អានតួអត្ថបទ
តួកគី-សហរដ្ឋអាមេរិក

ហេតុអ្វីបានជា​អាមេរិក ហើយ​និង​តួកគី​ឈ្លោះគ្នា ដោយសារ​តែ​រឿង​គ្រូគង្វាល?

វិបត្តិការទូត​អាមេរិក និង​តួកគី កាន់តែ​ធ្លាក់​ចុះជ្រៅ។ នៅក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​អាស៊ាន នៅប្រទេស​សិង្ហបុរី នៅថ្ងៃ​សុក្រនេះ ប្រមុខ​ការបរទេស​អាមេរិក លោក​Mike Pompeo បរាជ័យ មិនអាច​បញ្ចុះបញ្ចូល​ឲ្យ​សមភាគី​តួកគី យល់ព្រម​ដោះលែង គ្រូគង្វាល​អាមេរិកាំង ដែល​តួកគី​បាន​ចាប់​ដាក់​ពន្ធនាគារ ក្នុង​បទចោទប្រកាន់​ធ្វើ​ចារកម្ម និង​ភេរវកម្ម។ វ៉ាស៊ីនតោន​នៅថ្ងៃ​ពុធ សប្តាហ៍នេះ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្រ្តី​រដ្ឋាភិបាល​តួកគី ២រូប ដែល​ជាប់ពាក់ព័ន្ធ នឹងការចាប់ខ្លួន​គ្រូគង្វាល​អាមេរិកាំង។

គ្រូគង្វាលគ្រិស្តសាសនិកលោក Andrew Brunson ត្រូូវ​បាន​ចាប់ដាក់ឃុំ​ក្នុង​គេហដ្ឋាន និង​អាច​ប្រឈម​នឹងការដាក់ទោសជាប់ពន្ធនាគារ ៣៥​ឆ្នាំ នៅតួកគី​ពីបទ​ធ្វើចារកម្ម​ឲ្យ​ក្រុមភេរវនិយម ដែល​ជាសត្រូវ​របស់​រដ្ឋាភិបាល​តួកគី
គ្រូគង្វាលគ្រិស្តសាសនិកលោក Andrew Brunson ត្រូូវ​បាន​ចាប់ដាក់ឃុំ​ក្នុង​គេហដ្ឋាន និង​អាច​ប្រឈម​នឹងការដាក់ទោសជាប់ពន្ធនាគារ ៣៥​ឆ្នាំ នៅតួកគី​ពីបទ​ធ្វើចារកម្ម​ឲ្យ​ក្រុមភេរវនិយម ដែល​ជាសត្រូវ​របស់​រដ្ឋាភិបាល​តួកគី ©Demiroren News Agency, DHA via REUTERS
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​ប្រមុខការបរទេស​អាមេរិក តួកគី​មិន​បាន​ផ្តល់​លទ្ធផល​វិជ្ជមាន ទៅតាម​ការទន្ទឹង​ចង់​បាន​របស់​ក្រុង​វ៉ាស៊ីនតោន ដែល​ទាមទារ​ឲ្យ​តួកគី​ដោះលែង​ជាបន្ទាន់ គ្រូគង្វាល​អាមេរិកាំង ដើមចម នៃ​ភាពតានតឹង​ការទូត​មួយ​របស់​អាមេរិក និង​តួកគី។

លោក Brunson គ្រូគង្វាល​គ្រិស្តសាសនិក អាមេរិកាំង ទើប​ត្រូវ​បាន​តុលាការតួកគី​សម្រេច​ដាក់ឃុំ​ខ្លួន ក្នុង​គេហដ្ឋាន កាលពី​សប្តាហ៍មុន បន្ទាប់​ពី​ជាប់ឃុំខ្លួន ក្នុង​ពន្ធនាគារ ជាង​១ឆ្នាំ​កន្លះ ក្នុង​បទចោទ​ប្រកាន់ ធ្វើ​ចារកម្ម ហើយ​និង​គាំទ្រ​ក្រុមភេរវនិយម។ តាម​តុលាការ​តួកគី លោក​Brunson ហើយ​និង​ជនជាតិ​អាមេរិកាំង​៣នាក់​ទៀត ដែល​ធ្វើការ​សម្រាប់​វិហារ​គ្រិស្តសាសនា​នៅ​តួកគី​បាន​ធ្វើ​ចារកម្ម​ឲ្យ​បណ្តាញ Gülen នៅ​អាមេរិក ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ចាត់ទុកជា ក្រុមភេរវនិយម។

គ្រូគង្វាល​Brunson ដែល​បាន​បដិសេធ​ការចោទប្រកាន់ បាន​ទទួលការគាំទ្រ​ពី​ក្រុងវ៉ាស៊ីនតោន ជាពិសេស​លោកប្រធានាធិបតី​ដូណាល់ ត្រាំ។ រដ្ឋាភិបាល​អាមេរិក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួកគី​ដោះលែង​គ្រូគង្វាល Brunson និង​ជនជាតិ​អាមេរិក​ផ្សេងទៀត ដែល​វ៉ាស៊ីនតោន​ចាត់ទុកថា ជា​មនុស្ស​ស្អាតស្អំ គ្មានកំហុស។

អាមេរិក ដែល​វាយតម្លៃថា អង់ការ៉ា​កាន់តែ​ធ្វើ​ឲ្យ​រឿង​ធ្លាក់ធ្ងន់ធ្ងរ ដោយសារ​តែ​មិនព្រម​ដោះលែង គ្រូគង្វាល​អាមេរិកាំង បាន​សម្រេច​ប្រកាសដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្រ្តី​យុត្តិធម៌ ហើយ​និង​ក្រសួងមហាផ្ទៃ តួកគី ដែល​អាមេរិក​ចោទថា ជា​អ្នកទទួល​ខុសត្រូវ​ឲ្យ​មាន​ការចាប់ខ្លួន​ជនជាតិ​អាមេរិកាំង​ក្នុង​ទឹកដី​តួកគី។ នៅមុនជំនួប​ជាមួយ​រដ្ឋមន្រ្តីការបរទេស​តួកគី នៅ​ថ្ងៃ​សុក្រនេះ ប្រមុខការបរទេស​អាមេរិក លោក Mike Pompeo បាន​និយាយ​ព្រមាន​ជាមុនថា ទណ្ឌកម្ម របស់​អាមេរិក ជា​សញ្ញា​បញ្ជាក់ថា អាមេរិក​មិនចាត់ទុក​សំណុំរឿង គ្រូគង្វាល​ជារឿង​លេងសើច​នោះទេ។ គ្រូគង្វាល Brunson និង​ជនជាតិ​អាមេរិកាំង​ផ្សេងទៀត ដែល​ស្អាតស្អំ ត្រូវ​បាន​គេចាប់ដាក់ឃុំ​យូរពេកហើយ។ ពួកគេ​ត្រូវការ​ត្រលប់​មក​ផ្ទះ នៅ​អាមេរិក​វិញ។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការបរទេស​អាមេរិក។

ប្រមុខការបរទេស​តួកគី វិញ បាន​និយាយ​នៅក្រោយ​ជំនួប​ជាមួយ​ភាគី​អាមេរិក ថា ពាក្យ​គំរាមកំហែង ហើយ​និង​ទណ្ឌកម្ម មិនជួយ​ផ្តល់​លទ្ធផលនោះទេ។ តួកគី​ដែល​បាន​រិះគន់​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក បាន​ព្រមាន​តបវិញ ថា នឹង​ចាត់វិធាន​ប្រឆាំង​នឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​វិញ។

សំណុំរឿងចាប់ឃុំ គ្រូគង្វាល​អាមេរិក​គ្រាន់តែ​ជា​រឿង​បន្ថែម​មួយនៃ​ភាពតានតឹង​រវាង​អាមេរិក និង​តួកគី។ រដ្ឋាភិបាល​តួកគី រហូត​មក​បាន​ទាមទារ​ឲ្យ​អាមេរិកចាប់បញ្ជូន Gülen មេដឹកនាំ​ក្រុមប្រឆាំង​តួកគី ដែល​និរទេស​នៅ​អាមេរិក ដែល​លោកប្រធានាធិបតី​តួកគី​ចោទប្រកាន់​ថា ជា​អ្នកនៅពីក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ឆ្នាំ ២០១៦។ ប៉ុន្តែ អាមេរិក ហាក់​ធ្វើ​មិនដឹង មិនលឺ​នឹង​ការទាមទារ​របស់​តួកគី ដែល​តាមពិត ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅក្នុង​អង្គការ​អូតង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ