rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​បស្ចិមលោក​គ្រាក់ៗ​ខ្លះដែល​រក​ស៊ី​នៅ​អ៊ីរ៉ង់​លុតក្រាប​តាម​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់?

ដោយ គួច គន្ធារ៉ា

បន្ទាប់​ពី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​ដែរ។ ចំណាត់ការ​មួយ​នេះ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​ទីក្រុង​តេហេរ៉ង់​ហាក់​បាន និង​កំពុង​ទទួល​ផ្លែផ្កា​ខ្លះៗ​ហើយ។ ជាក់ស្តែង ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​បារាំង​ឈ្មោះ Total បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដក​ខ្លួន​ចេញ​ជា​ផ្លូវការ​ពី​គម្រោង​វិនិយោគ​រាប់ពាន់លានដុល្លារ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ការ​ដកខ្លួន​របស់​ក្រុមហ៊ុន​បរទេស​បណ្តើរៗ​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឈឺក្បាល​ខ្លាំង​ណាស់។ ឈឺ​ក្បាល ព្រោះ​តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ មក ទីក្រុង​តេហេរ៉ង់​រពឹង​យ៉ាង​ខ្លាំង​ពី​ការ​វិល​ត្រឡប់​របស់​វិនិយោគ​បរទេស​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ខ្លួន។

ការ​បញ្ឈប់​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Total ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ជា​ដំណឹង​ដែល​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​បាន​រង់ចាំ ព្រោះ​ដំណឹង​មួយ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Total ប្រកាស​ឲ្យ​ដឹង​តាំង​ពី​ជាង ២ខែ​មក​ហើយ។ តែ​ខណៈ​នេះ ក្រុមហ៊ុន Total ហាក់​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឲ្យ​បាន​ក្បោះក្បាយ​លើស​ពី​នេះ​ទេ។ ម្យ៉ាង​ទៀត ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​បារាំង​មួយ​នេះ​ក៏​ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​មិន​អាច​បន្ត​ការ​រកស៊ី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដោយ​គ្មាន​ការ​អនុញ្ញាតពិសេស​ពី​អាមេរិក​បាន​ឡើយ។ អ្វី​ដែល​ក្រុមហ៊ុន Total ចង់​និយាយ គឺ​ការ​ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​ក្នុង​ថ្ងៃទី៦ សីហា និង​ត្រៀម​ដាក់​មួយ​ទៀត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ដោយ​សំដៅ​ចំ​លើ​វិស័យ​ប្រេងឥន្ធនៈ​តែ​ម្តង។

សូម​ជម្រាប​ជូន​ថា​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៧ ក្រុមហ៊ុន Total បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ចិន CNPCI និង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​អ៊ីរ៉ង់ Petropars លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​ធ្វើ​អាជីវកម្ម​ឧស្ម័ន​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ង់​ក្នុង​ទឹកប្រាក់​ជិត ៥ ០០០លានដុល្លារ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន Total នៅ​ក្នុង​គម្រោង​វិនិយោគ​នោះ​មាន ១ ០០០លានដុល្លារ តែ Total ធ្លាប់​បាន​បញ្ជាក់​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ថា ទើប​បាន​ចំណាយ​តែ ៤០លានដុល្លារ​ប៉ុណ្ណោះ។ ការ​រារែក អល់អែល​ក្នុង​ការ​ចំណាយ​ពេញទំហឹង​របស់ Total ក៏​ដោយសារ​តែ​កំណើនភាព​ចម្រូងចម្រាស​រវាង​អាមេរិក និង​អ៊ីរ៉ង់ ពិសេស​មិន​ប្រាកដ​ថា​អាមេរិក​ត្រឡប់​ទៅ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើង​វិញ ឬ​ក៏​អត់​ទេ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ក្រោយ​ពី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ អាមេរិក​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ប្រឆាំង​អ៊ីរ៉ង់ និង​បាន​ចេញ​មុខ​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បរទេស​ណា​ដែល​ហ៊ាន​ចចេស រឹងក្បាល​បន្ត​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់។ ពិត​ណាស់​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ គឺ​មាន​តែ​អាមេរិក​មួយ​គត់​ដែល​បាន​ដក​ខ្លួន​ចេញ។ ចំណែក​អ្នក​ផ្សេង មាន​អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី រួម​ទាំង​អ៊ីរ៉ង់​ផង​បាន​បញ្ជាក់​ពី​បំណង​មិន​ដើរ​ចេញ និង​ចង់​បន្ត​រក្សា​ទុក​កិច្ចព្រមព្រៀង​នោះ​ឲ្យ​នៅ​ដដែល។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុមហ៊ុន​របស់​ប្រទេស​ទាំង​នោះ​ដែល​កំពុង​មាន​វត្តមាន​នៅ​អ៊ីរ៉ង់​អាច​នឹង​ទទួល​ទណ្ឌកម្ម​ចាស់ដៃ​ពី​អាមេរិក បើ​ពួក​គេ​បន្ត​ធ្វើ​ជំនួញ​នៅ​ទីនោះ។

មែនទែន​ទៅ Total មិនមែន​ជា​ក្រុមហ៊ុន​បារាំង​ទី១ ដែល​បាន​លុតក្រាប​នៅ​ចំពោះ​មុខ​ការ​គំរាម​របស់​អាមេរិក​ដោយ​សុខចិត្ត​វិចបង្វិច​ចេញ​ពី​អ៊ីរ៉ង់​ទេ ក្រុមហ៊ុន​ឧស្ម័ន​របស់​បារាំង​មួយ​ទៀត​ឈ្មោះ Air Liquide ក៏​បាន​ដក​ខ្លួន​ចេញ​ដែរ ហើយ​ក្រៅ​ពី​បារាំង នៅ​មាន​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ផ្នែក​រថយន្ត អាយស្ម័យយាន និង​ទូរស័ព្ទ។ ជម្រើស​ដើរ​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​របស់​ក្រុមហ៊ុន​បរទេស​ពេល​នេះ​ក៏​ដោយសារ​តែ​ពួក​គេ​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាមួយ​អាមេរិក​ជាង​ជាមួយ​អ៊ីរ៉ង់ ពិសេស​ក្រុមហ៊ុន Total បារាំង។ សម្រាប់​ទីក្រុង​តេហេរ៉ង់ ការ​ដកខ្លួន​របស់​ក្រុមហ៊ុន​បរទេស​បណ្តើរៗ​ពេល​នេះ​បាន និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឈឺក្បាល​ជា​ពន់ពេក។ ឈឺ​ក្បាល ព្រោះ​តាំង​ពី​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ មក ទីក្រុង​តេហេរ៉ង់​រពឹង​យ៉ាង​ខ្លាំង​ពី​ការ​វិល​ត្រឡប់​របស់​វិនិយោគ​បរទេស​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​ដុនដាប​ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ។

តែ​វិលចុះ វិល​ឡើង និង​ចំ​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ស្ថានីយ៍បូមប្រេង​របស់​ខ្លួន​កំពុង​បន្ត​ជួសជុល​ដោយ​ក្រុមហ៊ុន​បរទេស​មិន​ទាន់​រួចរាល់​ចប់​សព្វគ្រប់​ផង ស្រាប់​តែ​ពួក​គេ​នាំ​គ្នា​ដក​ខ្លួន​ចេញ​វិញ​អស់។ ជា​ការ​ពិត ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន Total និង​ការងារ​ដែល​នៅ​សេសសល់​នឹង​អាច​ដាក់​ជំនួស​ដោយ​ក្រុមហ៊ុន​របស់​ចិន​ដែល​មិន​ព្រឺរោម​នឹង​ការ​ព្រមាន​របស់​អាមេរិក ឬ​ក្រុមហ៊ុន​អ៊ីរ៉ង់​ខ្លួន​ឯង។ តែ​ចំណោត​នៅ​ត្រង់​ថា ក្រុមហ៊ុន​អ៊ីរ៉ង់​ខ្វះ​បច្ចេកទេស និង​គ្មាន​បច្ចេកវិទ្យា​ដូច​ក្រុមហ៊ុន Total បារាំង។ រីឯ​បច្ចេកវិទ្យា​របស់​ចិន​ឯ​ណោះ​វិញ ក៏​រដ្ឋាភិបាល​អ៊ីរ៉ង់​ហាក់​មិន​សូវ​ទុក​ចិត្ត​ដែរ។ សព្វថ្ងៃ​នេះ​នៅ​អ៊ីរ៉ង់ ស្ថានីយ៍​បូមប្រេង​ភាគច្រើន​មាន​អាយុកាល​ដល់​ទៅ ៨០ឆ្នាំ ពោល​លើស​ពី​អាយុ​ធម្មតា​ដែល​មាន​ត្រឹម ៣០ឆ្នាំ និង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ​ដោយ​ខាន​មិន​បាន។

ដូច្នេះ​នៅ​ចំពោះ​មុខ ជម្រើស​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ហាក់​មិន​មាន​ច្រើន​ទេ ឬ​មួយ​ពឹង​លើ​ចិន ឬ​មួយ​ពឹង​លើ​ខ្លួន​ឯង។ តែ​បើ​ខ្លួន​ឯង​គ្មាន​សមត្ថភាព​ទេ គឺ​មាន​តែ​ពឹង​លើ​អ្នក​ដទៃ៕

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?