កំណើនអត្រាមរណភាពបណ្តាលមកពីសារជាតិអូពីយូអីត (opioïde) កំពុងក្លាយជាវិបត្តិនៅក្នុងសង្គមអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៨
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាមរណភាពពលរដ្ឋអាមេរិកបានកើនឡើងខ្ពស់ដោយសារតែការប្រើប្រាស់ថ្នាំមានផ្ទុកសារជាតិអូពីយូអីត (opioïde) ក្នុងបរិមាណកំរិតខ្ពស់។ សារជាតិនេះជាប្រភេទអាភៀនម៉្យាងមានលក្ខណៈមិនខុសពីប្រភេទគ្រឿងញៀនដ៏ទៃទៀតឡើយ។ វាត្រូវបានគេបង្កប់ទុកនៅក្នុងប្រភេទថ្នាំសំរាប់បំបាត់ការឈឺចុកចាប់។ ហើយថ្នាំនេះត្រូវបានដាក់លក់ស្របច្បាប់នៅលើទីផ្សារ។ បច្ចុប្បន្ននេះ ពលរដ្ឋអាមេរិករាប់លាននាក់បានធ្លាក់ខ្លួនក្លាយជាអ្នកញៀននឹងថ្នាំនេះ។ ដោយសារតែវិបត្តិនេះ ក្រុមហ៊ុនផលិតឱសថដែលធ្វើអាជីវកម្មថ្នាំនេះកំពុងតែរងពាក្យបណ្តឹងពីបណ្តារដ្ឋអាមេរិកមួយចំនួន។
បើយោងតាមទិន្នន័យចុងក្រោយបង្អស់របស់អង្គការសុខភាពពិភពលោក ហើយដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters យកមកផ្សព្វផ្សាយបានឲ្យដឹងថា អាយុសង្ឃឹមរស់ (espérance de vie) របស់ពលរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹមអាយុ ៧៨ ឆ្នាំ ៥ ខែ។ ចាប់តាំងពីឆ្នាំ១៩៦៣មក នេះជាលើកទីមួយហើយដែលអាយុសង្ឃឹមរស់របស់ពលរដ្ឋអាមេរិកបានថយចុះ។ មជ្ឈមណ្ឌលអាមេរិកទទួលបន្ទុកត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានទាញសញ្ញាប្រកាសអាសន្នចំពោះបញ្ហានេះនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៧។
យោងតាមខ្លឹមសាររបាយការណ៍នេះបានឲ្យដឹងថា អ្នកជំនាញសុខាភិបាលអាមេរិកបានកំណត់រកឃើញដើមចមនៃបញ្ហា ដែលបណ្តាលឲ្យគុណភាពជីវិត និងសុខភាពរបស់ពលរដ្ឋអាមេរិកធ្លាក់ចុះ។ បើផ្អែកលើទិន្នន័យដែលប្រមូលបានសបញ្ជាក់ឲ្យឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនចំនួនមរណភាពដោយសារតែការប្រើប្រាស់គ្រឿងញៀន ជាពិសេសការប្រើប្រាស់សារជាតិអាភៀន opioïde បង្កប់នៅក្នុងថ្នាំបំបាត់ការឈឺចុកចាប់ គឺជាមូលហេតុចំបងបណ្តាលឲ្យមានពលរដ្ឋអាមេរិកស្លាប់ជាច្រើននាក់។ សព្វថ្ងៃនេះ នៅក្នុងសង្គមអាមេរិក ករណីស្លាប់ដោយសារតែសារជាតិអាភៀន opioïde នេះកំពុងស្ថិតនៅលំដាប់ទីបីបន្ទាប់ពីការស្លាប់ដោយសារជំងឺគាំងបេះដូង និងជំងឺមហារីក។
ហើយបញ្ហារីករាលដាលនៃការញៀននឹងសារជាតិអាភៀន opioïde នេះក្នុងចំណោមប្រជាជនអាមេរិកកំពុងតែក្លាយជាវិបត្តិសុខភាពសារធារណៈដ៏ធំមួយមិនដែលធ្លាប់មានពីមុនមក។ អ្វីដែលគេហួសចិត្តនឹកស្មានមិនដល់នោះ គឺករណីស្លាប់ដោយសារការប្រើប្រាស់សារជាតិគ្រឿងញៀនស្របច្បាប់នេះ ជនរងគ្រោះភាគច្រើនសុទ្ធសឹងតែជាយុវជនអាមេរិកស្បែក ស។ ក្រៅពីនៅតាមទីក្រុង និងទីប្រជុំជន មួយចំនួនធំនៃជនរងគ្រោះជាកូនចៅកសិករ និងកម្មកររស់នៅតាមតំបន់ជនបទដាច់ស្រយាល ឬនៅតាមអតីតៈតំបន់ឧស្សាហកម្មក្រីក្រតោកយ៉ាក។ ចន្លោះពីឆ្នាំ២០១៤ និង២០១៥ កំណើនមរណភាពយុវជនអាមេរិកដែលមានអាយុចន្លោះពី ២៥ ឆ្នាំទៅ ៣៤ ឆ្នាំបានកើនឡើងរហូតទៅដល់ ៥០%។
ឆ្លងតាមការស្រាវជ្រាវលំអិតពីសំណាក់ក្រុមអ្នកជំនាញប្រចាំមជ្ឈមណ្ឌលអាមេរិកទទួលបន្ទុកត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានរកឃើញថា បញ្ហានេះបានចាប់ផ្តើមកាលពីក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ ពោល គឺនៅពេលដែលអាជ្ញាធរអាមេរិកបានអនុញ្ញាតឲ្យក្រុមហ៊ុនឧស្សាហកម្មឱសថអាចផលិតប្រភេទថ្នាំបំបាត់ការឈឺចុកចាប់មានផ្ទុកសារជាតិ opioïde ។ តាមពិតទៅ សារជាតិ opioïde នេះ គឺជាប្រភេទអាភៀនម៉្យាង ដែលមានឥទ្ធិពលខ្លាំងក្លាស្រដៀងគ្នានឹងប្រភេទគ្រឿងញៀនហេរូអ៊ីន ឬប្រភេទម័រភ្វីនផងដែរ។ ជាធម្មតា ថ្នាំបំបាត់ការឈឺចុកចាប់ផ្ទុកសារជាតិ opioïde នេះតែងត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជារឲ្យអ្នកជំងឺប្រើប្រាស់ក្រោយពីអ្នកជំងឺនោះទទួលការវះកាត់ ឬក្នុងករណីអ្នកជំងឺនោះមានអាការៈចុកចាប់ប្រចាំរាងកាយជាដើម។ សារជាតិនេះមានប្រសិទ្ធិភាពអាចបំបាត់ការឈឺចាប់ភ្លាមៗតែម្តង ក្រោយពីអ្នកជំងឺនោះបានលេប ឬចាក់វាចូលទៅក្នុងខ្លួន។
បើយោងតាមរបាយការណ៍មួយផ្សព្វផ្សាយដោយបណ្ឌិតសភាវិទ្យាសាស្រ្តអាមេរិកបានឲ្យដឹងថា សព្វថ្ងៃនេះ មានពលរដ្ឋអាមេរិកប្រមាណ ២ លាននាក់កំពុងតែធ្លាក់ខ្លួនញៀននឹងសារជាតិ opioïde ដែលបង្កប់ខ្លួននៅក្នុងថ្នាំបំបាត់ការឈឺចាប់។ នៅលើទីផ្សារលក់ឱសថអាមេរិក ថ្នាំបំបាត់ការឈឺចាប់នេះត្រូវបានផលិតស្របច្បាប់ជ្រកក្រោមស្លាកយីហោដូចជា Oxycodone, Hydrocodone, Duragesic, OxyContin និង Fentanyl។ ហើយថ្នាំទាំងនេះត្រូវបានផលិតពីសំណាក់ក្រុមហ៊ុនឱសថអាមេរិកធំៗមានជាអាទិ៖ ក្រុមហ៊ុន Johnson & Jonhson, Teva, Allergan, Endo និង Purdue Pharma។ បើតាមការសិក្សាស្រាវជ្រាវមួយរបស់វិទ្យាស្ថានជាតិអាមេរិកផែ្នកគ្រឿងញៀនបានរកឃើញថា ចន្លោះពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០១៥ ចំនួនអ្នកស្លាប់ប្រចាំឆ្នាំដោយសារតែការប្រើប្រាស់គ្រឿងញៀនបានកើនឡើងចំនួនបួនដង។ ជាសរុប មានពលរដ្ឋអាមេរិកចំនួន ១៨៣ ០០០ នាក់បានបាត់បង់ជីវិត។ ហើយភាគច្រើននៃករណីស្លាប់ គឺដោយសារតែការប្រើប្រាស់ហួសកំរិតនៃសារជាតិ opioïde ដែលបង្កប់នៅក្នុងថ្នាំបំបាត់ការឈឺចុកចាប់។ ហើយថ្នាំទាំងនេះត្រូវបានលក់ស្របច្បាប់ក្រោមវេជ្ជបញ្ជា។ កាលពីឆ្នាំ២០១៣ គ្រូពេទ្យអាមេរិកបានចេញវេជ្ជបញ្ជាចំនួន ២០៧ លានច្បាប់ដល់អ្នកជំងឺឲ្យប្រើប្រាស់ប្រភេទថ្នាំបំបាត់ការឈឺចុកចាប់នេះ។
អ្វីដែលកាន់តែបារម្ភខ្លាំង គឺចំនួនអ្នកស្លាប់ចេះតែកើនឡើងមិនចេះឈប់ឈរ។ សំរាប់ឆ្នាំ២០១៦ មានមនុស្សចំនួន ៦៣ ០០០ នាក់បានស្លាប់ដោយសារតែការប្រើប្រាស់សារជាតិអាភៀន opioïde ក្នុងបរិមាណច្រើនហួសកំរិត។ ស្របពេលគ្នានេះផងដែរ មានពលរដ្ឋអាមេរិកចំនួន១១ លាននាក់ផ្សេងទៀត ដែលកំពុងតែមានបញ្ហាសុខភាពដោយសារតែការប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ផ្ទុកសារជាតិញៀននេះ។ សូមបញ្ជាក់ថា តួលេខនេះត្រូវបានស្រង់យកតែពីជនរងគ្រោះដែលបានទិញថ្នាំបំបាត់ការឈឺចុកចាប់ស្របច្បាប់តែប៉ុណ្ណោះ។ នេះគេមិនទាន់រាប់បញ្ជូលតួលេខពលរដ្ឋអាមេរិករាប់លាននាក់ផ្សេងទៀត ដែលបានទិញថ្នាំនេះពីទីផ្សារងងឹត។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គេឃើញថាពួកអ្នកជួញដូរគ្រឿងញៀនបានយកថ្នាំស្របច្បាប់ផ្ទុកសារជាតិ opioïde នេះទៅធ្វើសំយោគលាយឡំនឹងសារជាតិគ្រឿងញៀនផ្សេងទៀត ដើម្បីឲ្យកំរិតថ្នាំញៀនកាន់តែមានឥទ្ធិពលខ្ពស់រាប់រយដង។ តួយ៉ាងមានករណីស្លាប់ជាច្រើនត្រូវបានគេរកឃើញដោយការលាយបញ្ជូលគ្នារវាងថ្នាំ Fentanyl និងម្សៅហេរូអ៊ីន។ ដោយសារតែឃើញបញ្ហានេះកាន់តែរីករាលដាលខ្លាំង កាលពីចុងឆ្នាំ២០១៧កន្លងមកនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសសន្យានឹងបង្កើតផែនការយុទ្ធសាស្រ្តថ្នាក់ជាតិមួយប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ប៉ុន្តែ គិតមកដល់ពេលនេះ ផែនការសន្យានេះនៅមិនទាន់ចេញរួបរាងនៅឡើយទេ។
ប៉ុន្តែ កាលពីដើមខែឱសភាកន្លងទៅនេះ គណៈកម្មារជំនាញមួយប្រចាំសភាកុងគ្រែសអាមេរិកបានកោះហៅថៅកែរោងចក្រឱថសអាមេរិកចំនួនប្រាំមកសួរដេញដោលអស់រយៈបីម៉ោង។ ទន្ទឹមគ្នានោះផងដែរ មានបណ្តារដ្ឋអាមេរិកមួយចំនួនបានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីទាមទារឲ្យក្រុមហ៊ុនឱសថនិមួយៗសងប្រាក់ជំងឺចិត្តរាប់រយលានដុល្លារ។ ប្រាក់សំណងនោះនឹងត្រូវយកទៅបង់ថ្លៃចំណាយព្យាបាលដល់ប្រជាពលរដ្ឋ ដែលបាននឹងកំពុងរងគ្រោះដោយសារតែសារជាតិ opioïde បង្កប់នៅក្នុងថ្នាំបំបាត់ការឈឺចុកចាប់។ នេះគ្រាន់តែជាការចាប់ផ្តើនិតិវិធីតុលាការតែប៉ុណ្ណោះ។ គេត្រូវរង់ចាំពេលវេលារយៈពេលច្រើនឆ្នាំទៀតទំរាំតុលាការចេញប្រកាសសាលក្រមជំនុំជំរះក្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ