rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ដោយ អៀង សុខម៉ិញ

បន្ទាប់​ពី​​ចរចា​គ្នា​ ដ៏​តានតឹង អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ នៅទីបំផុត កាណាដា បាន​រក​ឃើញ​កិច្ចព្រមព្រៀងផ្តោះប្តូរ​​ពាណិជ្ជកម្មសេរី​ថ្មី​​ជាមួយ​អាមេរិក ដោយ​រាប់​បញ្ចូល​ទាំង​ប្រទេសម៉ិចស៊ិក​ នៅយប់ថ្ងៃទី ៣០​កញ្ញា ២០១៨ មុន​ឱសានវាទ​របស់​លោក​ដូណាល់ត្រាំ ​តែ​ប្រមាណ​មួយ​ម៉ោង​កន្លះប៉ុណ្ណោះ។ កិច្ចព្រមព្រៀង​ថ្មី​នេះ ជា​ការ​ធ្វើ​ទំនើបកម្ម​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង ហៅកាត់​ថា Nafta ជា​ភាសា​អង់គ្លេស ឬ​Alena ជាភាសាបារាំង ដែល​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ​១៩៩៤​មក និង​ដែល​លោក​ដូណាល់​ត្រាំ​ស្អប់​បំផុត។

នៅ​យប់​មិញ​ កាណាដា​និង​អាមេរិក បាន​ព្រមព្រៀង​គ្នា​​ ជា​គោលការណ៍ ជាមួយ​​ម៉ិចស៊ិក​មួយ​ទៀត (​​​ម៉ិចស៊ិក​​បានព្រមព្រៀងជាមួយ​អាមេរិក​រួច​ហើយ​កាលពី​ថ្ងៃទី ២៤​សីហា) ចុះ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ថ្មី​ ដែល​ទំនើប និង​សមស្រប​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​សម័យ​សតវត្សរ៍​ទី​២១ ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា និង​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ ដែល​បន្ថែម​ទៀត​ថា កិច្ចព្រមព្រៀង​ថ្មីនេះ​មាន​គុណភាព​ខ្ពស់ បើក​ទូលាយ​ទីផ្សារ​ឱ្យ​កាន់​តែ​សេរី មាន​លំនឹង​ពាណិជ្ជកម្ម​ខ្លាំង​ជាងមុន ហើយ​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​រឹង​មាំ​សម្រាប់​តំបន់ ព្រោះ​វា​នឹង​ផ្តល់​ឱកាស​ថ្មី​ដល់​ពលរដ្ឋ​នៅ​អាមេរិក​ខាង​ជើង​ជាង​៥០​០​លាននាក់ តាម​រយៈ​ការ​បង្កើត​ការងារ​ថ្មី​ផង និង​ការ​បង្កើន​ប្រាក់​ឈ្នួល​ការងារផង។

អាមេរិក​​ ម៉ិចស៊ិក​​និង​​កាណាដា​ ចូលតុ​ចរចា​​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរីឡើងវិញ

អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក​ត្រាំ បាន​ប្រើ​ពាក្យ​ថា ជា​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ សម្រាប់​អាមេរិក​កាណាដា មនិង​ម៉ិចស៊ិក។

តាម​រយៈ​ការ​ព្រមព្រៀង​រវាងកាណាដា​និង​អាមេរិក​នេះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាមេរិក​ខាង​ជើង​ (ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​ហ្សកប៊ូសនៅ​ឆ្នាំ​១៩៩២ និង​ដែល​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​១៩៩៤ក្នុង​សម័យ​អាមេរិក​ដឹកនាំ​ដោយ​លោក​គ្លីនតុន) នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា​កិច្ចព្រមព្រៀង​អាមេរិក-ម៉ិចស៊ិក-កាណាដា (USMCA)។

កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ត្រូវលោក​ត្រាំ​​ ព្រមទាំង​នាយក​រដ្ឋមន្ត្រី​កាណាដា និង​ប្រធានាធិបតី​ម៉ិចស៊ិក​ ចុះ​ហត្ថលេខា​ ជា​ផ្លូវការ​នៅ​រវាង​៦០​ថ្ងៃ​ទៀត ក្រោយ​ពី​សភា​អាមេរិក​អនុម័តរួច។

កាណាដា​ធ្វើ​សម្បទានលើ​ទីផ្សារ​​ទឹកដោះគោ

ចំណុច​ដ៏​សំខាន់​ខ្លាំង​បំផុត​មួយ​ក្នុង​ចំណោម​ចំណុចដែល​លោក​ដូណាល់​ត្រាំ​បន្ទោស​បង្អាប់​ក្នុង​កិច្ចព្រមព្រៀង​ចាស់ ដល់​ថ្នាក់​សើរើ​ចរចា​ឡើង​វិញ​នោះ គឺ​វិស័យ​ឧស្សាហកម្មរថយន្ត។ កិច្ចព្រមព្រៀងUSMCA ​គ្រោង​នឹង​ដាក់ច្បាប់​ថ្មី​ ជំរុញ​ឱ្យ​មានការ​ផលិត​សម្ភារៈ​និង​ការ​បង្គំ​រថយន្ត​នៅ​លើ​ទឹក​ដី​អាមេរិក​និង​អាមេរិក​ខាង​ជើង (កាណាដា) ឱ្យឡើង​ដល់​៧៥% ទល់​នឹង​៦២,៥% បើ​ប្រៀប​ទៅនឹងកិច្ចព្រមព្រៀង Nafta។ ចំណែក​ម៉ិចស៊ិក ត្រូវបង្កើនប្រាក់​បៀវត្សរ៍​ឱ្យ​បុគ្គលិក​ក្នុង​វិស័យ​នេះ ដើម្បី​កាត់​បន្ថយ​គម្លាត​តម្លៃពលកម្ម​​ជាមួយ​អាមេរិក។ តែ​ជាមួយ​កាណាដា ពុំ​សូវ​មានការ​ប្តូរផ្លាស់​ទេ ! រថយន្ត​ផលិត​នៅកាណាដា​ប្រមាណ​២,៦​លានគ្រឿង​នឹង​ត្រូវ​រួច​ពន្ធ​នាំ​ចូល​ទៅអាមេរិក។

កិច្ចព្រមព្រៀង​អាច​កើត​ចេញ​ជា​រូបរាង​ថ្ងៃ​នេះ ដោយសារកាណាដា​ព្រម​ធ្វើ​សម្បទាន​ខ្លះ​ក្នុង​វិស័យកសិកម្ម។ កាណាដា​ព្រមបន្ធូរបន្ថយ​​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផលិតកម្ម​និង​តម្លៃ​ទឹកដោះ​គោ និង​សាច់​បក្សី​មាន់​ទា ដែល​ដើម្បី​ការពារ​​ធានារ៉ាប់រង​ចំណូល​របស់​កសិករកាណាដា បាន​កំណត់​កូតា និង​ពន្ធនាំ​ចូល​ដល់​៣០០%។ ប៉ុន្តែ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​ កាណាដា​ព្រម​បង្ហើប​ទ្វារ​បន្តិច​ឱ្យ​កសិករ​អាមេរិក​អាច​ជ្រៀត​ចូល​ទីផ្សារ​កាណាដា​បាន​ប្រសើរ​ជាងមុន ស្រប​តាម​ការ​ទាមទារ​របស់​វ៉ាស៊ីនតោន ដោយ​សុខចិត្ត​បង់​ខាត​ជូន​ដល់​កសិករ​ខ្លួន​ដែល​រង​គ្រោះ​ពី​កិច្ចព្រមព្រៀង​ថ្មី​នេះ។ លោក ត្រាំ​ ធ្លាប់​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កាណាដា លុប​ចោទ​ទាំង​ស្រុង​ប្រព័ន្ធ​នេះ តែ​ក្រុង​អុតាវ៉ា ព្រម​បើកទីផ្សារ​ឱ្យ​ទឹកដោះគោ​ឬ​សាច់​មាន់​អាមេរិក​ចូលកាណាដា ត្រឹម​កំរិត​៣,៤%​នៃ​តម្រូវ​ការ​ទីផ្សារ​ប៉ុណ្ណោះ ពោល​គឺ​ដូច​អ្វី​ដែល​កាណាដា​បានព្រម​​ជាមួយ​ដៃគូ​អន្តរប៉ាស៊ីហ្វិក​១០​ប្រទេស​កាលពី​ខែ​មីនា​អញ្ចឹង។

ថែកដែកនិង​អាលុយមីញ៉ូម ជាប់​ពន្ធខ្ពស់​ដដែល

ជា​ថ្នូរ​មក​វិញ យន្តការ​ច្បាប់​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ ជំពូក​១៩ នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង ដែល​អាមេរិករបស់​លោក​ត្រាំ​ចង់​លុប​ចោល ត្រូវ​រក្សា​ទុក​នៅ​ដដែល និង​គ្មានការ​ប៉ះពាល់​ទេ ! ចំណុចនេះ​អាច​ជួយ​ការពារ​កាណាដា​បាន​ច្រើន​ក្នុង​ជម្លោះ​ឈើ​សំណង់។ វប្បធម៌​ពិសេស​របស់​កាណាដា ដែល​មាន​ទម្លាប់​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ក្នុង​វិស័យ​វប្បធម៌​ ក៏​នៅ​រក្សា​ដដែល បើ​ទោះ​បី​អាមេរិក​តវ៉ា​ប្រឆាំង​យ៉ាងណា​ក៏​ដោយ។

អ្វី​ដែល​ថ្មី​ស្រឡាង​សម្រាប់​កិច្ចព្រមព្រៀង​ត្រីភាគី​នេះ គឺ​ការ​បង្កើត​ជំពូក​បរិស្ថាន ជា​លើក​ទី​មួយ ជាមួយ​នឹង​វិធាន​យ៉ាង​តឹងរ៉ឹង និង​ការ​ការពារ​ “កម្មសិទ្ធិ​បញ្ញា”​។ កិច្ចព្រមព្រៀង​នេះ​មាន​តម្លៃ​សម្រាប់​រយៈ​ពេល​១៦​ឆ្នាំ និង ដោយ​មាន​លទ្ធភាព​សើរើ​ពិនិត្យ​ឡើង​វិញ ជា​រៀង​រាល់​៦​ឆ្នាំ​ម្តង។

ប៉ុន្តែ ការ​ដំឡើង​ពន្ធនាំចូល​ដែកថែម និង​អាលុយមីញ៉ូម របស់​លោក​ត្រាំ នៅ​បន្ត​អនុវត្តដដែល។ អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​អះអាង​ថា​ ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា !

យុទ្ធសាស្ត្រ​របស់​លោកត្រាំ ​ផ្តល់​ផ្លែផ្កា ​

កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ផ្លែផ្កា​សេដ្ឋកិច្ច​ពិត​ប្រាកដ​ ជាក់ស្តែង​យ៉ាងណា គេ​ត្រូវ​រង់​ចាំ​បន្តិច​សិនមែន តែការ​រក​ឃើញ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​កាណាដា ​ជា​ជោគជ័យ​ យ៉ាង​ប្រាកដ​សម្រាប់​លោក​ត្រាំ។ ត្រង់​ចំណុច​នេះ គេមិន​អាច​ប្រកែក​បដិសេធ​​បាន​ឡើយ។ ជា​ជោគជ័យ​នយោបាយផង​ ព្រោះ​នៅ​សល់​តែ​៦​សប្តាហ៍​ទៀត អាមេរិក​ត្រូវ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។​ តាំ​ងពី​ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៦​មក លោក ត្រាំ តែង​បរិហារ​កិច្ចព្រមព្រៀង​ណាហ្វតា និង​គំរាម​ដើរ​ចេញ​ជា​ឯកតោភាគី​ផង។ ឥលូវ​ស្រាប់​តែ​អាច​ធ្វើ​ទំនើប​កម្ម​ចេញ​ជា​កិច្ចព្រមព្រៀង​ថ្មី​​ ទទួល​យក​បាន​ពី​គ្រប់​ភាគី ទាំង​កាណាដា ទាំង​​ម៉ិចស៊ិក​។

ថ្វី​បើ​កិច្ចកិច្ចព្រមព្រៀង​ថ្មី​ បាន​សើរើ​ខ្លឹម​សារ​ចាស់​ដែល​មិន​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្តី​ ក៏​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឱ្យ​ភាគី​ហត្ថលេខី ​មាន​ទំនុក​ចិត្ត​ខ្លាំង​ឡើង​វិញ ! ជា​ភស្តុតាង លុយដុល្លារ​កាណាដា​ឡើង​ថ្លៃ​បន្តិច ខាង​ម៉ិចស៊ិក​ក៏​ដូចគ្នា។

តើ​លោកត្រាំ​ពិត​ជា​មិន​ខ្វល់​ពីវត្តមាន​របស់​កាណាដា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឬយ៉ាងណា ?

ម្យ៉ាង​វិញទៀត ការ​ចុះ​កិច្ចព្រមព្រៀង​នេះ អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម។ សង្គ្រាមពាណិជ្ជកម្ម​ពេល​នេះ ផ្ចង់​ទិស​ទៅ​តែ​លើ​ចិន ដែល​មាន​ទម្រង់​ជា​សង្គ្រាម​ត្រជាក់រវាង​​​មហាអំណាច​ចាស់​ទល់​នឹង​មហាអំណាច​ទើប​ស្ទុះ​ឡើង​ថ្មី ច្រើន​ជា​ង​​ជម្លោះ​ពាណិជ្ជកម្ម​បែប​បូរាណ៕

ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៃ​អំណាច

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​

ក្រោយ​ហេតុការណ៍​បាញ់រះ ​​នូវែលសេឡង់ សន្យា​​​ធ្វើ​​កំណែ​ទ​ម្រង់​​ច្បាប់​កាន់​កាប់អាវុធ

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”

Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

ប្រទេសមួយ​ចំនួន​ផ្អាក​ប្រើ​យន្តហោះ​Boeing737max ​ក្រោយ​គ្រោះថ្នាក់​នៅ​អេត្យូពី

ខួប៦០ឆ្នាំ​នៃ​បដិវត្ត​ទីបេ ៖ ប៉េកាំង​ថា​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា គ្មាន​នាំ​ប្រយោជន៍​ឱ្យ​ទីបេ

លោក​ដូណាល់ ត្រាំ ចង់​ទារប្រាក់​ចំណាយ​បន្ថែម ពី​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

បារាំង​ប្រារព្ធ​ទិវាសិទ្ធិនារី៨មីនា ដោយ​ផ្តោត​លើ​​ វិសមភាព​ប្រាក់ខែ

តុលាការ​ធម្មនុញ្ញថៃ​សម្រេច​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae

សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​នៃ​សម័យប្រជុំពេញអង្គ​លើកទី១៣ របស់​សភាប្រជាជនចិន

វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់​ចូល​ស្រុកវិញ ជា​ហានិភ័យ ឬ​ជា​ការទម្លាយ​វិបត្តិ ?

សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​​ជា​សម្បទាន​​ឆ្ពោះ​​ទៅ​​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង?

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

កូរ៉េខាង​ជើង​សុំ​បន្តចរចា ទាំង​អះអាង​ថា ខ្លួន​មិន​បាន​សុំឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ទេ