rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ព្រឹទ្ធសភា សហរដ្ឋអាមេរិក ការបំពានផ្លូវភេទ តុលាការ ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប៉ូលិសអាមេរិក​ចាប់​ខ្លួន បាតុករ​ជាង​៣០០​នាក់ ដែល​ប្រឆាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល

media
សកម្មជន និង​បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​មិន​ឲ្យ​លោក​Brett Kavanaugh ត្រូវ​ព្រឹទ្ធសភា​បោះឆ្នោត​ជា​ចៅក្រុមតុលាការ​កំពូល​ព្រោះ លោកកំពុង​​រងការចោទប្រកាន់​ពីសាស្រា្តចារ្យ​Ford ថា បាន​បំពានផ្លូវភេទ​លើ​លោកស្រី កាលពី​៣៦ឆ្នាំមុន ©REUTERS/Yuri Gripas

បាតុករ​ជាច្រើន​រយនាក់ ដែល​ភាគច្រើន​ជា​ស្ត្រី ត្រូវ​បាន​ប៉ូលិស​អាមេរិកាំង ចាប់ឃាត់ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពី​ពួកគេ​បាន​ចូលកាន់កាប់ មួយភ្លែត អគារ​ព្រឹទ្ធសភា​អាមេរិក។ នៅ​ថ្ងៃម្សិលមិញ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ស្រ្តី​អាមេរិកាំង​រាប់ពាន់​នាក់​បាន​ដង្ហែរ​ក្បួន​ធ្វើ​បាតុកម្ម​នៅទីក្រុង​វ៉ាស៊ីនតោន នៅមុខ​ព្រឹទ្ធសភាអាមេរិក ក្នុង​បំណង​បញ្ចុះបញ្ចូល​ឲ្យ​សមាជិក​ព្រឹទ្ធសភា កុំ​ឲ្យ​បោះឆ្នោត ជ្រើសរើស បេក្ខជន ប្រេត ខាវ៉ាន័ Brett Kavanaug​ឲ្យ​ធ្វើ​ជា​អនាគត​ចៅក្រម​តុលាការ​កំពូលអាមេរិក។

 


នៅ​ទីក្រុង​ញូវយ៉ក បាតុកម្ម​ប្រឆាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល លោក​Brett Kavanaugh ធ្វើឡើង​យ៉ាងគគ្រឹកគគ្រេង នៅមុខ​អគារពាណិជ្ជកម្ម​ត្រាំ ចំណែក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាតុករ​អាមេរិកាំង រាប់ពាន់​នាក់ បាន​ជួបជុំ​តវ៉ា ប្រឆាំង នៅ​មុខ​ព្រឹទ្ធសភា។ បាតុករ​ជាច្រើន នាក់ ដែលនៅក្នុង​នោះ​មាន​ផងដែរ តារាភាពយន្ត និង​តារា​ចម្រៀង​អាមេរិកាំង បាន​សំរុក​ចូល ទៅ​ក្នុង អគា​ព្រឹទ្ធសភា ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ កុំ​ឲ្យ​បោះឆ្នោត ជ្រើសរើស បេក្ខជន​ដ៏ចម្រូងចម្រាស លោក Brett Kavanaugh ​ជាអនាគត​ចៅក្រម​ទី ៩​របស់​តុលាការ​កំពូល​អាមេរិក។

នៅថ្ងៃ​ម្សិលមិញ នៅក្រោយ ទទួល​របាយការណ៍​ស៊ើបអង្កេត​របស់​ប៉ូលិស FBI សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​អះអាង​ថា ការស៊ើបអង្កេត​របស់​ប៉ូលិស​FBI មិន​បាន​រកឃើញ​ថា លោក Brett Kavanaugh បេក្ខជន​ចៅក្រម​តុលាការ​កំពូល​មាន​ជាប់ពិរុទ្ធ ដូច​ការចោទ​ប្រកាន់​ពី​បទរំលោភបំពារបំពាន​ផ្លូវភេទនោះទេ។ សមាជិក​ព្រឹទ្ធសភា​មក​ពី​បក្ស​ប្រជាធិបតេយ្យ​វិញ មាន​ជំហរ​ផ្ទុយ និង​អះអាងថា ការស៊ើបអង្កេត​តែ​ប៉ុន្មាន​ថ្ងៃ​របស់​ប៉ូលិស​FBI មិន​គ្រប់គ្រាន់ឡើយ។

នៅក្រោយ​ការចោទប្រកាន់​របស់​សាស្ត្រាចារ្យ​លោកស្រី Christine Blasey Ford ដែលថា បេក្ខជន​ចៅក្រម​តុលាការ​កំពូល លោក​Brett Kavanaugh បាន​បំពារបំពាន​ផ្លូវភេទ​លើ​លោកស្រី កាលនៅ​រៀន​វិទ្យាល័យ ព្រឹទ្ធសភា​ដែល​មាន​នាទី​បោះឆ្នោត​ជ្រើសរើស​ចៅក្រម​តុលាការ​កំពូល​បាន​ទាមទារ​ឲ្យ​លោកដូណាល់ ត្រាំ បញ្ជារ​ឲ្យ​មាន​ការស៊ើបអង្កេត​ពី​ប៉ូលិសFBI ដើម្បី​បញ្ជាក់​ភាពស្អាតស្អំ​របស់​ចៅក្រម។

នៅក្រោយ​ទទួល​បាន​របាយការណ៍​របស់​ប៉ូលិស FBI ព្រឹទ្ធសភា អាមេរិក នឹង​ត្រូវ​បោះឆ្នោត អនុម័ត​ជា​ផ្លូវការ​នៅថ្ងៃ​ស្អែក លើ​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល​របស់​លោក​Brett Kavanaugh។ ដើម្បី បោះឆ្នោត​ជ្រើសតាំង បេក្ខជន​ដែលជ្រើសរើស​ដោយ​លោកដូណាល់ ត្រាំ ក្រុមសាធារណរដ្ឋ នៅ​ព្រឹទ្ធសភា ត្រូវការ​តែ​សំលេង ៥១ ប៉ុណ្ណោះ ក្នុង​ចំណោម​សំលេង​សរុប ចំនួន ១០០។ អ្វី​ដែល​គេ​ទន្ទឹង​រង់ចាំ​មើល​គឺ​នៅត្រង់​ថា តើរាល់​សមាជិក​បក្ស​សាធារណរដ្ឋ​ទាំង​៥១​នឹង​បោះឆ្នោត​គាំទ្រ ដែរឬទេ ព្រោះថា រហូតមកដល់​ថ្ងៃនេះ មាន​សមាជិក​បក្ស​សាធារណរដ្ឋ​បីនាក់ នៅ​រារែក​នៅឡើយ ក្នុង​ពេល​ដែលសមាជិក​ប្រជាធិបតេយ្យ​ទាំង ៤៩​នាក់ សុទ្ធតែ​បង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត។

អ្នកនយោបាយ និង​ប្រជាជន​អាមេរិក​បាក់បែក​គ្នា​ខ្លាំង នៅក្នុង​រឿង​តែងតាំង​លោក​Kavanaugh ពីព្រោះថា បើ​សិន​លោក​Kavanaughត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​ទី​៩​របស់​តុលាការ​កំពូល​ពិតមែន នោះ ចៅក្រម​អភិរក្ស​និយម នឹង​មាន​សំលេង​ច្រើន​នៅ​តុលាការ​កំពូល ដែល​ជាស្ថាប័ន មានអំណាច និង​ជា​អ្នកមាន​សិទ្ធិ អារកាត់​ចុងក្រោយ លើ​ការអនុវត្ត​ច្បាប់អាមេរិក​សំខាន់ ដូចជា​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា​ជាដើម៕