អានតួអត្ថបទ
សហរដ្ឋអាមេរិក

ភ្លើង​ឆេះព្រៃ កាន់តែ​រីករាលដាល ធំ មិនធ្លាប់​មាន​នៅ​រដ្ឋ​កាលីហ្វរញ៉ា

រដ្ឋ​កាលីហ្វរនីញ៉ា ដែល​សំបូរ​មនុស្ស​រស់នៅ​ច្រើនជាងគេ​របស់​អាមេរិក កំពុង​រងគ្រោះ​នឹង​ភ្លើងឆេះព្រៃ ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ​មិនធ្លាប់មាន។ ក្រុមពន្លត់អគ្គិភ័យ អាមេរិក បាន​ព្យាយាម ទប់ទល់​ការរីករាល​របស់​ភ្លើងឆេះព្រៃ​ពីរ​ដែល​បាន​រួមកម្លាំង​ចូលគ្នា​កាន់តែ​ខ្លាំង នៅ​ថ្ងៃ​ចន្ទ។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាន​ប្រកាស​ដាក់​រដ្ឋកាលីហ្វរញ៉ា ក្នុង​ស្ថានភាព​រងគ្រោះ​មហន្តរាយ​ធម្មជាតិ និង​បាន​បញ្ជា​ផ្តល់​ថវិការដ្ឋសហព័ន្ធ សម្រាប់​ជួយទប់ទល់​នឹង​ភ្លើងឆេះព្រៃ​លើកនេះ។ 

ភ្នាក់ងារ​ពន្លត់អគ្គិភ័យ ឈរ មើល​ភ្លើងឆេះព្រៃ នៅ​រដ្ឋកាលីហ្វរញ៉ា នៅថ្ងៃទី ២៧​កក្កដា ២០១៨
ភ្នាក់ងារ​ពន្លត់អគ្គិភ័យ ឈរ មើល​ភ្លើងឆេះព្រៃ នៅ​រដ្ឋកាលីហ្វរញ៉ា នៅថ្ងៃទី ២៧​កក្កដា ២០១៨ ©REUTERS/Fred Greaves
ផ្សាយពាណិជ្ជកម្ម

រដ្ឋកាលីហ្វរញ៉ា​របស់​អាមេរិក កំពុង​ប្រឈម​នឹង​ភ្លើងឆេះព្រៃ ដ៏​សន្ធោសន្ធៅ មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិ​របស់ខ្លួន។ គិត​មកត្រឹម​ថ្ងៃ​ចន្ទ ម្សិលមិញ ភ្លើងឆេះព្រៃ Medocino ដែល​ជា​បណ្តុំ​ជួបគ្នា នៃ​ភ្លើងឆេះព្រៃ ពីរកន្លែង នៅ​ភាគ​ខាងជើង រដ្ឋកាលីហ្វរញ៉ា បាន​ដុត​បំផ្លាញ ផ្ទៃដី​ព្រៃ ១១៤ ៨០០ ហិចតា ដែល​ស្មើ​នឹង​ទំហំ​ទីក្រុង​Los Angeles​ទាំងមូល។

តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមពន្លត់អគ្គិភ័យ​អាមេរិក Calfire ស្ថានភាព​ភ្លើងឆេះព្រៃ ហាក់មិន​ចុះ​ថមថយ​ឥទ្ធិពល ផ្ទុយទៅវិញ គឺ​កាន់តែ​រីករាលដាល ដោយសារ​កត្តាបីយ៉ាង គឺ សីតុណ្ហភាព​ក្តៅខ្លាំង ភាពស្ងួតហួតហែង ហើយ​និងល្បឿន​ខ្យល់​គួច។ ភ្លើងឆេះ​ដ៏​លឿន កាចសាហាវ និង​គ្រោះថ្នាក់ខ្លាំង។ នេះ​ជា​ការវាយតម្លៃ របស់​លោក​Scott Mclean អនុប្រធាន​ក្រុមការពារ និង​ប្រឆាំងភ្លើងឆេះព្រៃ របស់​រដ្ឋកាលីហ្វរញ៉ា។

តាម​ការព្យាករណ៍​របស់​ក្រុមឧតុនិយម​សីតុណ្ហភាព​អាច​កើនឡើង​ដល់​កម្រិត ៤៣អង្សារ នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ នៅ​ភាគ​ខាងជើង រដ្ឋ​កាលីហ្វរញ៉ា។ ក្រៅតែ​ពី​ប្រយុទ្ធ​បង្រ្កាប ភ្លើងឆេះព្រៃ Medocino ក្រុមពន្លត់អគ្គិភ័យ ជាង ១ម៉ឺន ៤ពាន់នាក់​កំពុង​សស្រាក់សស្រាំ ពន្លត់ភ្លើង​ឆេះព្រៃ ៧កន្លែងផ្សេងទៀត ដែល​បាន ផ្ទុះឡើង ២ សប្តាហ៍​មក​ហើយ នៅ​រដ្ឋ​កាលីហ្វរញ៉ា។ តាម​ក្រុមពន្លត់អគ្គិភ័យ ភ្លើងឆេះព្រៃ មួយទៀត ឈ្មោះ Carr ដែល​បាន​សម្លាប់​មនុស្ស​៧នាក់ និង​ដុតបំផ្លាញ ផ្ទះ​រាប់ពាន់ តាំង​ពី​ពាក់កណ្តាល​ខែ កក្កដា ត្រូវ​បាន​គេគ្រប់គ្រង​ស្ថានភាព​បាន​តែ​៤៥​ភាគរយប៉ុណ្ណោះ។

លោកប្រធានាធិបតី​ដូណាល់ ត្រាំ នៅ​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ដាក់​រដ្ឋកាលីហ្វញ៉ា​ក្នុង​ស្ថានភាព​រងគ្រោះ​មហន្តរាយ​ធម្មជាតិ។ ប៉ុន្តែ ជាជាង​បន្ទោស​ដល់​ការប្រែប្រួល​អាកាសធាតុ លោកដូណាល់ ត្រាំ បាន​ស្តីបន្ទោស ទម្លាក់​កំហុស លើ​ច្បាប់​ការពារ​បរិស្ថាន ដែល​បាន​បើតាម​លោក​បាន​ហាមឃាត់​មិន​ឲ្យ​គេ​ចាត់វិធានការ​មាន​ប្រសិទ្ធិភាព​ដើម្បី​ពន្លត់ភ្លើង​ឆេះព្រៃ នៅ​កាលីហ្វរញ៉ា។ តាម​លោកដូណាល់ ត្រាំ គេ​អាច​បង្រ្កាប​ភ្លើងឆេះព្រៃ បើសិន​គេ​ប្រើប្រាស់​ទឹក គ្រប់គ្រាន់ ហើយ​និង​”កាប់ដើមឈើ ដើម្បី​ទប់ស្កាត់​ការរីករាល​ភ្លើងឆេះព្រៃ”។

សូមអាន៖ លោកដូណាល់ ត្រាំ​បាន​ដកអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ

នៅក្នុង​អត្ថបទ​ចុះផ្សាយ​របស់​កាសែត New York Times លោក​Daniel Berlant អនុប្រធាន​ក្រុមពន្លត់ភ្លើងឆេះ​បាន​និយាយ​ថា គេ​មិន​ខ្វះទឹក​សម្រាប់​ពន្លត់ភ្លើង​នោះទេ។ ប៉ុន្តែ ការពិត​មួយ ដែល​គេ​មិនអាច​ធ្វើ​គធ្វើថ្លង់​បាន​នោះ គឺ ការប្រែប្រួល​អាកាសធាតុ​ពិតជា​មានមែន។ វា​ជា​ចលករ ជំរុញ ឲ្យ​ភ្លើងឆេះព្រៃ កាន់តែ​កាចសាហាវ និង​បំផ្លាញ ខ្លាំងធ្ងន់ធ្ងរ​ជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ