rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាណាដា សហភាពអឺរ៉ុប សិទ្ធិស្ត្រី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្រ្តីរដ្ឋមន្ត្រី​ការបរទេស​សន្យា​ជួបគ្នា​ជា​ថ្មី​ទៀត ក្រោយ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ

media
លោកស្រី​ប្រមុខ​ការទូត​សហភាពអឺរ៉ុប Federica Mogherini (ឆ) និង​សមភាគី​​កាណាដា Chrystia Freeland (ស) ក្នុង​ជំនួប​កំពូលនៅទីក្រុង​ម៉ុងរ៉េអាល់ ថ្ងៃទី ២២-២៣កញ្ញា ២០១៨ MARTIN OUELLET-DIOTTE / AFP

ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​លើកទី១ រវាង​រដ្ឋមន្រ្តីការបរទេសជា​ស្រ្តី​មក​ពី​ ១៥ប្រទេស​ក្នុង​លោក រយៈ​ពេល ២ថ្ងៃក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា បាន​បិទ​បញ្ចប់​ហើយ​ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​។ កម្មវត្ថុ​នៃ​ជំនួបកំពូល​មិនមែន​និយាយ​ពី​បញ្ហា​ស្រ្តី​ទេ តែ​ដើម្បី​ជជែក​អំ​ពី​ទស្សនវិស័យរបស់​ស្រ្តី​ចំពោះ​បញ្ហា​ប្រឈមមួយ​ចំនួន​ដែល​កំពុង​កើត​មាន​លើ​ពិភពលោក។


“ជំនួប​កំពូល​​ថ្នាក់​​រដ្ឋមន្ត្រី​ការបរទេស​ ភេទ​ស្រ្តី ជា​លើក​ទី​មួយ​នេះ ជា​ឱកាស​ប្រវត្តិសាស្ត្រ ក្នុង​ការ​ចាប់​អនុវត្ត​ទស្សនវិស័យ​ស្ត្រី​ ស្តី​អំពី​បញ្ហា​​អន្តរជាតិ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​សហប្រធាន​ជំនួប​កំពូល​ លោកស្រី Christia Freeland រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​កាណាដា។

បើ​តាម​លោកស្រី Fererica Mogherini ​ប្រមុខ​ការ​ទូត​អឺរ៉ុប ដែល​ជា​អ្នក​ផ្តួច​ផ្តើម​រៀប​ចំ​ជំនួប​កំពូល​ស្ត្រីរដ្ឋមន្ត្រីការបរទេស​នេះ​ឡើង ជំនួប​កំពូល​បាន​ពិភាក្សា​អំពី​សំណុំរឿង​​អន្តរជាតិ​ជា​ច្រើន​ដូច​ជា បញ្ហា​ស៊ីរី ពី​បញ្ហា​អ៊ុយក្រែន ​​នីការ៉ាហ្គ័រ ដោយ​មិន​ភ្លេច​ទេ​ការ​​​ស្វែង​រកវិធី​​ការ​ពារ​ជម្លោះ​ ឬ​ការ​អភិវឌ្ឍ​បរិស្ថាន​មិន​ចេះ​រីងស្ងួត។ លទ្ធផល​នៃ​ជំនួប​នេះ នឹង​ត្រូវ​លើក​ទៅបង្ហាញ​នៅ​ក្នុង​​អង្គប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​ក្នុង​ក្របខ័ណ្ឌ​មហាសន្និបាត​​​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៣ សប្តាហ៍​ក្រោយ​ ដើម្បី​ពិចារណា​រួម​គ្នា។

ប៉ុន្តែ​ ​ជំនួប​កំពូល​នេះ​មិន​មែន​ជា​បង្កើត​ក្រុម​រើសអើង​បែងចែក​ភេទ​ទេ ! បើ​តាម​​លោកស្រី​ប្រមុខ​ការទូត​កាណាដា នេះ​ជាការ​​បញ្ជាក់​អំពី​ភាព​សំខាន់​និង​តួនាទី ព្រម​ទាំង​សិទ្ធិ​របស់​ស្រ្តី​ របស់​នារី នៅ​ក្នុង​ពិភពលោក និង​ជា​ការ​បញ្ជាក់​អំពី​របៀប​ដែល​ស្ត្រី​អ្នក​កាន់​អំណាច​អាច​ចូល​រួមជា​ពិសេស​ក្នុង​ការ​​ការ​ពារ​ស្ត្រី​។ លោកស្រី Freeland បាន​ឆ្លៀត​ឱកាស​នេះ ប្រកាស​បង្កើត​តួនាទី​ដំបូង​ថ្មី​មួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កាណាដា គឺ​ឯកអគ្គរដ្ឋ​ទូត​សម្រាប់​កម្មវិធី​ស្ត្រី​សន្តិភាព​និង​សន្តិសុខ។ កម្មវិធី​នេះ​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​​អង្គការ​សហប្រជាជាតិ​លេខ​១៣២៥ ដែល​សំដៅ​លើតម្កើង​ស្រ្តី​ឱ្យ​ចូល​រួម​ស្វែង​រក​សន្តិភាព​ក្នុង​ពិភពលោក និង​ប្រយុទ្ធ​ប្រឆាំង​ទល់​អំពើ​ហិង្សា​ផ្លូវភេទ​ក្នុងជម្លោះ។

សូ​ម​បញ្ជាក់​ថា ជំនួប​កំពូល​រដ្ឋមន្ត្រី​ស្រ្តី​ជា​លើក​ទី​មួយ​នេះ ​ចូល​រួម​ដោយ​​រដ្ឋមន្ត្រីការបរទេស​ចំនួន​១៥​រូប​មក​ពី​១៥​ប្រទេស​ (កាណាដា អឺរ៉ុប អាហ្វ្រិក​ខាង​ត្បូង អង់ដរ ប៊ុលហ្ការី កូស្តារីកា ក្រូអាស៊ី ហ្កាណា ក្វានតាម៉ាឡា ឥណ្ឌូណេស៊ី កេនយ៉ា ណាមីប៊ី ន័រវែស ប៉ាណាម៉ា សាំងលុយលី និង​ស៊ុយអែត) ពោល​គឺ​ជា​ចំនួន​ពាក់​កណ្តាល​នៃ​ស្ត្រី​ជា​ប្រមុខ​ការ​ទូត​នៅ​លើពិភពលោក។ ស្ត្រី​រដ្ឋមន្ត្រីការបរទេស​បាន​ព្រមព្រៀង​ថា​នឹង​ជួប​គ្នា​ជា​ថ្មី​ទៀត ឱ្យ​ញយៗដង និង​ក្នុង​ទម្រង់​ក្រៅ​ផ្លូវការ យ៉ាង​យូរ​មួយ​ឆ្នាំ​ទៀត៕