អាមេរិកសម្ពោធស្ថានទូតនៅហ្ស៊េរុយសាឡិម ក្រោមសន្ធឹកនៃបាតុកម្មប៉ាឡេស្ទីន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៣
លោកត្រាំកំពុងសម្រេចបំណងតាមពាក្យសន្យារបស់លោកហើយ ! បន្ទាប់ពីបានប្រកាសទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៦ ធ្នូ ឆ្នាំ២០១៧ សហរដ្ឋអាមេរិកត្រូវសម្ពោធបើកស្ថានទូត នៅក្រុងហ្ស៊េរុយសាឡិម នៅថ្ងៃចន្ទទី ១៤ ឧសភា នេះ។ ជាជម្រើសថ្ងៃដែលត្រូវចំខួប៧០ឆ្នាំនៃការប្រកាសឯករាជ្យរដ្ឋអ៊ីស្រាអែលទៀត។ ភាពតានតឹងបានប៉ោងឡើងជាថ្មី រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ! ពិធីសម្ពោធ កំពុងស្ថិតក្រោមសម្ពាធខ្លាំង និងកំពុងបញ្ចេះកំហឹងបណ្តាពលរដ្ឋប៉ាឡេស្ទីន ឱ្យនាំគ្នាធ្វើបាតុកម្មប្រឆាំង ក្នុងទ្រង់ទ្រាយធំ។ បាតុកម្មដែលបានរងការបង្ក្រាបពីសំណាក់ទាហានអ៊ីស្រាអែល រហូត មានស្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៧នាក់ និងរបួសជាច្រើននាក់។
លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញចេតនាចង់មកចូលរួមក្នុងកម្មវិធីសម្ពោធ នៅទីក្រុងហ្ស៊េរុយសាឡិមនេះ ប៉ុន្តែទំនងដោយមិនចង់បង្កើនភាពតឹងតឹងបន្ថែម នៅទីបំផុតលោកបានប្តូរចិត្តវិញ ដោយបញ្ជូនកូននិងកូនប្រសារ លោកស្រី អ៊ីវ៉ាន់កា ត្រាំ និង ស្វាមីលោក ហ្សារ៉េ គូឆ្នែរ ទីប្រឹក្សាពិសេសរបស់លោកត្រាំ ទៅធ្វើជាអធិបតីក្នុងពិធីសម្ពោធបើកស្ថានទូតអាមេរិកថ្មី នៅទីក្រុងហ្ស៊េរុយសាឡិម នៅថ្ងៃនេះជំនួស។
ពិធីសម្ពោធ នឹងត្រូវចាប់ផ្តើមជាផ្លូវការនៅ វេលាម៉ោង៤រសៀលម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង៩យប់ម៉ោងនៅប្រទេសកម្ពុជា ដោយមានការអ្នកចូលរួម ជាមន្ត្រីអ្នកមុខអ្នកការអាមេរិក តំណាងសភាព្រឹទ្ធអាមេរិក និងអ៊ីស្រាអែលជាច្រើនរូប ប្រមាណជិត៨រយនាក់។
សម្រាប់អ៊ីស្រាអែល ការផ្ទេរស្ថានទូតអាមេរិកពីក្រុងតែលអាវីវ មកហ្ស៊េរុយសាឡិមថ្ងៃនេះ ជាពិធីដែលមានតម្លៃជាប្រវត្តិសាស្ត្របំផុត ! ហើយម្យ៉ាងទៀត អ៊ីស្រាអែលកាន់តែរំជួលអបអរខ្លាំងទៀត ព្រោះជម្រើសថ្ងៃសម្ពោធស្ថានទូតអាមេរិក ត្រូវចំថ្ងៃទី ១៤ ឧសភា ដែលជាថ្ងៃបុណ្យឯករាជ្យ ខួបលើកទី ៧០ ប្រកាសជារដ្ឋអ៊ីស្រាអែល។ នៅពេលទៅទទួលស្វាគមន៍ លោកស្រីអ៊ីវ៉ាន់កា ត្រាំ នៅព្រលានយន្តហោះ លោក នេតាន់យ៉ាហ៊ូ បានថ្លែងថា ហ្ស៊េរុយសាឡិម នឹងនៅជាទីក្រុងរបស់អ៊ីស្រាអែលរហូត ទោះជាមានកិច្ចព្រមព្រៀងសន្តិភាពអ្វីក៏ដោយ។
អ៊ីស្រាអែលរីករាយ ! ប៉ាឡេស្ទីន ផ្ទុះកំហឹងខ្លាំង
អ៊ីស្រាអែល បានបង្កើន និងពង្រាយកម្លាំងយោធាប្រយុទ្ធទ្វេមួយជាពីរ នៅជុំវិញតំបន់រស់នៅរបស់ប៉ាឡេស្ទីន ក្រោមអាណានិគមកិច្ចអ៊ីស្រាអែល និងតាមព្រំដែន ព្រមទាំងបានពង្រាយកម្លាំងប៉ូលិស ដល់ទៅពាន់នាក់ សម្រាប់ការពារក្រុងហ្ស៊េរុយសាឡិម តំបន់ស្ថានទូតអាមេរិក និងបានព្រមានមិនឱ្យពលរដ្ឋប៉ាឡេស្ទីន នៅហ្កាហ្សាមកក្បែរបន្ទាត់ព្រំដែនទេ។
សូមបញ្ជាក់ថា ថ្វីបើថ្ងៃនេះខាងអ៊ីស្រាអែល ជាខួបបង្កើតរដ្ឋឯករាជ្យ តែខាងប៉ាឡេស្ទីន ក៏ជាខួប៧០ឆ្នាំនៃមហន្តរាយនិរាសព្រាត់ប្រាស់ និងចលនាចំណាកស្រុកបាត់បង់ទឹកដី ដោយសារការលេបត្របាក់របស់អ៊ីស្រាអែល។ ជម្រើសយកថ្ងៃនេះមកសម្ពោធស្ថានទូតអាមេរិក គឺជាការផ្គើន។
ប៉ាឡេស្ទីន ប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាច្រើនកន្លែង និងក្នុងចំនួនដ៏ច្រើនបំផុត ដើម្បីបរិហារទង្វើផ្ទេរស្ថានទូតអាមេរិកផង និងទាមទារសិទ្ធិវិលត្រលប់មកលើទឹកដីដែលអ៊ីស្រាអែលលេបយកកាលពីឆ្នាំ១៩៤៨មកបង្កើតរដ្ឋផងដែលគេប្រសិទ្ធនាមថា "សិទ្ធិនៃការវិលត្រឡប់របស់ជនភៀសខ្លួន”។ បាតុកម្មប៉ាឡេស្ទីនបានពង្រីកខ្លួនកាន់តែធំនិងសូម្បីតែស្ត្រីក៏ចូលរួមយ៉ាងសកម្ម ក្រោមការលើកទឹកចិត្តរបស់មេដឹកនាំចលនាហាម៉ាស អ្នកគ្រប់គ្រងតំបន់ហ្កាហ្សា។
ប៉ុន្តែ ដូចជារៀងរាល់លើក បាតុកម្មប៉ាឡេស្ទីន តែងរកការបង្ក្រាបដោយអាវុធពីសំណាក់អ៊ីស្រាអែល។ បើតាមព័ត៌មានទើបទទួលបានអំបាញ់មិញនេះ បាតុករប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កំពុងបានរងការបង្ក្រាប យ៉ាងទាន់ហន់ពីសំណាក់យោធាអ៊ីស្រាអែល។ មានស្លាប់ និងរបួស ជាច្រើននាក់។
អាមេរិកលែងសមជាអន្តរការីសម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន
ចំណែកឯប្រមុខចលនាអាល់កៃដា បានអំពាវនាវ តាំងតែពីថ្ងៃអាទិត្យម្សិលមិញមក ឱ្យពួកជីហាតនាំគ្នាកាន់អាវុធចេញធ្វើសកម្មភាពប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយអះអាងថា សេចក្តីសម្រេចរបស់អាមេរិកផ្ទេរស្ថានទូតមកហ្ស៊េរុយសាឡិម ជាភស្តុតាងបញ្ជាក់ថា ការចរចា និងការសម្របសម្រួលគ្នា គ្មានផ្តល់ប្រយោជន៍អ្វីដល់ប៉ាឡេស្ទីន។
សម្ព័ន្ធអារ៉ាប បានប្រកាសបើកជំនួប ជាបន្ទាន់នៅថ្ងៃពុធ តាមសំណើរបស់ប៉ាឡេស្ទីន ដើម្បីពិភាក្សារកមធ្យោបាយប្រឈមទល់នឹងទង្វើខុសច្បាប់របស់អាមេរិក។ សម្រាប់សហគមន៍អន្តរជាតិ ក្នុងនាមជាដែនដីក្រោមអាណានិគមអ៊ីស្រាអែលនៅឆ្នាំ១៩៦៧ និងមិនទាន់មានលក្ខន្តិកៈច្បាស់លាស់ គេមិនអាចទៅតាំងស្ថានទូតបានទេ នៅហ្ស៊េរុយសាឡិម ! ខុសអ្វីតែអាមេរិក ដែលជ្រើសរើសទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយផ្ទេរស្ថានទូតមកហ្ស៊េរុយសាឡិមទៀត។
តែ គេពុំទាន់ឃើញមានប្រតិកម្មអ្វី ផ្សេងទៀតពីសហគមន៍អន្តរជាតិនៅឡើយទេ ក្រៅអំពីសេចក្តីអំពាវនាវរបស់ប្រធានាធិបតីតួកគី អែរដូហ្កាន ពីទីក្រុង ជំរុញឱ្យសហគមន៍អន្តរជាតិដើរតួនាទីឱ្យបានលឿនរហ័សទប់ស្កាត់ការឈ្លានពានរបស់អ៊ីស្រាអែល និងលែងផ្តល់ទំនុកចិត្តលើសហរដ្ឋអាមេរិកក្នុងការដើរតួនាទីអន្តរការីដោះស្រាយវិបត្តិអ៊ីស្រាអែលប៉ាឡេស្ទីន។នាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ចេញប្រតិកម្មចុងមាត់ចុងកថាមិនយល់ស្របនឹងការផ្ទេរទីតាំងទូតរបស់អាមេរិកទេ។
ត្រង់ចំណុចនេះ យើងអាចទទួលស្គាល់មួយថា សេចក្តីសម្រេចរបស់លោកត្រាំ ថ្វីបើបានទទួលការថ្កោល សំណាក់សមាជិកអង្គការសហប្រជាជាតិចំនួន១២៨ក្នុងចំណោម ១៩៣ប្រទេស និងពុំបានអូសទាញឱ្យបណ្តាប្រទេសផ្សេងទៀតឈូរឆប្តូរស្ថានទូតតាមមែន ប៉ុន្តែ សន្ទុះប្រឆាំង ក៏ពុំសូវសន្ធោសន្ធៅខ្លាំងឡើយនៅក្នុងតំបន់។ សូម្បីតែអារ៉ាប៊ីសាអូឌីត ប្រទេសអ៊ីស្លាមមួយដែរនោះ មិនខ្វល់សោះនឹងសេចក្តីសម្រេចអាមេរិកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ