rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ប៉ាឡេស្ទីន អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​សួរ​ខ្លួនឯង​ពី​ឆន្ទៈ និង​សមត្ថភាព​របស់​លោក​អាបាស់​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ជាមួយ​អ៊ីស្រាអែល

media
ជំនួប​រវាង​លោក Kushner (រូបកណ្តាល) និង​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី (រូបស្តាំ)​ AFP

លោក Jared Kushner ទីប្រឹក្សា និង​ជា​កូនប្រសា​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​កាសែត​ប៉ាឡេស្ទីន​ឈ្មោះ Al-Qods នា​ថ្ងៃ​អាទិត្យ ទី២៤ មិថុនា ទីប្រឹក្សា​របស់​លោក​ត្រាំ​ទទួល​បន្ទុក​សំណុំរឿង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រូប​នេះ​បាន​ចោទ​សួរ​ខ្លួន​ឯង​ពី​លទ្ធភាព និង​សមត្ថភាព​របស់​លោក​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល។


« ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​អាបាស់​បាន​និយាយ​ថា គាត់​បាន​ប្តេជ្ញាចិត្ត​ដើម្បី​សន្តិភាព ហើយ​ខ្ញុំ​គ្មាន​ហេតុផល​អ្វី​ដែល​មិន​ត្រូវ​ជឿ​គាត់​នោះ​ទេ តែ​ខ្ញុំ​បាន​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​លោក​អាបាស់​មាន​សមត្ថភាព​កម្រិត​ណា និង​មាន​ឆន្ទៈ​អ្វី​ខ្លះ​ដើម្បី​អាច​​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ » នេះ​ជា​ថ្លែង​របស់​លោក Kushner នៅ​ក្នុង​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ​ឲ្យ​កាសែត​ប៉ាឡេស្ទីន Al-Qods។ ទន្ទឹម​គ្នា​នេះ ទីប្រឹក្សា និង​ជា​កូនប្រសា​របស់​លោក​ដូណាល់ ត្រាំ​រូប​នេះ​ដដែល​ក៏​មិន​ភ្លេច​បញ្ជាក់​ជា​ថ្មី​ពី​ឆន្ទៈ​របស់​អាមេរិក​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ដំណើរការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដោយ​មាន ឬ​គ្មានប៉ាឡេស្ទីន។

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​បាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​ក្នុង​ខែ​មករា ឆ្នាំ ២០១៧ លោក​ដូណាល់ ត្រាំ​បាន​តែងតាំង​កូនប្រសា​លោក Kushner ជា​ទីប្រឹក្សា​ទទួល​បន្ទុក​រៀបចំ​ផែនការ​មួយ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តាំង​ពី​ថ្ងៃទី១៩ មិថុនា លោក Kushner បាន​បន្ត​ជួប​ថ្នាក់ដឹកនាំ​នានា​នៅ​ក្នុង​តំបន់​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ស្ងាត់ៗ​ដោយ​មាន​ការ​អមដំណើរ​ជាមួយ​របស់​លោក Jacson Greenblatt ប្រេសិតពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​សំណុំរឿង​មជ្ឈិមបូព៌ា។

ទោះ​ជា​យ៉ាង​ណា​ក្តី គ្មាន​ជំនួប​ណា​មួយ​ត្រូវ​បាន​គ្រោង​ទុក​រវាង​ភាគី​អាមេរិក និង​ប៉ាឡេស្ទីន​ទេ ហើយ​ទំនាក់ទំនង​រវាង​រដ្ឋអំណាច​ប៉ាឡេស្ទីន និង​ទីក្រុង​វ៉ាស៊ីនតោន​ក៏​ត្រូវ​បាន​ព្យួរ​តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិម​ជា​ទីក្រុង​របស់​ប្រទេស​អ៊ីស្រាអែល​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧។ តាម​លោក Kushner ផែនការ​របស់​អាមេរិក​បាន​ត្រៀម​ជិត​រួចរាល់ និង​អាច​បង្ហាញ​ចេញ​នា​ពេល​ខាង​មុខ​ដោយ​មិន​ចាំ​បាច់​មាន​ការ​យល់ព្រម​ពី​ភាគី​ប៉ាឡេស្ទីន​ទេ។ តែ​ខ្លឹមសារ​លំអិត​យ៉ាង​ណា​នៅ​ក្នុង​ផែនការ​នោះ​មិន​ត្រូវ​បាន​លោក Kushner ទម្លាយ​ឲ្យ​ដឹង​ឡើយ។

ប្រតិកម្ម​ពី​ប៉ាឡេស្ទីន លោក Saëb Erakat អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​ប៉ាឡេស្ទីន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​ចាត់​ទុក​កូនប្រសា​លោក​ត្រាំ​ជា​អ្នកតំណាង​ឲ្យ​នយោបាយ​បង្ខិតបង្ខំ​ជាជាង​នយោបាយ​ចរចា។ តាម​លោក Erakat ផែនការ​អាមេរិក​កំពុង​ពង្រឹង និង​គាំទ្រ​អាណានិគម​អ៊ីស្រាអែល​លើ​ទឹកដី​ប៉ាឡេស្ទីន និង​ជីវិត​ប្រជាជន​ប៉ាឡេស្ទីន។ តាម​លោក Erakat ប៉ាឡេស្ទីន និង​សិទ្ធិ​របស់​ប្រជាជន​ប៉ាឡេស្ទីន​មិនមែន​ជា​ទំនិញ​សម្រាប់​លក់ដូរ​ទេ៕