rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នុយក្លេអ៊ែរអ៊ីរ៉ង់៖​អាមេរិក​ចង់​ធ្វើ​ការ​ជាមួយ​អឺរ៉ុប​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី

media
លោក​ប្រមុខ​ការទូត​អាមេរិក​ថ្មី Mike Pompeo © Reuters

នៅ​សហរដ្ឋអាមេរិក លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាណាល់ទូរទស្សន៍ Fox ថា ការ​ដែល​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ មិនមែន​សំដៅ​ប្រឆាំង​អឺរ៉ុប​ទេ។ តាម​លោក Pompeo អាមេរិក​ចង់​ធ្វើ​ការ​ជាមួយ​អឺរ៉ុប​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​បញ្ហា​ប្រទេស​អ៊ីរ៉ង់​ដែល​មិន​ផ្តោត​តែ​លើ​បញ្ហា​នុយក្លេអ៊ែរ​មួយ​មុខ​ឡើយ។ ប្រតិកម្ម​របស់​ប្រមុខ​ការទូត​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ​កំពុង​បន្ត​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​ហត្ថលេខី​ផ្សេង​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់។


ចំ​ពេល​ដែល​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ​កំពុង​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ប្រទេស​ហត្ថលេខី​ផ្សេង​ឲ្យ​រក្សា​ទុក​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ និង​ជួយ​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​អ៊ីរ៉ង់ សមភាគី​អាមេរិក​លោក Pompeo បែរ​ជា​ចង់​និយាយ​បញ្ចុះបញ្ចូល​អឺរ៉ុប​ឲ្យ​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ទៅ​វិញ។ កិច្ចព្រមព្រៀង​ថ្មី​ដែល​ប្រមុខ​ការទូតអាមេរិក​បាន​បញ្ជាក់​ច្បាស់ៗ​ថា មិនមែន​និយាយ​តែ​ពី​បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​បូក​បញ្ចូល​ផង​ដែរ​នូវ​បញ្ហា​គ្រាប់មីស៊ីល​បាលីស្ទិក និង​កំណើន​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ដើមបូព៌ា ពិសេស​ការ​លូកដៃ​របស់​ទីក្រុង​តេហេរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី លីបង់ អ៊ីរ៉ាក់ និង​នៅ​ក្នុង​ប្រទេស​យេម៉ែន។

« ខ្ញុំ​សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ និង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ យើង​នឹង​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​ថ្មី​ដែល​ល្អ និង​ដែល​អាច​ជួយ​ការពារ​ពិភពលោក​ពិត​ប្រាកដ​ប្រឈម​មុខ​នឹង​អាកប្បកិរិយាអាក្រក់​របស់​អ៊ីរ៉ង់ » នេះ​ជា​ពាក្យសម្តី​របស់​លោក Mike Pompeo នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាណាល់​ទូរទស្សន៍ Fox នា​ថ្ងៃ​អាទិត្យ ទី១៣ ឧសភា។ ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​លោក​ចន បុលតុន ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាណាល់ទូរទស្សន៍ ABC លោក​បុលតុន​បាន​ចោទ​អ៊ីរ៉ង់​ត្រង់ៗ​ពី​បទ​យក​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ធ្វើ​ជា​ឈ្នាន់​ដើម្បី​ពង្រឹង​អំណាច​យោធា និង​ឥទ្ធិពល​នៅ​ក្នុង​តំបន់។

គឺ​ហេតុផល​ទាំង​អស់​នេះ​ហើយ​ដែល​បាន​ជំរុញ​ឲ្យ​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃទី៨ ឧសភា​កន្លង​ទៅ។ តែ​បញ្ហា​នៅ​ត្រង់​ថា ប្រទេស​ហត្ថលេខី​ផ្សេង មាន​ចិន រុស្ស៊ី បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​សន្យា​បន្ត​រក្សា​ទុក​កិច្ចព្រមព្រៀង និង​ប្តេជ្ញា​បន្ត​ធ្វើ​ការ​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ការពារ​ប្រយោជន៍​របស់​ពលរដ្ឋ​អ៊ីរ៉ង់។ ចំណែក​អ៊ីរ៉ង់ តាម​រយៈ​លោក​ប្រធានាធិបតី​រ៉ូហានី​ក៏​ដូច​ជា​ប្រមុខ​ការទូត​លោក​ហ្សារីស្វ​បាន​បន្ត​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ពី​បំណង​ចង់​បន្ត​ធ្វើ​ការ​ជាមួយ​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ដើម្បី​ទទួល​បាន​ការ​ធានា និង​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង។

បន្ទាប់​ពី​ប្រទេស​ចិន លោក​ហ្សារីស្វ​បាន​ទៅ​ប្រទេស​រុស្ស៊ី​ក្នុង​ថ្ងៃ​ចន្ទ ទី១៤ ឧសភា និង​បន្ត​ដំណើរ​ទៅ​កាន់​ទីស្នាក់ការ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា៕