rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាឡេស្ទីន អ៊ីស្រាអែល សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីស្រាអែល​វាយ​ហ្កាហ្សា​ជាថ្មី ខណៈមាន​ដំណឹងបញ្ច្រាស​គ្នា​ពី​បទឈប់បាញ់​

media
អ៊ីស្រាអែល​ទម្លាក់​គ្រាប់​ក្នុង​​យប់​ថ្ងៃទី ២៩ឧសភា លើ​ទីតាំង​ប៉ាឡេស្ទីន​ជា​ច្រើន​កន្លែង​នៅ​តំបន់​ហ្កាហ្សា REUTERS/Suhaib Salem

គឺ​ជា​ការ​វាយប្រហារ​ដ៏​ខ្លាំង​ក្លា មិន​ធ្លាប់​មានទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤មក។ នៅ​យប់​ថ្ងៃអង្គារ​ឆ្លង​មក​ថ្ងៃពុធ​នេះ យោធា​អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​វាយ​លើ​ទីតាំង​យោធា​របស់​ចលនា​ហាម៉ាស​ប្រមាណ​៣០​កន្លែង​ក្នុង​តំបន់​ហ្កាហ្សា។ ស្នូរ​គ្រាប់​កាំភ្លើង​​ហាក់​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​បន្តិច​នៅ​ព្រឹក​នេះ ក្នុង​ខណៈ​ដែល​មាន​លេច​ឮ​ព័ត៌មាន​បញ្ច្រាស​គ្នា​ជុំ​វិញ​ការ​ចុះ​បទ​ឈប់​បាញ់។


អ្នក​ទទួល​ខុស​ត្រូវ​ចលនា​ហាម៉ាស បានធ្វើ​សេចក្តី​ប្រកាសព័ត៌មាន​បញ្ជាក់​ ដ៏​កម្រ​មួយ នៅ​ព្រឹក​ថ្ងៃពុធ​នេះ ថា​ក្រុម​ចលនា​ជីហាដ​អ៊ីស្លាម ដែល​ជា​ចលនា​ប៉ាឡេស្ទីន​មួយ​ក្រុម​ទៀត​នៅ​តំបន់​ហ្កាហ្សា បាន​ព្រមព្រៀង​ទទួលយក​បទ​ឈប់​បាញ់​ជាមួយ​អ៊ីស្រាអែល​តាម​រយៈ​អន្តរការី​អេហ្ស៊ីប​ហើយ។

ប៉ុន្តែខាង​អ៊ីស្រាអែល ​រដ្ឋមន្ត្រី​​ម្នាក់​បានច្រាន​ចោល​ព័ត៌មាននេះ​​ទៅ​វិញ។ ហើយ​បើ​ទោះ​បី​ជា​មាន​លេច​ឮ​ព័ត៌មាន​ចុះ​បទ​ឈប់​បាញ់​តាំ​ងពី​រសៀ​ល​ថ្ងៃ​អង្គារ​មក​ក្តី ក៏​យោធា​វិញ​ បាន​បើក​ប្រតិបត្តិ​ការ​វាយប្រហារ​ផ្លូវអាកាស និង​ផ្លោង​កាំភ្លើង​ធំ ទៅ​លើ​ទីតាំង​យោធា​ ទីតាំង​ជា​ចំណត​ដ្រូន ទីតាំង​ផលិត​រ៉ុកកែត ព្រមទាំង​ទីតាំង​ជា​រចនា​សម្ព័ន្ធ​​យោធា របស់​ចលនា​ហាម៉ាស ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា និង​ទៅ​លើ​ទីតាំង​របស់ពួក​ជីហាតអ៊ីស្លាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ហាម៉ាស និង​ជា​ចលនា​សំខាន់​ទីពីរ​ប្រចាំ​តំបន់។

ជា​សរុប​យោធា​អ៊ីស្រាអែល បាន​ដៅ​លើ​ទីតាំង​​ចំនួន​ប្រមាណ​ជា​២៥​ទីតាំង ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​អ្វី ដែល​អ៊ីស្រាអែល​ហៅថា​ជា​ទង្វើ​បង្ក​ហេតុមុន​របស់​ពួក​ប្រដាប់​អាវុធ​ហាម៉ាស និង​ជីហាត​អ៊ីស្លាម​ ដែល​បាន​បាញ់​រ៉ុកកែត​និង​កាំភ្លើង​ត្បាល់ រហូតធ្វើ​ឱ្យ​ទាហាន​អ៊ីស្រាអែល​បី នាក់​រង​របួស។

ខ្ទប់​ជាប់ម្ខាង​ដោយ​របង​យោធា​​អ៊ីស្រាអែល ម្ខាង​ដោយ​អេហ្ស៊ីប និង​សមុទ្ទ​មេឌីទែរ៉ាណេ តំបន់​ហ្កាហ្សា​ បាន​រង​ការ​វាយប្រហារ​ជា​ថ្មី យ៉ាង​សន្ធាប់​ខ្លាំង​​មិន​ធ្លាប់មា​ន​គិត​ចាប់​តាំង​ពី​ អ៊ីស្រាអែល​និង​ហាម៉ាស ចុះ​បទ​ឈប់​បាញ់​នឹង​គ្នា​នៅ​ឆ្នាំ​២០១៤មក។ តាំងពី ២០០៨​មក អ៊ីស្រាអែល ធ្លាប់​​ធ្វើ​សង្គ្រាម​ក្នុង​តំបន់​ហ្កាសហ្សា​​ចំនួន​បី​ដង​មក​ហើយ ! ទាំង​អ៊ីស្រាអែល និង​ហាម៉ាសដែល​ចុះ​ខ្សោយ​ជា​លំដាប់​ យល់​អំពី​គ្រោះ​ថ្នាក់​នៃ​​សង្គ្រាម​ ប៉ុន្តែ​ការ​គំនាបអ៊ីស្រាអែល និង​អេហ្ស៊ីប វិបត្តិ​សេដ្ឋកិច្ច និង​ភាពទ័ល​ច្រក​នយោបាយ បាន​រុញ​ច្រាន​ប៉ាឡេស្ទីនឱ្យ​ងាយ​ធ្លាក់​ក្នុង​​​ស្ថានភាព​​ផ្ទុះ​កំហឹង។

សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​​ចាក់​ទឹក​មិន​លិច​របស់​អ៊ីស្រាអែល បាន​បរិហារ​ការ​បាញ់​រ៉ុកកែត​​របស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​កាលពី​ម្សិលមិញ និង​បាន​ស្នើ​សុំ​ឱ្យ​មាន​​ជំនួប​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​​បន្ទាន់​នៅ​ល្ងាច​នេះ​ ដើម្បីចេញ​សេចក្តី​សម្រេច​​ថ្កោល​ទោស​ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន ចំពោះទង្វើ​នៅ​តំបន់ហ្កា​ហ្សា។ បើ​តាម​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ គ្រាប់​រ៉ុកកែត​ប៉ាឡេស្ទីន​បាញ់​ចេញ​ហ្កាហ្សា ធ្លាក់​ប៉ះ​ចំលើ​ទីតាំង​ស៊ីវិល​ ក្នុង​មួយជា​សួន​កុមារ។

កាលពី​ថ្ងៃទី ១៤​ឧសភា មាន​ជន​ប៉ាឡេស្ទីន​ជាង​១​រយ​នាក់​បាន​ត្រូវ​សម្លាប់​ដោយ​ទាហាន​អ៊ីស្រាអែល​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើ​ទូត​អាមេរិក​ទៅ​ក្រុង​ហ្ស៊េរ៉ុយសាឡិម។ កូវែន​សមាជិក​មិន​អចិន្ត្រៃយ៍​​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ បាន​រៀប​ចំ​គម្រោង​សេចក្តី​សម្រេច​​ដើម្បី​ចាត់​វិធានការ​ធានាសន្តិសុខ​​និង​ការ​ពារ​ជនស៊ីវិល​ប៉ាឡេស្ទីន។ ប៉ុន្តែការ​បញ្ជូន​បេសកជន​ការពារ​​អន្តរជាតិ​ ​​ទំនង​ជា​ត្រូវ​លុប​ចោល​ទៅ​វិញ បើ​ចង់​ឃើញ​គម្រោង​សេចក្តី​សម្រេច​ត្រូវ​បាន​អនុម័ត៕