អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖​លោកនីកូឡា ម៉ាឌូរ៉ូ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី តែ​ក្រុមប្រឆាំង​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា លោក​ប្រធានាធិបតី​ផុតអាណត្តិ​នីកូឡា ម៉ាឌូរ៉ូ​បាន​ជាប់​ឆ្នោត​មួយ​អាណត្តិ​ថ្មី​ជាមួយ​នឹង​សម្លេង​គាំទ្រ​ជិត ៧០% ទល់​នឹង​គូប្រជែង​លោក​ហង់រី ហ្វាល់កុង​ដែល​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ២១%។ ប្រតិកម្ម​ភ្លាមៗ លោក​ហ្វាល់កុង​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​បាន​ទាមទារ​ឲ្យ​រៀបចំ​បោះឆ្នោត​ឡើង​វិញ។ ការ​ទាមទារ​ដូច​គ្នា​នេះ​ក៏​មាន​ពី​បេក្ខជន​ប្រឆាំង​ម្នាក់​ទៀត គឺ​លោក​ហ្សាវីយេ ប៊ែរទូស៊ី។ ក្រៅ​ពី​ក្រុមប្រឆាំង​ក្នុង​ស្រុក លទ្ធផល​បោះឆ្នោត​នេះ​ក៏​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ប្រទេស​បស្ចិមលោក​ភាគ​ច្រើន​ដែរ ពិសេស​អាមេរិក។

នៅ​វ៉េណេស៊ុយអេឡា ​លោកនីកូឡា ម៉ាឌូរ៉ូ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី តែ​ក្រុមប្រឆាំង​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ
នៅ​វ៉េណេស៊ុយអេឡា ​លោកនីកូឡា ម៉ាឌូរ៉ូ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី តែ​ក្រុមប្រឆាំង​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ REUTERS / Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​គ្រប់​គ្នា​បាន​រង់ចាំ និង​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល លោក​ប្រធានាធិបតី​ផុត​អាណត្តិ​វ៉េណេស៊ុយអេឡា​នីកូឡា ម៉ាឌូរ៉ូ​បាន​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​គ្របដណ្តប់​ដោយ​អសន្តិសុខ និង​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​អស់​ជា​ច្រើន​ខែ​កន្លង​មក។ អ្វី​ជា​ការ​កត់សម្គាល់ អត្រា​អ្នក​ចូលរួម​បោះឆ្នោត​មាន​ប្រមាណ​ជា ៤៦% ដែល​ជា​អត្រា​មួយ​ដ៏​ទាប​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​នៅ​វ៉េណេស៊ុយអេឡា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លទ្ធផល​នេះ​ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​លោក​ម៉ាឌូរ៉ូ​នាំ​គ្នា​សាទរ ហើយ​រូប​លោក​ម៉ាឌូរ៉ូ​ថែម​ទាំង​បាន​ចាត់​ទុក​ជា​ជ័យជំនះ​ប្រវត្តិសាស្រ្ត​ទៀត​ផង។

តែ​សម្រាប់​ក្រុមប្រឆាំង​វិញ ការ​បោះឆ្នោត​នេះ​មាន​បង្កប់​ដោយ​ភាព​មិន​ប្រក្រតី​ជា​ច្រើន រួម​ទាំង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ផង។ នៅ​ក្នុង​ន័យ​នេះ បេក្ខជន​មក​ពី​ក្រុម​ប្រឆាំង ពិសេស​លោក​ហង់រី ហ្វាល់កុង និង​លោក​ហ្សាវីយេ ប៊ែរទូស៊ី​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ឡើង​វិញ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក​ប៊ែរទុយស៊ី​បាន​ចោទ​លោក​ម៉ាឌូរ៉ូ​ពី​បទ​ប្រើ​គំនាប​លើ​អ្នក​បោះឆ្នោត​តាម​រយៈ​ជំនួយ​សង្គម។

« ភាព​គ្មាន​ប្រសិទ្ធភាព និង​ភាព​អសមត្ថភាព​របស់​លោក​ម៉ាឌូរ៉ូ​ក្នុង​ការ​បំបាត់​ភាព​អត់ឃ្លាន និង​ភាព​កង្វះ​ស្បៀងអាហារ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា អ្នក​ដែល​បាន​ឈ្នះ​ថ្ងៃ​នេះ​នឹង​ត្រូវ​បាត់បង់​ទៅ​វិញ​នៅ​ថ្ងៃ​ស្អែក​ជាមួយ​ប្រទេស​របស់​គាត់។ ខ្ញុំ​មិន​ជឿ​ថា ប្រទេស​នេះ​នឹង​រីកចម្រើន​ទៅ​មុខ​ជាមួយ​នឹង​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី​ដដែល​ឡើយ។ យើង​មិន​និយាយ​ពី​ការ​កំចាត់​លោក​ម៉ាឌូរ៉ូ​ទេ តែ​និយាយ​ពី​ការ​បំបាត់​ភាព​អត់ឃ្លាន និង​ពី​ការ​បំបាត់​សោកនាដកម្ម​សង្គម​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។ បើ​លោក​ម៉ាឌូរ៉ូ​នៅ​បន្ត​កាន់​អំណាច ទណ្ឌកម្ម​នឹង​បន្ត​មាន​កាន់​ខ្លាំង ហើយ​វិបត្តិសង្គម​នឹង​កាន់​តែ​ធ្លាក់​ដុនដាប »

ជា​ប្រតិកម្ម​ឆ្លើយ​តប​វិញ​នឹង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អ្នក​ប្រឆាំង លោក​ម៉ាឌូរ៉ូ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ពួក​គេ​និយាយ​ថា យើង​បាន​បង្ខំ​អស់លោក​ឲ្យ​ទៅ​បោះឆ្នោត។ ពួក​គេ​ថា ពលរដ្ឋ​បាន​ទទួល​ការ​ការ​គាបសង្កត់​ឲ្យ​ទៅ​បោះឆ្នោត។ ការ​និយាយ​នេះ គឺ​ជា​ការ​មើលងាយ និង​គ្មាន​ការ​គោរព​ចំពោះ​អ្នក​បោះឆ្នោត​ជាង ៩លាននាក់​ដែល​បាន​ចូលរួម​បោះឆ្នោត​ដោយ​សេរី ដោយ​សម្ងាត់ ដោយ​ស្ម័គ្រចិត្ត និង​ដោយ​មាន​ការ​អនុវត្ត​សិទ្ធបោះឆ្នោត​របស់​ពលរដ្ឋ »។

ក្រៅ​ពី​ការ​បរិហារ​របស់​ក្រុម​ប្រឆាំង លទ្ធផល​បោះឆ្នោត​ក៏​មាន​ការ​ច្រាន​ចោល​ពី​អាមេរិក អឺរ៉ុប និង​សម្ព័ន្ធ​នៃ ១៤ប្រទេស​ក្នុង​ទ្វីប​អាមេរិក និង​ការ៉ាអ៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ