អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖​លោក​នីកូឡា ម៉ាឌូរ៉ូ​បញ្ចេញ​រូបិយប័ណ្ណ​ថ្មី​ដើម្បី​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី២០ សីហា​នូវ​រូបិយប័ណ្ណ​ថ្មី។ គោលដៅ គឺ​ដើម្បី​ទប់​ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែល​ប្រទេស​កំពុង​ជួយ​ប្រទះ​សព្វថ្ងៃ។ វិបត្តិ​ដែល​បាន និង​កំពុង​បន្ត​ជំរុញ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​រាប់សិប​លាននាក់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​ជិតខាង ពិសេស​ប្រទេស​ប្រេស៊ីល និង​អេក្វាទ័រ។

នៅ​វ៉េណេស៊ុយអេឡា ​លោក​នីកូឡា ម៉ាឌូរ៉ូ​បញ្ចេញ​រូបិយប័ណ្ណ​ថ្មី​ដើម្បី​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច
នៅ​វ៉េណេស៊ុយអេឡា ​លោក​នីកូឡា ម៉ាឌូរ៉ូ​បញ្ចេញ​រូបិយប័ណ្ណ​ថ្មី​ដើម្បី​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច Miraflores Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នយោបាយ​បញ្ចេញ​រូបិយប័ណ្ណ​ថ្មី​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ​អាច​នឹង​ជួយ​ទប់​ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​សព្វថ្ងៃ​ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង ក្រដាសប្រាក់​ថ្មី​មាន​ចំនួន​លេខ​សូន​តិច​ជាង​ចំនួន​លេខ​សូន​ក្រដាស​ប្រាក់​បច្ចុប្បន្ន​ដល់​ទៅ ៥ខ្ទង់។ ឧទាហរណ៍ ក្រដាស់ប្រាក់​តម្លៃ ៥០ ០០០ ០០០បូលីវ៉ារ​សព្វថ្ងៃ​នឹង​ក្លាយ​ជា​ក្រដាសប្រាក់​តម្លៃ ៥០០បូលីវ៉ារ​វិញ។ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​កំពុង​រង់ចាំ​ទទួល​រូបិយប័ណ្ណ​ថ្មី តែ​អ្វី​ដែល​ពួក​គេ​កំពុង​បន្ត​បារម្ភ​ខ្លាំង​ជាង​គេ គឺ​តម្លៃទំនិញ​ឡើង​ថ្លៃ។

តាម​តួលេខ​ប្រមើលមើល​ចុង​ក្រោយ​ដោយ​មូលនិធី​រូបបិយវត្ថុ​អន្តរជាតិ អត្រា​អតិផរណា​នៅ​វ៉េណេស៊ុយអេឡា​អាច​នឹង​កើន​ដល់ ១ ០០០ ០០០%។ នៅ​ពេល​ទៅ​ផ្សារ​ម្តងៗ ពលរដ្ឋ​វ៉េណេស៊ុយអេឡា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដឹកជញ្ជូន​លុយ​ទាំង​ការុងៗ​ដើម្បី​ទិញ​ទំនិញ។ ឧទាហរណ៍ សាច់ ១គីឡូក្រាម​តម្លៃ​ជិត ៦លាន​បូលីវ៉ារ ឬ​ស្មើ​ជិត ១ដុល្លារអាមេរិក។ ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​នេះ​បាន​ជំរុញ​ឲ្យ​អ្នក​លក់​ទំនិញ​ខ្លះ​ឈប់​រាប់​លុយ តែ​យក​ជញ្ជីង​ថ្លឹង​ជំនួស​វិញ។

ប្រទេស​វ៉េណេស៊ុយអេឡា​កំពុង​ស្ថិត​មាត់ជ្រោះ​នៃ​ភាព​ក្ស័យធន​ជាមួយ​នឹង​ឩភាពថវិកាជាតិ​ដល់​ទៅ ១៥០ ០០០លានដុល្លារ។ ចំណែក​ផលិតកម្ម​ប្រេងឆៅ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​បាន​ធ្លាក់​ចុះ​ចំនួន​ពាក់កណ្តាល​ក្នុង​រយៈពេល ១ឆ្នាំ។ គួរ​រម្លឹក​ជូន​ថា នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​រដ្ឋាភិបាល​បាន​ប្រើ​នយោបាយ​ប្តូរ​រូបិយប័ណ្ណ​ដើម្បី​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច។ ក្នុង​រយៈពេល​ជិត ១០ឆ្នាំ​កន្លង​ទៅ រូបិយប័ណ្ណជាតិ​បាន​បាត់បង់​ចំនួន​លេខ​សូន្យ​ដល់​ទៅ ៨ខ្ទង់។

ក្រៅ​ពី​នយោបាយ​ប្តូរ​រូបិយប័ណ្ណ ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​លោក​ម៉ាឌូរ៉ូ​ក៏​មាន​ការ​ដំឡើង​ប្រាក់បៀវត្ស​អប្បបរមា​ដោយ​គុណ​ឲ្យ ៣៤ដង​ក្នុង​​គោលដៅ​បង្កើន​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ តែ​កង្វះ​ផលិផល​ជា​មូលដ្ឋាន ដូច​យ៉ាង​អង្ករ​កំពុង​បន្ត​ចោទ​ជា​បញ្ហា។ នេះ​ដោយ​មិន​ទាន់​បាន​រាប់​បញ្ចូល​ពី​កង្វះ​ថ្នាំពេទ្យ​នៅ​តាម​មន្ទីរពេទ្យ និង​ភ្លើងអគ្គិសនី​ទេ។ យ៉ាង​ណា​ក៏​ដោយ គណបក្សប្រឆាំង​ចំនួន ៣ បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​បាតុកម្ម​ចាប់​ពី​សប្តាហ៍​នេះ​ទៅ និង​ចាត់​ទុក​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​លោក​ម៉ាឌូរ៉ូ​ថា​ជា​ផែនការ​កម្ទេច​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ