អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​ញូវយ៉កថែមស៍ ព្រមាន​លោក​ត្រាំ​អំពី​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​អ្នកកាសែត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់ទំនង​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​អ្នក​សារព័ត៌មាន​កាន់​តែ​បន្ត​ធ្លាក់​ដុនដាប​ទៅៗ​។ ថ្ងៃអាទិត្យ​ល្ងាចមិញ លោក​ ត្រាំ ​បង្ហោះសារ​​តាម​ប្រព័ន្ធ​Tweeter អំពីការផ្សាយ​ព័ត៌មាន​មិនពិត “Fake News” និង​​អំពី​ជំនួប​របស់​លោក​ជាមួយនាយក​កាសែត​ញូវយកថែមស៍​មក ដែលតាម​ធម្មតា​ត្រូវ​រក្សា​ជាសំងាត់។ ​ដោយ​គ្មាន​បង្អង់នាយក​សារព័ត៌មាន​ញូវយ៉កថែមស៍ បានចេញសេចក្តី​ថ្លែងការណ៍​​មួយ​ផ្ញើ​ជូន​ទៅ​គ្រប់​ភ្នាក់ងារ​សារព័ត៌មាន​អាមេរិក​ទាំ​ងអស់ ជា​ចម្លើយ​តប​នឹង​ទង្វើ​របស់​លោក​ប្រធានាធិបតី​វិញ។ នាយកកាសែត​ដ៏​ល្បីល្បាញ​របស់​អាមេរិក បាន​​​ព្រមាន​លោក ត្រាំ អំពី​គ្រោះ​ថ្នាក់នៃ​ការ​វាយប្រហារ​អ្នក​សារព័ត៌មាន​ជា​ទូទៅ ថា​អាចប៉ះពាល់​ដល់​វិជ្ជាជីវៈសារព័ត៌មាន​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ត្រាំ វាយប្រហារ​សារព័ត៌មាន​ជា​ថ្មី
លោក ត្រាំ វាយប្រហារ​សារព័ត៌មាន​ជា​ថ្មី REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ បាន​ទទួល​ជួប​នាយកសារព័ត៌មាន​ញូវយ៉ក​ថែមស៍​- កាសែត​ដ៏​ល្បីល្បាញរបស់​អាមេរិក កាលពី​ថ្ងៃទី ២០ កក្កដា ២០១៨ នៅ​សេតវិមាន។ ជា​ជំនួបស្ងាត់ៗ ដែលគ្មាន​ហេតុផល​អ្វី​ត្រូវ​ប្រកាស​ផ្សពវផ្សាយ​ជា​សាធារណៈ​ឡើយ​។ ប៉ុន្តែ​គឺ​រូប​លោក ដូណាល់ ត្រាំ ជា​អ្នក​បង្ហើប​និង​ទម្លាយ​ ដោយ​ផ្ទាល់មាត់លោក​ តាម​រយៈ​សារទ្វីត កិច្ចពិភាក្សា​អំពី​បញ្ហា​​ “កាសែតផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត” ​ជាមួយនាយក​សារព័ត៌មានញូវយ៉កថែមស៍។ នៅ​ក្នុង​សារ​ទ្វីត​ លោក​ត្រាំ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ក្រុម​អ្នក​សារព័ត៌មាន ​ជាថ្មី​ថា​លម្អៀង ផ្តល់​ព័ត៌មាន​មិនពិត ប៉ះពាល់​ដល់​​ជីវិត និង​ភូតភរដល់​ទៅ​៩០%​ជុំ​វិញ​ស្នាដៃការងារ​របស់​លោក។

ដោយ​ហេតុ​តែ​ឃើញ​សារ​របស់​លោក​ត្រាំ​ មួយ​ជម្លៀសបែប​នេះ​ហើយ ទើប​នាយក​ញូវយ៉កថែមស៍ សម្រេច​ចិត្ត​​​ចេញ​សេចក្តី​ថ្លែងការណ៍​ បក​ស្រាយ​វិញ​ភ្លាម។ តាមធម្មតា រាប់​គ្រប់​ជំនួប​ប្រជុំ​រវាង​អ្នក​ដឹកនាំ​សារព័ត៌មាន​ធំៗ​អាមេរិក​ជាមួយ​អ្នក​ទទួល​ត្រូវ​រដ្ឋាភិបាល ឬ​ប្រធានាធិបតី ដែល​តែង​កើត​មាន​ជា​ញឹកញយ ​ត្រូវ​រក្សា​ជា​ការ​សម្ងាត់។ តែ​លើក​នេះ​ បន្ថែម​ពី​លើ​សេចក្តីថ្លែងការណ៍​ លោក​នាយក​កាសែត បាន​សម្រេច​ឆ្លើយ​តប​ជា​សាធារណៈ តបតាម​សារ​ទ្វីត​របស់​លោក​ត្រាំ​ទៀត ដោយ​បញ្ជាក់​ថា លោក​បាន​ព្រមព្រៀង​ជួប​ជាមួយ​ប្រធានាធិបតី ក្រោម​ការ​អញ្ជើញ​របស់​លោក​ត្រាំ និង​ដើម្បី​បង្ហាញអំពី​ក្តី​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​ជំហរ​ងប់​ប្រឆាំង​នឹង​អ្នក​សារព័តមាន​របស់​ប្រធានាធិបតី។ សំដី​លោកត្រាំ​ចំពោះអ្នកកាសែត មិនត្រឹម​តែង​បង្ក​ភាព​ប្រេះឆាទេ តែ​មាន​លក្ខណៈ​កាន់​តែ​គ្រោះថ្នាក់ឡើងៗ។ ​ ​

ញូវយ៉កថែម​ប្រឆាំង​នឹង​ទស្សនៈ “សារព័ត៌មាន​ ជាសត្រូវរបស់ពលរដ្ឋ”

នៅ​ក្នុង​ជំនួប​ជា​មួយ​លោក​ដូណាល់ត្រាំ លោកនាយក​ញូវយ៉កថែមស៍​បានរិះគន់ ដោយ​ចំពោះ​តែ​ម្តង រឿង​លោក​ប្រធានាធិបតី​អាមេរិក​ប្រើ​ពាក្យសម្តី​វាយប្រហារ​លើ​អ្នក​កាសែត​ជាទូទៅ បែប​ម៉ៅ​សរុប ដោយសង្កត់ធ្ងន់ជាពិសេស​ថា ការវាយប្រហារ​ជារួមបែបនេះ​ គឺ​ជា​គ្រោះថ្នាក់​ដ៏ធំមួយ​ដល់​វិជ្ជាជីវៈសារព័ត៌មាន ​ដែល​ជា​មូលដ្ឋាន​ដ៏សំខាន់​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ។

សម្រាប់​ញូវយ៉កថែមស៍ ការ​វាយប្រហារ​ដោយ​ប្រើ​ពាក្យ​ “ព័ត៌មាន​មិនពិត” មិន​ត្រឹម​តែ​ខុស និង​ជា​ការ​បំផ្លាញកាសែត​ទេ តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​​ និង​ដែល​លោកសូម​​ធ្វើ​ការ​បរិហារ​ខ្លាំងនោះ គឺអត្ថន័យធៀប​​នៃពាក្យ​​Fake News របស់​លោក​ត្រាំ ដែលសំដៅ​ថា​ ​អ្នក​កាសែតថា​ជា​ “សត្រូវ​របស់​ពលរដ្ឋ”។ ឃ្លា​បែប​នេះ ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​សហរដ្ឋ​អាមេរិក ផង និង​សម្រាប់​បណ្តា​ប្រទេស​ក្រៅ​ផ្សេ​ងទៀត ដែលគេ​អាច​ឆ្លៀត​ ប្រើ​គំរូ​របស់​លោក​ត្រាំ ជា​លេស​សម្រាប់​បង្ក្រាប​អ្នក​សារព័ត៌មាន។ នេះ​ជា​អ្វីដែល​គេ​អាច​សង្ខេប​អំពី​ខ្លឹមសារ​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​នាយក​សារព័ត៌មាន​ញូវយ៉កថែមស៍។

ក្នុង​វ័យ​ ៣៧​ឆ្នាំ ទើប​ឡើង​គ្រប់គ្រង​កាសែតបន្ត​ពី​ឪពុក នៅ​ដើម​ឆ្នាំ​២០១៨ លោកនាយក​កាសែត​ញូវយ៉កថែមស៍ ​Sulzberger បាន​អំពាវនាវ​ឱ្យ​លោក​ដូណាល់ ត្រាំ បញ្ឈប់​ការ​វាយប្រហារ​លើ​សារព័ត៌មាន​ ដែល​ជា​អំណាច​ទី​បួន​របស់​អាមេរិក​ ក្រោម​លេស​ Fake Newsទៅតែ​បាន​រំលឹក​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ប្រធានាធិបតី ពិត​ជា​មាន​សិទ្ធិ​ និង​អំណាច​យ៉ាង​ពេញ​លេញ​ ដូច​ប្រធានាធិបតី​មុនៗ ក្នុង​​ការ​រិះគន់របៀប​បញ្ចេញ​សកម្មភាព​របស់​សារព័ត៌មាន បន្ទោស-​រិះគន់​ឱ្យ​ចំៗ​ឈ្មោះ ចំចំណុច កុំ​ម៉ៅ​សរុប​ឱ្យ​សោះ។

សង្គ្រាមប្រឆាំង​សារព័ត៌មាន

លោកត្រាំ ត្រូវ​ការ​អ្នក​សារព័ត៌មាន តែ​មិន​ចូល​ចិត្ត​អ្នក​សារព័ត៌មាន​ទេ។ ហើយ​នេះក៏​មិនមែន​ជាលើកទីមួយ​ដែរ ដែល​លោកត្រាំ​មាន​បញ្ហា​ជាមួយ​អ្នក​សារព័តមាន​នោះ។ ​តាំង​ពី​ឡើងកាន់​អំណាច​មក លោក​ធ្វើ​សង្គ្រាម​សឹង​តែ​គ្រប់​ជាមួយ​សារព័ត៌មាន​ទាំង​អស់​ណឹង លើកលែង​តែ​សារព័ត៌មាន​Fox New​ មួយ​ចេញ​។ ញូវយ៉កថែមស៍ វ៉ាស៊ីនតោនប៉ុស្តិ៍ និង​CNN ស្ថិត​ក្នុង​ចំណោម​សារព័ត៌មានធំៗ​​មួយ​ដែលរង​ការ​វាយប្រហារញឹកញយនិងខ្លាំង​ជាង​គេ ​ពី​លោក ត្រាំ។

បើតាម​សម្រង់​របស់​ញូវយ៉កថែមស៍ លោក ត្រាំ បានធ្វើ​វាយប្រហារលើបុគ្គលនិង​ស្ថាប័ន​សារព័ត៌មាន​ប្រមាណ​ជិត ៥០០​នាក់ និងអង្គភាព។ ពុករលួយ លម្អៀង អាក្រក់ ព័ត៌មាន​មិនច្បាស់លាស់ អ្នកកាសែត​អសមត្ថភាព​ សរសេរគ្មានប្រភពត្រឹម​ត្រូវ ភូត ... ទាំង​នេះ​សុទ្ធ​សឹង​ជា​ពាក្យដែល​លោកត្រាំ​ចុះ​បញ្ជី​កាសែត​។ ទង្វើ​និង​កាយវិការ​​លោក​ប្រធានាធិបតីចំពោះ​​អ្នក​សារព័ត៌មាន​​ បាន​បង្ក​បង្កើត​ជា​រឿង​អាស្រូវ​ជា​បន្តបន្ទាប់។ រឿង​អាស្រូវ​ចុងក្រោយ ទើប​កើត​កាលពីសប្តាហ៍​មុន គឺ​ ការ​បដិសេធ​របស់​លោកត្រាំ​ មិន​ឱ្យ​អ្នក​កាសែត​របស់​ស៊ីអិនអិន ចូល​រួម​ក្នុង​សន្និសីទកាសែត​នៅ សេតវិមាន។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​សារព័ត៌មាន​Fox New ដែល​ធ្លាប់​តែ​គាំទ្រ​លោកត្រាំ​រហូត​មក​ ក៏ងាក​មក​សម្តែង​នឹង​សាមគ្គីភាព​ជាមួយ​ស៊ីអិនអិនដែរ។

ជំហរ​ប្រឆាំងអ្នក​សារព័ត៌មានរបស់​លោក ត្រាំ បានបង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ជំរុញ​ឱ្យ​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន​ បើក​បេសកកម្ម​អង្កេតមិន​ធ្លាប់​មាន​មួយ ស្តីអំពី​សេរីភាពសារព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិកផង កាលពី​ប៉ុន្មាន​ខែ​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ