rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វេណេស៊ុយអេឡា​បោះឆ្នោត​ប្រធានាធិបតី ចំពេល​វិបត្តិ​សេដ្ឋកិច្ច​ជាតិ​ដុនដាប​ខ្លាំង

ដោយ ព្រំ សឿន សូលីណា

ប្រជាជន​វេណេស៊ុយអេឡា​នាំគ្នា​ទៅបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ថ្ងៃអាទិត្យ​២០ឧសភា​នេះ។ អ្នកត្រូវ​បោះឆ្នោត​មាន​ជាង​២០លាននាក់ ជា​ការ​បោះឆ្នោត​តែ​មួយជុំទេ។ ​​​ប្រទេស​ជាច្រើន​ក្នុង​សហគមន​អន្តរជាតិ​​មិនទទួលស្គាល់ការបោះឆ្នោត​នេះទេ។ ដោយសារ​​​​បក្ស​ប្រឆាំង​ដ៏ធំ​ ​​បាន​​ធ្វើពហិកាបោះឆ្នោត​​ ​ប្រធានាធិបតី​ ​នីកូឡា ម៉ាឌុរ៉ូ ​​​អាច​នឹង​ជាប់ឈ្មោះ​​​បន្ត​អាណត្តិដឺកនាំ​​ទៀត។

ការ​បោះឆ្នោត​​ប្រធានាធិបតី​វេណេស៊ុយអេឡា​ថ្ងៃនេះ រៀបចំ​ឡើង​ក្នុង​ពេល​សេដ្ឋកិច្ច​ប្រទេស​មួយនេះ កំពុង​​ដុនដាប​ ខ្លាំង។ ​យោងតាម​​បក្ស​ប្រឆាំង ​ថ្ងៃ​អាទិត្យ​​នេះ ប្រជាជន​វេណេស៊ុយអេឡា​នៅបរទេស គ្រោង​ធ្វើ​បាតុកម្ម ​បរិហារ​កា​បោះឆ្នោតនេះ។

បក្សប្រឆាំង​ធ្វើពហិកា ដោយសារ​មិនទុកចិត្ត​ថាការបោះឆ្នោត​អាច​មាន​តម្លាភាព ​

ការបោះឆ្នោតប្រធានាធិបតី​វេណេស៊ុយអេឡា​ពេលនេះ​ ជាការ​បោះឆ្នោត​​មុនអាណត្តិ តាមធម្មតា ត្រូវធ្វើ​នៅចុងឆ្នាំ​នេះ ហើយ​ធ្លាប់​បាន​លើកពេល​ធ្វើ​២ដង​មកហើយ កន្លងមក។ ​ដោយសារ​​​​បញ្ហាពាក់ព័ន្ធ​​តម្លាភាព​​ ​​បក្ស​ប្រឆាំងដ៏ធំ ហៅកាត់ថា បក្ស​MUD ​បាន​ធ្វើពហិកា​បោះឆ្នោត។ បក្ស​ប្រឆាំង​មិនទុកចិត្ត​បក្ស​កាន់អំណាច។ បក្ស​ប្រឆាំង​ធ្លាប់​ទាមទារ​​អោយការបោះឆ្នោត​ត្រូវតែ​មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ឯករាជ្យ ​អោយ​ប្រជាជន​វេណេស៊ុយអេឡា​នៅក្រៅប្រទេស​បាន​បោះឆ្នោត​ដែរ។ ​

បក្ស​ប្រឆាំង​មិនទុកចិត្ត​បក្សកាន់អំណាច​ ដោយសារ​ធ្លាប់​មានមេរៀន​ជូរចត់​រួចមកហើយ គឺថា បក្ស​ប្រឆាំង​បានឈ្នះឆ្នោត​​សភា នៅចុងឆ្នាំ​២០១៥ ប៉ុន្តែ ឆ្នាំ​មុននេះ ​តុលាការកំពូល​ដែល​គេមើលឃើញថា ស្តាប់បញ្ជា​ប្រធានាធិបតី​ បាន​រឹបអូស​អំណាចសភា​​មកកាន់កាប់។ ​ ​ពេលនេះ​ទៀត មេដឺកនាំ​សំខាន់ៗ​របស់​​បក្ស​ប្រឆាំង​ ​ដូចជា​​លោក​ ហង់រីក កាព្រីឡេស ​ដែល​ធ្លាប់​ប្រជែង​​លោក​ម៉ាឌូរ៉ូ​ក្នុង​ការ​បោះឆ្នោត​កន្លងមក​ដែរនោះ លោក​កាព្រីឡេស​ត្រូវបាន​ហាមឃាត់​មិនអោយ​ធ្វើនយោបាយ​​១៥ឆ្នាំ​ក្រោមហេតុផល​ថា មានភាព​មិនប្រក្រតី​រដ្ឋបាល។ ​

ដោយសារ​បញ្ហា​អស់នេះ បក្ស​ប្រឆាំង​ធ្វើពហិការ និង​ថែមទាំងចោទ​ប្រធានាធិបតី​ម៉ាឌូរ៉ូ ថា​ប្រើល្បិច​ទាក់ទាញ​អ្នកបោះឆ្នោត។ ចោទថា លោក​ម៉ាឌូរ៉ូ​​​ ចង់​ផ្តល់​រង្វាន់​ដល់​អ្នកដែល​មានបណ្ណ​​ពិសេស អោយ​ទទួល​បាន​ប្រយោជន៍​ពីកម្មវិធី​សង្គម បើ​ពួកគេ​បោះឆ្នោត​អោយ​បក្ស​កាន់អំណាច។ ប៉ុន្តែ ម្សិលមិញ ក្រុមប្រឹក្សា​បោះឆ្នោត​ជាតិ ​បាន​​លើកឡើងថា អ្នកបោះឆ្នោត​មិនអាច​ទទួល​រង្វាន់អ្វី ក្នុ​ងពេល​បោះឆ្នោត​ទេ។ លើកឡើង​ពី​រឿងតម្លាភាព​នេះ កន្លងមក វេណេស៊ុយអេឡា​​​បាន​បង្កើត​រហូត​ដល់​សភា​ធម្មនុញ្ញ​​​មួយទៀតផង ​ដែលគេ​មើល​ឃើញថា ជាសភា​គាំទ្រ​លោក​ម៉ាឌូរ៉ូ​ពេញទំហឹង​។

ប៉ុន្តែ ការបោះឆ្នោត​សភា​មួយនេះ កន្លងមក​ ត្បិតថា សម្រេច​ជោគជ័យ​​តាម​ការចង់បាន​របស់​​​លោក​ម៉ាឌូរ៉ូ​ក៏ពិតមែន​ ​តែ​មាន​អ្នកទៅ​បោះឆ្នោត​​​ជាង​៤១ភាគរយប៉ុណ្ណោះ​​ ហើយ​ប្រជាជន​ខ្លះធ្លាប់​ប្រាប់ថា បានទទួលការគំរាមកំហែង​​អោយ​ទៅបោះឆ្នោត​ទទួលយក​សភា​នេះ​ទៀតផង។ ម្ល៉ោះហើយ​បានជា​បក្សប្រឆាំង​ពហិកា​បោះឆ្នោត​​​​ប្រធានាធិបតី​ថ្ងៃអាទិត្យ​នេះ។ ​​

​​សហរដ្ឋអាមេរិក ជប៉ុន កាណាដា សហភាពអឺរ៉ុប និង​សម្ព័ន្ធ​​១៤ប្រទេស នៅ​ទ្វីបអាមេរិក និង​​​ការ៉ាអ៊ីប​​​ ​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​ថ្ងៃនេះ​​ទេ។ បារាំង​ថា លក្ខខណ្ឌបោះឆ្នោត​​​មិនអាច​អនុញ្ញាត​អោយ​មាន​តម្លាភាព​ទេ។ សហគម​អន្តរជាតិ​ភាគច្រើន​​​​​មិនពេញចិត្ត​ការដឺកនាំហិង្សា​របស់​​​លោកម៉ាឌូរ៉ូ។ ជាការ​រំលឹក​ឡើងវិញ​ ដោយសារ​វិបត្តិសេដ្ឋកិច្ច​ដុនដាប​ ក្រុមប្រឆាំង​បាន​ដឺកនាំ​ប្រជាជនធ្វើបាតុកម្ម​​ កាលពី​ពាក់កណ្តាល​​ឆ្នាំមុននេះ។ ការប៉ះទង្គិច​ក្នុង​បាតុកម្ម​បាន​ធ្វើអោយ​ម​នុស្ស​ស្លាប់​១២៥នាក់។ ដោយឡែក​ លោក​ម៉ាឌូរ៉ូ​ចំអក​អាមេរិក​ថា ប្រធានាធិបតី​វេណេស៊ុយអេឡា ត្រូវបាន​ប្រជាជន​បោះឆ្នោត​អោយ ​មិនមែន​លោកដូណាល់ ​ត្រាំ​បោះឆ្នោត​អោយទេ។ ​​ ​​

លោក​ម៉ាឌូរ៉ូ អាច​ទទួលជោគជ័យ​ដឺកនាំ​អាណត្តិ​ទី២

បក្ស​ប្រឆាំង​ធ្វើពហិការ​មិនចូលរួម វា​ជារឿង​ល្អ​សម្រាប់​លោក​ម៉ាឌូរ៉ូ​ទៅវិញទេ ប្រៀបបាន​នឹង​មេឃស្រឡះ គ្មាន​ពពក​ដូច្នោះដែរ។ ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃអាទិត្យនេះ មាន​បេក្ខជន​៣នាក់ សំខាន់ៗ មាន​ទី១ គឺ​លោក​ម៉ាឌូរ៉ូ មកពី​បក្ស​កាន់អំណាច គឺ​បក្ស​សង្គមនិយមរួបរួម​។ ដូចយើង​ធ្លាប់ដឺង ​​លោកម៉ាឌូរ៉ូ​​បាន​កាន់កាប់​ប្រទេស​បន្ត​ពី​លោក​អ៊ុយហ្គោ ស្ហាវេស តាំងពី​​លោក​ស្ហាវេស ស្លាប់​ក្នុង​ឆ្នាំ​២០១៣មក។ បេក្ខជន​ប្រធានាធិបតី​​​ទី២ គឺ​លោក​ ហេនរី ហ្វាល់កុន Henri Falcon អាយុ​៥៦ឆ្នាំ មកពី​បក្ស​ Avanzada Progresista។ លោក​ហ្វាល់កុន ជា​មេធាវី និង​​​ធ្លាប់​ជាសមាជិក​បក្ស​កាន់អំណាច​ពីមុន​មកដែរ ប៉ុន្តែ លោក​បាន​បែកទៅបង្កើត​គណបក្ស​មួយផ្សេងទៀត។លោក​សង្ឃឹម​ថា សមាជិក​បក្ស​ប្រឆាំង​ដែល​ធ្វើពហិការ​​ អាច​ប្តូរចិត្ត​មក​បោះឆ្នោត​​អោយ​បក្ស​លោក ដើម្បីទំលាក់​​ប្រធានាធីបតី​ម៉ាឌូរ៉ូ​​​ពីអំណាច។

​ការស្ទាបស្ទង់​មតិភាគច្រើន​បង្ហាញ​ថា ​លោក​ហ្វាល់កុ​ន អាច​ទទួលបា​នសម្លេង​ឆ្នោត​ស្មើនឹង​លោក​ម៉ាឌូរ៉ូ​ដែរ។ តែ​បើ​ករណី​អនុប្បវាទ​​ខ្ពស់ គឺ​លោក​ម៉ាឌូរ៉ូ អាច​ជាប់ឆ្នោត ទោះប្រជាប្រិយភាព​លោកពេលនេះ ធ្លាក់ចុះខ្លាំង​​​​៧៥ភាគរយ​ក៏ដោយ​។ ​

ចំណែក​បេក្ខជន​ទី៣ គឺ​លោក​ Javier Bertucci  ហ្សាវីយេ ប៊ែរទុចឈី មកពី​សង្គមស៊ីវិល។ លោក​ជា​ពាណិជ្ជករ និងជាអ្នកអភិរក្ស​និយម ជា​​ប៉ាស្ទ័រ​សាសនា​មួយរូប​​ ដែល​មិនគាំទ្រ​ការ​រំលូត​កូន។ ប៉ុន្តែ គេគិត​ថា លោក​មិនអាច​ជាប់ឆ្នោត​ទេ។ ​ ​​   

ការបោះឆ្នោត​វេណេស៊ុយអេឡា​ពេលនេះ​ធ្វើឡើង​ចំពេល​ សេដ្ឋកិច្ច​ជាតិ​វេណេស៊ុយអេឡា​ធ្លាក់ដុនដាបខ្លាំង។ តាំងពី​ឆ្នាំ​២០១៤ ប្រេងឆៅ​ដែលជា​ប្រភព​ចំណូលជាតិ​ចម្បង​ បានធ្លាក់ថ្លៃ​ខ្លាំង។ ប្រជាជន​ខ្វះស្បៀងអាហារ រដ្ឋគ្មាន​លុយ​​បង់ប្រាក់ខែ​បុគ្គលិក។ ​វិបត្តិ​​អតិផរណា​វេណេស៊ុយអេឡា​​ ក្នុង​ឆ្នាំ​២០១៨នេះ មានដល់​​១៣.៨០០​ភាគរយ។

លើសពីនេះ វេណេស៊ុយអេឡា​បាន​រងទណ្ឌកម្ម​មួយចំនួន​ពី​អាមេរិក។ ដោយសារ​វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច ប្រជាជន​១លាន៧សែននាក់​ហើយ បានចាកចេញ​ពី​វេណេស៊ុយអេឡា ទៅក្រៅស្រុក។ ប្រឈម​បញ្ហា​ទាំងអស់នេះ លោក​ម៉ាឌូរ៉ូ​បាន​សន្យាថា បើ​លោក​ឈ្នះឆ្នោត លោក​នឹង​យកឈ្នះ​លើ​សង្គ្រាម​សេដ្ឋកិច្ច ​​ដែល​ជា​សង្គ្រាម​​បង្កឡើង​ដោយ​សហរដ្ឋ​អាមេរិក និង​ក្រុមប្រឆាំង។ គេចាំ​មើលថា​ តើ​លោក​ត្រូវដោះស្រាយ​យ៉ាងណា​​អោយពិតប្រាកដ​ ព្រោះ​ប្រទេស​ក្នុង​សហគមន៍​​អន្តរជាតិ​ភាគច្រើន​មិនពេញចិត្ត​លោក​ផងនោះ៕ ​​​

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា

ជប៉ុន​នឹង​​អាច​​ក្លាយ​​ជា​ជន​រងគ្រោះ​នៃ​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ដែរ​ឬ ?