសន៍​

រដ្ឋាភិបាលថ្មី​ម៉ិកស៊ិក​ ដែល​ជិត​ឡើង​គ្រប់គ្រង​ប្រទេស​ជា​ផ្លូវការ​នា​ខែធ្នូ​ខាងមុខ​ បាន​ប្រកាស​កាលពី​យប់​ថ្ងៃសៅរ៍​ ទី​២៤​ វិច្ឆិកា​ ថា​ មិន​បានគាំទ្រ​កិច្ចព្រមព្រៀង​ថ្មី​ណាមួយ​ ទាក់ទិន​នឹង​បញ្ហា​ជនអន្តោប្រវេសន៍​ ជាមួយ​រដ្ឋាភិបាល​អាមេរិក​របស់​លោកត្រាំ​ឡើយ​។ ជា​កិច្ចព្រមព្រៀង​ដែល​លោកត្រាំ​ ប្រកាសថា​ រាល់​អ្នក​ស្វែងរក​សិទ្ធិជ្រកកោន​ អាច​ឆ្លងចូល​ទឹកដី​សហរដ្ឋអាមេរិក​បាន​ លុះត្រាតែ​ ពួកគេ​បាន​ឆ្លងកាត់​ការ​វាយតម្លៃ​ ពី​សំណាក់​អាជ្ញាធរ​ម៉ិកស៊ិក​ជាមុន​សិន​។

លោកដូណាល់ ត្រាំ ប្រធានាធិបតីរបស់អាមេរិក
លោកដូណាល់ ត្រាំ ប្រធានាធិបតីរបស់អាមេរិក REUTERS/Eric Thayer
ផ្សាយពាណិជ្ជកម្ម

“រដ្ឋបាល​សហព័ន្ធ​ម៉ិកស៊ិក​មិនបាន​ពិចារណា​លើ​ផែនការ​របស់​អាមេរិក​ ដែល​សន្មត​ថា​ ប្រទេសម៉ិកស៊ិក​គឺជា​ "ប្រទេស​ដែល​មាន​សុវត្ថិភាព​ទី​បី​" និង​មាន​តួនាទី​ មើលការ​ខុសត្រូវ​ និង​យកចិត្តទុកដាក់​ លើ​ជនអន្តោប្រវេសន៍​មកពី​អាមេរិកកណ្តាល​ ឬ​ពលរដ្ឋ​នៃ​បណ្តាប្រទេស​ដទៃ​ទៀត​ ដែល​កំពុង​ស្នាក់នៅ​ក្នុង​ទឹកដី​ម៉ិកស៊ិក​ឡើយ​”។ នេះ​ គឺជា​សម្តី​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ម៉ិកស៊ិក​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​។

លោកស្រី​រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ​ បាន​បន្ថែម​ទៀតថា​ រដ្ឋាភិបាលថ្មី​របស់​ម៉ិកស៊ិក​ ដែល​នឹងឡើងមក​គ្រប់គ្រង​ប្រទេស​ នា​ខែធ្នូ​ខាងមុខនេះ​ នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ តែលើ​ការធានា​ឱ្យ​ក្រុមអ្នកចំណាកស្រុក​ទាំងឡាយ​ ទទួលបាន​នូវ​ជំនួយ​ស្បៀងអាហារ​ សុខភាព​ទី​ជម្រក​ និង​ការ​ការពារផ្នែក​សិទ្ធិមនុស្ស​ តែប៉ុណ្ណោះ​។

សូម​ជម្រាបជូនថា​ កាល​ពីថ្ងៃ​សៅរ៍​ កាសែត​ The​ Washington​ Post បាន​ចុះផ្សាយថា ​គោលនយោបាយថ្មី​ របស់​រដ្ឋការ​លោក​ប្រធានាធិបតី​ត្រាំ​ ស្តីអំពី​បញ្ហា​ជនអន្តោប្រវេសន៍​ ទទួលបាន​ការគាំទ្រ​ ពី​សំណាក់​រដ្ឋាភិបាលថ្មី​របស់​ប្រទេសម៉ិកស៊ិក​។ ជា​គោល​នយោបាយ​ដែល​ ពីមុខ​ទទួល​ស្គាល់ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ិកស៊ិក​ និង​ដែល​ក្រោយមកទៀត​ រដ្ឋមន្ត្រី​រូបនេះ​ដដែល​ ចេញមុខ​បដិសេដ​។

ទាក់ទងនឹង​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេសម៉ិកស៊ិក​នេះដែរ​ អ្នក​នាំពាក្យ​សេតវិមាន​ បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ លោក​ប្រធានាធិបតី​ត្រាំ​ បាន​បង្កើត​នូវ​ទំនាក់ទំនង​យ៉ាង​រឹងមាំ​មួយ​ ជាមួយនិង​រដ្ឋបាល​ប្រទេស​ម៉ិកស៊ិក​ ហើយ​ប្រទេស​ទាំងពីរ​នឹង​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធិ​បំផុត​ ដើម្បី​ដោះស្រាយ​ បញ្ហា​ជនអន្តោប្រវេសន៍​ ដែល​ចង់ឆ្លងដែន​ចូល​ សហរដ្ឋអាមេរិក​ តាមរយៈ​ប្រទេសម៉ិកស៊ិក​។

គួររំឭកផង​ដែរថា​ កាលពី​ថ្ងៃសៅរ៍​ម្សិលមិញនេះ​ ក្រោយពី​បានប្រកាស​ ពីការ​គាំទ្រ​ដ៏ចម្រូងចម្រាស​ ពី​សំណាក់​រដ្ឋាភិបាលថ្មី​ម៉ិកស៊ិក​ លើ​គោលនយោបាយ​ស្តីអំពី​ជនអន្តោប្រវេសន៍​របស់​អាមេរិក​រួចមក​ លោកត្រាំ​ក៏បាន​សរសេរ​នៅលើ​បណ្តាញសង្គ​Twitter​ ដែរថា​ "ជនចំណាកស្រុក​ នៅតាម​ព្រំប្រទល់ដែន​នៃភាគ​ខាងត្បូង​ប្រទេសអាមេរិក​ នឹង​មិនត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទៅក្នុង​ដែនដី​អាមេរិកឡើយ​ លុះត្រា​តែ​ពួកគេ​ទទួលបាន​ការយល់ព្រម​ពីតុលាការ​។ យើង​នឹងអនុញ្ញាត​ឱ្យ​ជនចំណាកស្រុក​ ចូលមក​ប្រទេស​របស់​យើង​ ប៉ុន្តែ​ត្រូវចូល​ដោយ​ស្របច្បាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ