អានតួអត្ថបទ

មនុស្ស ១១នាក់​ស្លាប់​ ដោយ​ការវាយប្រហារ​ប្រឆាំង​នឹង​សហគមន៍ជ្វីហ្វ នៅ​អាមេរិក​

មនុស្ស១១​នាក់​ត្រូវបានសម្លាប់​ និង ៦នាក់​ផ្សេងទៀត​រងរបួស​ ក្នុង​ហេតុការណ៍​បាញ់ប្រហារមួយ​ កាលពី​ថ្ងៃសៅរ៍​ទី២៧​ តុលា​ នៅឯ​សហគមន៍​ជនជាតិជ្វីហ្វ​ដ៏ធំជាងគេបំផុតមួយ​ ក្នុងទីក្រុង​ Pittsburgh ដែល​ស្ថិតនៅ​ភាគខាងលិច​នៃរដ្ឋ​ Pennsylvania សហរដ្ឋអាមេរិក​។ ក្រោយ​ការបាញ់ប្រហារនេះ​ ជនសង្ស័យ​ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ ហើយបញ្ជូន​ទៅមន្ទីរពេទ្យភ្លាមៗ​។ នេះ បើតាម​ការណ៍​ឲ្យដឹង​របស់​អាជ្ញាធរ​អាមេរិក​។

ប្រជាជានអាមេរិកប្រមូលម្តុំគ្នាដើម្បីឧទ្ទិសដល់ជនរងគ្រោះពីការបាញ់សម្លាប់ នាថ្ងៃទី២៧ តុលា ឆ្នាំ២០១៨។
ប្រជាជានអាមេរិកប្រមូលម្តុំគ្នាដើម្បីឧទ្ទិសដល់ជនរងគ្រោះពីការបាញ់សម្លាប់ នាថ្ងៃទី២៧ តុលា ឆ្នាំ២០១៨។ REUTERS/John Altdorfer
ផ្សាយពាណិជ្ជកម្ម

បុរស​ដែលជា​ខ្មាន់កាំភ្លើង​ឈ្មោះ ​Robert Bowers​ អាយុ ៤៦ឆ្នាំ​ត្រូវបាន​គេ​រាយការណ៍​ថា​បានស្រែក​ថា​ "ជនជាតិ​ជ្វីហ្វ​ទាំងអស់​ត្រូវតែ​ស្លាប់​" នៅពេល​ដែល​គាត់​បានចូល​ទៅក្នុង​សាលប្រជុំ​ និង​ជាកន្លែងអធិស្ឋាន​ របស់​ក្រុមជនជាតិជ្វីហ្វ​ ប្រមូលផ្ដុំ​នៅថ្ងៃ​ឈប់សម្រាក​។

បើតាម​រដ្ឋអាជ្ញា​អាមេរិក​ ខ្មាន់កាំភ្លើង​រូបនេះ​ អាចប្រឈម​នឹងការចោទ​ប្រកាន់ទោស​ចំនួន ២៩ករណី​ ​ពីបទឧក្រិដ្ឋកម្ម​ បាញ់សម្លាប់ជនជាតិជ្វីហ្វ​ ដែលគេ​ចាត់ទុកថា​ជា​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ក្នុង​ប្រទេសអាមេរិក​។

គួរ​ជម្រាបជូនថា​ ព្រឹត្តិការណ៍​បាញ់ប្រហារ​ កាលពីថ្ងៃសៅរ៍​វេលាប្រមាណ​ជាម៉ោង​ ៩ព្រឹក​ម៉ោងនៅអាមេរិក​ ម្សិលមិញនេះ​ វា​បានបង្កជា​ទុក្ខសោក និង​ការតក់ស្លុត​ជាខ្លាំង​ ក្នុង​ចំណោម​មហា​ជនជាតិ​ជ្វីហ្វ​ ដែលរស់នៅ​ក្នុង​ទឹកដី​អាមេរិក​។

ទាក់ទង​នឹង​ហេតុកាណ៍​បាញ់ប្រហារនេះ​ដែរ​ ប្រធានាធិបតីអាមេរិក​លោក​ដូណាល់ ​ត្រាំ​ក៍​បាន​សម្តែង​នូវការ​ចូលរួម​មរណទុក​ ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ និងបាន​ថ្កោលទោស​ចំពោះ​អំពើឧក្រិដ្ឋកម្មនេះ​ផងដែរ​។

"ការ​វាយប្រហារ​សម្លាប់​ បងប្អូន​ជនជាតិជ្វីហ្វ​ គឺជា​សកម្មភាព​ដ៏អាក្រក់​ ហើយ​វា​ក៏ប្រៀប​ដូចជា​ការ​វាយប្រហារ​មកលើ​អាមេរិក​ដែរ​។ អាមេរិក​ត្រូវតែ​រួបរួម​ ជាមួយ​សហគមន៍ជ្វីហ្វ ​ដើម្បី​កម្ចាត់​ជន​ទាំងឡាយណា​ដែល​មាន​បំណង​មិនល្អ​ មកលើ​យើង​"។ នេះ ​ជា​ការ​លើកឡើង​របស់​លោកត្រាំ​ ក្នុងពេល​ដែល​លោក​ជួបជាមួយ​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋ​Illinois​។ ក្រៅពីនេះ​ លោកត្រាំ​ ក៏បាន​និយាយ​ផងដែរ​ថា​ លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ភាគខាងលិច​នៃ​រដ្ឋ Pennsylvania​ ជា​កន្លែង​កើតហេតុ ​នា​ពេលឆាប់ៗ​ផងដែរ​។

គួរជម្រាប​ជូនផង​ដែរថា​ លោក​ប្រធានាធិបតី​ដូណាលត្រាំ​ ក៏បាន​បញ្ជាឱ្យ​ដាក់បង្ហូត​ទង់ជាតិ​​អាមេរិក​ទាំងអស់​នៅឯ​សេតវិមាន​ និង​នៅទីសាធារណៈ​ត្រឹមកណ្តាល​ រហូតដល់​ថ្ងៃទី​៣១​ ខែតុលា​ ដើម្បី​ជា​សញ្ញា​នៃ​ការគោរព​ចំពោះ​ជនរងគ្រោះ​ ពីការ​បាញ់ប្រហារ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ