អានតួអត្ថបទ

​អ្នក​ស្តាំនិយម​ជ្រុល Bolsonaro ជាប់​ឆ្នោត​ជាប្រធានាធិបតី​​ប្រេស៊ីល

​ប្រេស៊ីល​ មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ស្តាំ​និយម​ជ្រុល ! ​លោក ហ្សែ បុលសូណារ៉ូ Jair Bolsonaro បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ស្តាំ​ជ្រុល​និយម បានទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទីពីរ ជាមួយ​នឹង​សំឡេង​គាំទ្រ ៥៥,៣%។ ចំណែក​គូប្រជែង​ ហ្វែណង់ដូ ហាដាដ បេក្ខជន​​ពលករ ដែល​ជា​បក្ស​ឆ្វេង​និយម​ ទទួល​បាន​ការ​គាំទ្រ​ត្រឹម​តែ​៤៤,៧%។ នេះ​ ​បើ​តាម​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​៩៨%។

លោក Jair Bolsonaro ជាប់​ឆ្នោត​ប្រធានាធិបតី​ថ្មី​របស់​ប្រេស៊ីល
លោក Jair Bolsonaro ជាប់​ឆ្នោត​ប្រធានាធិបតី​ថ្មី​របស់​ប្រេស៊ីល REUTERS/Pilar Olivares
ផ្សាយពាណិជ្ជកម្ម

ជាប់​ឆ្នោត​​យ៉ាង​ត្រចះ​ត្រចង់ ​ជា​ប្រធានាធិបតី​ថ្មី​ប្រេស៊ីល លោក ហ្សែ បុលសូណារ៉ូ នៃ​បក្ស​ស្តាំ​ជ្រុលនិយម បានថ្លែង​សុន្ទរកថា​ជា​លើក​ទី​មួយ ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុង​​សំឡេង​ម៉ាត់ៗ​ថា “​នឹង​ប្តូរ​អនាគត​ប្រេស៊ីលរួមគ្នា » ! ដោយ​ប្រេស៊ីល​មិន​​បន្ត​ជាមួយអ្នក​សង្គម​និយម កុម្មុយនិស្ត និង​ប្រជាភិថុត​ឆ្វេង​និយម​ទៀត !

លោក បុលសូណារ៉ូ នឹង​ចូល​កាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១​មករា ឆ្នាំ​២០១៩ សម្រាប់​អាណត្តិ​៤​ឆ្នាំ បន្ត​ពី​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ មីស្ហែល តេមែរ។

គ្រាន់​តែ​បាន​ឮ​សេចក្តី​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ដំបូង​ភ្លាម ហ្វូង​មនុស្ស​រាប់​ពាន់​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​គេហដ្ឋាន​លោក​បុលសូណារ៉ា ផង នៅ​តាម​ទីលាន​ប្រជុំ​ជន​ធំៗ​របស់​ក្រុង​សៅប៉ូឡូ​ ក្រុង​ដ៏​ធំ​ជាងគេ​បំផុត​របស់​ប្រទេស​ផង ដើម្បី​​អបអរ​ជ័យជំនះ។ សម្រាប់​ពួកគេ​ លោក​ បុលសូណារ៉ូ គឺ​ជា​ជម្រើស​ថ្មី ជា​បុរស​ខ្លាំង​ដែល​អាច​ប្រឈម​នឹង​អំពើ​ពុករលួយរ៉ាំរៃក្នុង​រដ្ឋាភិបាល និង​បទ​ឧក្រិដ្ឋ​​ហិង្សាកាន់​តែ​ខ្លាំងនៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​ ពីរបី​ម៉ោង​មុន​ការ​បិទ​ការិយាល័យ​បោះឆ្នោត ប្រធាន​តុលាការ​កំពូល​ប្រេស៊ីល បាន ​ប្រកាស​ស្នើ​សុំ​ឱ្យ​អនាគត​ប្រធានាធិបតី គោរព​រដ្ឋ​ធម្មនុញ្ញ។ “កាតព្វកិច្ច​ដំបូង​របស់​អនាគត​ប្រធានាធិបតី​គឺ​គោរព​រដ្ឋធម្មនុញ្ញ និង​ចាំ​បាច់​ត្រូវ​គោរព​មាត្រា​៣ ដែល​ចែង​អំពី​កម្មវត្ថុ​គ្រឹះ​របស់​ប្រទេស ៖ ស្ថាបនា​សង្គម​សេរី ត្រឹមត្រូវ និង​សាមគ្គីភាព -ធានាការ​អភិវឌ្ឍន៍​ជាតិ - ទី​បី​កាត់បន្ថយ​ភាព​ក្រីក្រ និង​វិសមភាព​សង្គម​/តំបន់ និង​ទីបួន ត្រូវ​ធានា​សុខមាភាព​ពលរដ្ឋ​គ្រប់​រូប ដោយ​គ្មាន​រើសអើង​ដើម​កំណើត​ ពូជសាសន៦ ភេទ ពណ៌​សម្បុរ​ស្បែក អាយុ​ ទេ។ អនាគត​ប្រធានាធិបតី​ត្រូវ​គោរព​ស្ថាប័ន​រដ្ឋ ប្រជាធិបតេយ្យ​ និងនយោបាយ​ពហុបក្ស”។

នេះ​ជា​មិនមែន​ជា​សេចក្តី​ថ្លែងការណ៍​ធម្មតា​ឡើយ ! បើ​ទោះ​បីជា​ប្រធាន​តុលាការ​​​មិន​បាន​បញ្ជាក់​ឈ្មោះ​​​​បេក្ខជនណា​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​​ប្រធានាធិបតី​ទាំង​ពីរឱ្យ​ចំក៏​ដោយ ក៏​គេ​អាច​យល់​បានថា​សំដៅ​លើ​រូប​លោក បុលសូណារ៉ូ​ដែរ។ ក្នុង​ពេល​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ កូនប្រុស​ម្នាក់​របស់​លោក ហ្សែ បុលសូណារ៉ូ ដែល​បាន​ជាប់​ឆ្នោត​​ជា​សមាជិកសភា​សហព័ន្ធ​ ជា​ថ្មី បាន​អះអាង​ថា គេ​ត្រូវ​ការ​តែ​ “មេ​ម្នាក់​និង​កូន​ទាហាន​ម្នាក់” សម្រាប់​បិទ​តុលាការ​កំពូល។

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​បាន​សន្យា​ការពារ​រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ និង​សេរីភាព ! តែ​ក្តី​ព្រួយ​បារម្ភ​ និង​ការ​គំរាម​កំហែង​ប្រជាធិបតេយ្យ​មាន​ខ្លាំង ព្រោះ​ថា លោក បុលសូណារ៉ូ ប្រៀប​ដូច​ជា​​លោក​ ដូណាល់​ត្រាំ មាន​ចរិត​បែប​ផ្តាច់ការ​ខ្លាំង និង​វាយប្រហារ​រិះគន់​ដោយ​ចំៗ​ប្រព័ន្ធ​សារព័ត៌មានធំៗ​ថា​ជា​ប្រភព​ផ្តល់​ដំណឹង​មិន​ពិត។ អគ្គលេខា​អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន​​បាន​ទាញ​សញ្ញា​អាសន្ន​ថា លោក​ ហ្សែ បុលសូណារ៉ូ ជា​តំណាង​​នៃ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន​និង​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ