អាមេរិក៖លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិបានធ្វើឲ្យអាមេរិកកាន់តែប្រេះឆាថែមទៀត?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២០
នៅអាមេរិក លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនាថ្ងៃអង្គារ ទី៦ វិច្ឆិកាបានធ្វើឲ្យគណបក្សប្រជាធិបតេយ្យទទួលបានសម្លេងភាគច្រើននៅក្នុងសភា ចំណែកគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីដូណាល់ ត្រាំបន្តរក្សាសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភាដដែល។ លោកដូណាល់ ត្រាំបានបញ្ចេញប្រតិកម្មភ្លាមៗដោយបានចាត់ទុកជាជោគជ័យដ៏ធំធេង តែមិនបានលើកឡើងពីការបាត់បង់សម្លេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាទេ។ យ៉ាងណាក៏ដោយ លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកពេលនេះត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យសង្គមអាមេរិកដែលកំពុងប្រេះឆាស្រាប់នឹងរឹតតែបែកបាក់ថែមទៀត។
ជោគជ័យរបស់គណបក្សប្រជាធិបតេយ្យនៅសភាពេលនេះជារឿងគ្រប់គ្នាបានទន្ទឹងរង់ចាំ មទាំងរូបលោកដូណាល់ ត្រាំផង។ ការហ៊ានអះអាងយ៉ាងដូចនេះដោយគេសំអាងលើហេតុផលចំនួនពីរ ទី១ គឺលទ្ធផលនៃការស្ទង់មតិជាបន្តបន្ទាប់កន្លងមកដែលបានបញ្ជាក់ពីការដណ្តើមកាន់កាប់រដ្ឋសភារបស់គណបក្សប្រជាធិបតេយ្យ និងការដែលគណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំបន្តរក្សាសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ហេតុផលទី២ គឺជាទនៀមទម្លាប់ប្រពៃណីនៃការបោះឆ្នោតរបស់អាមេរិក។ គេបានសង្កេតឃើញជារួមថានៅពេលបោះឆ្នោតប្រធានាធិបតីអាមេរិកដំបូង មិនថារូបប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ ឬគណបក្សសាធារណរដ្ឋទេ គឺគណបក្សរបស់ប្រធានាធិបតីជាប់ឆ្នោតតែងទទួលបានសម្លេងភាគច្រើននៅក្នុងរដ្ឋសភា។
តែនៅពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ ពោលក្រោយពីការកាន់អំណាចរយៈពេល ២ឆ្នាំរបស់ប្រធានាធិបតី គណបក្សរបស់ប្រធានាធិបតីតែងបាត់បង់សម្លេងភាគច្រើននៅក្នុងរដ្ឋសភា។ ជាក់ស្តែងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៃអាណត្តិទី២ របស់លោកអូបាម៉ា គណបក្សប្រជាធិបតេយ្យរបស់លោកអូបាម៉ាទទួលបាន ១៨៨អសនៈ ហើយគណបក្សសាធារណរដ្ឋទទួលបានដល់ទៅ ២៤៧អសនៈក្នុងចំនួនអសនៈទាំង ៤៣៥ នៅក្នុងរដ្ឋសភា។ ក្នុងឆ្នាំ ២០១៦ ដែលជាឆ្នាំនៃការបោះឆ្នោតប្រធានាធិបតី និងដែលលោកដូណាល់ ត្រាំមកពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោត គណបក្សសាធារណរដ្ឋទទួលបាន ២៣៦អសនៈ ហើយគណបក្សប្រជាធិបតេយ្យទទួលបានតែ ១៩៣អសនៈ។
នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៃអាណត្តិទី១ របស់លោកត្រាំពេលនេះ គណបក្សប្រជាធិបតេយ្យបានក្រសោកយកសម្លេងភាគច្រើននៅក្នុងរដ្ឋសភាវិញ។ លទ្ធផលមួយភាគធំបានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យទទួលបានសម្លេងភាគច្រើនដោយយកបានអសនៈយ៉ាងតិចចំនួន ២១៨ ក្នុងចំនួនអសនៈសរុប ៤៣៥ នៅរដ្ឋសភា។ គួរបញ្ជាក់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្មីទាំង ៤៣៥រូបនៅក្នុងរដ្ឋសភា និងជាការជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីចំនួន ១ភាគ៣ នៃចំនួនសមាជិកព្រឹទ្ធសភាសរុប ១០០នាក់។
គណបក្សសម្លេងភាគច្រើនបោះដៃរកគណបក្សសម្លេងភាគតិចនៅសភា
ចាប់ពីពេលនេះតទៅ លោកដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋមិនអាចជិះសេះលែងដៃដូចមុនទៀតឡើយ ឬគេអាចនិយាយបែបម្យ៉ាងទៀតថា លោកត្រាំមិនអាចធ្វើអ្វី និងសម្រេចអ្វីតាមចិត្តដែលលោកចង់ធ្វើនោះទេ។ ប្រធានាធិបតី និងព្រឹទ្ធសភាបានស្ថិតក្នុងដៃគណបក្សសាធារណរដ្ឋ តែរដ្ឋសភាបែរជាបានស្ថិតក្នុងដៃគណបក្សប្រជាធិបតេយ្យទៅវិញ វាពិតជាមិនងាយស្រួលទេក្នុងការដឹងនាំ ហើយក៏គ្មានរូបប្រធានាធិបតីណាម្នាក់ចង់ឃើញរូបភាពបែបនេះដែរ។ តែទោះជាយ៉ាងនេះក្តី គណបក្សសាធារណរដ្ឋ ពិសេសលោកដូណាល់ ត្រាំ និងគណបក្សប្រជាធិបតេយ្យគ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើការចាប់ដៃរួមគ្នាទេ នោះបើពួកគេមិនចង់ឃើញសង្គមអាមេរិកដែលកំពុងបែកបាក់ស្រាប់រឹតតែបែកបាក់ខ្លាំងជាងសព្វថ្ងៃនោះ។
គេសង្កេតឃើញថាក្នុងរយៈពេលនៃការតំណែង ២ឆ្នាំរបស់លោកដូណាល់ ត្រាំ សង្គមអាមេរិកមានការបែកបាក់ខ្លាំងណាស់។ នៅម្ខាង គឺការបែកបាក់រវាងក្រុមអ្នកសាធារណរដ្ឋ និងក្រុមអ្នកប្រជាធិបតេយ្យ ហើយនៅម្ខាងទៀត គឺការបែកបាក់នៅផ្ទៃក្នុងរវាងអ្នកសាធារណរដ្ឋគ្នាឯងក៏ដូចជាជារវាងអ្នកប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយ លោកស្រីណាន់ស៊ី ប៉េឡូស៊ីដែលជាប្រធានក្រុមសម្លេងភាគច្រើនមកពីបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភាហាក់បានបោះដៃរកបក្សសាធារណរដ្ឋរួចជាស្រេចដោយសន្យាធ្វើការជាមួយលោកដូណាល់ ត្រាំក្នុងផលប្រយោជន៍រួមឆ្ពោះទៅបង្រួបបង្រួមពលរដ្ឋអាមេរិកឡើងវិញ។
លោកស្រីណាន់ស៊ី ប៉េឡូស៊ីបានយល់ឃើញថា សង្គមអាមេរិកសព្វថ្ងៃហាក់បានប្រេះឆាខ្លាំងជ្រុលដែលគេមិនគួរចាក់សាំងដុតបន្ថែមទេ។ ទោះជាយ៉ាងនេះក្តី គណបក្សប្រជាធិបតេយ្យដែលមានទឹកមាត់ប្រៃឡើងវិញនៅក្នុងសភាពេលនេះគ្រោងឆ្កឹះ និងពិនិត្យមើលលើសំណុំរឿងអាទិភាពមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យដែលលោកត្រាំបានព្យាយាមកប់ចោល ឬសើរើ ពិសេសទាក់ទងនឹងសេវាធានាសុខភាព។ តែទោះជាយ៉ាងនេះក្តី ការប្រឈមមុខ និងការប្រទាញប្រទង់ដាក់គ្នាក្នុងការបោះឆ្នោតលើគម្រោងផែនការនេះ ឬផែនការនោះជារឿងចៀសមិនរួចរវាងសភានៅខាងអ្នកប្រជាធិបតេយ្យ និងព្រឹទ្ធសភានៅខាងអ្នកសាធារណរដ្ឋ។
មុខមាត់អ្នកតំណាងរាស្រ្តថ្មីនៅក្នុងរដ្ឋសភាថ្មី
ការដណ្តើមកាន់កាប់បានរដ្ឋសភាពីគណបក្សប្រជាធិបតេយ្យពេលនេះជាជ័យជម្នះមួយដែលបានអនុញ្ញាតឲ្យមានការដាក់បញ្ចូលសមាជិកសភាវ័យក្មេង មានស្រ្តីច្រើន និងភាពសម្បូរបែបនៃពលរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរដ្ឋ Michigan និងរដ្ឋ Minnesota សមាជិកសភាជាប់ឆ្នោតថ្មីមកពីគណបក្សប្រជាធិបតេយ្យជាស្ត្រីវ័យ ៣០ឆ្នាំប្លាយ និងជាអ្នកកាន់សាសនាអ៊ីស្លាម។ ម្នាក់ជាមេធាវីឈ្មោះ Rashida Tlaib ដែលមានឱពុកម្តាយជាជនភៀសខ្លួនប៉ាឡេស្ទីន និងម្នាក់ទៀតជាសកម្មជនឈ្មោះ Ilhan Omar ដែលបានចាប់កំណើតក្នុងទឹកដីនៃប្រទេសសូម៉ាលី។ តែស្រ្តីវ័យក្មេងជាងគេដែលបានជាប់ឆ្នោតជាតំណាងរាស្រ្តអាមេរិកមកពីបក្សប្រជាធិបតេយ្យពេលនេះមានឈ្មោះ Alexandria Ocasio-Cortez ដែលទើបមានអាយុ ២៩ឆ្នាំ និងជាកូនអ្នកធ្វើការផ្នែកបោស សំអាត។
ក្រៅពីនោះ និងជាលើកទី១ រដ្ឋសភាថ្មីពេលនេះក៏មានវត្តមានស្រ្តីអ្នកស្រឡាញ់ភេទដូចគ្នាឈ្មោះ Sharice Davids។ ទន្ទឹមគ្នានេះ និងជាលើកទី១ អ្នកស្រឡាញ់ភេទដូចគ្នាលោក Jared Polis មកពីគណបក្សប្រជាធិបតេយ្យបានក្លាយជាអភិបាលរដ្ឋ Colorado ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ