rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Washington Post៖​រដ្ឋាភិបាល​បាន​លួច​ទិន្នន័យ​យ៉ាង​សម្បើម​របស់ US Navy

media
Washington Post ថា ​រដ្ឋាភិបាល​បាន​លួច​ទិន្នន័យ​យ៉ាង​សម្បើម​របស់ US Navy AFP

នៅ​សហរដ្ឋអាមេរិក កាសែត Washington Post ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី៨ មិថុនា​បាន​បញ្ជាក់​ថា ក្រុមចោរ​ព័ត៌មានវិទ្យា​ដែល​បម្រើការ​ឲ្យ​រដ្ឋាភិបាល​ចិន​បាន​ចូលលួច​ទិន្នន័យ​សម្ងាត់​យ៉ាង​ក្រាស់ក្រែល​ពី​ក្រុមហ៊ុន​ដែល​ធ្វើការ​ឲ្យ​កងទ័ពជើងទឹកអាមេរិក។ តាម Washington Post ទិន្នន័យ​ទាំង​អស់​នោះ​មាន​ដូច​ជា កម្មវិធី​ផលិត​គ្រាប់មីស៊ីល​ប្រឆាំង​នាវា​ដែល​បាញ់​ចេញ​ពី​នាវាមុជទឹក។ តែ​អ្នកនាំពាក្យ​កងទ័ពជើងទឹកអាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​Washington Post ដោយ​លើក​យក​ហេតុផល​សន្តិសុខ។


ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ Washington Post គឺ​ជា​ព័ត៌មាន​ដែល​កាសែត​មួយ​នេះ​ទទួល​បាន​ពី​ក្រុម​អ្នកស៊ើបអង្កេត​ដែល​ថា ក្រុមចោរ​ព័ត៌មានវិទ្យា​នៃ​ក្រសួង​សន្តិសុខរដ្ឋ​ចិន​បាន​ចូលលួច​ទិន្នន័យ​នៅ​ក្នុង​ខួរក្បាលម៉ាស៊ីន​នៃ​ក្រុមហ៊ុន​ដែល​ធ្វើការ​ឲ្យ​កងទ័ពជើងទឹកអាមេរិក​កាល​ពី​ខែ​មករា និង​កុម្ភៈ​ដើម​ឆ្នាំ ២០១៨ នេះ។ តែ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ឲ្យ US Navy មិន​ត្រូវ​បាន​Washington Post ប្រាប់​ឲ្យ​ដឹង​ទេ អ្វី​ដែល​គេ​ដឹង ក្រុមហ៊ុន​នោះ​មាន​តួនាទី​ជា​អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​អាវុធ​សម្រាប់​បំពាក់​ឲ្យ​នាវាមុជទឹក​នៃ​កងទ័ពជើងទឹក​អាមេរិក។

តាម Washington Post ក្រុមចោរ​ព័ត៌មានវិទ្យា​ចូល​លួច​បាន​ទិន្នន័យ​ក្នុង​បរិមាណ ៦១៤ gigabytes មាន​តាំង​ពី​របៀប​ផលិត​ឧបករណ៍​ចាប់​សញ្ញា ប្រព័ន្ធ​បង្កើត​កូដសម្ងាត់ និង​គម្រោង​ដែល​គេ​មិន​សូវ​ស្គាល់​មួយ​ក្រោម​ឈ្មោះ « Sea Dragon »។ តាម​ការ​ស្នើ​សុំ​ពី US Navy កាសែត Washington Post បាន​យល់ព្រម​មិន​ផ្តល់​ព័ត៌មាន​លំអិត​ស្តីពី​គ្រាប់មីស៊ីល​ថ្មី​ប្រឆាំង​នាវា​ទេ តែ​គ្រាន់​បញ្ជាក់​ថា ជា​ប្រភេទ​គ្រាប់មីស៊ីល​ដែល​អាច​បាញ់​ចេញ​ពី​នាវាមុជទឹក។ អ្នកនាំពាក្យ​កងទ័ពជើងទឹកអាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​របស់ Washington Post ដោយ​លើក​យក​ហេតុផល​សន្តិសុខជាតិ។

សូម​ជម្រាប​ជូន​ថា​ជា​រឿយៗ ក្រុមចោរ​ព័ត៌មានវិទ្យា​ចិន​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​របស់​កងទ័ពអាមេរិក​ពី​បទ​បាន​ចូលលួច​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​សម្ភារៈបរិក្ខារ ឬ​នីតិវិធី។ ថ្មីៗ​កន្លង​ទៅ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ទទួល​ស្គាល់​ពី​ជោគជ័យ​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា​ចិន​ដែល​លួច​បាន​ព័ត៌មាន​ដ៏​សំខាន់​ស្តីពី​យន្តហោះចម្បាំង F-៣៥ និង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ថ្មី Patriot។ ដូច្នេះ​ជាមួយ​នឹង​ព័ត៌មាន​ថ្មី​ចុះ​ផ្សាយ​ដោយ​កាសែត Washington Post ពេល​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​វ៉ាស៊ីតោន និង​ប៉េកាំង​ឡើង​តានតឹង​មួយ​កម្រិត​ទៀត ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម៕