អានតួអត្ថបទ

អាមេរិក​ គ្រោង​ដាក់ទណ្ឌកម្ម​លើរុស្ស៊ី​ករណី​បំពុលសម្លាប់​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្សី​

សហរដ្ឋអាមេរិក​ បានប្រកាស​ឲ្យដឹង​ កាលពីថ្ងៃពុធ​ ទី៨​ សីហា​ម្សិលមិញនេះថា​ ខ្លួន​កំពុងតែ​រៀបចំ​ដាក់ទណ្ឌកម្មថ្មី​ទៅលើ​ប្រទេសរុស្ស៊ី​ ជុំវិញរឿង​ដែល​ទីក្រុងមូស្គូ​ ប៉ុនប៉ងសម្លាប់​អតីត​ចារបុរសរុស្សី​ ដែល​បំរើការ​ឲ្យ​អង់គ្លេស​ តាមរយៈ​ការប្រើប្រាស់​សារធាតុពុល​ បំពាន​លើ​ច្បាប់អន្តរជាតិ​។

លោកប្រធានាធិបតីត្រាំ  និងប្រធានាធិបតីរុស្ស៊ី  វ្ល៉ាឌីមៀរពូទីន ចាប់ដៃគ្នាក្នុងកច្ចប្រជុំនៅហ្វាំងឡង់ កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៨។
លោកប្រធានាធិបតីត្រាំ និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរពូទីន ចាប់ដៃគ្នាក្នុងកច្ចប្រជុំនៅហ្វាំងឡង់ កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៨។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

“ទណ្ឌកម្មថ្មី​ទៅលើ​រុស្សី​ ធ្វើឡើង​ក្នុងគោលបំណង​ផ្តន្ទាទោស​រដ្ឋាភិបាល​របស់លោកប្រធានាធិបតី​ វ្ល៉ាឌីមៀរពូទីន​ ដែល​នៅពីក្រោយ​ការប្រើប្រាស់​សារធាតុពុល​ ប៉ុនប៉ង​សម្លាប់​មនុស្ស​ក្នុង​ទឹកដី​អង់គ្លេស​។​ ទណ្ឌកម្ម​ថ្មីនេះ​ នឹង​ចូលជា​ធរមានក្នុ​ងរយៈពេល​ ១៥ ថ្ងៃ​ បន្ទាប់ពី​ចូលដល់ដៃ​សភា​”។ នេះ​ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​។

មន្ត្រី​អាមេរិកម្នាក់​បានប្រាប់​ដោយសុំមិន​បញ្ចេញឈ្មោះ​ថា​ ទណ្ឌកម្ម​ដែល​សហរដ្ឋអាមេរិក​ត្រៀមដាក់​លើរុស្សី​ គឺ​ហាមឃាត់​លើការលក់ដូរ​ប្រព័ន្ឋបច្ចេកវិទ្យា​សុវត្តិភាព​សម្ងាត់​របស់​អាមេរិក​ ដែលរុស្សី​ចង់បាន​ទៅឲ្យ​រុស្សី​។ ហើយ​ទណ្ឌកម្មនេះ​ អាច​កាត់បន្ថយ​ការនាំចេញ​រាប់រយលានដុល្លារ​ទៅកាន់​ប្រទេសរុស្ស៊ី​។

រីឯ​ទណ្ឌកម្ម​បន្ទាប់​ អាចនឹង​រួមមាន​ ការរាំងខ្ទប់​ប្រាក់កម្ចី​របស់​ធនាគារអាមេរិក​ទាំងអស់​ ឲ្យទៅ​អង្គភាពរុស្ស៊ី​នានា​ ការហាមឃាត់​ទាំងស្រុង​លើ​ការនាំចេញ​របស់​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេសរុស្ស៊ី​ និង​ការព្យួរ​ទំនាក់ទំនង​ការទូត​។

ទោះបីជា​ទីក្រុងវ៉ាស៊ីនតោន​ មិនទាន់​បានប្រកាស​ជាផ្លូវការ​ ពី​ទណ្ឌកម្មថ្មី​ចំពោះ​រុស្សី​យ៉ាងណាក្តី​ ក៏ដំណឹងនេះ​ បានបក់បោក​នឹង​ធ្វើឲ្យ​ប្រាក់រូប​ និង​ភាគហ៊ុន​នៅក្នុង​ទីក្រុងម៉ូស្គូ​ ធ្លាក់ចុះ​បាត់ទៅហើយ​នា​ពេល​បច្ចុប្បន្ននេះ​។

គួរជ្រាបថា​ លោក​ Sergei ​Skripal អតីត​ភ្នាក់​ងារ​ចារកិច្ច​រុស្សី​ ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋអង់​គ្លេស​ ត្រូវ​បាន​គេ​បំពុល​ ក្នុង​ទឹក​ដី​អង់គ្លេស កាលពី​ខែ​មីនា​ ឆ្នាំ២០១៨ កន្លងទៅ។ ភ្លាមៗនោះ​ ប្រទេសអង់គ្លេស​ បណ្តា​ប្រទេស​ទ្វីប​អឺរ៉ុប រួមទាំង​សម្ព័នមិត្ត​ មាន​អាមេរិក​ជាដើម​ ក៏​ចាប់ផ្ទុះ​មាន​សង្គ្រាមការទូត​នឹងគ្នា​យ៉ាងខ្លាំង​ជាមួយប្រទេសរុស្សី​។ ហើយ​ក៏ព្រោះតែ​ ភាគីរុស្សី​នៅតែ​បដិសេធ​ដាច់អហង្ការ​ថា​ មិនបាន​នៅពីក្រោយ​ហេតុការណ៍​ប៉ុនប៉ង​បំពុលសម្លាប់​នេះ​ ទើប​អាមេរិក​រៀបចំ​ដាក់ទណ្ឌកម្មថ្មី​លើ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​តែម្តង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ