rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក សេដ្ឋកិច្ច សង្រ្គាមពាណិជ្ជកម្ម ពន្ធដារ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សេដ្ឋកិច្ចវិទូ៖ របាំងពន្ធ​របស់​លោកដូណាល់ ត្រាំ​នឹង​ដាក់​បន្ទុក​លើ​សេដ្ឋកិច្ច​អាមេរិក

media
ប្រធានាធិបតី​លោកដូណាល់ ត្រាំ ឈរស្តាប់ទីប្រឹក្សា​សេដ្ឋកិច្ច​លោក Larry Kudlow នៅសេតវិមាន នៅថ្ងៃទី ២៧ កក្កដា ២០១៨ ©REUTERS/Carlos Barria

ជាមួយ​នឹង​សំឡេង​ភាគច្រើន អ្នកជំនាញ​សេដ្ឋកិច្ច​អាមេរិកាំង​បានមូលមាត់ យល់ស្របគ្នា​ថា នយោបាយ​ដំឡើង​ពន្ធ​សព្វថ្ងៃ​របស់លោកប្រធានាធិបតី​ដូណាល់ ត្រាំ នឹង​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​អាមេរិក។ នៅក្នុង​ការសិក្សា អង្កេត​មួយ របស់​សមាគម​ជាតិ ដើម្បី សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​ត្រូវ​បាន​ចុះផ្សាយ នៅ​ថ្ងៃ​ចន្ទនេះ អ្នកជំនាញ​សេដ្ឋកិច្ច​បារម្ភ​ផងដែរ ពី​ការផ្ទុះឡើង​នៃ​ឱនភាព​ថវិកា​អាមេរិក ដោយសារ​តែ នយោបាយ​បង្កើន​ការចំណាយ សាធារណៈ របស់​លោកដូណាល់ ត្រាំ។


លោក​ដូណាល់ ត្រាំ ជា​មហាសេដ្ឋី អចលនទ្រព្យ ប៉ុន្តែ នយោបាយ​សេដ្ឋកិច្ច​របស់​លោក ក្នុង​នាមជា​ប្រធានាធិបតី អាមេរិក​កំពុង​ធ្វើ​ឲ្យ​មតិ​អ្នកជំនាញ​សេដ្ឋកិច្ច​ជាច្រើន​កំពុង​ចោទសួរជាមួយ​ការមិន​ទុកចិត្ត។ បន្ទាប់​ពី​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ពី​ចិន តម្លៃ ៣៤ ពាន់​លាន កាលពី​ខែ​កក្កដា រដ្ឋបាល​លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍នេះ នឹង​ដំឡើង​ពន្ធ ២៥​ភាគរយ លើ​ទំនិញ​នាំចូល​មក​ពី​ចិន ផ្សេងទៀត ដែល​មាន​តម្លៃ ១៦ពាន់​លាន​ដុល្លារ។ សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច មក​ពី​វិស័យ​ឯកជន សឹង​ទាំងអស់​គ្នា ដែល​ត្រូវ​បាន​សមាគម​ជាតិ​ដើម្បី ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​បាន​ជួបសម្ភាសន៍ នយោបាយ​ពាណិជ្ជកម្ម​បច្ចប្បន្ន​របស់​លោកដូណាល់ ត្រាំ នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​អាមេរិក។

នៅក្នុង​សៀវភៅ​កំណត់ត្រា​របស់​ខ្លួន កាលពី​ពាក់កណ្តាល​ខែ​កក្កដា ធនាគារ​កណ្តាល​ជាតិ​អាមេរិក Fed ធ្លាប់​បាន​លើកឡើង​ពី​កង្វល់​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​អាមេរិក នៅពេល​តម្លៃ របស់​វត្ថុធាតុដើម ដូចជា​ដែក ឈើ កំពុង​ឡើងថ្លៃ ខ្ពស់​ដោយសារ​តែ​នយោបាយ​ដំឡើងពន្ធ​របស់​លោកដូណាល់ ត្រាំ។

នៅក្នុង​ការសិក្សា​អង្កេត​របស់​សមាគម​ជាតិ​ដើម្បីពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អាមេរិកវិញ សេដ្ឋកិច្ចវិទូ​ភាគច្រើន​បារម្ភ​ផងដែរ ពីការខូចខាត​ដល់​សេដ្ឋកិច្ច​អាមេរិក បើសិន​លោកដូណាល់ ត្រាំ ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង ដោះដូរ​សេរី Aléna ជាមួយ កាណាដា និង​ម៉ិចស៊ីក។

សូមអាន៖ ហេតុអ្វី​បាន​ជាលោក​ដូណាល់ ត្រាំ ចង់​ឲ្យ​គេ​កាត់បន្ថយ​ការយកពន្ធ?

ក្រៅតែផលវិបាក​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន នៅក្នុង​ការសិក្សា​អង្កេត ប្រចាំ​ឆមាស ដែល​បាន​ជួប​សម្ភាសន៍​អ្នកជំនាញ​សេដ្ឋកិច្ច​ចំនួន ២៥១នាក់ សមាគម​ដើម្បី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អាមេរិក​បាននិយាយ​ ផងដែរ​ថា នយោបាយ​ថវិកាវិញ ​របស់​លោកដូណាល់ ត្រាំ​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ប៉ុន្មាន​សម្រាប់​សេដ្ឋកិច្ច​អាមេរិក។

លោកដូណាល់ ត្រាំ បាន​អនុវត្ត​នយោបាយ​អនុគ្រោះ​ពន្ធ លើ​ក្រុមហ៊ុន ដោយ​កាត់បន្ថយ​ការយកពន្ធ​ពី​ក្រុមហ៊ុន​ឯកជន​៣៥ភាគរយ មកនៅ​ត្រឹម​២១ភាគរយ​វិញ។ ជាមួយគ្នានេះ រដ្ឋបាល​លោកដូណាល់ ត្រាំ​នៅ​បាន​ប្រកាសដំឡើង​ថវិកា​ចំណាយ​សាធារណៈ។ សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច​អាមេរិកាំង តាមធម្មតា នយោបាយ​ថវិកា​ត្រូវ​បាន​ធ្វើឡើង ក្នុង​គោលដៅ កាត់បន្ថយ​ឱនភាព​ថវិកា បើប្រៀបធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប PIB។ ប៉ុន្តែ គេ​វាយតម្លៃ នយោបាយ​របស់​លោកដូណាល់ ត្រាំ ផ្ទុយទៅវិញ នឹង​ធ្វើ​ឲ្យ​ឱនភាព​ថវិកា​របស់​អាមេរិក​ផ្ទុះកើន​ឡើង​ដល់ ១០០០ ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​២​ឆ្នាំខាងមុខ៕