អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យបូលីវី​ចាញ់​ស៊ីលី​ក្នុង​ជម្លោះ​ព្រំដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​ទី ១ តុលា ២០១៨ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ បាន​អារ​កាត់​សេចក្តី​ថា ស៊ីលី​ “គ្មាន​ហេតុផល​អ្វី​ត្រូវ​ទៅ​ចរចា​” ជាមួយ​បូលីវី ដែលទាមទារ​ចង់​បានដីភ្ជាប់​​​ផ្លូវ​ទៅ​មហាសមុទ្ទ​ប៉ាស៊ីហ្វិកវិញទេ។ បូលីវី និង​ស៊ីលី មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា​តាំង​ពី​​​ជាង​មួយ​រយសាមសិប​ឆ្នាំមក​ហើយ។ ហើយ​ជម្លោះនេះ​​អាច​នឹង​បន្ត​អូស​បន្លាយ​យូរ​ពេល​ទៀត។

លោក​ប្រធានាធិបតី​បូលីវី Evo Morales ថ្លែងក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឱ្យ​ស៊ីលី​ឈ្នះ
លោក​ប្រធានាធិបតី​បូលីវី Evo Morales ថ្លែងក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឱ្យ​ស៊ីលី​ឈ្នះ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

​តុលាការ​បាន​ចេញ​សេចក្តី​សម្រេច ក្នុង​សំឡេង​១២​ទល់​នឹង​​បីប្រឆាំង​ អារកាត់​សេចក្តី​ថា ប្រទេស​ស៊ីលី គ្មាន​កាតព្វកិច្ច​អ្វី​ត្រូវ​ចរចា​ជាមួយ​ប្រទេស​បូលីវី​ជិត​ខាង ដែល​ស្វែង​រក​ការ​ចរចា​ទាមទារ​រក​ដី​ភ្ជាប់​ទៅ​កាន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ត្រលប់​មកជា​របស់​ខ្លួន​​វិញ​ទេ។ ប៉ុន្តែ តុលាការ​សង្ឃឹម​ថា ជាមួយ​នឹង​​ឆន្ទៈរបស់​ភាគី​ទាំង​ពីរ ការ​ចរចា​ច្បាស់លាស់​មួយ​អាច​ចាប់​ផ្តើម​បាន។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ចៅក្រម​​តុលាការ​យុត្តិធម៌​ លោក Abdulqawi Ahmed Yusuf។ ក្រោយ​​សេចក្តីសម្រេច​នេះ ភាគី​ទាំ​ងពីរ​គ្មាន​លទ្ធភាព​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ទៀត​ឡើយ។

ប្រធានាធិបតី​បូលីវីលោក Evo Morales ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្តាប់​សាលក្រម ដល់​ក្រុង​ឡាអេ បានបញ្ចេញ​ប្រតិកម្ម​​ថា បូលីវី​មិន​បោះបង់​ការ​ទាមទារ​នេះ​ទេ ព្រោះ​ពលរដ្ឋ​បូលីវី​គ្រប់​រូប​សុខ​តែ​តដឹង​ថា​ចំណែក​ដី​ផ្លូវភ្ជាប់​​ទៅមហាសមុទ្ទ​ប៉ាស៊ីហ្វីក​​ជា​របស់​បូលីវី ដែល​គេ​ដណ្តើម​យក​ដោយ​ការ​ឈ្លានពាន (ក្នុង​សម័យ​សង្គ្រាម​ប៉ាស៊ីហ្វិក ពី​ឆ្នាំ​១៨៧៩-១៨៨៣)។​ការចាញ់​សង្គ្រាម​ជាមួយ​ស៊ីលី បាន​​ធ្វើ​ឱ្យ​បូលីវី​បាត់​បង់​ទឹក​ដី​តាម​បណ្តោយ​ឆ្នេរ​សមុទ្ទ​អស់​៤០០​គីឡូម៉ែត្រ។

ប៉ុន្តែ​សេចក្តី​សម្រេច​របស់​តុលាការ ​​គឺ​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ស៊ីលី សម្រាប់​ច្បាប់​អន្តរជាតិ និងការគោរព​សន្ធិសញ្ញា​ការ​រួមរស់​ដោយ​សន្តិភាព​ ! នេះ​បើ​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី​ស៊ីលី Sebastian Pinara ដោយ​បន្ទោស​សមភាគី​បូលីវី​ថា “តុលាការ​យុត្តិធម៌​អន្តរជាតិ​ បាន​បង្ហាញ​យ៉ាង​ច្បាស់ និង​ដាច់​ណាត់​ថា​ស៊ីលី​គោរព​ច្បាប់​អន្តរជាតិ​និង​គោរព​ទំនាក់ទំនង​ជាមួយ​បូលីវី តែ​ប្រធានាធិបតី​បូលីវី បែរ​ជា​បង្កបង្កើត​ក្តី​សង្ឃឹម​មិន​ត្រឹម​ត្រូវ​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ទៅ​វិញ។

សូម​បញ្ជាក់​ថា បូលីវី បាន​ដាក់​បណ្តឹង​នៅ​ឆ្នាំ​២០១៣ ទៅ​តុលាការយុត្តិធម៌​អន្តរជាតិ សុំ​ឱ្យ​តុលាការ​​ក្រុង​ឡាអេ ចាប់​បង្ខំ​ស៊ីលី​ឱ្យ​ព្រម​ចរចា​ជាមួយ​​បូលីវី ដើម្បី​សម្រេច​កិច្ចព្រមព្រៀងដ៏​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធិភាព។ ​បូលីវី​បាន​លើកយកដំណើរ​ចរចា​មួយ​ខ្សែ​ធំ​ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​ធ្វើ​តាំង​ពី​ជាង​​​មួយ​សតវត្សរ៍មក​ហើយ​មិន​សម្រេច មក​ធ្វើ​ជា​អំណះអំណាង។

សម្រាប់​លោក​Evo Morales ប្រធានាធិបតី​បូលីវី ការ​ចរចា​កន្លង​មកនេះ​បាន​ជំរុញ​ឱ្យ​មាន​ការទន្ទឹង​រង់ចាំ ! ដូច្នេះ​ស៊ីលី​ត្រូវ​មាន​កាតព្វកិច្ច​បន្ត​ការ​ចរចា​ដើម្បី​រក​ដំណោះស្រាយ​បើកផ្លូវ​​ឱ្យ​បូលីវី។ ការ​ទាមទារ​របស់​បូលីវី ដោយ​រំពឹង​លើ​សេចក្តី​សម្រេច​ចំនួន​១១​របស់​មហាសន្និបាត​អង្គការ​រដ្ឋ​អាមេរិក​ អនុម័ត​នៅ​រវាង​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៩ ដែល​លើក​ទឹក​ចិត្ត​ឱ្យ​ប្រទេស​ទាំង​ពីរ​រកវិធី​​ដោះស្រាយ​ជម្លោះ។​ ​​

ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាលសង់ស្យាហ្កោ ប្រទេស​ស៊ីលី គ្មាន​ហេតុផល​អ្វី​ទៅសើរើ​​អំពី​បញ្ហា​ព្រំដែន​ឡើយ ! ព្រំដែន​ប្រទេស​នាពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គូសវាស​ដោយ​ឈរ​សន្ធិសញ្ញា​សន្តិភាព​ឆ្នាំ​១៩០៤​ជាមួយ​បូលីវី​។ ចំណែក​ការចរចា​ទាំង​ឡាយ​កន្លង​មក ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​​មេដឹកនាំ​ផ្តាច់ការដែលរដ្ឋាភិបាល​ក្រោយ​​គ្មានកាតព្វកិច្ច​​​ត្រូវអនុវត្ត​​បន្ត​ទេ។ ស៊ីលី​បាន​លើក​ឡើង​អំពី​កិច្ចចរចា​រវាង​ស៊ីលី​និង​បូលីវី ក្រោម​ការ​ដឹកនាំ​​​ជា​ប្រធានាធិបតី​ផ្តាច់ការ​ស៊ីលី Ausgusto Pinochet និង​ប្រធានាធិបតី​ផ្តាច់ការ​បូលីវី Hugo Banzer មក​ធ្វើ​ជា​ឧទាហរណ៍​បញ្ជាក់។

នៅ​លើ​ទ្វីប​អាមេរិក​ខាងត្បូង បូលីវី និង​ប៉ារ៉ាហ្កាយ ជា​ប្រទេស​ពីរ​គត់​ដែល​គ្មាន​ជាប់​មាត់​សមុទ្ទ​នឹង​គេ។ ថ្វី​បើ​ស៊ីលី បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ ថា​បូលីវី​ អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដែនដី​ស៊ីលី​ ​ទាំង​វត្ថុ​ទាំង​មនុស្ស​ដោយ​សេរី ឆ្ពោះ​ទៅ​មហាសមុទ្ទ​យ៉ាងណា​ក៏​ដោយ ក៏​បូលីវីមិន​ស្ងប់​ចិត្ត​ដែរ។

បូលីវី​តែង​ទាមទារ​ជា​ញឹកញាប់​កន្លង​មក ឱ្យ​ស៊ីលី​សើរើ​សន្ធិសញ្ញា​សន្តិភាព​ឆ្នាំ​១៩០៤​ឡើង​វិញ ដើម្បី​បាន​ចម្រៀក​ដី​ សម្រាប់​បើក​ប្រទេស​ទៅ​រក​សមុទ្ទ​​ តែ​មិន​សម្រេច។ ១៣២​ឆ្នាំ​ក្រោយ តុលាការ​យុត្តិធម៌​បាន​សម្រេច​ក្តី​ឱ្យ​បូលីវី​ចាញ់​ស៊ីលី​ជា​ថ្មី។ កាលពីឆ្នាំ​២០១៤ តុលាការយុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​សម្រេច​កាត់​ក្តី​ឱ្យ​ប៉េរ៉ូ​ ឈ្នះស៊ីលី នៅក្នុង​សំណុំ​រឿង​ប៉េរ៉ូ​​​​ទាមទារ​តាំង​ពី​ឆ្នាំ ២០០៨​មក បង្ខិត​ព្រំដែន​ទឹក​​ ពី​ស៊ីលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ