rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

ដោយ ឈាង បុប្ផា

អតីត​មេប៉ូលិស FBI បានត្រូវ​បាន​បន្ទោស​ថា បាន​រំលោភ​បទបញ្ជា​ផ្ទៃក្នុង និង​បាន​ប្រព្រឹត្តកំហុស​ដ៏ធ្ងន់ធ្ងរ ដោយ​បាន​ប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​អ៊ីម៉ែល​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៦។ នេះ​បើ​តាម​របាយការណ៍ របស់​អគារធិការ​ក្រសួង​យុត្តិធម៌ អាមេរិក ដែល​បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​ទៅលើ​របៀប​ស៊ើបអង្កេត​កន្លងមក របស់​FBI ក្នុង​រឿង​ម៉ែល​អេឡិចត្រូនិក​របស់​លោកស្រី​ហ៊ីឡារី គ្លីនតុន។

 

អគារធិការ​របស់​ក្រសួងយុត្តិធម៌​អាមេរិក ដែល​បាន​បើក​ការស៊ើបអង្កេត ទៅលើ​ចំណាត់ការ​របស់​FBI ក្នុងរឿង​ម៉ែល​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន បាន​បង្ហាញ​របាយការណ៍ មួយ នៅ​ ថ្ងៃ​ម្សិលមិញ ដែល​នៅក្នុង​នោះ អតីត​មេដឹកនាំ​របស់​FBI លោក​James Comey ត្រូវ​បាន​គេរកឃើញ​ថា មិន​បាន​គោរព​វិន័យ​ផ្ទៃក្នុង ហើយ​និង​រំលោភ​ឋានានុក្រុម នៅ​ក្នុង​ពេល​លោកបើក​រឿង​ស៊ើបអង្កេត​លើ​សំណុំរឿង​អ៊ីម៉ែល​របស់លោកស្រី ហ៊ីឡារី គ្លីនតុន។

របាយការណ៍​កម្រាស់​ជាង ៥០០​ទំព័រ ដែល​អគារធិការ​ក្រសួង​យុត្តិធម៌​បញ្ជូន​ទៅសភា​អាមេរិក ហើយនិង​បញ្ចេញផ្សាយ​ជា​សាធារណៈ នៅថ្ងៃ​ម្សិលមិញ នេះ​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​រយៈពេល ជាង ១ឆ្នាំ ទៅលើ​ដំណើរការ​ស៊ើបអង្កេត​កន្លងមក របស់​អតីត​មេដឹកនាំ​ប៉ូលិស​សហព័ន្ធ​អាមេរិក លោក James Comey ក្នុង​សំណុំរឿង​ម៉ែល​របស់​លោកស្រី​គ្លីនតុន។ មុន​នឹង​ត្រូវ​លោកប្រធានាធិបតី​ដូណាល់ ត្រាំ បណ្តេញ​ចេញ​ពី​តំណែង​ប្រធាន​ប៉ូលិស FBI លោក James Comey ធ្លាប់​ត្រូវ​បាន​គណបក្ស​ធំទាំងពីរ​របស់​អាមេរិក ទាំង បក្ស​សាធារណរដ្ឋ ហើយ​និង​បក្ស​ប្រជាធិបតេយ្យ ចោទ​ថា លំអៀង ប្រកាន់​បក្ស​នយោបាយ។

នៅ​ខែ​កក្កដា ឆ្នាំ ២០១៦ នៅ​ពេល​លោកស្រី គ្លីនតុន​ចាប់ផ្តើម​បើក​យុទ្ធនាការ ឃោសនា​បោះឆ្នោត​ប្រធានាធិបតី លោក James Comey ស្រាប់​តែ​និយាយ​ថា លោកស្រី គ្លីនតុន បាន​ធ្វេសប្រហែស ព្រោះលោកស្រី គ្លីនតុន កាលនៅ​ជា​រដ្ឋមន្រ្តី​ការបរទេស អាមេរិក បាន​ប្រើ​អ៊ីម៉ែល​ផ្ទាល់ខ្លួន ដើម្បី សរសេរ​ឆ្លងឆ្លើយ ពីរឿង​ដែល​ទាក់ទង​នឹង​ការសម្ងាត់​របស់​ប្រទេស​ជាតិ។ ប៉ុន្តែ មេប៉ូលិស FBI បាន​បញ្ជាក់​ទៅ​ក្រសួង​យុត្តិធម៌ ឲ្យ​បិទ​ការស៊ើបអង្កេត ព្រោះ គេ​គ្មាន​ភស្តុតាង​ដែល​បង្ហាញ​ថា អ៊ីម៉ែល​របស់​លោកស្រី គ្លីនតុន ត្រូវ​បាន​ចោរអ៊ីនធ័រនែត​ចូលលួច ដែល​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​អាមេរិក​នោះទេ។ នៅពេលនោះ លោកដូណាល់ ត្រាំ ដែល​នៅ​ជាបេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​នៅឡើយ បាន​ចោទ មេប៉ូលិស FBI ថា លំអៀង កាន់ជើង​គណបក្ស​ប្រជាធិបតេយ្យ ព្រោះFBI មិនព្រម​ចោទ​ប្រកាន់ លោកស្រី គ្លីនតុន ដែល​តាមពិត បាន​រំលោភ​ច្បាប់​អាមេរិក។

សូមអាន៖បោះឆ្នោត​អាមេរិក​ ៖ FBIបង្កើត​ការ​ភ្ញាក់ផ្អើល​ថ្មី ដោយ​ប្រកាសបញ្ចប់​​រឿង​អាស្រូវ​អ៊ីមែលលោកស្រី​គ្លីនតុន

នៅ​ខែ​តុលា ឆ្នាំ ២០១៦ គឺ​នៅ​១០​ថ្ងៃ​មុន​ការបោះឆ្នោត ប្រធានាធិបតី លោក​ James Comey ស្រាប់តែ​ចេញមុខ​ជាថ្មី មក​បញ្ជាក់​ថា មាន​ឯកសារ​ដែល​និយាយ​ពី​រឿង​ម៉ែល របស់​លោកស្រី​គ្លីនតុន។ ប៉ុន្តែ នៅទីបំផុត នៅ​តែ​ពីរថ្ងៃ​មុន បោះឆ្នោត​លោក​ក៏​ប្រកាស​វិញ​ថា នឹង​បិទបញ្ចប់​ការស៊ើបអង្កេត​ប្រឆាំង​លោកស្រី​គ្លីនតុនទៅវិញ។

របាយការណ៍​នេះ​សំខាន់​ណាស់​ព្រោះ​វា​អាច​បញ្ជាក់​ថា តើ​លោក​ James Comey ពិតជា​លំអៀង កាន់ជើង​គណបក្ស​ណាមួយ នៅពេល​ដែល​លោក​បាន​បើក​ការស៊ើបអង្កេត ទៅលើ​សំណុំរឿងសារអេឡិចត្រូនិក​របស់​លោកស្រី គ្លីនតុនដែរឬទេ។ គណបក្ស​ប្រជាធិបតេយ្យ រួមទាំង​លោកស្រី គ្លីនតុន ផង នៅពេលនោះ បាន​លើកគ្នា បរិហារ​រិះគន់ មេFBI ថា ជាគ្នីគ្នា​របស់​លោកដូណាល់ ត្រាំ និង​ជាដើមហេតុ ធ្វើ​ឲ្យ​លោកស្រី ហ៊ីឡារី គ្លីនតុន​ចាញ់ឆ្នោត។

លោក James Comey រងការរិះគន់​ពីគ្រប់ច្រក

នៅ​ក្នុង​របាយការណ៍ អគាធិការ​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​រកឃើញ​ថា អតីត​មេ​FBI បាន​រំលោភ ឋានានុក្រម ពោល​គឺ​លោក​បាន​សម្រេច​ប្រកាស​ជាសាធារណៈ ពីការ​បើក​ការស៊ើបអង្កេត​ទៅលើ​ម៉ែល​របស់លោកស្រី គ្លីនតុន ដោយ​មិន​បាន​ជូនដំណឹង​ទៅថ្នាក់លើ គឺ​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌។ ប៉ុន្តែ យ៉ាងណា​ក៏​ដោយ តាម​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌ គេ​មិន​បាន​រកឃើញថា លោក James Comey លំអៀង កាន់ជើង គណបក្ស​ណាមួយនោះទេ។ មួយវិញទៀត គេក៏​មិន​គិតដែរថា លោក​ James Comey​បាន​សម្រេច​បើក​ការស៊ើបអង្កេត ទៅលើ​អ៊ីម៉ែល​របស់លោកស្រី គ្លីនតុន បេក្ខជន​ប្រធានាធិបតី របស់​បក្ស​ប្រជាធិបតេយ្យ ដោយសារ​តែ​ហេតុ​នយោបាយ​ដែរ។

នៅក្រោយ​លោក​ដូណាល់ ត្រាំ បណ្តេញលោក​ចេញពី​ប្រធាន​ប៉ូលិស FBI លោក​ James Comey  ធ្លាប់​បាន​និយាយប្រាប់​ទូរទស្សន៍​អាមេរិកាំង ABC ថា នៅពេល​លោក​សម្រេច បើក​ការស៊ើបអង្កេត​ទៅ​លើ​អ៊ីម៉ែល​របស់​លោកស្រី គ្លីនតុន លោក​គិត​តែមួយមុខ​គត់ គឺ​ដើម្បី​តម្លាភាព។ ម្យ៉ាងទៀត ក្នុង​គំនិត​របស់លោក​នៅពេលនោះ គឺ លោកស្រី​គ្លីនតុន​ច្បាស់​ជា​នឹង​ឈ្នះ​ឆ្នោត ដោយស្រួល បើប្រៀបធៀប​នឹង​លោកដូណាល់ ត្រាំ។ ដោយ​សម្រេច​លើកយក​ សំណុំរឿង​អ៊ីម៉ែល​របស់​លោកស្រី គ្លីនតុន មកនិយាយ ជា​សាធារណៈ លោក​គ្រាន់តែ​ចង់​ដាស់តឿន អនាគត​មេដឹកនាំ​អាមេរិក (លោកស្រី គ្លីនតុន) ឲ្យ​ប្រយ័ត្នប្រយែង​ពី​បញ្ហា សន្តិសុខ​ជាតិ ពោល​គឺគេ​មិនអាច​ប្រើ​គណនី​ផ្ទាល់ខ្លួន ដើម្បី​សរសេរ​ឆ្លើយឆ្លង​រឿងប្រទេស​ជាតិ​នោះទេ ព្រោះថា ម៉ែល​ឯកជន គ្មាន​សុវត្ថិភាព អាច​ការពារ​ខ្លួន​ពី​ចោរអ៊ីនធ័រនែត​នោះទេ។

អំណះអំណាង​របស់អតីត​មេFBI អាចត្រូវ​ម្យ៉ាង ប៉ុន្តែ នៅលើ​ស្ថានការណ៍​ជាក់ស្តែងវិញ ការសម្រេច​បើកការស៊ើបអង្កេត​របស់​FBI ទៅលើ​សំណុំរឿង​អ៊ីម៉ែល​របស់លោកស្រី គ្លីនតុន ធ្វើ​ឡើង​នៅតែ​១០​ថ្ងៃ​មុន​ការបោះឆ្នោត។ លោកស្រី​គ្លីនតុន​អាច​ថា ត្រូវ ដែល​ថា ការលើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​គ្រឹះ របស់​អតីត​មេFBI ​ធ្វើ​ឲ្យលោកស្រី​ចាញ់ឆ្នោត។ ដំណឹង​បើក​ការស៊ើបអង្កេត​របស់​FBI ទៅលើ​ម៉ែល​របស់លោកស្រី គ្លីនតុន ជះឥទ្ធិពល​ខ្លាំងណាស់​ទៅលើ​ការសម្រេច​ចិត្ត​របស់ ប្រជាជន​អាមេរិកាំង។ នៅពេល​ដែល​ប៉ូលិស​FBI ប្រកាស​ថា មាន​ភស្តុតាង ក្នុង​សំណុំរឿង​អ៊ីម៉ែល​របស់លោកស្រី​គ្លីនតុន​យ៉ាងដូច្នេះ ម្ចាស់ឆ្នោត ប្រាកដ​ជា​សង្ស័យ ពី​ចេតនា​របស់​លោកស្រី​គ្លីនតុន ប្រើ​អ៊ីម៉ែល​ផ្ទាល់ខ្លួន ជាជាង ប្រើ​អ៊ីម៉ែល​ផ្លូវការ ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល។ ចង់ ឬ​មិន​ចង់ ប្រជាជន​អាមេរិកាំង​មួយចំនួន អាច​បាត់ជំនឿ​ទុកចិត្ត ទៅលើ​លោកស្រី គ្លីនតុន ដូចមុន។ ងាយយល់ទេ អ្នកបោះឆ្នោត ប្រាកដ​ជា​មិន​ចង់​បាន​អនាគត​មេដឹកនាំ​ណា ដែលមាន​សណ្តាន លាក់បាំង មិន​ស្មោះត្រង់ នោះ​ទេ។

របាយការណ៍​ដាក់បន្ទុក​លើ​ស្ថាប័ន FBI

របាយការណ៍​លើកនេះ កំពុង​ដាក់បន្ទុក ទៅ​របៀបដឹកនាំ​និង​សមត្ថភាព​របស់​FBI​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ពី​អំណាច​ប្រធានាធិបតី។ លោកដូណាល់ ត្រាំ ដែល​ប្រឆាំង​នឹង​ការស៊ើបអង្កេត​របស់​FBI ហើយ​និង​រដ្ឋអាជ្ញា​ពិសេស ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត ខំប្រឹង​កេងចំណេញ​ពី​របាយការណ៍​លើកនេះ ដើម្បី​បង្ហាញ​ថា លោក​ធ្វើត្រូវ ដែល​បាន​បណ្តេញ​ ដក​លោក James Comey ចេញពី តំណែងប្រធាន​FBI ព្រោះ​លោក​ James Comey ជា​មនុស្ស​រំលោភច្បាប់​វិន័យ ពោល​គឺ​លោក​មិន​បាន​ដក ប្រធាន​FBI ដោយសារ​តែ​ខ្លាច​ប្រធាន​FBI ស៊ើបអង្កេត​លើ​រឿងរុស្ស៊ី ដែល​គ្រោះថ្នាក់​ដល់​អំណាច​ប្រធានាធិបតី​របស់លោក​នោះទេ។

មួយវិញទៀត លទ្ធផល​របាយការណ៍​លើកនេះ នឹង​អាចប៉ះពាល់​ផងដែរ ដល់​ការងារ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស ដែល​កំពុង​បន្ត​ស៊ើបអង្កេត ទៅលើ​ក្រុមឃោសនា​បោះឆ្នោត របស់​លោកត្រាំ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ប្រទេស​រុស្ស៊ី ក្នុង​ក្របខ័ណ្ឌ ស៊ើបអង្កេត​លើ​ការលូកដៃ​របស់រុស្ស៊ី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ នៅក្នុង​របាយការណ៍ គេ​រកឃើញថា អ្នកស៊ើបអង្កេត​ម្នាក់​របស់​ការិយាល័យ​រដ្ឋអាជ្ញាពិសេស ធ្លាប់បាន​និយាយ​ថា នឹងធ្វើអ្វី​គ្រប់បែបយ៉ាង​ដើម្បី​រារាំង​មិន​ឲ្យ​លោកដូណាល់ ត្រាំ ឈ្នះឆ្នោត​បាន។ ទោះជា រដ្ឋ​អាជ្ញាពិសេស លោក​Robert Mueller ​បានដក​មន្រ្តី​ស៊ើបអង្កេត​​ម្នាក់នេះ ចេញពី​ក្រុម រួចហើយ តាំង​ពី​ឆ្នាំមុន នៅក្រោយ​ការជូនដំណឹង​របស់​ក្រសួង​យុត្តិធម៌ ប៉ុន្តែ របាយការណ៍នេះ នឹង​អាច​ហុច​ប្រយោជន៍​ច្រើនទៅ​ឲ្យ​លោកដូណាល់ ត្រាំ ដើម្បី​និយាយ​បណ្តុះបង្អាប់​ស្ថាប័ន ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស ដែលជាឆ្អឹង​ទទឹងក និង​គំរាមកំហែង​គ្រប់ពេលវេលា​តំណែង​ប្រធានាធិបតី​របស់លោក៕

 

ហេតុអ្វី​បានជា​ការសម្រេច​បង្កើត​កងទ័ព​ជាតិ​កូសូវ៉ូ បង្ក​ឱ្យ​មាន​ចរន្ត​ប្រឆាំង​ខ្លាំង ?

សង្រ្គាមអាវកាស៖​បារាំង​កំពុង​ពង្រឹង​សមត្ថភាព​ដើម្បី​ប្រជែង​ទល់​នឹង​សហរដ្ឋអាមេរិក ចិន និង​រស្ស៊ី

អូស្ត្រាលី​ប្រកាស​ទទួល​ស្គាល់ ហ្ស៊េរុយសាឡិម​ខាង​លិច​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល

ដល់​ថ្ងៃ​បិទ​បញ្ចប់​ សន្និសីទអាកាសធាតុ​COP២៤ កាន់​តែ​តានតឹង

តើ​ចិន និង​កាណាដា កំពុង​លេង​ល្បែង​ចាប់​ចំណាប់ខ្មាំង?

បារាំង៖​តើ​ព្រឹត្តិការណ៍​បាញ់រះ​នៅ​ទីក្រុង Strasbourg បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

តើ​បារាំង​កំពុង​តែ​​លង់ខ្លួន​ទៅក្នុងមហា​​បាតុកម្ម​របស់​ក្រុមអាវកាក់​លឿង?

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង