អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កំណើន​អត្រា​មរណភាព​បណ្តាល​មក​ពី​សារជាតិ​អូពីយូអីត​ (opioïde) កំពុង​ក្លាយ​ជា​វិបត្តិ​នៅ​ក្នុង​សង្គម​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អត្រា​មរណ​ភាព​ពលរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ខ្ពស់​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​មាន​ផ្ទុក​សារជាតិ​អូពីយូអីត​ (opioïde) ក្នុង​បរិមាណកំរិត​ខ្ពស់​។ សារ​ជាតិ​នេះ​ជា​ប្រភេទ​អាភៀន​ម៉្យាង​មាន​លក្ខណៈ​មិន​ខុស​ពី​ប្រភេទ​គ្រឿង​ញៀន​ដ៏ទៃ​ទៀតឡើយ​។ វា​ត្រូវ​បាន​គេ​បង្កប់ទុក​​នៅ​ក្នុង​ប្រភេទ​ថ្នាំ​សំរាប់​បំបាត់​ការ​ឈឺ​ចុក​ចាប់។ ហើយ​ថ្នាំ​នេះ​ត្រូវ​បាន​ដាក់​លក់​ស្រប​ច្បាប់​នៅ​លើ​ទីផ្សារ។​ បច្ចុប្បន្ន​នេះ​ ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​បាន​ធ្លាក់​ខ្លួន​ក្លាយ​ជា​អ្នក​ញៀន​នឹង​ថ្នាំ​នេះ។​ ដោយ​សារ​តែ​វិបត្តិ​នេះ​ ក្រុមហ៊ុន​ផលិត​ឱសថ​ដែល​ធ្វើ​អាជីវកម្ម​ថ្នាំ​នេះ​កំពុង​តែ​រង​ពាក្យ​បណ្តឹង​ពី​បណ្តា​រដ្ឋ​អាមេរិក​មួយ​ចំនួន។

លោក​ Donald Trump ប្រធានាធិបតី​អាមេរិក​
លោក​ Donald Trump ប្រធានាធិបតី​អាមេរិក​ REUTERS/Matej Leskovsek
ផ្សាយពាណិជ្ជកម្ម

​បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​បង្អស់​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ ហើយ​ដែល​ត្រូវ​បាន​ទីភ្នាក់​ងារ​សារព័ត៌មាន​ Reuters យក​មក​ផ្សព្វ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ អាយុ​សង្ឃឹម​រស់​ (espérance de vie) របស់​ពល​រដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​មក​ត្រឹម​​អាយុ​ ៧៨ ឆ្នាំ​ ៥​ ខែ។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៦៣​មក​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អាយុ​សង្ឃឹម​រស់​របស់​ពលរដ្ឋ​អាមេរិក​បាន​ថយ​ចុះ។ មជ្ឈមណ្ឌល​អាមេរិក​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ (CDC) បាន​​ទាញ​សញ្ញា​ប្រកាស​អាសន្ន​ចំពោះ​ប​ញ្ហា​នេះ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧​។

យោង​តាម​ខ្លឹម​សារ​របាយការណ៍​នេះបាន​ឲ្យ​ដឹង​ថា​ អ្នក​ជំនាញ​សុខាភិបាល​អាមេរិក​បាន​កំណត់​រក​ឃើញ​ដើម​ចម​នៃ​បញ្ហា ដែល​បណ្តាល​ឲ្យ​​គុណភាព​ជីវិត និង​សុខភាព​របស់​ពលរដ្ឋ​អាមេរិក​ធ្លាក់​ចុះ។ បើ​ផ្អែក​លើ​​ទិន្នន័យ​ដែល​ប្រមូល​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុ​ង​ក្រោយ​នេះ​ កំណើន​ចំនួន​មរណភាព​ដោយសារ​តែ​ការ​ប្រើប្រា​ស់​គ្រឿង​ញៀន​ ជាពិសេស​ការ​ប្រើប្រាស់​សារជាតិ​អាភៀន​ opioïde បង្កប់​នៅ​ក្នុង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ គឺ​ជា​មូលហេតុ​ចំបង​បណ្តាល​ឲ្យ​មាន​ពលរដ្ឋ​អាមេរិក​ស្លាប់​ជា​ច្រើន​នាក់។​ សព្វ​ថ្ងៃ​នេះ​ នៅ​ក្នុង​សង្គម​អាមេរិក​ ករណី​ស្លាប់​ដោយ​សារ​តែ​សារជាតិ​អាភៀន​ opioïde នេះ​កំពុង​ស្ថិត​នៅ​លំដាប់​ទីបី​បន្ទាប់​ពី​ការ​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ និង​ជំងឺ​មហារីក។

ហើយ​បញ្ហា​រីក​រាល​ដាល​នៃ​ការ​ញៀន​នឹង​សារជាតិ​អាភៀន​ opioïde នេះ​ក្នុង​ចំណោម​ប្រជាជន​អាមេរិក​កំពុង​តែ​ក្លាយ​ជា​វិបត្តិ​សុខភាព​សារធារណៈ​ដ៏​ធំ​មួយ​មិន​ដែល​ធ្លាប់​មាន​ពីមុន​មក។​ អ្វី​ដែល​គេ​ហួស​ចិត្ត​នឹក​ស្មាន​មិន​ដល់​នោះ​ គឺ​ករណី​ស្លាប់​ដោយសារការ​ប្រើ​ប្រាស់​សារជាតិ​គ្រឿង​ញៀន​ស្រប​ច្បាប់​នេះ​ ជន​រង​គ្រោះ​ភាគ​ច្រើន​សុទ្ធសឹង​តែ​ជា​យុវជន​អាមេរិក​ស្បែក​ ស​។ ក្រៅ​ពី​នៅ​តាម​ទីក្រុង​ និង​ទី​ប្រជុំជន​ មួយ​ចំនួន​ធំ​នៃ​ជន​រង​គ្រោះ​ជា​កូនចៅ​កសិករ​ និង​កម្មករ​រស់​នៅ​តាម​តំបន់​​​ជន​បទ​ដាច់​ស្រយាល​ ឬ​នៅ​តាម​អតីតៈ​តំបន់​ឧស្សាហកម្ម​ក្រីក្រ​តោក​យ៉ាក។​ ចន្លោះ​ពី​ឆ្នាំ​២០១៤​ និង​២០១៥​ កំណើន​មរណ​ភាព​យុវជន​អាមេរិក​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥ ឆ្នាំ​ទៅ​ ៣៤ ឆ្នាំ​បាន​កើន​ឡើង​រហូត​ទៅ​ដល់​ ៥០%។​

ឆ្លង​តាម​ការ​ស្រាវ​ជ្រាវ​លំអិត​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​អាមេរិក​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ (CDC) បាន​រក​ឃើញ​ថា​ បញ្ហា​នេះបាន​ចាប់​ផ្តើម​កាល​ពី​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ម្ល៉េះ។​ ពោល​ គឺនៅ​ពេល​ដែល​​អាជ្ញាធរ​អាមេរិក​បាន​អនុញ្ញាត​ឲ្យក្រុមហ៊ុន​ឧស្សាហកម្ម​ឱសថ​អាច​ផលិត​ប្រភេទ​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​មាន​ផ្ទុក​សារ​ជាតិ​ opioïde ។​ តាម​ពិត​ទៅ​ សារ​ជាតិ​ opioïde នេះ​ គឺ​ជា​ប្រភេទ​អាភៀន​ម៉្យាង ដែល​មានឥទ្ធិពល​ខ្លាំងក្លា​ស្រដៀង​គ្នា​នឹង​ប្រភេទ​គ្រឿង​ញៀន​ហេរូអ៊ីន​ ឬ​​ប្រភេទ​ម័រ​ភ្វីនផង​ដែរ​។​ ជា​ធម្មតា​ ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ផ្ទុក​សារ​ជាតិ​ opioïde នេះ​តែង​ត្រូវ​បាន​គ្រូពេទ្យ​​ចេញ​វេជ្ជបញ្ជារ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ប្រាស់​ក្រោយ​ពី​អ្នក​ជំងឺ​នោះ​ទទួល​ការ​វះ​កាត់​ ឬក្នុង​ករណី​​អ្នក​ជំងឺ​នោះ​មាន​អាការៈ​ចុក​ចាប់​ប្រចាំរាង​កាយ​ជា​ដើម។​ សារ​ជាតិ​នេះ​មាន​ប្រសិទ្ធិភាព​អាច​បំបាត់​ការ​ឈឺ​ចាប់​ភ្លាមៗ​តែ​ម្តង​ ក្រោយ​ពី​អ្នកជំងឺនោះ​​បាន​លេប​ ឬ​ចាក់​វា​ចូល​ទៅ​ក្នុង​ខ្លួន។​

បើ​យោង​តាម​របាយការណ៍​មួយ​ផ្សព្វ​ផ្សាយ​ដោយ​បណ្ឌិត​សភា​វិទ្យា​សាស្រ្ត​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​ ២ លាន​នាក់​កំពុង​តែ​ធ្លាក់​ខ្លួនញៀន​នឹង​សារជាតិ​ opioïde ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ នៅ​លើ​ទីផ្សារ​លក់​ឱសថ​អាមេរិក​ ថ្នាំ​បំបាត់​ការ​ឈឺចាប់​នេះ​ត្រូវ​បាន​ផលិត​ស្រប​ច្បាប់​ជ្រក​ក្រោម​ស្លាក​យីហោ​​ដូច​ជា​ Oxycodone, Hydrocodone, Duragesic, OxyContin និង Fentanyl។ ហើយ​ថ្នាំ​ទាំង​នេះ​ត្រូវ​បាន​ផលិត​ពី​សំណាក់​ក្រុម​ហ៊ុន​​ឱសថ​អាមេរិក​ធំៗ​មាន​ជា​អាទិ៖ ក្រុម​ហ៊ុន​​ Johnson & Jonhson, Teva, Allergan, Endo និង​ Purdue Pharma។ បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​វិទ្យាស្ថាន​ជាតិ​អាមេរិក​ផែ្នក​គ្រឿង​ញៀន​បាន​រក​ឃើញ​ថា​ ចន្លោះ​ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ​២០១៥​ ចំនួន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​កើន​ឡើង​ចំនួន​បួន​ដង។​ ជា​សរុប​ មាន​​ពលរដ្ឋ​អាមេរិក​ចំនួន​ ១៨៣ ០០០ នាក់​បាន​បាត់​បង់​ជីវិត។​ ហើយ​ភាគ​ច្រើន​នៃ​ករណី​ស្លាប់​ គឺ​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ហួស​កំរិត​នៃ​សារ​ជាតិ​ opioïde ដែល​បង្កប់​នៅ​ក្នុង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​។ ហើ​​យ​ថ្នាំ​ទាំង​នេះ​ត្រូវ​បាន​លក់​ស្រប​ច្បាប់​ក្រោមវេជ្ជបញ្ជា។ កាល​ពី​ឆ្នាំ​២០១៣ គ្រូ​ពេទ្យ​អាមេរិក​បាន​ចេញ​​វេជ្ជបញ្ជា​ចំនួន​ ២០៧​ លាន​ច្បាប់​ដល់​អ្នក​ជំងឺ​ឲ្យ​ប្រើ​ប្រាស់​ប្រភេទ​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​នេះ។​

 

អ្វី​ដែល​កាន់​តែ​បារម្ភ​ខ្លាំង​ គឺ​ចំនួន​អ្នក​ស្លាប់​ចេះ​តែ​កើន​ឡើង​មិន​ចេះ​ឈប់​ឈរ។​ សំរាប់​ឆ្នាំ​២០១៦​ មានមនុស្ស​​ចំនួន​ ៦៣ ០០០ នាក់​បាន​ស្លាប់​ដោយសារ​តែ​ការ​ប្រើ​ប្រាស់​សារជាតិ​អាភៀន​ opioïde​ ក្នុង​បរិមាណ​ច្រើន​ហួស​កំរិត។ ស្រប​ពេល​គ្នា​នេះ​ផង​ដែរ​ មានពលរដ្ឋ​អាមេរិក​ចំនួន​​១១ លាន​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​តែ​មាន​បញ្ហា​សុខភាព​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ផ្ទុក​សារ​ជាតិ​ញៀន​នេះ។ សូម​បញ្ជាក់​ថា​ តួលេខ​នេះ​ត្រូវ​បាន​ស្រង់​យក​តែ​ពី​ជន​រង​គ្រោះ​ដែល​បាន​ទិញ​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។​ នេះ​គេ​មិន​ទាន់​រាប់​បញ្ជូល​តួលេខ​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​ផ្សេង​ទៀត​ ដែល​បាន​ទិញ​ថ្នាំ​នេះ​ពី​ទីផ្សារ​ងងឹត។​

 

កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ គេ​ឃើញ​ថា​ពួក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​បាន​យក​ថ្នាំ​ស្រប​ច្បាប់​ផ្ទុក​សារជាតិ​ opioïde នេះ​ទៅ​ធ្វើ​សំយោគ​លាយ​ឡំ​នឹង​សារជាតិ​គ្រឿង​ញៀន​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​កំរិត​ថ្នាំ​ញៀន​កាន់​តែ​មាន​ឥទ្ធិពល​ខ្ពស់​រាប់​រយ​ដង។​ តួយ៉ាង​មាន​ករណី​ស្លាប់​ជា​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ដោយ​ការ​លាយ​បញ្ជូល​គ្នា​រវាង​ថ្នាំ​ Fentanyl និង​ម្សៅ​ហេរូអ៊ីន។ ដោយ​សារ​តែ​ឃើញ​បញ្ហា​នេះ​កាន់​តែ​រីករាល​ដាលខ្លាំង​ កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មកនេះ​​ លោក​ ដូណាល់​ ត្រាំ ប្រធានា​ធិបតី​អាមេរិក​បាន​ប្រកាស​សន្យា​នឹង​បង្កើត​ផែនការ​យុទ្ធសាស្រ្ត​ថ្នាក់​ជាតិ​មួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន។​ ប៉ុន្តែ គិត​មក​ដល់​ពេល​នេះ​ ផែន​ការ​សន្យា​នេះ​នៅ​មិន​ទាន់​ចេញ​រួប​រាងនៅ​ឡើយ​ទេ។​

 

ប៉ុន្តែ កាល​ពី​ដើម​ខែ​ឱសភា​កន្លង​ទៅ​នេះ​ គណៈកម្មារ​ជំនាញ​មួយ​ប្រចាំ​សភា​កុង​គ្រែស​អាមេរិក​បាន​កោះ​ហៅ​ថៅ​កែ​រោង​ចក្រ​ឱថស​អាមេរិក​ចំនួន​ប្រាំ​មក​សួរ​ដេញ​ដោល​អស់​រយៈ​បី​ម៉ោង។​ ទន្ទឹម​គ្នា​នោះ​ផង​ដែរ​ មាន​បណ្តា​រដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ដើម្បី​ទាម​ទារ​ឲ្យក្រុមហ៊ុន​ឱសថ​និមួយៗ​សង​ប្រាក់​ជំងឺ​ចិត្ត​រាប់​រយ​លាន​ដុល្លារ​។ ប្រាក់​សំណង​នោះ​នឹង​ត្រូវ​យក​ទៅ​បង់​ថ្លៃ​ចំណាយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ ដែល​បាន​នឹង​កំពុង​រង​គ្រោះ​ដោយ​សារ​តែ​សារ​ជាតិ​ opioïde បង្កប់​នៅ​ក្នុង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់។​ នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើ​និតិ​វិធី​តុលាការ​តែ​ប៉ុណ្ណោះ។​ គេ​ត្រូវ​រង់​ចាំ​ពេលវេលា​រយៈ​ពេល​ច្រើន​ឆ្នាំ​ទៀត​ទំរាំ​តុលាការ​ចេញ​ប្រកាស​សាល​ក្រម​ជំនុំ​ជំរះ​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ