អ.ស.ប. បើកមហាសន្និបាតលើកទី៧៣ នៅក្នុងបរិបទពិភពលោកពោរពេញដោយជម្លោះ និងការមិនទុកចិត្តគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣០
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ បើកធ្វើជាផ្លូវការនៅថ្ងៃអង្គារ ទី២៥ កញ្ញាក្នុងទីក្រុងញូយ៉ក។ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ១៣៣រូបបានធ្វើដំណើរទៅចូលរួមនៅក្នុងមហាសន្និបាតឆ្នាំ ២០១៨ នេះ ពោលច្រើនជាងមហាសន្និបាតឆ្នាំ ២០១៧ ដែលមានតែ ១១៤រូប។ ទោះជាយ៉ាងនេះក្តី ក៏គេសង្កេតឃើញមានអវត្តមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលគ្រាក់ៗមួយចំនួន ដូចយ៉ាងប្រធានាធិបតីរុស្ស៊ីលោកពូទីន ប្រធានាធិបតីចិនលោកស៊ី ជីនពីង ឬមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ដែលបានបញ្ជូនត្រឹមប្រមុខការទូតរបស់ខ្លួន។ អ្វីជាការកត់សម្គាល់ មហាសន្និបាតអ.ស.ប. លើកទី៧៣ បើកធ្វើឡើង ចំពេលដែលពិភពលោកកំពុងបន្តគ្របដណ្តប់ដោយជម្លោះ និងការមិនទុកចិត្តគ្នា។
អង្គការសហប្រជាជាតិបានចាប់កំណើតក្នុងឆ្នាំ ១៩៤៥ និងបានរៀបចំមហាសន្និបាតជារៀងរាល់ឆ្នាំដែលឆ្នាំ ២០១៨ នេះជាលើកទី៧៣។ បច្ចុប្បន្ន អង្គការសហប្រជាជាតិមានប្រទេសសមាជិកចំនួន ១៩៣ប្រទេស តែនៅក្នុងមហាសន្និបាតម្តងៗ គឺមិនដែលមានវត្តមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំង ១៩៣ប្រទេសចូលរួមទេដោយមានប្រទេសខ្លះបានបញ្ជូនឲ្យចូលរួមត្រឹមអ្នកតំណាងរបស់ខ្លួន ពិសេសប្រមុខការទូត។ ជាក់ស្តែងឆ្នាំនេះ គេឃើញអវត្តមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលគ្រាក់ៗមួយចំនួនដូចយ៉ាងប្រធានាធិបតីរុស្ស៊ីលោកពូទីន ប្រធានាធិបតីចិនលោកស៊ី ជីនពីង ឬមួយក៏នាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រា ម៉ូឌី។
បន្ទាប់មក និងក៏ដូចជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ពិភពលោកមួយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកកាសែតក្នុងលោក។ តាមតួលេខរបស់អ.ស.ប. មានអ្នកកាសែតជាង ៣ ០០០នាក់បានចុះឈ្មោះសម្រាប់មហាសន្និបាតលើកទី៧៣ នេះ។ មហាសន្និបាតអង្គការសហប្រជាជាតិ ជាមហាវេទិកាការទូតពិភពលោករយៈពេល ១សប្តាហ៍ និងបើកធ្វើពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់។ គឺជាឱកាសមួយដែលគេបានឮគ្រប់ភាសា ព្រោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងឲ្យប្រទេសសមាជិកនីមួយៗត្រូវឡើងថ្លែងសុន្ទរកថាម្នាក់ម្តងៗក្នុងរយៈពេលកំណត់ប្រមាណជា ១៥នាទី។
តែមានអ្នកខ្លះបានថ្លែងលើសរយៈពេលកំណត់ ហើយសុន្ទរកថាដែលវែងជាងគេនៅក្នុងប្រវត្តិមហាសន្និបាតអង្គការសហប្រជាជាតិ គឺសុន្ទរកថារបស់ប្រធានាធិបតីគុយបាលោក Fidel Castro ក្នុងឆ្នាំ ១៩៦០ ដែលមានរយៈពេលដល់ទៅ ៤ម៉ោង ២៩នាទី។
វេទិកាដែលមានការបង្កប់ដោយការគំរាម ប្រមាថ និងដៀមដាមដាក់គ្នារវាងប្រទេសខ្លះ
គ្មានការកំណត់ប្រធានបទដែលប្រទេសសមាជិកនីមួយៗត្រូវនិយាយទេ។ គឺជាវេទិកាសេរី និងបើកចំហមួយដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬអ្នកតំណាងឲ្យប្រទេសសមាជិកនីមួយៗនិយាយពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួនឯង ឬក៏ចាប់អារម្មណ៍ រួមទាំងផ្តល់ការយល់ឃើញរបស់ខ្លួនចំពោះប្រធានរឿង ឬបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះសព្វថ្ងៃ។ តែទន្ទឹមគ្នានេះ ក៏គេឃើញមានសុន្ទកថាបែបគំរាម ប្រមាថ និងដៀមដាមដាក់គ្នាទៅវិញ ទៅមករវាងប្រទេសពីរដែលកំពុងប្រជែងកម្លាំងគ្នា ឬជាប្រទេសសត្រូវស៊ូពូជនឹងគ្នា។ ករណីនេះធ្លាប់កើតមានរវាងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រទេសគុយបា និងអាមេរិក ឬអាមេរិក និងវ៉េណេស៊ុយឡាជាដើម។
នៅក្នុងមហាសន្និបាតឆ្នាំ ២០១៧ លោកដូណាល់ ត្រាំដែលទើបឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថាវាយប្រហារអ៊ីរ៉ង់ ពិសេសកូរ៉េខាងជើងមិនប្រណីមាត់ដោយចង់កម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះ។ តែសម្រាប់ឆ្នាំ ២០១៨ នេះ កូរ៉េខាងជើងលែងជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់លោកត្រាំទៀតឡើយ តែជាផ្ទាំងស៊ីបនៃការកោតសរសើរ និងបបោសអង្អែលវិញម្តង។ នេះក៏ដោយសារថា តាំងពីក្រោយជំនួបជាប្រវត្តិសាស្រ្តរវាងលោកត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនកាលពីថ្ងៃទី១២ មិថុនាក្នុងប្រទេសសិង្ហបុរីមក វ៉ាស៊ីនតោន និងព្យុងយ៉ាងកំពុងល្អូកល្អឺនដាក់គ្នា នោះបើទោះបីជាកម្មវត្ថុនៃការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងដែលអាមេរិកចង់បាននៅមិនទាន់បានសម្រេចក៏ដោយ។
អ៊ីរ៉ង់បន្តជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់អាមេរិក
អ៊ីរ៉ង់ត្រូវបានគេមើលឃើញថា ជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់លោកដូណាល់ ត្រាំនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ ២០១៨នេះ។ រវាងអ៊ីរ៉ង់ និងអាមេរិកពេលនេះមិនដូចគ្នានឹងអ៊ីរ៉ង់ និងអាមេរិកក្នុងឆ្នាំ ២០១៧ ទេ។ តាំងពីលោកដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែឧសភាមក លោកត្រាំបានដាក់ទណ្ឌកម្មឡើងវិញលើរបស់ក្រុងតេហេរ៉ង់ និងចង់កាច់បំបាក់អ៊ីរ៉ង់ឲ្យដូចកូរ៉េខាងជើង។ ក្រៅពីបញ្ហានុយក្លេអ៊ែរ លោកត្រាំបានចោទអ៊ីរ៉ង់ពីបទកកូរកកាយឲ្យមានអស្ថិរភាពនៅមជ្ឈិមបូព៌ា។ អ្វីដែលលោកត្រាំចង់បានបន្ថែម គឺបង្ខំអ៊ីរ៉ង់ឲ្យចរចាដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មី ហើយដើម្បីអាចបង្ខំអ៊ីរ៉ង់ឲ្យចូលតុចរចាបាន គឺមានតែប្រើធម៌ក្តៅដោយសំពងមួយដំបងឲ្យចាស់ដៃយកប្រៀបសិន ចាំចរចាតាមក្រោយ។
លោកត្រាំយល់ថា គឺធម៌ក្តៅរបស់លោកតាមរយៈសុន្ទករថាឆ្នាំ ២០១៧ ចង់កម្ទេចកូរ៉េខាងជើងឲ្យក្លាយជាផេះកាលណោះឯងដែលបានធ្វើឲ្យកូរ៉េខាងជើងព្រមបន្ទន់ឥរិយាបទ និងសុខចិត្តចូលខ្លួនចរចាពេលនេះ។ តែក្រុមអ្នកវិភាគហាក់មិនបានយល់ឃើញដូចលោកត្រាំទេដោយពួកគេអះអាងថា គេមិនអាចប្រៀបប្រដូចករណីកូរ៉េខាងជើងទៅនឹងករណីអ៊ីរ៉ង់បានឡើយ។ កូរ៉េខាងជើងផលិតបានគ្រាប់បែកបរមាណូ និងតាំងខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ចំណែកអ៊ីរ៉ង់បានសន្យាមិនផលិតគ្រាប់បែកបរមាណូ។ ម្យ៉ាងទៀត កូរ៉េខាងជើងមានកូរ៉េខាងត្បូងជួយសម្រួលឲ្យមានកិច្ចចរចាជាមួយលោកត្រាំក្នុងការកាត់បន្ថយភាពតានតឹង។ រីឯអ៊ីរ៉ង់មានសុទ្ធតែក្រុមប្រទេសសត្រូវដែលជួយឆ្កឹះលោកត្រាំឲ្យសង្កត់ ក បន្ថែម។
លោកដូណាល់ ត្រាំបានធ្វើឲ្យខូចរូបភាព និងជាន់ឈ្លីតម្លៃរបស់អង្គការសហប្រជាជាតិ
អ្វីដែលគ្រប់គ្នាសង្កេតឃើញជាទូទៅនាពេលបច្ចុប្បន្ន គឺពិភពលោកមួយដែលហាក់គ្មានអាណាព្យាបាលដោយប្រទេសនីមួយៗចង់ធ្វើអ្វីស្រេចតែចិត្ត ពិសេសអ្នកខ្លាំងគឺឈ្នះ និងអាចបង្កើតច្បាប់ខ្លួនឯងដើម្បីសង្កត់លើអ្នកទន់ខ្សោយ។ ករណីវិបត្តិនៅស៊ីរី នៅយេម៉ែន ឬនៅលីប៊ីដែលបានអូសបន្លាយរាប់ឆ្នាំកំពុងបន្តគ្មានច្រកចេញ និងដែលជម្លោះនៅក្នុងប្រទេសខ្លះ ដូចយ៉ាងនៅស៊ីរីត្រូវបានក្រុមប្រទេសមហាអំណាចមួយចំនួនកេងចំណេញនយោបាយ និងប្រើជាសមរភូមិដើម្បីប្រជែងកម្លាំងគ្នា។ ចំណាប់អារម្មណ៍មាន ទ្រឹស្តីមាន និងវិធានការក៏មាន តែការអនុវត្តជាក់ស្តែង គឺគ្មាន។
វិបត្តិស៊ីរីដែលបានអូសបន្លាយ ៧ឆ្នាំនៅមិនទាន់អាចដោះស្រាយបាន ហើយអវត្តមានប្រធានាធិបតីចិនលោកស៊ី ជីនពីង ពិសេសប្រធានាធិបតីរុស្ស៊ីលោកពូទីនដែលជាតួអង្គសំខាន់នៅក្នុងវិបត្តិស៊ីរីនាមហាសន្និបាតអង្គការសហប្រជាជាតិពេលនេះជាសក្ចីកម្មដែលបញ្ជាក់ថា លោកពូទីនមិនឲ្យតម្លៃ និងមិនអាចបន្តពឹងលើអង្គការពិភពលោកមួយនេះ ក្រៅពីពឹងលើកម្លាំងខ្លួនឯង។ តាមពិត អ្នកដែលបានធ្វើឲ្យខូចរូបភាព និងជាន់ឈ្លីតម្លៃរបស់អង្គការសហប្រជាជាតិ គឺលោកដូណាល់ ត្រាំ។ ក្នុងរយៈពេលកន្លងទៅ លោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ពីសមាជិកអង្គការ Unesco ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស និងរិះគន់ប្រឆាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ។
បើអាមេរិកដែលជាមេខ្លោងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនគោរពផង តើធ្វើម្តេចឲ្យប្រទេសផ្សេងកោតខ្លាច និងគោរព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ