អានតួអត្ថបទ

សំណុំរឿង​ដក​សិទ្ធ​អ្នកកាសែត CNN មិនឱ្យ​ចូលយក​ព័ត៌មាន​នៅ​សេតវិមាន ឡើង​ដល់​តុលាការ

ជម្លោះ​​រវាង​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក ជាមួយ​អ្នក​យកការណ៍​CNN បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី។ ក្រោយ​ពី​ទទួល​បណ្តឹង​របស់​បណ្តាញ​សារព័ត៌មាន CNN​ប្រឆាំង​នឹង​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដែល​លុប​សិទ្ធិ​អ្នក​កាសែត Jim Acosta​ មិន​ឱ្យ​ចូល​យក​ការណ៍នៅ​សេតវិមានទៀតមក នៅ​ថ្ងៃ​នេះ ចៅក្រម​ បានទាមទារ​ឱ្យ​សេតវិមាន​ផ្តល់​ចម្លើយ មុន​នឹង​ឈានទៅ​បើក​សវនាការ​នៅ​រសៀល។

​បុគ្គលិក​សេតវិមាន​មក​ទារ​មីក្រូ តែ​អ្នកកាសែត Jim Acosta បដិសេធ
​បុគ្គលិក​សេតវិមាន​មក​ទារ​មីក្រូ តែ​អ្នកកាសែត Jim Acosta បដិសេធ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ចៅ​ក្រម​Timothy Kelly បាន​ស្នើ​សុំ​ឱ្យ​សេតវិមានឆ្លើយ​បំភ្លឺ យ៉ាង​យូរ​ត្រឹម​វេលោ​ម៉ោង ១១​ព្រឹក ម៉ោង​នៅក្នុង​សហរដ្ឋ​អាមេរិក (ម៉ោង​៤​រសៀល​ម៉ោង​សកល) ព្រោះ​តុលាការ​បាន​កំណត់​ពេល​ម៉ោង​បើក​សវនការ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ហើយ នៅ​វេលា​ម៉ោង​៣កន្លះ រសៀល​ម៉ោង​នៅ​សហអាមេរិក។

សំណើរបស់​ចៅក្រម ដែល​តែង​តាំង​ឱ្យ​កាន់​តួនាទី​ ​ដោយ​លោក​ត្រាំ ផ្ទាល់​កាលពី​ឆ្នាំទៅ ធ្វើ​ឡើង​ក្រោយ​ពី​បណ្តាញ​CNN បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​រដ្ឋបាល​លោក​ត្រាំ ទៅ​តុលាការ។ CNN ទាមទារ​ឱ្យ​សេតវិមាន​​​ផ្តល់​សិទ្ធ​ឱ្យ​អ្នក​កាសែត ជីម អាកូស្តា Jim Acosta ដែល​បាន​ប្រទាក់​សំដី​ជាមួយ​លោកប្រធានាធិបតី​ក្នុង​សន្និសីទ​កាសែត ចូល​ទៅ​យកការណ៍​នៅ​ក្នុង​សេតវិមាន​វិញ។ បើ​តាម​មេធាវី​របស់​CNN ការ​ដក​សិទ្ធ​បែប​នេះ ជាការ​រំលោភ​ច្បាប់​ស្តី​អំពី​សេរីភាព​​នៃការ​បញ្ចេញ​មតិ។

តែ​សម្រាប់​សេតវិមាន CNN ធ្វើ​ជ្រុល​ហួសហេតុ​ពេក​ហើយ ! សេតវិមាន​នឹង​ទៅ​ការពារ​ខ្លួន នៅ​តុលាការ ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​សេតវិមាន ដោយ​អះអាង​ថា មាន​អ្នកកាសែត​CNN​ចំនួន​៥០​នាក់​ផ្សេង​ទៀត មាន​​សិទ្ធ​ពេញ​លេញ​ចូល​យកការណ៍​នៅវិមាន​ប្រធានាធិបតី។ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មិន​ត្រូវ​បាន​គោរព​ឡើយ បើ​​អ្នក​កាសែត​ ​ម្នាក់ណា​ ចង់​និយាយ​តែ​ម្នាក់​ឯង​ មិន​ព្រម​ផ្តល់​មីក្រូ​ឱ្យ​អ្នកកាសែត​១៥០​នាក់​ផ្សេង​នោះ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​សេតវិមាន​ដដែល។

CNN ​អះអាង​ថា​​បាន​ប្រើ​​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ចៀស​​ជម្លោះ​ជាមួយ​សេតវិមាន​នៅ​តុលាការ​ទេ តែ​​CNN ​គ្មាន​ជម្រើស ទើប​ត្រូវ​​ទៅ​តតាំង​ជាមួយ​រដ្ឋបាល​លោក​ត្រាំ​តាម​ផ្លូវ​ច្បាប់​ទេ។ សមាគម​អ្នក​កាសែត​ប្រចាំ​សេតវិមាន​បាន​គូស​បញ្ជាក់​ថា​នឹង​គាំទ្រ​ភាគី​CNN ក្នុង​សំណុំ​រឿង​នេះ។

ក្នុង​ពេល​រង់ចាំ​ប្រតិកម្ម​របស់​លោក​ដូណាល់ ត្រាំ CNN​បាន​ចាក់​ផ្សាយ​ឡើង​វិញ​ សម្រង់​ខ្សែ​អាត់​សំឡង​លោក ត្រាំ កាលនៅ​ជា​បេក្ខជន​ប្រធានាធិបតី ដែល​​បាន​សន្យា​ធ្វើ​ខ្លួនឱ្យ​ល្អ មិន​ចាត់​វិធានការ​អ្វី​ប្រឆាំង​អ្នក​សារព័ត៌មាន​ដូច្នេះ​ទេ ​ប្រសិន​បើ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ