rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ដោយ ឈាង បុប្ផា

ក្រុមប្រទេស​ផលិត​ប្រេងធំៗ​នៅក្នុង​ពិភពលោក ជួបប្រជុំគ្នា​ នៅថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ ប្រធានបទ​សំខាន់​ដែល​ប្រទេស​ផលិតប្រេង​ទាំង​២៤ ត្រូវ​ជជែកគ្នា ការសំណើ​ចង់​បង្កើន​ការផលិត​ប្រេង​បន្ថែម។ នៅ​មុន​កិច្ចប្រជុំ​របស់អង្គការ​ប្រទេស​ផលិតប្រេង OPEC ហើយ​និង​ប្រទេស​មិនមែន​សមាជិក​របស់​OPEC ទៅទៀត រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជាប្រទេស​បូមប្រេង​ច្រើន​ជាងគេ​ក្នុង​លោក បាន​ព្រមព្រៀងគ្នា​រួចហើយ ចង់​ឲ្យ​មាន​ការបង្កើន​ការផលិត ប៉ុន្តែ អ៊ីរ៉ង់វិញ​បានបដិសេធម​មិន​ចង់​ឲ្យ​បង្កើន​ការផលិតប្រេង។ តើ​ក្រុមប្រេទេស​ផលិតប្រេង​អាច​រកឃើញ​កិច្ចព្រមព្រៀង​ដើម្បី​បង្កើន​បរិមាណ​ផលិតប្រេង​ដែរឬទេ?

រដ្ឋមន្រ្តី​របស់​ក្រុមប្រទេស​ផលិតប្រេង OPEC ហើយ​និង​ប្រទេសដៃគូ ដែល​រួម​មាន​២៤​ប្រទេស បាន​បើកការប្រជុំ​នៅថ្ងៃ​នេះ និង​ថ្ងៃ​សៅរ៍​ស្អែក ដើម្បីជជែក​ពី​គម្រោង​ចង់​បង្កើន​ការផលិត​ប្រេង នៅ​ទូទាំង​ពិភពលោក។ នៅ​ចុងឆ្នាំ ២០១៦ ដើម្បី ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ ឡើង​ថ្លៃវិញ ប្រទេស​ផលិតប្រេង ទាំង ២៤ បាន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កាត់បន្ថយ​ការបូមប្រេង ប្រមាណ ១លាន​បារីល ពោល​គឺ​គេ​បាន​យល់ព្រមព្រៀង​គ្នា​ផលិតប្រេង​ប្រមាណ ៣២​លាន​បារីល ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​ស្រោចស្រង់​តម្លៃ​ប្រេង ដែល​ធ្លាក់​ចុះ​ខ្លាំង ក្នុងទីផ្សារ​ប្រេង រហូត ដល់ ៣០ដុល្លារ ក្នុងមួយបារីល នៅ​ឆ្នាំ ២០១៦ ឲ្យ​កើនឡើង​ដល់​៧៨ដុល្លារវិញ នៅថ្ងៃ​បើកប្រជុំ​របស់​OPEC។

ប៉ុន្តែ សម្រាប់​អារ៉ាប៊ី សាអូឌីត ដែល​ជា​ប្រទេស​នាំចេញប្រេង​ធំជាងគេ​ក្នុង​លោក អង្គការ​ OPEC និង​ក្រុមប្រទេស​ផលិតប្រេង​ផ្សេងទៀត ត្រូវ​សើរើ​កិច្ចព្រមព្រៀង​ឡើងវិញ ដើម្បី​ឆ្លើយតប​នឹងតម្រូវការ​ប្រេង​ក្នុង​ទីផ្សារ។ តាម​កិច្ចព្រមព្រៀង ឆ្នាំ ២០១៦ ក្រុមប្រទេស​ផលិតប្រេង ត្រូវកាត់បន្ថយ​ការបូមប្រេង រហូត​ដល់​ចុងឆ្នាំ ២០១៨ ដើម្បី​ស្រោចស្រង់ តម្លៃប្រេង​ឆៅ​ឡើងវិញ។

សូមអាន៖ តម្លៃ​ប្រេងឆៅ​កើនឡើង​ក្រោយពី ​OPEC ​ព្រមព្រៀង​កាត់បន្ថយ​បរិមាណ​បូមប្រេង

ប៉ុន្តែ អារ៉ាប៊ី សាអូឌីត ប្រទេស​នាំមុខ​គេ​របស់​ OPEC ហើយ​និង​រុស្ស៊ីដែល​មិនមែនជា​សមាជិក​របស់​ OPEC បាន​ទាមទារ​ឲ្យ​គេ​បង្កើន​បរិមាណ​ផលិតប្រេង ចាប់ពី​ខែ​កក្កដា ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ដល់​ដំណាច់ឆ្នាំនេះ តាមកិច្ចព្រមព្រៀង​ឆ្នាំ ២០១៦​នោះទេ។ ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​ផលិតប្រេង​ផ្សេងទៀត​ឲ្យ​យល់ព្រម បោះឆ្នោត គាំទ្រ កិច្ចព្រមព្រៀង​ថ្មី អារ៉ាប៊ី សាអូឌីត បាន​លើកឡើង​ពីការតវ៉ា​របស់​ប្រទេស​ទិញប្រេង ដែលមាន​ដូចជា​អាមេរិក ចិន និង​ឥណ្ឌា ដែលត្អូញ ពី​តម្លៃ​ប្រេងឡើងថ្លៃ ដោយសារ​តែ​នយោបាយ​កាត់បន្ថយ​ការផលិត​ប្រេង កន្លងមក​របស់​ប្រទេស​ OPEC។ អ្នកវិភាគ​មួយចំនួន បាន​វាយតម្លៃថា អារ៉ាប៊ី សាអូឌីត មិនចំណេញ ពី​នយោបាយ​បង្កើន​ការផលិតប្រេង នេះទេ ប៉ុន្តែ អារ៉ាប៊ី សាអូឌីត បាន​យល់ព្រម​ចង់​ឲ្យ​បង្កើន​ការផលិតប្រេង ឡើងវិញ ដើម្បី​ទម្លាក់​តម្លៃ​ប្រេងឆៅ ទៅតាម​ការដាក់​សម្ពាធ​របស់​អាមេរិក។ អាច​ថា អារ៉ាប៊ី សាអូឌីត ធ្វើដូច្នេះ ដើម្បី​សងគុណ​អាមេរិក​របស់លោកដូណាល់ ត្រាំ ដែល​បាន​បើក​ផ្លូវ​ឲ្យ​មានការដាក់ទណ្ឌកម្ម​សាជាថ្មី លើ​អ៊ីរ៉ង់ ដែល​ជាគូប្រជែង​របស់​អារ៉ាប៊ី សាអូឌីត ទាំងផ្នែក​ឥទ្ធិពល និង​សេដ្ឋកិច្ច​នៅក្នុង​តំបន់។

នៅ​មុនការជួបប្រជុំ របស់​OPEC លោកដូណាល់ ត្រាំ ធ្លាប់​បាន​រិះគន់ ក្រុមប្រទេស​ផលិតប្រេង OPEC​ថា ជាអ្នកធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ។ គេ​វាយតម្លៃថា លោកដូណាល់ ត្រាំ ស្រែក ទម្លាក់កំហុស លើ​ក្រុមប្រទេស​ផលិតប្រេង ដោយសារ​តែ​ហេតុផល​សន្លឹកឆ្នោត។ នៅ​អាមេរិក​ដែល​ជា​ប្រទេស​នាំចូល​ប្រេង​ច្រើន​បន្ទាប់ពី​ចិន ប្រជាជន​អាមេរិក រអ៊ូ​ពី​តម្លៃ​ប្រេងឡើងថ្លៃ នៅ​មុន​ពេល​បោះឆ្នោត​សភា អាមេរិក ដែល​ត្រូវ​ធ្វើ​នៅខែ​វិច្ឆិកា​ខាងមុខនេះ។

នៅចំណែក​ភាគី​រុស្ស៊ីវិញ ដែល​ជា​ប្រទេស​ផលិតប្រេង ធំទី ២​លើលោក បាន​ទាមទារ ឲ្យ​បង្កើន​ការផលិតប្រេង​ឡើងវិញ ដើម្បី​ឆ្លើយតប​នឹង​ការទាមទារ របស់​អ្នកភាគហ៊ុន រុស្ស៊ី។ អ្នកមាន​នៅ​រុស្ស៊ី ចង់ គេ​បង្កើន​ការរុករក ធ្វើអាជីវកម្ម ប្រេង បន្ថែមទៀត នៅ​រុស្ស៊ី ព្រោះ​ថា ធនធាន​ធម្មជាតិ​របស់​រុស្ស៊ី នៅ​មាន​ច្រើន ដែល​មិនទាន់​ធ្វើ​អាជីវកម្ម នៅឡើយ។

អ៊ីរ៉ង់ ដែល​ជាប់ទណ្ឌកម្ម​ជាថ្មី​របស់​អាមេរិក ប្រឆាំង​នឹង​និន្នាការ​បង្កើន​ការផលិតប្រេង

នៅមុន​ក្នុងកិច្ចប្រជុំ​ត្រៀម របស់​ OPEC នៅថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី​ថាមពល​អ៊ីរ៉ង់​បាន​បញ្ជាក់រួចហើយថា នឹង​គ្មាន​ការបង្កើន​ការបូមប្រេង​បន្ថែម ទៅ​តាម​ការចង់​បាន​របស់​អារ៉ាប៊ី សាអូឌីត​នោះ។

នៅក្នុង​កិច្ចព្រមព្រៀង​របស់​OPEC  នៅ​ចុងឆ្នាំ ២០១៦ នៅពេល​ក្រុម​ប្រទេស​ផលិត​ប្រេង​​សម្រេច​ថា ត្រូវ​កាត់បន្ថយ​ការបូមប្រេង ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ​កើនឡើង​វិញ នៅទីផ្សារ អ៊ីរ៉ង់ ជា​ប្រទេស​តែមួយ ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បន្ត បង្កើន​ការបូម​ប្រេង។ នយោបាយ​យោគយល់​ដល់​អ៊ីរ៉ង់ ធ្វើឡើង​នៅក្នុង​បរិបទ​ដែល​អ៊ីរ៉ង់ ទើប​បានចុះ​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ ដែល​បាន​ជួយ​ឲ្យ​អ៊ីរ៉ង់​រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ និង​ជា​ពិសេស​ពី​អាមេរិក។ នៅពេលនោះ អ៊ីរ៉ង់​បាន​ជំរុញ វិស័យបូម និងនាំ​ចេញប្រេង ដែល​ធ្លាប់​រាំងស្ទះ ដោយសារ​តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក។

ប៉ុន្តែ នៅក្នុង​បរិបទ​ថ្មី ពោល​គឺ អ៊ីរ៉ង់​ដែល​ត្រលប់​ទៅ​ជាប់​ស៊ង ជាថ្មី នៃ​ទណ្ឌកម្មម​សេដ្ឋកិច្ច​របស់​លោកដូណាល់ ត្រាំ អ៊ីរ៉ង់ នឹង​មិនអាច​ចំណេញ​បាន​ច្រើនដែរ ទោះជា​អ៊ីរ៉ង់ ត្រូវ​បង្កើន​ការផលិត​ប្រេង។ ដោយសារ​តែ​ខ្លាច​ជាប់​ទណ្ឌកម្ម​របស់​អាមេរិក គ្មាន​ប្រទេសណា ក្រុមហ៊ុន​ណា​ហ៊ានទិញប្រេង​អ៊ីរ៉ង់​នោះទេ។

នៅក្នុង​រឿង​បង្កើន ការផលិត​ប្រេង នេះ មិនមែន​មានតែ​អ៊ីរ៉ង់​ម្នាក់​ទេ ដែល​ប្រឆាំង​មិន​ចង់​ឲ្យ​គេ​បង្កើន​ការផលិតប្រេង​ឡើងវិញ ដែល​អាច​ជាដើមហេតុ ធ្វើ​ឲ្យតម្លៃប្រេង​ចុះថ្លៃនោះ។ អ៊ីរ៉ាក់ និង​វេណេស៊ុយអេឡា ដែល​ជាប្រទេស​ផលិត​ប្រេង​សំខាន់​មួយដែរ ក៏​ឈរ​នៅ​ខាង​អ៊ីរ៉ង់ ដែរ។ អ៊ីរ៉ាក់​កំពុង​មាន​សេដ្ឋកិច្ច​អូសជើង ដោយសារ​សង្រ្គាម ត្រូវការ​ចង់​ឲ្យ​ប្រេង​នៅមានតម្លៃ​ខ្ពស់។ ចំណែក​វេណេស៊ុយអេឡា ត្រូវ​បង្ខំចិត្ត កាត់បន្ថយ​ការផលិតប្រេង ដោយសារ​តែ​គ្មានអ្នកទិញ ដោយសារ​នយោបាយ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក។

ជារួមអ៊ីរ៉ង់ អ៊ីរ៉ាក់ ហើយ​និងវេណេស៊ុយអេឡា ដែល​មាន​អាច​បញ្ចេញប្រេង​ទៅលក់ ដោយ​មាន​កំណត់ នៅទីផ្សារអន្តរជាតិ ដោយសារ​តែ​ទណ្ឌកម្ម​របស់​អាមេរិក នឹង​ខាតបង់​ប្រាក់ចំណូល ច្រើន ដោយសារ​ប្រេង​អាច​ចុះថោក នៅពេល​ទីផ្សារប្រេង​មាន​តម្រូវការតិចជាងការផ្គត់ផ្គង់។ ដោយសារ​តែ​មិន​ចំណេញ គឺ​មាន​តែ​ការខាតបង់ ទើប​បាន​ជា​ប្រទេស​ទាំងបី មិនគាំទ្រ ចង់​ឲ្យ OPEC ​បង្កើន​ការផលិតប្រេង​ឡើងវិញ។

សូមអាន​៖ អាមេរិក៖​ហេតុអ្វី​បាន​ជា​តម្លៃ​ប្រេងឆៅ​ចាប់​ផ្តើម​ឡើង​ថ្លៃ?

តើក្រុមប្រទេស​ផលិតប្រេង អាច​រកបាន​កិច្ចព្រមព្រៀង ដើម្បី​បង្កើនប្រេងដែរឬទេ?

បើសិន​គ្មាន​ការបោះឆ្នោត​ជាឯកច្ឆន្ទ​ទេនោះ ក្រុម​ប្រទេស​ផលិតប្រេង នឹង​មិនអាច​ចេញ​កិច្ចព្រមព្រៀង​រួម​បានទេ។ យ៉ាងណាក៏ដោយ គេ​វាយតម្លៃថា ទោះជា​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត ជា​សត្រូវ​ដណ្តើមឥទ្ធិពល​គ្នា​នៅ​តំបន់​ដើមបូព៌ា ប៉ុន្តែ រឿងជំនួញ ត្រូវ​បាន​ប្រទេស​ទាំងពីរ​ដាក់​ដោយឡែក មិនលាយឡំ​ក្នុង​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​នោះទេ។ នៅចុងឆ្នាំ ២០១៦ ទោះជា​មាន​ការប្រឆាំង​ពី​អ៊ីរ៉ង់ក្តី ប៉ុន្តែ នៅទីបំផុត អង្គការ​ក្រុមប្រទេស​ផលិតប្រេង OPEC ដែល​មាន​អ៊ីរ៉ង់​ជា​សមាជិក បាន​បោះឆ្នោត អនុម័ត កិច្ចព្រមព្រៀង​មួយ ដែល​សម្រេច​ឲ្យ​កាត់បន្ថយ​ការផលិតប្រេង។ លើកនេះ អ៊ីរ៉ង់​នៅទីបំផុត​អាច​យល់ព្រម ឲ្យ​គេ​បង្កើនការផលិតប្រេង​ឡើងវិញ ប៉ុន្តែ អ៊ីរ៉ង់​ទំនង​ជា​ទាមទារ​ចង់​ឲ្យ​គេ​សរសេរ​បញ្ជាក់ នៅក្នុង​កិច្ចព្រមព្រៀង​ថា អាមេរិក ដែល​ត្រលប់​មក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ គឺ​ជា​ដើមហេតុ ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​នៅទីផ្សារ។ ត្រង់ចំណុចនេះ អ៊ីរ៉ង់​ចង់​ឲ្យ​ក្រុមប្រទេស​ផលិតប្រេង​ជួយ​ចង្អុរមុខ រក​អ្នកដែលធ្វើ​ឲ្យ​តម្លៃប្រេង​ឡើងថ្លៃ នោះ គឺ​អាមេរិក។ គឺ​ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​អ៊ីរ៉ង់ និង​វេណេស៊ុយអេឡា ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ប្រេង ថយចុះ រហូត​ធ្វើ​ឲ្យ​តម្លៃប្រេង​នៅទីផ្សារ កើនឡើង​យ៉ាងដូច្នេះ៕

 

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល

អាមេរិក​ឈប់​ផ្តល់​ជំនួយ​ដល់​ភ្នាក់ងារ​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន

សង្រ្គាមពាណិជ្ជកម្ម៖​ហេតុអ្វី​បាន​ជា​លោកដូណាល់ ត្រាំ​គំរាម​ដក​អាមេរិក​ចេញ​អង្គការ​ពាណិជ្ជកម្មពិភពលោក?