អានតួអត្ថបទ

លោកត្រាំ ឱ្យមេធាវី​របស់​សេតវិមាន សហការ​ជាមួយ​រដ្ឋអាជ្ញាពិសេស​អង្កេតរឿង​រុស្ស៊ី

មេធាវី​ប្រចាំ​របស់​សេតវិមាន លោក Donald McGahn បានសហការ​យ៉ាង​ល្អិត​ល្មួត​ជាមួយ​ក្រុមការងារ​របស់​រដ្ឋ​អាជ្ញា​ពិសេស លោក រ៉ូប៊ែរ មូឡឺ Robert Mueller។ ​រដ្ឋ​អាជ្ញាពិសេស ដែល​កំពុង​បើក​អង្កេត ​អំពី​ការលូកដៃ​ជា​យថាហេតុ​របស់​រុស្ស៊ី ជាមួយ​ក្រុមការងារ​របស់​លោក​ត្រាំ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។ នេះ​បើ​តាម​កាសែត ញូវយ៉ក​ថែមស៍។

លោក​រដ្ឋអាជ្ញាពិសេស Robert Mueller
លោក​រដ្ឋអាជ្ញាពិសេស Robert Mueller Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ​ បាន​ប្រកាស​នៅ​ថ្ងៃ​ល្ងាច​មិញ ថា​លោក​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​មេធាវីរបស់​សេតវិមាន ព្រមទាំង​បុគ្គលិក​​របស់​វិមាន​ប្រធានាធិបតី​ផ្សេង​ទៀត ទៅសហការ​ឱ្យ​បាន​ពេញ​លេញ​ ជាមួយ​ក្រុមរដ្ឋអាជ្ញា​ពិសេស​ ដែល​កំពុង​អង្កេត​សំណុំ​រឿង​សង្ស័យ​​ថា​រុស្ស៊ី​អាច​លូចដៃក្នុង​​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតីអាមេរិក។ មិន​តែ​ប៉ុណ្ណោះ លោក​ត្រាំ​បាន​បង្ហោះសារ​បន្ថែម​ទៀត​ថា « ​លើស​ពី​នេះ យើង​បាន​ផ្តល់​ឯកសារ​ជាង​១លាន​​​ទំព័រទៀត។ ជា​តម្លាភាព​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ! គ្មានទេ​កា​រលូកដៃ ! គ្មាន​ទេ​ការ​រារាំង!”។

​សេចក្តី​ប្រកាស​របស់​លោកត្រាំ តាម​ប្រព័ន្ធ​ទ្វីតទ័រ បាន​បង្ហោះ​ឡើង​ ក្រោយ​ពី​កាសែត​ញូវយ៉ក​ថែមស៍ បាន​ផ្សព្វផ្សាយ​ថា មេធាវី​របស់​សេតវិមាន លោក Donald McGahn បានជួប​​សហការ​ ជាមួយ​ក្រុម​អង្កេត​ដឹកនាំ​ដោយ​លោករដ្ឋ​អាជ្ញា រ៉ូប៊ែរ មូឡឺ ចំនួន​បី​លើក​ ក្នុង​រយៈ​ពេល​៩​ខែ​ចុងក្រោយ​នេះ ដោយ​ផ្តល់បទ​សម្ភាសន៍​​ឆ្លើយ​ឆ្លង​ដល់​ទៅ ប្រមាណជាង​៣០​ម៉ោង​។

​ជា​ការ​​សហការ​ ដោយ​ស្ម័គ្រ​ចិត្ត​ ក្នុង​នាម​ជា​សាក្សី​ ដូច​អ្វី​ដែល​សេតវិមាន​លើក​ឡើង​​មែន !បើ​តាម​សំណេរ​របស់​កាសែត​ដដែល លោកមេធាវី បាន​រៀប​រាប់​យ៉ាងលម្អិត​ គ្រប់​វគ្គ​គ្រប់​ស្នើ​ដែល​អ្នក​អង្កេត​ចាប់​អារម្មណ៍​ ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​លោក​ប្រធានាធិបតី ត្រាំ ​​ពិត​ជាមាន​ចេតនា​ចង់​​រារាំង​ការ​អង្កេត​ ដូច​ជា​ប៉ុនប៉ង​ផ្តួល​លោក រ៉ូប៊ែរ​ មូឡឺ ឬ​ការ​ដក​នាយក​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​FBI លោក​ ចេម ខមី។ ​លោកមេធាវី មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​ដែល​អាក្រក់​ប៉ះពាល់​ដល់​លោក​ប្រធានាធិបតី​ត្រាំ​ទេ ​ប៉ុន្តែលោក​បាន​ឆ្លៀត​ព្រមាន​ថា មិន​ដែល​ឃើញ​លោកត្រាំ ធ្វើ​អ្វី​ហួស​ពី​អំណាច​ស្រប​ច្បាប់​របស់​លោក​ឡើយ។

សម្រាប់​​​​កាសែត​ញូវយ៉ក​ថែមស៍ អ្វី​ដែលគួ​ឱ្យ​កត់​សម្គាល់​ខ្លាំងនោះ គឺគេ​កម្រ​ឃើញ​មេធាវី​របស់​សេតវិមាន​ណា​ បើក​ទូលាយ​ខ្លាំង​ជា​មួយ​ក្រុម​អង្កេត ដូច​លោក​McGahnនេះ​ណាស់។ សូម​បញ្ជាក់​ថា តាំង​ពី​ផ្ទុះការ​សង្ស័យ​មក លោក ដូណាល់ ត្រាំ​ តែង​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ តាំង​ពី​ដំបូង​ និង​បាន​ចាត់​ទុក​ការ​អង្កេត​របស់​រដ្ឋអាជ្ញាពិសេស​នេះ ថា​ជា​ម៉ាស៊ីន​ ​ប្រឆាំង​នឹង​លោក​តែ​ប៉ុណ្ណោះ ហើយ​បាន​អំពាវនាវ​ឱ្យ​បិទ​បញ្ចប់​ការ​អង្កេត​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ