rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា

ដោយ គួច គន្ធារ៉ា

មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី៧៣ បើក​ធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ទី២៥ កញ្ញា​ក្នុង​ទីក្រុង​ញូយ៉ក។ មាន​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ចំនួន ១៣៣រូប​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​នៅ​ក្នុង​មហាសន្និបាត​ឆ្នាំ ២០១៨ នេះ ពោល​ច្រើន​ជាង​មហាសន្និបាត​ឆ្នាំ ២០១៧ ដែល​មាន​តែ ១១៤រូប។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​មាន​អវត្តមាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​គ្រាក់ៗ​មួយ​ចំនួន ដូច​យ៉ាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង ឬ​មួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី ដែល​បាន​បញ្ជូន​ត្រឹម​ប្រមុខ​ការទូត​របស់​ខ្លួន។

អ្វី​ជា​ការ​កត់សម្គាល់ មហាសន្និបាត​អ.ស.ប. លើកទី៧៣ បើក​ធ្វើ​ឡើង ចំ​ពេល​ដែល​ពិភពលោក​កំពុង​បន្ត​គ្របដណ្តប់​ដោយ​ជម្លោះ និង​ការ​មិន​ទុកចិត្ត​គ្នា។

អង្គការសហប្រជាជាតិ​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៤៥ និង​បាន​រៀបចំ​មហាសន្និបាត​ជា​រៀងរាល់​ឆ្នាំ​ដែល​ឆ្នាំ ២០១៨ នេះ​ជា​លើកទី៧៣។ បច្ចុប្បន្ន អង្គការសហប្រជាជាតិ​មាន​ប្រទេស​សមាជិក​ចំនួន ១៩៣ប្រទេស តែ​នៅ​ក្នុង​មហាសន្និបាត​ម្តងៗ គឺ​មិន​ដែល​មាន​វត្តមាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ១៩៣ប្រទេស​ចូលរួម​ទេ​ដោយ​មាន​ប្រទេស​ខ្លះ​បាន​បញ្ជូន​ឲ្យ​ចូលរួម​ត្រឹម​អ្នក​តំណាង​របស់​ខ្លួន ពិសេស​ប្រមុខការទូត។ ជាក់ស្តែង​ឆ្នាំ​នេះ គេ​ឃើញ​អវត្តមាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​គ្រាក់ៗ​មួយ​ចំនួន​ដូច​យ៉ាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង ឬ​មួយ​ក៏​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី។

បន្ទាប់​មក និង​ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ ព្រឹត្តិការណ៍​ពិភពលោក​មួយ​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​កាសែត​ក្នុង​លោក។ តាម​តួលេខ​របស់​អ.ស.ប. មាន​អ្នកកាសែត​ជាង ៣ ០០០នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​មហាសន្និបាត​លើកទី៧៣ នេះ។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ ជា​មហា​វេទិកា​ការទូត​ពិភពលោក​រយៈពេល ១សប្តាហ៍ និង​បើក​ធ្វើ​ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៩យប់។ គឺ​ជា​ឱកាស​មួយ​ដែល​គេ​បាន​ឮ​គ្រប់​ភាសា ព្រោះ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អ្នកតំណាង​ឲ្យ​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ម្នាក់​ម្តងៗ​ក្នុង​រយៈពេល​កំណត់​ប្រមាណ​ជា ១៥នាទី។

តែ​មាន​អ្នក​ខ្លះ​បាន​ថ្លែង​លើស​រយៈពេល​កំណត់ ហើយ​សុន្ទរកថា​ដែល​វែង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គឺ​សុន្ទរកថា​របស់​ប្រធានាធិបតី​គុយបា​លោក Fidel Castro ក្នុង​ឆ្នាំ ១៩៦០ ដែល​មាន​រយៈពេល​ដល់​ទៅ ៤ម៉ោង ២៩នាទី។

វេទិកា​ដែល​មាន​ការ​បង្កប់​ដោយ​ការ​គំរាម ប្រមាថ និង​ដៀមដាម​ដាក់​គ្នា​រវាង​ប្រទេស​ខ្លះ

គ្មាន​ការ​កំណត់​ប្រធានបទ​ដែល​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​និយាយ​ទេ។ គឺ​ជា​វេទិកា​សេរី និង​បើក​ចំហ​មួយ​ដែល​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ឬ​អ្នកតំណាង​ឲ្យ​ប្រទេស​សមាជិក​នីមួយៗ​និយាយ​ពី​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ខ្លួន​ឯង ឬ​ក៏​ចាប់​អារម្មណ៍ រួម​ទាំង​ផ្តល់​ការ​យល់ឃើញ​របស់​ខ្លួន​ចំពោះ​ប្រធានរឿង ឬ​បញ្ហា​ប្រឈម​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។ តែ​ទន្ទឹម​គ្នា​នេះ ក៏​គេ​ឃើញ​មាន​សុន្ទកថា​បែប​គំរាម ប្រមាថ និង​ដៀមដាម​ដាក់​គ្នា​ទៅ​វិញ ទៅ​មក​រវាង​ប្រទេស​ពីរ​ដែល​កំពុង​ប្រជែង​កម្លាំង​គ្នា ឬ​ជា​ប្រទេស​សត្រូវ​ស៊ូពូជ​នឹង​គ្នា។ ករណី​នេះ​ធ្លាប់​កើត​មាន​រវាង​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីស្រាអែល ប្រទេស​គុយបា និង​អាមេរិក ឬ​អាមេរិក និង​វ៉េណេស៊ុយឡា​ជា​ដើម។

នៅ​ក្នុង​មហាសន្និបាត​ឆ្នាំ ២០១៧ លោក​ដូណាល់ ត្រាំ​ដែល​ទើប​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​សុន្ទរកថា​វាយប្រហារ​អ៊ីរ៉ង់ ពិសេស​កូរ៉េខាងជើង​មិន​ប្រណី​មាត់​ដោយ​ចង់​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយ​ជា​ផេះ។ តែ​សម្រាប់​ឆ្នាំ ២០១៨ នេះ កូរ៉េខាងជើង​លែង​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​ទៀត​ឡើយ តែ​ជា​ផ្ទាំងស៊ីប​នៃ​ការ​កោតសរសើរ និង​បបោសអង្អែល​វិញ​ម្តង។ នេះ​ក៏​ដោយសារ​ថា តាំង​ពី​ក្រោយ​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​កាល​ពី​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី​មក វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​កំពុង​ល្អូកល្អឺន​ដាក់​គ្នា នោះ​បើ​ទោះ​បី​ជា​កម្មវត្ថុ​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែល​អាមេរិក​ចង់​បាន​នៅ​មិន​ទាន់​បាន​សម្រេច​ក៏​ដោយ។

អ៊ីរ៉ង់​បន្ត​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​អាមេរិក

អ៊ីរ៉ង់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​លោក​ដូណាល់ ត្រាំ​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ ២០១៨នេះ។ រវាង​អ៊ីរ៉ង់ និង​អាមេរិក​ពេល​នេះ​មិន​ដូច​គ្នា​នឹង​អ៊ីរ៉ង់ និង​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ ទេ។ តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ខែ​ឧសភា​មក លោក​ត្រាំ​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​របស់​ក្រុង​តេហេរ៉ង់ និង​ចង់​កាច់​បំបាក់​អ៊ីរ៉ង់​ឲ្យ​ដូច​កូរ៉េខាងជើង។ ក្រៅ​ពី​បញ្ហា​នុយក្លេអ៊ែរ លោក​ត្រាំ​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​កកូរកកាយ​ឲ្យ​មាន​អស្ថិរភាព​នៅ​មជ្ឈិមបូព៌ា។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន​បន្ថែម គឺ​បង្ខំ​អ៊ីរ៉ង់​ឲ្យ​ចរចា​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី ហើយ​ដើម្បី​អាច​បង្ខំ​អ៊ីរ៉ង់​ឲ្យ​ចូល​តុចរចា​បាន គឺ​មាន​តែ​ប្រើ​ធម៌​ក្តៅ​ដោយ​សំពង​មួយ​ដំបង​ឲ្យ​ចាស់ដៃ​យក​ប្រៀប​សិន ចាំ​ចរចា​តាម​ក្រោយ។

លោក​ត្រាំ​យល់​ថា គឺ​ធម៌ក្តៅ​របស់​លោក​តាម​រយៈ​សុន្ទករថា​ឆ្នាំ ២០១៧ ចង់​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយ​ជា​ផេះ​កាល​ណោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ព្រម​បន្ទន់​ឥរិយាបទ និង​សុខចិត្ត​ចូល​ខ្លួន​ចរចា​ពេល​នេះ។ តែ​ក្រុម​អ្នកវិភាគ​ហាក់​មិន​បាន​យល់​ឃើញ​ដូច​លោក​ត្រាំ​ទេ​ដោយ​ពួក​គេ​អះអាង​ថា គេ​មិន​អាច​ប្រៀប​ប្រដូច​ករណី​កូរ៉េខាងជើង​ទៅ​នឹង​ករណី​អ៊ីរ៉ង់​បាន​ឡើយ។ កូរ៉េខាងជើង​ផលិត​បាន​គ្រាប់បែក​បរមាណូ និង​តាំង​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ ចំណែក​អ៊ីរ៉ង់​បាន​សន្យា​មិន​ផលិត​គ្រាប់បែក​បរមាណូ។ ម្យ៉ាង​ទៀត កូរ៉េខាងជើង​មាន​កូរ៉េខាងត្បូង​ជួយ​សម្រួល​ឲ្យ​មាន​កិច្ចចរចា​ជាមួយ​លោក​ត្រាំ​ក្នុង​ការ​កាត់បន្ថយ​ភាព​តានតឹង។ រីឯ​អ៊ីរ៉ង់​មាន​សុទ្ធតែ​ក្រុម​ប្រទេស​សត្រូវ​ដែល​ជួយ​ឆ្កឹះ​លោកត្រាំ​ឲ្យ​សង្កត់ ក បន្ថែម។

លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ខូច​រូបភាព និង​ជាន់​ឈ្លី​តម្លៃ​របស់​អង្គការ​សហប្រជាជាតិ

អ្វី​ដែល​គ្រប់​គ្នា​សង្កេត​ឃើញ​ជា​ទូទៅ​នា​ពេល​បច្ចុប្បន្ន គឺ​ពិភពលោក​មួយ​ដែល​ហាក់​គ្មាន​អាណាព្យាបាល​ដោយ​ប្រទេស​នីមួយៗ​ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ពិសេស​អ្នកខ្លាំង​គឺ​ឈ្នះ និង​អាច​បង្កើត​ច្បាប់​ខ្លួន​ឯង​ដើម្បី​សង្កត់​លើ​អ្នក​ទន់ខ្សោយ។ ករណី​វិបត្តិ​នៅ​ស៊ីរី នៅ​យេម៉ែន ឬ​នៅ​លីប៊ី​ដែល​បាន​អូសបន្លាយ​រាប់​ឆ្នាំ​កំពុង​បន្ត​គ្មាន​ច្រក​ចេញ និង​ដែល​ជម្លោះ​នៅ​ក្នុង​ប្រទេស​ខ្លះ ដូច​យ៉ាង​នៅ​ស៊ីរី​ត្រូវ​បាន​ក្រុម​ប្រទេស​មហាអំណាច​មួយ​ចំនួន​កេងចំណេញ​នយោបាយ និង​ប្រើ​ជា​សមរភូមិ​ដើម្បី​ប្រជែង​កម្លាំង​គ្នា។ ចំណាប់អារម្មណ៍​មាន ទ្រឹស្តី​មាន និង​វិធានការ​ក៏​មាន តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​គ្មាន។

វិបត្តិ​ស៊ីរី​ដែល​បាន​អូសបន្លាយ ៧ឆ្នាំ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន ហើយ​អវត្តមាន​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង ពិសេស​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ដែល​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​វិបត្តិស៊ីរី​នា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ពេល​នេះ​ជា​សក្ចីកម្ម​ដែល​បញ្ជាក់​ថា លោក​ពូទីន​មិន​ឲ្យ​តម្លៃ និង​មិន​អាច​បន្ត​ពឹង​លើ​អង្គការ​ពិភពលោក​មួយ​នេះ ក្រៅ​ពី​ពឹង​លើ​កម្លាំង​ខ្លួន​ឯង។ តាម​ពិត អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ខូច​រូបភាព និង​ជាន់​ឈ្លី​តម្លៃ​របស់​អង្គការ​សហប្រជាជាតិ គឺ​លោក​ដូណាល់ ត្រាំ។ ក្នុង​រយៈពេល​កន្លង​ទៅ លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពី​សមាជិក​អង្គការ Unesco ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​រិះគន់​ប្រឆាំង​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។

បើ​អាមេរិក​ដែល​ជា​មេខ្លោង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មិន​គោរព​ផង តើ​ធ្វើ​ម្តេច​ឲ្យ​ប្រទេស​ផ្សេង​កោតខ្លាច និង​គោរព៕

តើ​បារាំង​កំពុង​តែ​​លង់ខ្លួន​ទៅក្នុងមហា​​បាតុកម្ម​របស់​ក្រុមអាវកាក់​លឿង?

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ហុងកុង បើក​សវនាការ​ជម្រះ​ទោស​មេដឹកនាំ “បដិវត្ត​ឆ័ត្រ​លឿង”

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់