អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖​អ.ស.ប.ស្នើ​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​អ្នកប្រឆាំងម្នាក់​ក្នុង​ពេល​ឃុំឃាំង

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា លោក​ហ៊្វែរណង់ដូ អាល់បាន ទីប្រឹក្សា​សង្កាត់​មួយ​ក្នុង​ទីក្រុង​ការ៉ាកាស់​បាន​ធ្វើ​អត្តឃាត​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ទីស្នាក់ការ​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់ នេះ​ជា​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​អគ្គរាជអាជ្ញា។ លោក​ហ៊្វែរណង់ដូ អាល់បាន​ដែល​ជា​អ្នកប្រឆាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​បទ​ជាប់សង្ស័យ​ប្រើ​ដ្រូនដាក់ជាតិផ្ទុះ​ដើម្បី​ប្រឆាំង​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ។ មរណភាព​អ្នក​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​ឧត្តមក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​មួយ​ដោយ​តម្លាភាព។

នៅ​វ៉េណេស៊ុយអេឡា ​អ.ស.ប.ស្នើ​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​អ្នកប្រឆាំងម្នាក់​ក្នុង​ពេល​ឃុំឃាំង
នៅ​វ៉េណេស៊ុយអេឡា ​អ.ស.ប.ស្នើ​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​អ្នកប្រឆាំងម្នាក់​ក្នុង​ពេល​ឃុំឃាំង REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ផ្តល់​ដោយ​រដ្ឋអំណាច​ឲ្យ​ដឹង​ថា លោក​ហ៊្វែរណង់ដូ អាល់បាន​ដែល​ឃុំ​នៅ​ក្នុង​ទីស្នាក់ការ​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​ប្រហែល​ជា​បាន​សុំ​អ្នក​យាម​ទៅ​បង្គន់។ នៅ​ពេល​ដល់​បង្គន់ រូប​គេ​ក៏​បាន​លោត​តាម​បង្អូច​ដែល​ស្ថិត​នៅ​ជាន់ទី១០។ គួរ​រម្លឹក​ថា លោក​ហ៊្វែរណង់ដូ អាល់បាន​ដែល​ទើប​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​សុក្រ ទី៥ តុលា​បាន​ជាប់ចោទ និង​គ្រោង​​បញ្ជូន​ទៅ​តុលាការ​នៅ​ពេល​ខាង​មុខ។ តាម​ក្រសួង​សាធារណៈ​វ៉េណេស៊ុយអេឡា ទីប្រឹក្សាសង្កាត់​រូប​នេះ​បាន​ឃុបឃិត​រៀបចំ​វាយប្រហារ​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​ដោយ​ប្រើ​ដ្រូនដាក់ជាតិផ្ទុះ។

សម្រាប់​អគ្គរាជអាជ្ញា មរណភាព​របស់​លោក​ហ៊្វែរណង់ដូ អាល់បាន​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង។ តែ​សម្រាប់​ក្រុមប្រឆាំង​ដែល​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ទីស្នាក់ការ​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​បាន​ស្រែក​ក្តែងៗ​ថា មិនមែន​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទេ តែ​ជា​ការ​ធ្វើ​ឃាត។ ចំណែក​អគ្គលេខាធិការ​អង្គការ​នៃ​ក្រុមប្រទេស​នៅ​ទ្វីបអាមេរិក​លោក​នីកូឡា អាល់ម៉ាក្រូ​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​លើ​រដ្ឋាភិបាល​ទីក្រុង​ការ៉ាកាស់​ចំពោះ​មរណភាព​លោក​​ហ៊្វែរណង់ដូ អាល់បាន​ពេល​នេះ។

សម្រាប់​គណបក្ស Primero Justicia ដែល​លោក​ហ៊្វែរណង់ដូ អាល់បាន​ជា​សមាជិក​មិន​ញញើត​នឹង​បរិហារ​លើ​ឃាតកម្ម​នេះ និង​ហាក់​គ្មាន​ជំនឿ​លើ​ការ​ស៊ើបអង្កេត​ឯករាជ្យ​ណា​មួយ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ឧត្តមក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​រម្លឹក​ថា លោក​ហ៊្វែរណង់ដូ អាល់បាន​ត្រូវ​បាន​ឃុំ​ដោយ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ជា​អ្នក​ធានា​សន្តិសុខ​រូប​លោក​ហ៊្វែរណង់ដូ អាល់បាន។ ទន្ទឹម​គ្នា​នេះ ស្ថាប័ន​អន្តរជាតិ​ដដែល​ក៏​បាន​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​មួយ​ប្រកប​ដោយ​តម្លាភាព​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​មរណភាព​លោក​ហ៊្វែរណង់ដូ អាល់បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ