rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក បច្ចេកវិទ្យា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

របាយការណ៍​៖ ក្រុម​ហ៊ុន​ Google ដក​ថយ​ពី​គម្រោង​យោធា​ប្រើ​ដោយ​បញ្ញា​សិប្បនិម្មិត​

media
រូបសញ្ញារបស់ Google ត្រូវបានបង្ហាញក្នុងអំឡុងពេលកិច្ចប្រជុំ Viva Tech និងកិច្ចប្រជុំកំពូលបច្ចេកវិទ្យានៅទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០១៨ REUTERS/Charles Platiau

កាលពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​ ក្រុម​ហ៊ុន​ Google​ ទើប​តែ​សម្រេច​ចិត្ត ​ដក​ខ្លួន​ចេញ​ពី​ កិច្ចសហប្រតិបត្តិការ​ ជាមួយ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ ក្នុង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ក្នុង​វិស័យ​យោធា​។ ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​ បាន​ប្រកាស​ដក​ថយ ​បន្ទាប់​ពី​បុគ្គលិក​របស់​ខ្លួន​ជា​ច្រើន​នាក់​បាន​ដាក់​ញ្ញត្តិ​ប្រឆាំង​រួម​គ្នា​ ការណ៍​ដែល​ក្រុម​ហ៊ុន​ចូល​ខ្លួន​ពាក់​ព័ន្ឋ​ទៅ​នឹង​វិស័យ​យោធា​របស់​ប្រទេស​។


រឿងរ៉ាវ​ដែល​ក្រុមហ៊ុន​ Google ចុះ​កិច្ច​សន្យា​ ជួយ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ក្នុង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ដើម្បី​វិភាគ​វីដេអូ​ ដែល​ចាប់​បាន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ បាន​បង្ក​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ មិន​ពេញ​ចិត្ត​ជាខ្លាំង​។ មិនតែប៉ុណ្ណោះ​ ពួកគេ​បាន​ដាក់​ញត្តិ​រួមគ្នា​ ដែល​មាន​ហត្ថលេខា​រាប់ពាន់​ ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ Google​ ដក​ខ្លួន​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​ដែល​ពួក​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ "ជំនួញ​សង្រ្គាម​"។ មួយវិញទៀត​ បុគ្គលិក​របស់ ​Google មួយ​ចំនួន​ ថែម​ទាំង​បាន​សុំ​ឈប់​ពី​ការងារ​ទៀត​ផង​ ដើម្បី​បង្ហាញ​ជំហរ​មិន​គាំ​ទ្រ​របស់​ពួកគេ​។

ទាក់​ទិន​រឿង​នេះ​ដែរ​ កាសែត ​The New York Times​ បាន​ដក​ស្រង់​សម្តី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បង្ហើប​ប្រាប់​ថា​ ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ Google បាន​ប្រកាស​ប្រាប់​បុគ្គលិក​កាល​ពី​ថ្ងៃ​សុក្រ​ហើយ​ថា​ ក្រុមហ៊ុន​នឹង​មិន​បន្ត​កិច្ច​សន្យា​ដ៏​ចម្រូងចម្រាស​នេះ​ ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ទៀត​នោះ​ទេ​។

គួរ​ជម្រាប​ជូនថា​ កិច្ចសន្យា​ដាក់​ឲ្យ​ប្រើប្រាស់​ បញ្ញា​សិប្បនិម្មិត​ ក្នុង​វិស័យ​យោធា​ របស់​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​ Google ​ហើយ​និង​ក្រសួង​ការពារ​ជាតិ​អាមេរិក​ មាន​តម្លៃ​ប្រមាណ​ជិត​ ១០​ លាន​ដុល្លារ​ សហរដ្ឋអាមេរិក​។ កិច្ច​សន្យា​នេះ​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ​ ហើយ ​Google ​នឹង​មិន​បន្ត​កិច្ច​សន្យា​ទៀតនោះ​ឡើយ​ ដោយ​សារ​មាន​ការ​ប្រឆាំង​ពី​បុគ្គលិក​ខ្លាំង​ពេក​។

គួរ​រំឮក​ផង​ដែរ​ថា​ បញ្ញា​សប្បនិម្មិត​ អាច​ឲ្យ​គេ​ប្រើ​ប្រាស់​ម៉ាស៊ីន​ ព្រម​ទាំង​ទេពកោសល្យ​វិស្វកម្ម​ ដើម្បី​សម្គាល់​មនុស្ស​និង​វត្ថុ​ផ្សេងៗ​ដែល​ចាប់​បាន​តាម​រយៈ​វីដេអូ​ របស់​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​។ ក៏ប៉ុន្តែ​បំណង​ក្នុង​ការ​បញ្ចូល​ បញ្ញា​សប្បនិម្មិត​ ទៅ​ក្នុង​កិច្ចការ​យោធា​ គឺ​ជា​ប្រធាន​បទ​ដ៏​រស៊ើប​បំផុត​មួយ​ផង​ដែរ​នៅ​ទូទាំង​ពិភពលោក​។ បើ​តាម​មូលនិធិ​អេឡិចត្រូនិច​ Frontier​ គេ​មិន​ចង់​ឲ្យ​មាន​ការ​ប្រើប្រាស់​បញ្ញា​សប្បនិម្មិត​ឡើយ ​ដើម្បី​ការពារ​សុខ​សុវត្តិភាព​ពិភពលោក​នេះ​ទាំង​មូល​៕