អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨៖​ស្ថានីយ៍ទូរទស្សន៍​អាមេរិក Fox Sports កំពុង​ប្រមូល ADN មនុស្ស​ដើម្បី​ស្វែង​រក​អ្នកទស្សនា​ការផ្សាយ​បន្តផ្ទាល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​នឹង​ប្រព្រឹត្ត​ទៅ​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​នៅ​ប្រទេស​រុស្សី​។ សំរាប់​ឆ្នាំ​២០១៨​ ក្រុម​ជំរើសជាតិ​អាមេរិក​ពុំ​បាន​ជាប់​ចូលរួម​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​នេះ​ឡើយ។​ ក្រៅ​ពី​ធ្វើ​ឲ្យ​មហាជន​អាមេរិក​​ខក​ចិត្ត អវត្ត​មាន​ក្រុម​ជំរើស​ជាតិ​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​​ស្ថានីយ៍​ទូរទស្សន៍​ Fox Sports ខក​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​។ ស្ថានីយ៍​ទូរទស្សន៍​នេះ​បាន​ចំណាយប្រាក់​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ទូទាំង​សហរដ្ឋ​អាមេរិក។​ ដោយ​​សារ​តែ​ភ័យ​ខ្លាច​មាន​អ្នក​តាម​ដាន​ទស្សនា​តិច​តួច​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ចំណូល​ ស្ថានីយ៍​ទូរទស្សន៍​ Fox Sports បាន​ប្រើប្រាស់​វិធីសាស្រ្ត​ផែ្នក​ទីផ្សារ​មួយ​ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​គាំទ្រ​ប្រទេស​ណា​មួយ​ដែល​នឹង​ចូល​រួម​ការ​ប្រកួត​នេះ។​ លើស​ពីនេះ​ ​ស្ថានីយ៍​ទូរទស្សន៍​នោះ​ក៏​កំពុង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកម្នាក់ៗ​​ធ្វើ​តេស្ត​អាដេអិន (ADN) ដើម្បី​ដឹង​ពី​សែ​ស្រឡាយ​ឬស​គល់​ប្រទស​ដើម​កំណើត​ជីដូន​ជីតា​របស់​ពួក​គេ។

នៅ​អាមេរិក ​ស្ថានីយ៍ទូរទស្សន៍ Fox Sports កំពុង​ប្រមូល ADN មនុស្ស​ដើម្បី​ស្វែង​រក​អ្នកទស្សនា​ការផ្សាយ​បន្តផ្ទាល់​ការ​ប្រកួតបាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨​នៅ​ក្នុង​ប្រទេស​រុស្ស៊ី
នៅ​អាមេរិក ​ស្ថានីយ៍ទូរទស្សន៍ Fox Sports កំពុង​ប្រមូល ADN មនុស្ស​ដើម្បី​ស្វែង​រក​អ្នកទស្សនា​ការផ្សាយ​បន្តផ្ទាល់​ការ​ប្រកួតបាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨​នៅ​ក្នុង​ប្រទេស​រុស្ស៊ី MARCUS BRANDT/DPA
ផ្សាយពាណិជ្ជកម្ម

នៅ​សល់​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ទី​២១​នឹង​ចាប់​ផ្តើម​នៅ​ប្រទេស​រុស្សី។​ ជំនួប​ព្រឹត្តិការណ៍​កីឡា​ដ៏​មាន​ប្រជា​ប្រិយភាព​ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ១៤ ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា។​ ក្រុម​ជំរើស​ជាតិ​បាល់​ទាត់​សរុប​ចំនួន​ ៣២ ប្រទេស​នឹង​ចូល​រួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក។​ ប្រទេស​និមួយៗ​បាន​ឆ្លង​កាត់​វគ្គ​ជំរុះ​នៅ​តាម​តំបន់​នៃ​ទ្វីប​របស់​ខ្លួន។​ សំរាប់​ឆ្នាំ​២០១៨​នេះ​ ក្រុម​ជំរើស​ជាតិ​សហរដ្ឋ​អាមេរិក​ពុំ​បាន​ចូល​រួម​ប្រកួត​ទេ​ដោយ​សារ​តែ​បាន​ធ្លាក់​ក្នុង​វគ្គ​ជំរុះ​នៅ​ក្នុង​តំបន់​អាមេរិក​ខាង​ជើង​ និង​អាមេរិក​កណ្តាល។ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាប់​សិប​លាន​នាក់ខក​ចិត្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ​អវត្តមាន​នេះ​ក៏​ជា​បច្ច័យ​អាក្រក់​ដល់​ស្ថានីយ៍​ទូរទស្សន៍​ Fox Sports ផង​ដែរ។ ស្ថានីយ៍​ទូរទស្សន៍​ឯកជន​អាមេរិក​ដ៏​ធំ​មួយ​នេះ​បាន​ចំណាយ​ប្រាក់​ចំនួន​ ២០០ លាន​ដុល្លារ​ ដើម្បី​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ផ្តាច់​មុខ​ជាភាសា​អង់​គ្លេស​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។​ សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​ គឺ​សំរាប់​រាល់​ការ​ប្រកួត​សរុប​ចំនួន​ ៦៤​ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។

មែន​ទែន​ទៅ​ ស្ថានីយ៍​ទូរទស្សន៍​នេះ​បាន​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​មុន​ការ​ធ្លាក់​ក្នុង​វគ្គ​ជំរុះ​របស់​ក្រុម​ជំរើស​ជាតិ​បាល់​ទាត់​អាមេរិក​ទៅ​ទៀត។​ ក្រុម​ជំរើស​ជាតិ​អាមេរិក​បាន​ចាញ់​ក្រោម​ស្ថាដៃ​ក្រុម​ជំរើស​ជាតិ​មក​ពី​ប្រទេស​ទ្រីនីដាដ និង​តូបាហ្គោ​កាលពី​ខែ​តុលា​ឆ្នាំ​២០១៧។ ស្ថានីយ៍​ទូរទស្សន៍​ Fox Sports បាន​ផ្អែក​លើ​ហេតុ​ផល​ជា​ច្រើន​មុន​នឹង​ហ៊ាន​ប្រថុយ​ខ្លួន​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​បន្ទាល់​នេះ​។​ ហេតុ​ផលទីមួយ​ គឺ​គេ​រំពឹង​ថា​ក្រុម​ជំរើស​ជាតិ​អាមេរិក​អាច​ឆ្លង​ផុត​វគ្គ​ជំរុះ​ក្នុង​តំបន់​ដើម្បី​បាន​កន្លែង​មួយ​ទៅ​ប្រកួត​នៅ​ប្រទេស​រុស្សី។​ ហេតុ​ផល​ទីពីរ​ គឺ​បើ​តាម​ស្ថិតិ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​១៩៨៦​មក​ម្ល៉េះ​ នៅ​ពេលណា​មាន​ក្រុម​ជំរើស​អាមេរិក​ចូល​រួម​ប្រកួត​ ​ចំនួន​ទស្សនិកជន​អាមេរិក​តាម​ដាន​តាម​កញ្ចក់​ទូរទស្សន៍​បាន​កើន​ឡើង​ជា​លំដាប់​។​ ឧទារណ៍​កាលពី​ការ​ប្រកួត​ឆ្នាំ​២០១៤​ ជាមធ្យម​មាន​ទស្សនិកជន​អាមេរិក​ប្រមាណ​ ១៦​ លាន​នាក់​តាម​ដាន​រាល់​ការ​ប្រកួត​និមួយៗ​របស់​ក្រុម​ជំរើស​ជាតិ​អាមេរិក។​ នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​ជំរុះ​ជុំ​តំបូង​នៅ​ក្នុងក្រុម​តែ​ប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញ​ សំរាប់​ការ​ប្រកួត​ឆ្នាំ​២០១៤​ដដែល​ មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត​ដែល​មាន​ក្រុម​ប្រទេស​មក​ទ្វីប​អាមេរិក​ខាង​ត្បូង​ ឬ​មក​ពី​ទ្វីប​អឺរ៉ុប​​ គេ​ឃើញ​ថា​ចំនួន​អ្នក​ទស្សនា​អាមេរិក​បាន​ធ្លាក់​ចុះ​មក​ត្រឹម​តែ​ ១០​ លាន​នាក់​តែ​ប៉ុណ្ណោះ។​ ជា​សរុប​​គេ​អាច​ដឹង​ថា​ បើ​ទោះ​បី​ជា​មាន​ក្រុម​ខ្លាំង​ប្រកួត​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព័ត្រ​​យ៉ាង​ណា​ក៏​ដោយ​ ក៏​ទស្សនិក​ជន​អាមេរិក​ពុំ​សូវ​ចាប់​អារម្មណ៍​ឡើយ។ ពួក​គេ​ចាប់​អារម្មណ៍​តែ​ក្រុម​ជំរើស​ជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ។ ដោយ​សារ​តែ​អត្តវមាន​ក្រុម​ជំរើស​អាមេរិក​ក្នុង​ការ​ប្រកួត​នេះ​ ស្ថានីយ៍​ Fox Sports កំពុង​តែ​ភ័យ​ខ្លាច​បាត់​ចំនួន​អ្នក​តាម​ដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍។​ បើ​អ្នក​និយាយ​ឲ្យ​ស្រួល​ស្តាប់​ អ្នក​តាម​ដាន​តិច​តួច​ ចំនួន​ការ​ឃោសនា​ពាណិជ្ជកម្ម​ក៏​តិច​តួច​ផង​ដែរ។​ ដូច​នេះ​ ស្ថានីយ៍​ទូរទស្សន៍​ Fox Sports​ ក៏​អាច​នឹង​បាន​ប្រាក់​ចំណូល​តិច​តួច​ផង​ដែរ។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ថ្នាក់​ដឹកនាំ​ស្ថានីយ៍ទូរទស្សន៍​កីឡា​អាមេរិក​ដ៏​ធំ​មួយ​នេះ​បាន​ស្វែង​រក​វិធី​សាស្រ្ត​ទីផ្សារ​ថ្មី​មួយ។​ នោះ​ គឺ​ការ​ឃោសនា​​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ម្នាក់ៗ​ស្វែង​រក​សាវតារ​​ប្រទេស​កំណើត​ជីដូន​ជីតា​​របស់​ខ្លួន។

ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដ៏​ធំ​មួយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជន​អន្តោប្រវេសន៍​មក​ពី​គ្រប់​ទិសទី​ជុំវិញ​ពិភព​លោក។​ ដើម្បី​សំរេច​គោលដៅ​នេះ​ ស្ថានីយ៍​ទូរទស្សន៍​ Fox Sports បាន​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ 23andMe។​ ក្រុម​ហ៊ុន​នេះ​មាន​ជំនាញ​ផែ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ជីវសាស្រ្តវិភាគ​ ADN មនុស្ស។ នៅ​ក្នុង​ឃ្លីប​វីដេអូឃោសនា​មួយ​ ស្ថានីយ៍​ទូរទស្សន៍​ ​ Fox Sports បាន​ជំរុញ​ពលរដ្ឋ​អាមេរិក​គាំទ្រ​ក្រុម​ជំរើស​ប្រទេស​ណា​មួយ​។​ គោលដៅ​នៃ​ការ​ឃោសនា​ពាណិជ្ជកម្ម​ គឺ​ផ្អែក​លើ​សម្មិតកម្ម​មួយ​ដែល​ថា​ ប្រសិន​បើ​ទស្សនិក​ជន​ម្នាក់​ដឹង​ពី​ឬស​គល់​ដើម​កំណើត​ជាតិ​សាសន៍​ជីដូន​ជីតា​របស់​ខ្លួន​ ពួក​គេ​នឹង​មាន​ទឹកចិត្ត​តាម​ដាន​គាំ​ទ្រ​ក្រុម​ប្រទេស​នោះ​ដែល​ចូល​រួម​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​។ ដើម្បី​អាច​ធ្វើ​តេស្ត​ ADN ចង់​ដឹង​ពី​តំណ​ពូជ​របស់​ខ្លួន​ ទស្សនិក​ជន​អាមេរិក​ត្រូវ​បង់​ប្រាក់​ចំនួន​ ៩៩ ដុល្លារ​​ រួច​ពួក​គេ​ត្រូវ​ផ្ញើ​សំណាក​ទឹក​មាត់​ទៅ​កាន់ក្រុមហ៊ុន​ ​23andMe​។​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពួក​គេ​នឹង​ទទួល​បាន​ក្រដាស​លទ្ធផល​ផ្ញើ​តាមរយៈ​ប្រៃសនីយ៍។​ ថ្នាក់​ដឹក​នាំ​ស្ថានីយ៍​ទូរទស្សន៍​ Fox Sports មាន​ជំនឿ​ថា​វិធី​សាស្រ្ត​នឹង​ទទួល​បាន​ជោគជ័យ។​ ព្រោះ​ការ​ធ្វើ​តេស្ត​នេះ​លក្ខណៈ​សាមញ្ញ​​ និងចំណាយ​ប្រាក់​តិច​។ មក​ដល់​ពេល​នេះ​ មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​ ១០​ លាន​នាក់​បាន​ធ្វើ​តេស្ត​បែប​នេះ។​

ប៉ុន្តែ គេ​ក៏​មិន​ប្រាកដ​ដែរ​ថា​លទ្ធ​ផល​ធ្វើ​តេស្ត​​នេះ​អាច​ទាក់​ទាញ​ទស្សនិក​ជន​​ច្រើន​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ Fox Sports ។ មូល​ហេតុ​ គឺ​ពលរដ្ឋ​អាមេរិក​ស្បែក​ស​មួយ​ចំនួន​ធំ​មាន​ដើម​កំណើត​មក​ពី​ជីដូន​ជីតា​ដែល​បាន​ធ្វើ​អន្តោ​ប្រវេសន៍​មក​ពី​ប្រទេស​អៀរឡង់​ និង​​ប្រទេស​អ៊ីតាលី។​ ប៉ុន្តែ សំរាប់​ការ​ប្រកួត​ឆ្នាំ​២០១៨​នេះ​ ទាំង​ប្រទេស​អៀរ​ឡង់​ក៏ដូច​ជា​អ៊ីតាលី​សុទ្ធ​តែ​អវត្តមាន​ពុំ​បាន​ចូលរួម​ប្រកួត។​ ឥឡូវ​នេះ​​ គេ​កំពុង​រំពឹង​ទុក​លើ​អ្នក​មាន​ដើម​កំណើត​មក​ពី​អាល្លឺម៉ង់​ អង់គ្លេស​ ម៉ិចសិក​ ប៉ូឡូញ​ និង​រុស្សី​ជាដើម។​ សំរាប់​មជ្ឈដ្ឋាន​សុខាភិបាល​ វិធីសាស្រ្ត​ទីផ្សារ​របស់​ស្ថានីយ៍​ទូរទស្សន៍​ Fox Sports ពុំ​មាន​សីលធម៌​ឡើយ។​ លោក​ Arthur Caplan នាយក​ផែ្នក​ក្រមសីលធម៌​ជីវសាស្រ្ត​ប្រចាំ​សាកល​វិទ្យាល័យ​ពេទ្យ​ New York បាន​បញ្ចេញ​ទស្សនៈ​ថា​ វីដេអូ​ឃោសនា​នេះ​ពុំ​មាន​ន័យ​អ្វី​ឡើយ។​ គំនិត​ដែល​ជំរុញ​ឲ្យ​មនុស្ស​ជឿថា​ប្រជាជាតិ​មួយ​កសាង​ឡើង​ដោយ​ហ្សែន​តំណ​ពូជ​ គឺ​ជា​គំនិត​រើស​អើង​ពូជ​សាសន៍។​ ផ្ទុយ​ទៅ​វិញ​ ប្រទេស​មួយ​ ឬ​ប្រជាជាតិ​មួយ​កសាង​ឡើង​ដោយ​សារ​ការ​ប្រមូល​ផ្តុំ​កំលាំង​ផ្សេងៗ។​ ក្នុង​នោះ​មាន​កំលាំង​ប្រវត្តិ​សាស្រ្ត​ សេដ្ឋកិច្ច​ និង​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ