អានតួអត្ថបទ
សហរដ្ឋអាមេរិក

ណាសា​នឹង​បាញ់បង្ហោះ​ផ្កាយរណប​ទៅ​សង្កេត​តាមដាន​ការរលាយ​ទឹកកក​លើ​ផែនដី

ទីភ្នាក់ងារ​អវកាស​ណាសា របស់​អាមេរិក នៅថ្ងៃ​សៅរ៍នេះ នឹង​​បាញ់​បង្ហោះ បញ្ជូន​ផ្កាយរណប​ ដ៏ទំនើប​មួយ​ទៅក្នុង​ទីអវកាស ដើម្បី​តាមដាន​សង្កេត​មើល​ ទំហំផ្ទៃទឹកកក នៅលើ​ផែនដី។ គោលដៅ​ចំបង​របស់​ទីភ្នាក់ងារ​ណាសា គឺ​ដើម្បី​ចង់​ដឹង​ពី​បរិមាណ​ទឹកកក​ដែល​រលាយ​ ទៅ​ធ្វើ​ឲ្យ​កំពស់ទឹកសមុទ្រ​កើនឡើង នៅលើផែនដីដែល​កាន់តែ​ក្តៅខ្លាំង​ ដោយសារ​ឧស្ម័នផ្ទះកញ្ចក់។ 

បេសកកម្ម​ ICESat-2 នឹង​ថត​តាមដាន​ការរលាយ​ទឹកកក​នៅលើ​ផែនដី​ជាមួយ​នឹង​Laserone laser បាញ់​បាន​10,000 ក្នុងមួយវិនាីទ
បេសកកម្ម​ ICESat-2 នឹង​ថត​តាមដាន​ការរលាយ​ទឹកកក​នៅលើ​ផែនដី​ជាមួយ​នឹង​Laserone laser បាញ់​បាន​10,000 ក្នុងមួយវិនាីទ ©Image credit: NASA
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​ផ្ទុក​ផ្កាយរណប Laser​ទម្ងន់​កន្លះតោន​ នឹង​ត្រូវបាញ់​បង្ហោះ​ចេញ ​ពី​ស្ថានីយ៍​អវកាស​ក្នុង​រដ្ឋ​កាលីហ្វនី​អាមេរិក។ សម្រាប់​អ្នកទទួល​ខុសត្រូវកម្មវិធី​បាញ់​បង្ហោះ​ផ្កាយរណប​ ICESat 2 បេសសកម្ម​ ដែលតម្លៃ ១ពាន់​លាន​ដុល្លារ អាមេរិក​ សំខាន់​ខ្លាំង​ណាស់​សម្រាប់ផ្នែក​វិទ្យាសាស្រ្ត។ សំខាន់ ព្រោះថា តាំង​ពី​១០ឆ្នាំមកហើយ ទីភ្នាក់ងារ​ណាសា លែង​មាន​ផ្កាយរណប​ សម្រាប់​តាមដាន​ទំហំ និង​កម្រាសផ្ទាំង​ទឹកកកនៅលើ​ផែនដី។ ផ្កាយរណប​ចុងក្រោយ​របស់​ណាសា ដែល​មានតួនាទី​ថត តាមដាន​ផ្ទាំងទឹកកក​នៅលើ​ផែនដី​បាន​បញ្ចប់​បេសកកម្ម កាល​ពី​ឆ្នាំ ២០០៩។ កាលណោះ​ តួលេខ​ប្រមូល​បាន​ពី​ផ្កាយរណប បាន​ជួយ​ឲ្យ​អ្នកវិទ្យាសាស្រ្ត​ស្វែង​យល់ថា ផ្ទាំងទឹកកក​​បាន​ចុះ​ស្តើង​ជាងមុន ចំណែក​ផ្ទៃ​លើ​ផ្ទាំងទឹកកក​នៅជាយ​តំបន់ទឹកកក Groenland និង​មហាសមុទ្រ​អង់តាក់ទិក​ គឺបាន​រលាយ​បាត់អស់។

ក្នុង​រយៈពេល​១០ឆ្នាំ នេះ ដោយសារ​តែ​គ្មាន​ផ្កាយរណប មធ្យោបាយរបស់​ទីភ្នាក់ងារ ណាសា ដើម្បី​​ថតតាមដាន​ផ្ទាំងទឹកកក ធ្វើឡើង​តាម​រយៈ​យន្តហោះ​តែប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុង​កាលៈទេសៈបច្ចុប្បន្ន ដែល​ផែនដី​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ប្រែប្រួល ហើយ​និង​ការគំរាមកំហែង​នៃ​ការឡើង​កំពស់ទឹកសមុទ្រ​​ទៅលើ​ទីក្រុង​ជាប់ឆ្នេរសមុទ្រ ដោយសារ​តែ​ការឡើង​កំដៅ​នៃ​ផែនដី ការប្រមូល​ទិន្នន័យ​លម្អិត និង​ទាន់​សភាពការណ៍ គឺ​ជារឿង​បន្ទាន់។ គេសង្ឃឹមថា ជាមួយ​នឹង​បេសសកម្ម​លើកនេះ ផ្កាយរណប​Laser ដ៏ទំនើប​ដែល​ជាបច្ចេកវិទ្យា​ចុងក្រោយ​របស់​អ្នកវិទ្យាសាស្រ្ត នឹង​ផ្តល់​ព័ត៌មាន​​លម្អិតមែនទែន របស់​ផ្ទៃទឹកកក នៅលើ​ផែនដី តាំង​ពី​ទំហំ កម្រាស​របស់វា ហើយ​និង​បរិមាណ​រលាយ បើទោះបី​ជា​ តិចតួចក្នុង​មួយថ្ងៃៗ ហើយ​ផលប៉ះពាល់​របស់វា​ទៅលើ​​កំពស់​ទឹកសមុទ្រ។   ​ ​

ពោលគឺ តាមរយៈ​ផ្កាយរណប​Laser អ្នកវិទ្យាសាស្រ្តចង់​ដឹង​ពី​ការចូលរួម​របស់​ទឹកកក​រលាយ ទៅ​ក្នុង​កំពស់​ទឹកសមុទ្រ។

តាមទីភ្នាក់ងារ​ណាសា ​ទោះបី​ជា​Laser មាន​កម្លាំង​ខ្លាំង​ក្តី ប៉ុន្តែ វា​នឹង​មិន​ទៅ​ប៉ះពាល់ ធ្វើ​ឲ្យ​រលាយ​ទឹកកក នៅ​កន្លែង​ដែល​ពន្លឺ​Laser បានទៅដល់​នោះទេ ព្រោះថា Laser ស្ថិតនៅ​លើ​ផ្កាយរណប​ដែល​ហោះ​ក្នុង​គន្លងតារាវិថី ចម្ងាយ ៥០០​គីឡូម៉ែត្រ​ពីផែនដី។ បេសសកម្ម​​ថតតាមដាន​ផ្ទៃ និង​ការរលាយ​ទឹកកក​នៅលើ​ប៉ូល​របស់​ផែនដី នឹង​មានរយៈពេល​៣ឆ្នាំ ប៉ុន្តែ ជាមួយ​នឹង​ថាមពល​ប្រេង​បម្រុង ផ្កាយរណប​Laser អាច​ធ្វើការ​បាន​ដល់​១០ឆ្នាំ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ