អានតួអត្ថបទ
នីការ៉ាហ្កា

នីការ៉ាហ្កា៖​បាតុកម្ម​ទម្លាក់​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ជា​ប្តី ប្រពន្ធ​កំពុង​បន្ត​យ៉ាង​ហិង្សា

នៅ​ក្នុង​ប្រទេស​នីការ៉ាហ្កា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៨នាក់ ក្នុង​នោះ​មាន​ក្មេង​អាយុ ១៥ឆ្នាំ​ម្នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ពី​កម្លាំង​សន្តិសុខ​លើ​ហ្វូង​បាតុករ។ បាតុករ​ដែល​កំពុង​បន្ត​ក្បួនបាតុកម្ម​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ដាញែល អតេហ្កា និង​អនុប្រធានាធិបតី​ដែល​ជា​ភរិយា​លោកស្រី​រ៉ូសារីយ៉ូ មូរីយ៉ូ​ចុះ​ចេញ​ពី​តំណែង។ សូម​ជម្រាប​ជូន​ថា ក្បួនបាតុកម្ម​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី ១៨ មេសា និង​មក​ទល់​ថ្ងៃ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២០០នាក់។

នៅ​នីការ៉ាហ្កា ​បាតុកម្ម​ទម្លាក់​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ជា​ប្តី ប្រពន្ធ​កំពុង​បន្ត​យ៉ាង​ហិង្សា
នៅ​នីការ៉ាហ្កា ​បាតុកម្ម​ទម្លាក់​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ជា​ប្តី ប្រពន្ធ​កំពុង​បន្ត​យ៉ាង​ហិង្សា INTI OCON / AFP
ផ្សាយពាណិជ្ជកម្ម

ឧប្បវហេតុ​ហិង្សា​ចុង​ក្រោយ​នេះ​បាន​កើត​មាន​នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍​ទី២៤ មិថុនា។ កម្លាំង​សន្តិសុខ និង​កម្លាំង​ស្វ័យត្រាន​បាន​បើក​ការ​វាយប្រហារ​រយៈពេល ៨ម៉ោង​លើ​ហ្វូង​បាតុករ​ក្នុង​សង្កាត់​ចំនួន ៦ ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​ម៉ាណាហ្កា និង​លើ​ហ្វូង​បាតុករ​សិស្ស និស្សិត​ដែល​បាន​ចូល​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​ស្ថិត​ប៉ែក​និរតី។ សាក្សី​ជា​យុវជន​ម្នាក់​រុំ​មុខ​ដោយ​កន្សែង​បាន​អះអាង​ពី​ឆាក​វាយប្រហារ​ដែល​មិន​ស្មើភាព ព្រោះ​កម្លាំង​សន្តិសុខ និង​កម្លាំង​ស្វ័យត្រាន​បាន​បាញ់​ដើម្បី​សម្លាប់​មនុស្ស​ដៃ​ទទេ។ តាម​សាក្សី​រូប​នេះ​ដដែល កម្លាំង​សន្តិសុខ និង​កម្លាំង​ស្វ័យត្រាន​កំពុង​សម្លាប់​រង្គាល​លើ​ប្រជាជន និង​ក្រុម​យុវវ័យ។

តែ​ប៉ូលិស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ប្រតិបត្តិការ​របស់​ខ្លួន​ជា​ការ​បោស​សំអាត​ជនល្មើស​ដែល​កំពុង​សោយរាជ្យ​នៅ​ក្នុង​សង្កាត់​ទាំង​នោះ និង​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​មនុស្ស​លើ​ក្រុម​ជនល្មើស។ ចំណែក​សន្និសីទ​គ្រឹស្តសាសនា​នីការ៉ាហ្កា​ដែល​បាន​អំពាវនាវ​តាំង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​ដំបូង​ឲ្យ​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​បន្ត​កិច្ចសន្ទនា​រវាង​គ្នា​បាន​បញ្ជូន​គណៈប្រតិភូ​ចំនួន ៤នាក់​របស់​ខ្លួន​ឲ្យ​ទៅ​វាយតម្លៃ​ស្ថានការណ៍។ « តាំង​នាម​ឲ្យ​ព្រះ​ជា​ម្ចាស់ យើង​ស្នើ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ បញ្ឈប់​អំពើហិង្សា និង​បញ្ឈប់​ការ​សម្លាប់ » នេះ​ជា​ការ​ថ្លែង​របស់​សង្ឃកាតូលិក​រ៉ាអ៊ូល ហ្សាម៉ូរ៉ា។

ដោយឡែក វិហារ​គ្រឹស្តសាសនា​បាន​អំពាវនាវ​លោក​ប្រធានាធិបតី​អតេហ្កា​ឲ្យ​រៀបចំ​ការ​បោះឆ្នោតជាតិ​មុន​អាណត្តិ​នៅ​ខែ​មីនា ឆ្នាំ ២០១៩ ពោល​មិន​បាច់​រង់ចាំ​ដល់​ដំណាច់​ឆ្នាំ ២០២១ ទេ។ តែ​មក​ដល់​ពេល​នេះ លោក​អតេហ្កា​បាន​បន្ត​បិទមាត់​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់។ សូម​ជម្រាប​ជូន​ថា​មាន​អាយុ ៧២ឆ្នាំ លោក​អតេហ្កា​ដែល​ជា​អតីត​ឧទ្ទាម​បាន​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​នីការ៉ាហ្កា​តាំង​ពី​ឆ្នាំ ២០០៧។ គឺ​ជា​កៅអី​ដែល​លោក​អតេហ្កា​ធ្លាប់​បាន​អង្គុយ​ម្តង​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ