អានតួអត្ថបទ
អាមេរិក

អាមេរិក៖​តើ​ជន​ដែល​បាន​បាញ់ប្រហារ​នៅ​ក្នុង​ការិយាល័យកាសែត Capital Gazette ជា​នរណា​?

នៅ​សហរដ្ឋអាមេរិក ព្រឹត្តិការណ៍​បាញ់​ប្រហារ​មួយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីស្នាក់ការ​កាសែត Capital Gazette ស្ថិត​ក្នុង​ទីក្រុង Annapolis នៃ​រដ្ឋ Maryland នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ មិថុនា។ ឧប្បត្តិហេតុ​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥នាក់ និង​របួសស្រាល ២នាក់។ ចំណែក​ជនសង្ស័យ​ដៃដល់​ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​រង​ការ​សួរចម្លើយ​ពី​ប៉ូលិស។

នៅ​អាមេរិក ​តើ​ជន​ដែល​បាន​បាញ់ប្រហារ​នៅ​ក្នុង​ការិយាល័យកាសែត Capital Gazette ជា​នរណា​?
នៅ​អាមេរិក ​តើ​ជន​ដែល​បាន​បាញ់ប្រហារ​នៅ​ក្នុង​ការិយាល័យកាសែត Capital Gazette ជា​នរណា​? REUTERS/Greg Savoy
ផ្សាយពាណិជ្ជកម្ម

តាម​លោក Baltimore Sun ដែល​ជា​ម្ចាស់​កាសែត Capital Gazette ព្រឹត្តិការណ៍​បាញ់​ប្រហារ​បាន​កើត​មាន​នៅ​ថ្ងៃ​រសៀល​ម៉ោង ២ និង ៤០នាទី​ម៉ោង​ក្នុង​រដ្ឋ Maryland។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៥នាក់ មាន ៤នាក់​ជា​អ្នកកាសែត និង​ជំនួយការ​ម្នាក់។ ចំណែក​ជនខ្មាន់កាំភ្លើង​ត្រូវ​បាន​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ​ជា​អាមេរិកាំង​ស្បែក ស រស់​ក្នុង​រដ្ឋ Maryland ឈ្មោះ Jarrod Ramos មាន​អាយុ ៣៩ឆ្នាំ។ តែ​នៅ​ក្នុង​ការ​សួរ​ចម្លើយ​របស់​ប៉ូលិស ជនដៃដល់​រូប​នេះ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ទង្វើ​របស់​ខ្លួន​ទេ ហើយ​ក៏​មិន​សូវ​ជា​សហការណ៍​ជាមួយ​ប៉ូលិស​ប៉ុន្មាន​ដែរ។

តាម​ទូរទស្សន៍ CBS News ជន Ramos ធ្លាប់​បាន​ប្តឹង​កាសែត Capital Gazette ទៅ​តុលាការ​ក្នុង​ឆ្នាំ ២០១២ ក្នុង​បទ​បរិហារកេរ្តិ៍។ កាល​ណោះ កាសែត Capital Gazette បាន​សរសេរ​អត្ថបទ​មួយ​លើ​ជន Ramos ក្រោយ​ពី​តុលាការ​បាន​កាត់ទោស​ជន Ramos ពី​បទ​ចែចង់​លើ​នារីម្នាក់​ដែល​ជា​អតីត​មិត្តរួមថ្នាក់។ ជន Ramos បាន​ចាញ់ក្តី​នៅ​តុលាការ ហើយ​រឿងក្តី​​មួយ​នេះ​ក៏​ត្រូវ​បាន​បិទចោល​ត្រឹម​នេះ។ តែ​សម្រាប់​ជន Ramos រឿងរ៉ាវ​ដែល​ត្រូវ​បាន​កាសែត Capital Gazette យក​ទៅ​សរសេរ និង​ត្រូវ​បាន​ចែកចាយ​ផុសផុល​ក្នុង​បណ្តាញ​សង្គម Facebook បាន​ធ្វើ​ឲ្យ​ខ្លួន​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។

តើ​ទង្វើ​របស់​ជន Ramos ជា​ការ​សងសឹក​លើ​កាសែត Capital Gazette ឬ​យ៉ាង​ណា​នោះ ប៉ូលិស​កំពុង​បន្ត​សួរ​ចម្លើយ​ជន Ramos ហើយ​ក្រុម​អ្នកស៊ើបអង្កេត​ក៏​កំពុង​បន្ត​ការងារ​ស្រាវជ្រាវ​របស់​ខ្លួន។ គេ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​លោក​ដូណាល់ ត្រាំ​នៅ​ឡើយ​ទេ តែ​សេតវិមាន​បាន​បញ្ជាក់​ថា លោក​ត្រាំ​បាន​ទទួល​ជ្រាប​រឿង​នេះ​ហើយ។ ចំណែក​អ្នកនាំពាក្យ​ប្រធានាធិបនតី​លោកស្រី Sarah Sanders បាន​បរិហារ និង​ថ្កោលទោស​លើ​ការ​វាយប្រហារ​ប្រឆាំង​អ្នកកាសែត​ស្លូតត្រង់។ « ការ​វាយប្រហារ​ហិង្សា​ប្រឆាំង​អ្នកកាសែត​ស្លូតត្រង់​ដែល​កំពុង​បំពេញ​អាជីព​របស់​ខ្លួន​ជា​ការ​វាយប្រហារ​ប្រឆាំង​លើ​ពលរដ្ឋអាមេរិកាំង​ទាំង​អស់ » នេះ​ជា​ឃ្លា​របស់​លោកស្រី Sander នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោកស្រី។

គួរ​រម្លឹក​ជូន​ថា​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ការ​បាញ់ប្រហារ​ច្រើន​កើត​មាន​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋ Floride ឬុ​ថ្មីៗ​កន្លង​ទៅ​ក្នុង​រដ្ឋ Texas។ តែ​ការ​បាញ់ប្រហារ​នៅ​ក្នុង​ទីស្នាក់ការ​កាសែត​ដូច​នៅ​កាសែត Capital Gazette ពេល​នេះ​ជា​រឿង​ដែល​កម្រ​កើត​មាន​ឡើង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ