rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​កិច្ច​សន្យា​ពាណិជ្ជ​កម្ម​ជាមួយ​អ៊ីរ៉ង់​ក្នុង​ទឹកប្រាប់​រាប់​ពាន់​លាន​ដុល្លារ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា

ដោយ បូលីន ដាវីដ

ភ្លាមៗ​ក្រោយ​ពី​លោក​ ដូណាល់​ ត្រាំ បាន​សំរេច​លុប​ចោល​​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់ជា​ឯកតោ​ភាគី​ សហរដ្ឋ​អាមេរិក​ក៏​បាន​សំរេច​ចិត្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មីម្តង​ទៀត​​ប្រឆាំង​នឹង​អ៊ីរ៉ង់។ ទណ្ឌកម្ម​នេះ​នឹង​បង្ក​វិបាក​ធ្ងន់​ធ្ងរ​សំរាប់​ក្រុម​ហ៊ុន​​អាមេរិក​ក៏​ដូច​ជា​បណ្តា​​ក្រុមហ៊ុន​អឺរ៉ុប​ទាំង​អស់។​ ជាពិសេស​ គឺ​កិច្ចសន្យា​លក់​យន្តហោះ​ទៅ​ឲ្យ​អ៊ីរ៉ង់។​ សូម្បី​តែ​ឧស្សាហកម្ម​ផលិត​រថយន្ត​ក៏​នឹង​រង​គ្រោះ​យ៉ាង​ដំណំ​ផង​ដែរ។​ តាម​ពិត​ទៅ កាលពី​បី​ឆ្នាំ​មុន ទាំង​ក្រុមហ៊ុន​អាមេរិក​ ទាំង​ក្រុមហ៊ុន​អឺរ៉ុប​ទើប​តែ​ចាប់​ផ្តើម​រក​ស៊ី​ឡើង​វិញ​តែ​ប៉ុណ្ណោះ​ជាមួយ​អ៊ីរ៉ង់​។​ ​បណ្តា​កិច្ច​សន្យា​ទាំង​ឡាយ​ក្នុង​តំលៃ​ជា​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិច​ស្រពិល។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​លោក​ ដូណាល់​ ត្រាំ បាន​សំរេច​ចិត្ត​ជា​ឯកតោ​ភាគី​ដក​សហរដ្ឋ​អាមេរិក​ចេញ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់​ ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​នេះ​ត្រូវ​បាន​ដាក់​ឡើង​សាជាថ្មី។​ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ខាត​ប្រយោធន៍​របស់​ក្រុមហ៊ុន​​ខ្លួន​ ដែល​កំពុង​ជាប់​ដៃ​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់។

 មែនទែន​ទៅ ​ចាប់​តាំង​ពីឆ្នាំ​២០១៥មក​​ ពោល​ គឺ​ក្រោយ​ពេល​ដែល​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​សំរេច​ចិត្ត​ឲ្យ​សហរដ្ឋ​អាមេរិក​ចុះ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​ប្រទេស​នេះ​ត្រូវ​បាន​ដក​ចេញ។​ កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ទីក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស។​ អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​ចំនួន​ ៦។​ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ ចិន​ រុស្សី​ បារាំង​ អង់គ្លេស​ និង​អាល្លឺម៉ង់។​ កិច្ច​ព្រម​ព្រៀង​នេះ​ជា​លទ្ធផល​នៃ​ការ​ចរចា​គ្នា​យ៉ាង​ស្វិត​ស្វាញ​អស់​រយៈ​ពេល​ ២១​ ខែ​។

គេ​សង្កេត​ឃើញ​ថា​ ក្រោយ​ពី​អ៊ីរ៉ង់​លែង​រង​សម្ពាធ​ទណ្ឌកម្ម​អន្តរជាតិ​ បណ្តា​ក្រុមហ៊ុន​ធំៗ​មក​ពី​អាមេរិក​ និង​អឺរ៉ុប​បាន​សំរុក​ចុះ​កិច្ច​សន្យា​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ក៏ដូចជា​ក្រុមហ៊ុន​រដ្ឋ​អ៊ីរ៉ង់​។​ ក្រុមហ៊ុន​ជា​ច្រើន​បាន​ទទួល​អាជ្ញាប័ណ្ណ​ពិសេស​ ឬ​សេចក្តី​យល់​ព្រម​ពី​សំណាក់​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​អ៊ីរ៉ង់។​ ឥឡូវ​នេះ មន្ទិល​សង្ស័យ​​កំពុង​តែ​កើត​មាន​ចំពោះ​ជោគវាសនា​កិច្ចសន្យា​អាជីវកម្ម​ទាំង​នេះ។​ បើ​តាម​សំដី​លោក​ John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សំរាប់​លោក​ប្រធានាធិបតី​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​ឡើង​វិញ​ប្រឆាំង​នឹង​អ៊ីរ៉ង់​នេះ​នឹង​ចូល​ជា​ធរមាន​ភ្លាមៗ​តែ​ម្តង​។ ពោល​ គឺ​សំរាប់​កិច្ច​សន្យា​ពាណិជ្ជ​កម្ម​ថ្មីៗ​ណា​ ដែល​សហគ្រាស​បរទេស​ណា​មួយ​ទើប​តែ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុនឯកជន​ ឬ​រដ្ឋាភិបាល​អ៊ីរ៉ង់។​ ផ្ទុយ​ទៅ​វិញ​ សំរាប់​ក្រុមហ៊ុន​ណា​ដែល​មាន​សកម្ម​ភាព​ពាណិជ្ជកម្ម​ជាមួយអ៊ីរ៉ង់​​រួច​ស្រាប់​ទៅ​ហើយ​ និង​ដែល​កំពុង​​អនុវត្ត​កិច្ច​សន្យា​ជំនួញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ រដ្ឋាភិបាល​អាមេរិក​ទុក​ពេល​ជា​ច្រើន​ខែ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ដក​ខ្លួន​បណ្តើរ​មុន​នឹង​បញ្ឈប់​សកម្ម​ភាព​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​រតនា​គារ​ជាតិ​អាមេរិក​ ក្រុមហ៊ុន​ទាំង​នោះ​មាន​ពេល​ចន្លោះ​ពី​​៩០​ ថ្ងៃ​ទៅ​ ១៨០​ ថ្ងៃ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​អ៊ីរ៉ង់។​ បើ​ពិត​ដូចនេះ​មែន​ តើ​កិច្ចសន្យា​អាជីវកម្ម​ណា​ខ្លះ​នឹង​រង​ប៉ះពាល់​?​

ជា​តំបូង​ គឺ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​ Boeing ​និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​ Airbus។ គេ​កំពុង​សំឡឹងមើល​ឃើញ​ថា​ក្រុមហ៊ុន​ធំ​ទាំង​ពីរ​កំពុង​ប្រឈម​នឹង​ការ​ខាត​បង់​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។​ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចុះ​កិច្ចសន្យា​ច្រើន​សន្ធឹក​សន្ធាប់​ទទួល​ការ​បញ្ជា​ទិញ​យន្តហោះ​ពី​បណ្តា​ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ីរ៉ង់។​ សូម​បញ្ជាក់​ថា​ អ៊ីរ៉ង់​ត្រូវ​ការ​ធ្វើ​ទំនើប​នីយកម្ម​យន្តហោះ​ដឹកអ្នក​ដំណើរ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​ បើ​យោង​តាម​តួលេខ​របស់​ស្ថាប័ន​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​ទៀត​ អ៊ីរ៉ង់​ត្រូវ​ការ​យន្តហោះ​ដឹកអ្នក​ដំណើរ​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​ចំនួន ៤០០ ​ទៅ ៥០០ គ្រឿង។​ តំរូវ​ការ​ដ៏​ច្រើន​បែប​នេះ​ក៏ដោយ​សារ​តែ​ អ៊ីរ៉ង់​បាន​ស្ថិត​នៅក្នុង​ភាព​ឯកោ​ក្រោម​គំនាប​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​អស់​ជា​ច្រើន​ទសវត្សរ៍​។

ក្នុង​កំឡុង​ពេល​នោះ​ ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ីរ៉ង់​គ្មាន​សិទ្ធិ​ទិញ​គ្រឿង​បន្លាស់​ ឬ​បញ្ជា​ទិញ​យន្តហោះ​ថ្មី​បាន​ឡើយ។​ ការណ៍​នេះ​ជា​ហេតុ​ធ្វើ​យន្តហោះ​ស៊ីវិល​អ៊ីរ៉ង់​ទាំង​អស់​កាន់​តែ​មាន​វ័យ​ចំណាស់​។ ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ក្រុមហ៊ុន​អាមេរិក​ Boeing និង​ក្រុមហ៊ុន​អាកាចរណ៍​ជាតិ​អ៊ីរ៉ង់​ (Iran Air) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ទិញ​យន្តហោះ​ចំនួន​ ៨០ គ្រឿង​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ ១៦​ពាន់​លាន​ដុល្លារ។​ ក្រុមហ៊ុន​អាមេរិក​គ្រោង​នឹង​បញ្ចប់​ការ​ផលិត​ និង​ប្រគល់​យន្តហោះ​មួយ​ចំនួន​ក្នុង​ដំណាក់​កាល​តំបូង​ទៅ​ឲ្យ​ក្រុមហ៊ុន​អ៊ីរ៉ង់​នា​ដំណាច់​ឆ្នាំ​២០១៨​នេះ។​ ប៉ុន្តែ​ ដោយសារ​តែ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ផលិត​ ការ​ប្រគល់​នឹង​លើក​ទៅ​ពេល​ក្រោយ។ ការ​សំរេច​ចិត្ត​​លើក​ពេល​នេះ​ គឺ​មុន​ពេល​ពេល​ដែល​អាមេរិក​ប្រកាស​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រៀម​ព្រៀង​នុយ​ក្លេ​អ៊ែរ​អ៊ីរ៉ង់។ ​លើស​ពី​នេះ​ ក្រុមហ៊ុន​ Boeing ក៏​បាន​ចុះ​កិច្ច​សន្យា​មួយ​ទៀត​ដោយ​ទទួល​ការ​បញ្ជា​ទិញ​យន្តហោះ​ម៉ូដែល​ 747 MAX ចំនួន​ ៣០ គ្រឿង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​អ៊ីរ៉ង់​ Aseman Airlines។​ កិច្ចសន្យា​នេះ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជាង ៣ ពាន់​លាន​ដុល្លារ។​

ជាគោលការណ៍​ ក្រុមហ៊ុន​ Boeing ត្រូវ​ផលិត​យន្តហោះ​នេះ​ឲ្យ​រួចរាល់​ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​អ៊ីរ៉ង់​ចន្លោះ​ពី​ឆ្នាំ​២០២២ និង​២០២៤។​ កន្លង​មក​ ក្រុមហ៊ុន​ Boeing ក៏​ធ្លាប់​បាន​ប្រកាស​ផង​ដែរថា​ កិច្ចសន្យា​មួយ​នេះ​នឹង​ជួយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក​រាប់​ម៉ឺន​នាក់។​ ប៉ុន្តែ​ ក្រោម​សម្ពាធ​រដ្ឋាភិបាល​អាមេរិក​ ក្រុមហ៊ុន​​ Boeing បាន​បញ្ជាក់​ថា​នឹង​គោរព​តាម​សេចក្តី​បង្គាប់​​នឹង​មិន​ផលឹត​យន្តហោះ​លក់​ឲ្យ​អ៊ីរ៉ង់​ឡើយ។

ដោយ​ឡែក​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​ Airbus វិញ​ ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​អ៊ីរ៉ង់​មាន​ដូចជា​ Iran Air Tour និង​ Zagros Airlines។​ កិច្ចសន្យា​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ​ជាង​ ១០ ពាន់​ដុល្លារ។​ ក្រុមហ៊ុន​អ៊ីរ៉ង់​ទាំង​ពីរ​បាន​បញ្ជា​ទិញ​យន្តហោះ​ ​Airbus ម៉ូដែល​ A320neo ចំនួន​ ១០០ គ្រឿង។ ទណ្ឌ​កម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​​នឹង​បង្ក​ឲ្យ​​ក្រុមហ៊ុន​អឺរ៉ុប​ Airbus ជួប​បញ្ហា​ខ្លាំង។​ នេះ​ក៏​ដោយ​សារ​តែ​ក្រុមហ៊ុន​ Airbus មាន​រោង​ចក្រ​ជា​ច្រើន​នៅ​លើ​ទឹកដី​អាមេរិក។​ ជាពិសេស​ គឺ​រោង​ចក្រ​ផលិត​គ្រឿង​បន្លាស់​មួយ​ភាគ​ធំ​របស់​យន្តហោះ។​

ដូចនេះ​ វា​ប្រាកដ​ណាស់​ដែល​រោងចក្រ​ក្រុមហ៊ុន​ Airbus នៅ​លើ​ទឹកដី​អាមេរិក​គ្មាន​សិទ្ធិ​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​សំរាប់​ការ​ផលិត​យន្តហោះ​ស្រប​តាម​ការ​បញ្ជា​ទិញ​របស់​អ៊ីរ៉ង់​ឡើយ។​​ ជា​សរុប​ ទណ្ឌកម្ម​អាមេរិក​សាជា​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​អ៊ីរ៉ង់​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិច​ស្រពិល។​

ក្រុមហ៊ុន​ឧស្សាហកម្ម​អឺរ៉ុប​ផ្សេង​ទៀត​ក៏​នឹង​ទទួល​រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ដំណំ​ផង​ដែរ​។​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ Volkswagen និង​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​-ជប៉ុន​ Renault-Nissan​ជា​ដើម។​ រដ្ឋាភិបាល​អាមេរិក​បាន​ជូន​ដំណឹង​រួច​ទៅ​ហើយ​ទៅ​សមភាគី​អឺរ៉ុប​ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ទាំង​អស់​ត្រូវ​តែ​គោរព​តាម​សេចក្តី​បង្គាប់​មាន​​ចែង​នៅ​ក្នុង​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​។​ ក្រុមហ៊ុន​ទាំង​នោះមិន​ត្រូវ​មាន​សកម្ម​ភាព​ពាក់​ព័ន្ធ​ជាមួយ​អ៊ីរ៉ង់​ឡើយ។ ប្រសិន​បើ​ក្រុមហ៊ុន​បរទេស​ណា​មួយ​មិន​ព្រម​ដក​ខ្លួន​ចេញ​ពីប្រទេស​អ៊ីរ៉ង់​ទេ​ ក្រុមហ៊ុនទាំង​​នេះ​នឹង​ទទួល​ការ​ដាក់​ពិន័យ​ដោយ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​យក​ផលិត​ផល​មក​លក់​នៅ​លើ​ទីផ្សារ​អាមេរិក​ឡើយ។ ដូចនេះ​ វិធាន​ការណ៍​អាមេរិក​​នេះ​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជ្រើស​រើស​រវាង​ទីផ្សារ​អ៊ីរ៉ង់​ ឬ​អាមេរិក៕

បារាំង ៖ តំបន់ជាយក្រុង ជាតំបន់ក្រីក្រ ស្តារ​មិនរួចឬ ?

ហេតុអ្វី​បាន​ជា​ប្រជាជន​ប៉ាឡេស្ទីន​បារម្ភ​​ខ្លាំង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ម៉ាមូដ អាបាស់?

ហេតុអ្វី​បាន​ជា​ប្រទេស​ក្វាតេម៉ាឡា​ផ្ទេរ​ស្ថានទូត​ទៅ​កាន់​ទីក្រុង​ហ៊្សេរុយសាឡិម​ដូច​សហរដ្ឋអាមេរិក?

នៅរុស្ស៊ី ស្ពានប្រវត្តិសាស្ត្រ ត្រូវបាន​សង់ឡើង ទាំងក្រោម​គំនាប​ទណ្ឌកម្ម​បស្ចិមលោក

អឺរ៉ុប ចង់​សង្រ្គោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដោយ​របៀប​ណា?

តើ​ក្រុមភេរវជន​នៅ​ពីក្រោយ​ការវាយប្រហារ​អត្តឃាត​នៅ​ឥណ្ឌូណេស៊ី​ជា​នរណា?

នុយក្លេអ៊ែរអ៊ីរ៉ង់៖​ក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក អឺរ៉ុប​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ

ម៉ាឡេស៊ី៖ ទោះ​មិនសូវ​មាន​ប្រជាប្រិយ ​តែ​បក្ស​លោក​ណាជីប រ៉ាហ្សាក់ ​អាច​នឹង​ឈ្នះឆ្នោត​ជាថ្មី​

តើ​វិបត្តិ​ប្រជាសាស្រ្ត​ជប៉ុន​អាច​បង្ក​នូវ​ផលប៉ះពាល់​អ្វីខ្លះ​ខាង​សេដ្ឋកិច្ច?

តួកគី៖​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ផ្តើម​យុទ្ធការឃោសនា​សម្រាប់​ការ​បោះឆ្នោត​មុនអាណត្តិ​ថ្ងៃទី២៤ មិថុនា

តើ​​​ទស្សនៈកិច្ជ​​​​របស់​​​​ប្រធានាធិបតី​​​នី​ហ្សេរីយ៉ា​​​​ Muhammadu Buhari ​​​​នៅ​​​​សហរដ្ឋ​អាមេរិក​​​​មាន​​​​គោលដៅ​​​​អ្វី​​ខ្លះ?​​​

តើ​ជំនួបកំពូល​រវាង​កូរ៉េទាំងពីរ​ជា​ក្តីសង្ឃឹមថ្មី​ឬ​ក៏ជាការ​ដើរ​ជាន់​ដានចាស់?

បារាំង ៖ ប្រវត្តិ​មហាបាតុកម្មខែឧសភា ៦៨

នៅ​តំបន់​ដើមបូព៌ា ប្រមុខ​ការទូត​អាមេរិក​បង្ហាញ​ពី​ជំហរ​ម៉ឹងម៉ាត់​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់

ក្រុមហ៊ុន​​ Altaba ​(អតីតៈ​ក្រុមហ៊ុន​ Yahoo!) ​ត្រូវ​​​បង់​​ប្រាក់​​​ផាក​​ពិន័យ​​​ចំនួន​​​ ៣៥ ​​លាន​​​​ដុល្លារ​​

រុស្ស៊ី​នឹង​បញ្ជូន​ទៅ​អោយ​ស៊ីរី​គឺ​ប្រព័ន្ធមីស៊ីល​ការពារ​ដែន​អាកាសធុន ​S-300 ​ដោយ​ឥត​ទារ​សំណង​

បង់ក្លាដែស៖​៥ឆ្នាំ​ក្រោយ​សោកនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ

អាមេនី ៖ នាយក​រដ្ឋមន្ត្រី​លាលែង​ពីតំណែង វិបត្តិ​នយោបាយ​នឹង​បិទ​បញ្ចប់ ?!

បញ្ហា​ប្រឈម​សំខាន់ៗ សម្រាប់​ការបោះឆ្នោត​សភា នៅ​អាហ្វហ្កានីស្ថាន