អានតួអត្ថបទ

ដាណឺម៉ាក ចោទ​អ៊ីរ៉ង់ រៀប​គំរោង​ធ្វើ​ភេរវកម្ម សម្លាប់​អ្នក​ប្រឆាំង​អ៊ីរ៉ង់ លើដី​ដាណីម៉ាក

អាជ្ញាធរសន្តិសុខជាតិ​ដាណឺម៉ាក បានប្រកាសកាលពីថ្ងៃទី​៣១តុលា ថាគេបានទប់ស្កាត់ទាន់ពេល​វេលា នូវគំរោងភេរវកម្មមួយ ដែលសំដៅសម្លាប់មនុស្សមួយក្រុម ដែលជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់។ មនុស្សម្នាក់ត្រូវបានគេចាប់ខ្លួនបាន ហើយបើតាមការអះអាង របស់អាជ្ញាធរដាណឺម៉ាក គំរោងភេរវកម្មនេះ គឺជាការរៀបចំរបស់ក្រុមចារកិច្ចអ៊ីរ៉ង់។ ភ្លាមៗ ដាណឺម៉ាក ក៏បានប្រកាស កោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំក្រុងតេអេរ៉ង់ ឲ្យត្រលប់​មកវិញ ខណៈដែលការចោទប្រកាន់នេះ ត្រូវបានអ៊ីរ៉ង់ ច្រានចោលទាំងស្រុង។

សមត្ថកិច្ចដាណឺម៉ាក បិទស្ពានOresund ក្បែរក្រុងកូប៉េនហាហ្គ​ ដើម្បី​​ទប់​ភេរវកម្ម នៅថ្ងៃ​ទី​​២៨​កញ្ញា ​២០១៨
សមត្ថកិច្ចដាណឺម៉ាក បិទស្ពានOresund ក្បែរក្រុងកូប៉េនហាហ្គ​ ដើម្បី​​ទប់​ភេរវកម្ម នៅថ្ងៃ​ទី​​២៨​កញ្ញា ​២០១៨ Nils Meilvang / Ritzau Scanpix / AFP
ផ្សាយពាណិជ្ជកម្ម

លោកអគ្គនាយកកិច្ចការសន្តិសុខជាតិដាណឺម៉ាក បាននិយាយក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃពុធ ទី៣១តុលាថា គំរោងភេរវកម្ម​ដែលត្រូវបានទប់ស្កាត់ទាន់ពេលវេលា គឺជាការរៀបចំរបស់ក្រុមចារកិច្ចអ៊ីរ៉ង់។ ជនសង្ស័យម្នាក់ ជាជនជាតិន័រវេស ដើមកំណើតអ៊ីរ៉ង់ ត្រូវបានគេចាប់ខ្លួនបាន កាលពីថ្ងៃទី២១ តុលា នៅស៊ុយអ៊ែត។

សូមរំលឹកថា កាលពីថ្ងៃទី២៨កញ្ញា អាជ្ញាធរដាណឺម៉ាក បានបិទស្ពានឆ្លងចូលដាណឺម៉ាកទាំង២ មួយឆ្លងពីស៊ុយអ៊ែដ និងមួយទៀតឆ្លងពីអាល្លឺម៉ង់ ដោយហេតុថាអាចមានគ្រោះថ្នាក់ភេរវកម្ម។ អាជ្ញាធរដាណឺម៉ាក បានតាមដានដឹងថា មានបុរសម្នាក់ បានមកបន្លំខ្លួន ថតរូបជាច្រើន នៅម្តុំអាស័យដ្ឋាន របស់សកម្មជាអង្គការ ASMLA (National Liberation mouvement of Ahwaz) ដែលជាចលនារំដោះតំបន់អារ៉ាប់ Ahwaz ស្ថិតនៅភាគខាងកើតអ៊ីរ៉ង់។

ឆ្លងកាត់ការស៊ើបអង្កេតមួយខែមកនេះ អាជ្ញាធរដាណឺម៉ាក បានសន្និដ្ឋានថា គឺក្រុមចារកិច្ចអ៊ីរ៉ង់ ដែលមានគំរោងធ្វើភេរវកម្ម សំដៅសម្លាប់សកម្មជននយោបាយ ដែលប្រឆាំងនឹងអ៊ីរ៉ង់។ លោករដ្ឋមន្ត្រី​ការបរទេសដាណឺម៉ាក បានប្រកាសថា លោកជឿទុកចិត្តលើការសន្និដ្ឋានរបស់អាជ្ញាធរដាណឺម៉ាក ហើយលោកបញ្ជាក់ថា ដាណឺម៉ាក នឹងស្នើទៅសហភាព​អឺរ៉ុប​​ដើម្បីរកទណ្ឌកម្ម ដាក់លើអ៊ីរ៉ង់។

គួតក់សម្គាល់ថា ភ្លាមៗក្រោយការសន្និដ្ឋាននេះ ដាណឺម៉ាក បានកោះហៅឯកអគ្គរដ្ឋទូតខ្លួន ប្រចាំអ៊ីរ៉ង់ ឲ្យ​ចូលស្រុកវិញ។ នៅថ្ងៃទី៣១តុលា ដដែល ឯកអគ្គរដ្ឋទូតដាណឺម៉ាក ត្រូវបានក្រសួងការបរទេសអ៊ីរ៉ង់ អញ្ជើញឲ្យចូលជួប ដើម្បីសុំការពន្យល់ពីការចោទប្រកាន់នេះ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ គឺអ៊ីរ៉ង់ សូមទាត់ចោលទាំងស្រុងនូវការចោទប្រកាន់នេះ ហើយថា ដាណឺម៉ាកមិនគួរសន្និដ្ឋាន ឬគំរាមដាក់ទណ្ឌកម្ម ដោយតក់ក្រហល់នោះទេ។

សូមរំលឹកដែរថា កាលពីចុងខែមិថុនា អាជ្ញាធរបារាំង ក៏បានប្រកាសដែរ ថាគេបានទប់ស្កាត់ទាន់ពេលវេលា នូវគំរោងភេវកម្មមួយ ដែលតាមការសន្និដ្ឋាន គឺរៀបចំឡើងដោយក្រុមចារកិច្ចអ៊ីរ៉ង់ សំដៅសម្លាប់សកម្មជន​ដែលជួបជុំគ្នា បរិហារពីរបបដឹកនាំផ្តាច់ការអ៊ីរ៉ង់។

គួរកត់សំគាល់ថា កាលពីខែកញ្ញា អ៊ីរ៉ង់ធ្លាប់បានចោទដាណឺម៉ាក ហូឡង់ និងអង់គ្លេស ថាបានផ្តល់ជំរក ដល់មនុស្សមួយចំនួន ដែលអ៊ីរ៉ង់ ចាត់ទុកថាជាពួកភេរវកម្ម ដែលបានធ្វើសកម្មភាពជាច្រើន មានជាអាថទិ៍ អំពើភេរវកម្មក្នុងពិធីពយុហយាត្រាទាហាន កាលពីថ្ងៃទី២២កញ្ញា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស២៤នាក់ នៅទីក្រុងAhwaz។

ទាក់ទិននឹងការចោទប្រកាន់ របស់ដាណឺម៉ាក ទៅលើអ៊ីរ៉ង់នេះ សហភាពអឺរ៉ុប បានអះអាងថា សហភាពអឺរ៉ុបបែកចែករឿងរ៉ាវភេរវកម្ម ឲ្យនៅដាច់ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ពោលគឺសហភាពអឺរ៉ុប នៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះជាមួយអ៊ីរ៉ង់ តែ​ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មអ៊ីរ៉ង់ ទាក់ទិននឹងបញ្ហាភេរវកម្ម ឬការរំលោភសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ