rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ដូណាល់ត្រាំ ប្រេងកាត អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហេតុអ្វី បានជា​លោកដូណាល់ ត្រាំ​ចង់​ឲ្យ អារ៉ាប៊ី សាអូឌីត​ផលិតប្រេង​បន្ថែម?

media
កន្លែងស្តុកប្រេង​នៅ​រោងចក្រ​ចម្រាញ់ប្រេង​របស់​អារ៉ាប៊ី សាអូឌីត កាលពីខែ​ឧសភា ២០១៨ ©REUTERS/Ahmed Jadallah/File Photo

ស្តេចសាលម៉ាន់ ព្រះចៅ​អារ៉ាប៊ី សាអូឌីត​បាន​យល់ព្រម​បង្កើន​ការផលិត​ប្រេង​បន្ថែម​ទៀត ទៅតាម​ការចង់បាន​របស់​ក្រុង​វ៉ាស៊ីនតោន។ នេះបើតាម​សារ​Twitter កាលពី​ថ្ងៃ​សៅរ៍ របស់​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ដែល​បាន​សរសេរ​ថា ដោយសារ​តែ​ចលាចល និង​វិបត្ត​នយោបាយ​នៅ​ប្រទេស​ផលិត​ប្រេង ដូចជា​អ៊ីរ៉ង់ ហើយ​និង​វ៉េណេស៊ុយអេឡា លោក​បាន​សុំ​ឲ្យ​អារ៉ាប៊ី សាអូឌីត​បង្កើន​ការផលិតប្រេង​ ២លាន​ធុង បន្ថែមទៀត ក្នុង​មួយ​ថ្ងៃ ដើម្បី ផ្គត់ផ្គង់​ទីផ្សារ​ប្រេង។ ​តាម​សារ​Twitter របស់​លោកដូណាល់ ត្រាំ សំណូមពរ​របស់លោក ត្រូវ​បាន​ព្រះចៅសាល់ម៉ាន​យល់ព្រម​ទទួល​យក។


សេចក្តីថ្លែងការណ៍ របស់​សេតវិមាននៅថ្ងៃ​សៅរ៍ ​បាន​លើក​ឡើង ​ថា ព្រះចៅ សាល់ម៉ាន បាន​ប្រាប់​លោកដូណាល់ ត្រាំ អារ៉ាប៊ី សាអូឌីត អាច​បង្កើន​ការផលិតប្រេង​២លាន​បារីល បន្ថែមទៀត បើសិន​ចាំបាច់។ នៅ​អារ៉ាប៊ីសាអូឌីត ឯណោះវិញ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ដែល​កាសែត​ក្នុង​ស្រុក​បាន​ចុះផ្សាយ​នៅថ្ងៃ​អាទិត្យនេះ បាន​បញ្ជាក់ថា នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ មេដឹកនាំ​ទាំងពីរ បាន​យល់ស្រប​គ្នា ថា ត្រូវ​រក្សា​លំនឹងទីផ្សារប្រេង​អន្តរជាតិ ប៉ុន្តែ មិន​បាន​សង្កត់ធ្ងន់​ពី​បរិមាណ​ប្រេង​ដែល​អារ៉ាប៊ី សាអូឌីត​ត្រូវ​ផលិតនោះទេ។

ទៅតាម​កិច្ចព្រមព្រៀង របស់​ក្រុមប្រទេស​នាំ​ចេញ​ប្រេង OPEC កាលពី​ថ្ងៃទីសុក្រ​សប្តាហ៍ មុន អារ៉ាប៊ី សាអូឌីត បាន​សម្រេច​ថា នឹង​បង្កើន ផលិតប្រេង ១លាន​បារីល​បន្ថែមទៀត ពោល​គឺ​ឲ្យ​ដល់ចំនួន ១១​លានបារីល ក្នុង​មួយថ្ងៃ នៅ​ខែ​កក្កដានេះ។ នេះជាចំនួន​ដ៏ច្រើន មិនធ្លាប់មាន នៅក្នុង​ប្រវត្តិបូមប្រេង​របស់​អារ៉ាប៊ី សាអូឌីត។

នៅក្នុង​សារTwitter របស់ខ្លួន នៅថ្ងៃ​សៅរ៍ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​សរសេរ​ថា លោក​បាន​សុំ​ឲ្យ​អារ៉ាប៊ី សាអូឌីត បង្កើន​ការបូមប្រេង​ គឺ​អាច​២លាន​បារីល ក្នុង​មួយថ្ងៃ​បន្ថែមទៀត និង​ថា ប្រេង​សព្វថ្ងៃនេះ ថ្លៃ​ខ្លាំងណាស់។ នៅ​ថ្ងៃសុក្រ តម្លៃប្រេងឆៅ​មួយបារីល​ថ្លៃ ៧៩ដុល្លារ។

ដោយ​ជំរុញ ឲ្យ​ក្រុមប្រទេស​ផលិតប្រេង​ដូចជា​អារ៉ាប៊ី សាអូឌីត បង្កើនការផលិតប្រេង លោកដូណាល់ ត្រាំ ចង់​សម្រេច​មហិច្ឆតា​ពីរ​របស់ខ្លួន។ ទី១ គឺ​ដើម្បី ចង់​យកចិត្ត​ប្រជាជន ដែល​បាន​រអ៊ូ​ពីរឿងប្រេងឡើងថ្លៃ នៅមុន​ការបោះឆ្នោត​សភាអាមេរិក។ ទី២ ទៀត ការជំរុញ​ឲ្យ​មហាសេដ្ឋីប្រេង ​អារ៉ាប៊ី សាអូឌីត​បង្កើន​ការផលិត​ប្រេង បន្ថែម ធ្វើឡើង នៅក្នុង​យុទ្ធសាស្រ្ត​របស់​លោកដូណាល់ ត្រាំ ដែល​ចង់​បិទខ្ទប់ មិន​ឲ្យ​មាន​ប្រេង​អ៊ីរ៉ង់ ដាក់លក់​នៅទីផ្សារ។

នៅក្រោយ​លោកដូណាល់ ត្រាំ​ប្រកាស​ដក​អាមេរិក ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រដ្ឋបាល​លោកដូណាល់ ត្រាំ​បាន​បង្កើន​យុទ្ធនាការ​ដើរ​បញ្ចុះបញ្ចូល​ប្រទេស​ដទៃ​ទៀត​ដូចជា​ចិន ឥណ្ឌា ឬ​ជប៉ុន​ជាដើម ឲ្យផ្អាកព្យួរ ការទិញប្រេង​ពីអ៊ីរ៉ង់  បើសិន​មិនចង់​ជាប់ទណ្ឌកម្ម​របស់​អាមេរិក។ ចាប់ពី​ខែ​វិច្ឆិកា​ចុងឆ្នាំនេះ អាមេរិក​នឹង​ត្រលប់​មក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច សាជាថ្មីវិញ ​លើ​ផ្នែកថាមពល​របស់​អ៊ីរ៉ង់ ដើម្បី ជំរុញ​ឲ្យ​អ៊ីរ៉ង់ ទន់ជំហរ សុខចិត្ត ត្រលប់​មក​ចរចា សើរើ កិច្ចព្រមព្រៀង ដែល​លោកដូណាល់ ត្រាំ ចាត់ទុកថា មាន​លក្ខណៈ ធូរ​រលុង និង​នៅតែ​បើក​ឱកាស​ឲ្យ​អ៊ីរ៉ង់ អាចមាន​កសាង​សមត្ថភាព​ផលិតអាវុធ​នុយក្លេអ៊ែរ៕