នៅពេលលោកដូណាល់ ត្រាំ នៅមិនស្រណុក ដោយសារក្បួនជនអន្តោប្រវេសន៍ហុងឌូរ៉ាស
នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ បញ្ហាអន្តោប្រវេសន៍ និងជាពិសេសក្បួនប្រជាជនហុងឌូរ៉ាស ដែលលើកគ្នារាប់ពាន់នាក់ ដើរសំដៅទឹកដីអាមេរិក ជាប្រធានរឿងសំខាន់ នៅក្នុងសារឃោសនារបស់លោកប្រធានាធិបតីអាមេរិក។ នៅថ្ងៃសុក្រទី ២៦ ទៅតាមសំណើរបស់លោកដូណាល់ ត្រាំ ក្រសួងការពារជាតិអាមេរិក បានប្រកាស បញ្ជូនកងទ័ព៨០០នាក់ ទៅពង្រាយ នៅព្រំដែន ម៉ិចស៊ិក និងអាមេរិក ដើម្បី ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាល ចូលទឹកដីអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការសម្រេចរបស់មន្ទីរបញ្ចកោនដើម្បីបញ្ជូនកងទ័ពអាមេរិកទៅព្រំដែន នឹងធ្វើឲ្យចំនួនឆ្មាំព្រំដែន សម្រាប់ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ នៅតាមព្រំដែនម៉ិចស៊ិក-អាមេរិកកើនឡើងច្រើនជាង ២ពាន់នាក់។ ក្រៅតែពីបញ្ជូនកងទ័ព ទៅជួយពង្រឹងកម្លាំងរបស់ឆ្មាំព្រំដែន និងគំរាមកាត់ប្រាក់ជំនួយ ដល់ប្រទេសចំណាកស្រុករបស់ជនអន្តោប្រវេសន៍ លោកដូណាល់ ត្រាំ នៅបានគំរាមប្រើអំណាចប្រធានាធិបតី ដើម្បី ចេញច្បាប់ ទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ មកពីអាមេរិកកណ្តាល។
សូមអាន៖ សហរដ្ឋអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងពិភពលោកស្តីពីជនភៀសខ្លួន និងជនអន្តោប្រវេសន៍
តើលោកដូណាល់ ត្រាំ នឹងប្រើក្រឹត្យប្រធានាធិបតីដើម្បី ហាមឃាត់កុំឲ្យជនអន្តោប្រវេសន៍ មកពីអាមេរិកកណ្តាលចូលទឹកដី ដូចដែលលោកធ្លាប់បានធ្វើទៅលើប្រជាជន មកពីប្រទេសកាន់សាសនាអ៊ីស្លាម? នៅពេលដែលក្បួនជនអន្តោប្រវេសន៍មានប្រភពមកពី ប្រទេសហុងឌូរ៉ាស នៅតែបន្តដំណើរសំដៅទឹកដីអាមេរិក លោកដូណាល់ត្រាំ មិនរារែកនឹងប្រើចាត់វិធានការ ប្រឆាំងជនអន្តោប្រវេសន៍នោះទេ។
តាមមន្រ្តីរបស់សេតវិមាន ដែលដកស្រង់សំដីដោយកាសែតThe Washington Post លោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងពិចារណា លើច្បាប់ដែលនឹងហាមមិនឲ្យជនអន្តោប្រវេសន៍ឆ្លងព្រំដែនចូលទឹកដីអាមេរិក ដើម្បីដាក់ពាក្យសុំសិទ្ធិជ្រកកោននយោបាយ។ លោកដូណាល់ត្រាំ អាចប្រើអំណាចប្រធានាធិបតី ប៉ុន្តែ ទៅតាមផ្លូវច្បាប់ ក្រឹត្យរបស់ប្រធានាធិបតីនឹងអាចរំលាយចោលវិញ នៅពេលមានពាក្យបណ្តឹងទៅតុលាការកំពូល ដូចក្នុងករណីហាមប្រាមមិនឲ្យអ្នកកាន់សាសនាអ៊ីស្លាមចូលទឹកដីអាមេរិកកាលពីឆ្នាំមុន។
នៅថ្ងៃសុក្រ នៅពេលដែលក្បួនជនអន្តោប្រវេសន៍ ដែលភាគច្រើនជាប្រជាជនហុងឌូរ៉ាស ឆ្លងចូលទឹកដីម៉ិចស៊ិក រដ្ឋាភិបាលម៉ិចស៊ិក បានប្រកាសផ្តល់លិខិតស្នាក់នៅ និងសេវាសុខភាព ដល់ជនអន្តោប្រវេសន៍ណា ដែលមានបំណងសុំសិទ្ធិជ្រកកោន នៅប្រទេសម៉ិចស៊ិក។ តាមក្រសួងមហាផ្ទៃ ម៉ិចស៊ិក មានជនអន្តោប្រវេសន៍ជិត ២ពាន់នាក់ ប៉ុណ្ណោះ ក្នុងចំណោម ជាង ៧ពាន់នាក់ ដែលបានដាក់ពាក្យសុំ ចំណែកជនអន្តោប្រវេសន៍រាប់ពាន់នាក់ផ្សេងទៀត បានបដិសេធមិនទទួលយកសំណើ ព្រោះថា ម៉ិចស៊ិកមិនមែនជាគោលដៅដែលគេចង់បាននោះទេ ប៉ុន្តែ គឺសហរដ្ឋអាមេរិក ជាទីដែលពួកគេបានស្រមៃចង់កសាងជីវិត ថ្មី បន្ទាប់ពីចាកចេញ ពីប្រទេសដែលសំបូរដោយអំពើហិង្សា ឧក្រិដ្ឋកម្មសម្លាប់មនុស្ស ហើយនិងភាពក្រីក្រ ដូចជាហុងឌូរ៉ាសជាដើមនោះ។ រហូតមកដល់ថ្ងៃសៅរ៍ ក្បួនជនអន្តោប្រវេសន៍អាមេរិកកណ្តាលដើរបានតែជាង ១០០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងប្រទេសម៉ិចស៊ិក គឺនៅសល់ ជាង ៣ពាន់គីឡូម៉ែត្រ ឯណោះ។ គេវាយតម្លៃថា ជនអន្តោប្រវេសន៍ ដែលធ្វើដំណើរថ្មើរជើង សំដៅ ទឹកដីអាមេរិក នឹងអាចទៅព្រំដែន អាមេរិក ម៉ិចស៊ិក យ៉ាងហោច ក្នុង៦សប្តាហ៍ទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ