អានតួអត្ថបទ

វ៉ាស៊ីនតោន​ត្រៀម​ធ្វើ​សង្គ្រាម​គ្មាន​ថ្ងៃ​បញ្ចប់​នៅ​ស៊ីរី​ឬ ?

បន្ទាប់​ពី​លង់​ក្នុង​​សង្គ្រាម​នៅ​​អាហ្វហ្កានីស្ថានអស់​១៧​ឆ្នាំ សហរដ្ឋ​អាមេរិក​កំពុង​ជ្រលរ​ចង់​ធ្វើ​សង្គ្រាម​មួយ​ទៀត នៅ​ស៊ីរី ដែល​អាច​​អូសបន្លាយ​ពេល​គ្មាន​ថ្ងៃ​បញ្ចប់ ! រដ្ឋបាល​លោក​ដូណាល់ ត្រាំ ទើប​ព្រលយ​ដោយ​ដឹង​នៅ​សប្តាហ៍​នេះ​ថា អាមេរិក​នឹង​រក្សា​កម្លាំង​​នៅ​លើ​ទឹកដី​ស៊ីរី​រហូត បើដរាបណា​​​​អ៊ីរ៉ង់មិន​ព្រម​ដកខ្លួន​ចេញ​ពី​ស៊ីរី​ទេនោះ។

លោក John Bolton ទីប្រឹក្សា​សន្តិសុខជាតិ​
លោក John Bolton ទីប្រឹក្សា​សន្តិសុខជាតិ​ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

បើ​កង​កម្លាំង​អ៊ីរ៉ង់ រាប់​ទាំងសម្ព័ន្ធមិត្ត​អ៊ីរ៉ង់ និង​កងយុទ្ធជន​ប្រដាប់អាវុធ​អ៊ីរ៉ង់ បន្ត​បង្ហាញ​វត្តមាន​នៅ​ក្រៅ​ព្រំដែន​អ៊ីរ៉ង់ នោះ​អាមេរិក​មិនដើរ​ចេញ​ពី​ស៊ីរី​ទេ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ ចន ប៉ុលតុន (John Bolton) ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​​ទៅ​កាន់​អ្នក​សារព័ត៌មាន។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ បាន​បង្ហើប​អំពី​លទ្ធភាព​រក្សា​វត្តមាន​កងទ័ព​អាមេរិក​លើទឹក​ដី​ស៊ីរី​នោះ។ កាលពី​ខែ​មករា​​មន្ទីរបញ្ចកោណ បាន​ប្រកាស​ម្តង​ហើយ​ថាវត្តមាន​យោធា​​អាមេរិកនៅ​ស៊ីរី​ (ប្រមាណ​២ពាន់​នាក់) នឹង​បន្ត​យូរ​ទៀត តាមដែរ​ចាំ​បាច់​ដើម្បី​ការពារ​កុំ​ឱ្យ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​វិល​ត្រលប់​មក​វិញ​បាន។ ចំណែក​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ ជីម ម៉ាទីស (Jim Mattis) ក៏​បាន​ព្រមាន​សម្ព័ន្ធមិត្ត​អាមេរិក​ទាំង​អស់​ កាលពី​ខែ​មិថុនា ថា​ ដក​ទ័ព​ចេញ​ពី​ស៊ីរីភ្លាម​ក្រោយ​ការ​បញ្ចប់​ចម្បាំង​ជាមួយ​ពួក​រដ្ឋ​អ៊ីស្លាម ជា​កំហុស​យុទ្ធសាស្ត្រ។

ក៏​ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ ដែល​អាមេរិក បាន​ភ្ជាប់​វត្តមាន​យោធា​អាមេរិក ទៅ​នឹង​វត្តមាន​របស់​ទាហាន​អ៊ីរ៉ង់​និង​យុទ្ធជនគាំទ្រ​អ៊ីរ៉ង់​នៅ​ស៊ីរី យ៉ាង​ដូច្នេះ។ ​ភ្ជាប់​វត្តមាន​ទាហាន​អាមេរិក​ ​ទៅ​នឹង​អ៊ីរ៉ង់ដោយ​ផ្ទាល់យ៉ាង​ដូច្នេះ គឺ​ជា​ប្តូរ​រូបភាព​នៃ​អន្តរាគមន៍​យោធា​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ជីហាត​របស់​អាមេរិក​នៅ​ស៊ីរី ប្តូរ​អត្ថន័យ​នៃ​សង្គ្រាម​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ទៅ​ជា​ការ​ធ្វើ​សង្គ្រាមមិន​ផ្ទាល់​ប្រឆាំង​នឹង​អ៊ីរ៉ង់។

ទស្សនៈ​វិស័យ​អាមេរិក​ចង់​ធ្វើ​សង្គ្រាម​គ្មាន​ថ្ងៃបញ្ចប់​នៅ​ស៊ីរី បាន​បង្ក​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជាពិសេស​សម្រាប់​បារាំង។ លោករដ្ឋមន្ត្រីការបរទេស Jean Yvre Ledrian បាន​ដាស់​តឿន​ថា “លោក បាស្ហារ អាល់អាសាដ ព្រមទាំង​អ្នក​គាំទ្រ​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ទាំង​អស់ ត្រូវ​មាន​បន្ទុក​​អ្នក​ទទួល​ខុស​ត្រូវ​រក​ច្រក​ចេញ បើ​ពុំ​នោះ​ទេ វិបត្តិ​ស៊ីរី​នឹង​ក្លាយ​ទៅ​សង្គ្រាម​រ៉ាំរៃ​ក្នុង​តំបន់។ ព្រោះថា​បច្ចុប្បន្ន​នេះ មាន​កងទ័ព​៥​ក្រុម​កំពុង​ប្រយុទ្ធ​ប្រឈម​គ្នា​នៅ​ស៊ីរី។ ឧប្បត្តិហេតុទាហាន​​ស៊ីរីបាញ់​កម្ទេច​យន្តហោះ​រុស្ស៊ី​ ដោយ​ស្មាន​ថា​ជា​យន្តហោះ​អ៊ីស្រាអែល កាលពី​ថ្ងៃទី ១៧​កញ្ញា​ ២០១៨ ជា​ឧទាហរណ៍​ជាក់​ស្តែង បញ្ជាក់​អំពី​ហានិភ័យ​ពិតៗនៃ​ការ​ផ្ទុះ​សង្គ្រាម​​​នៅក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ