អានតួអត្ថបទ

នាយកអធិការ​នៃ​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​លាលែង​ពីតំណែង

នាយក​អធិការ​នៃ​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ហៅកាត់​ថា អាអ៊ីអឺអា ដែល បាន​សុំ​លាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​សុក្រ​ទី ១១​ឧសភា ២០១៨ ម្សិលមិញ។ នេះ​បើ​តាម​​អ្នកនាំ​ពាក្យ​របស់​ភ្នាក់ងារ។ ជា​ការ​លាលែងដែល​បាន​ទទួល​ចំណាប់​អារម្មណ៍​ពិសេស ព្រោះ ភ្នាក់ងារ​នេះ​មាន​បន្ទុក​ត្រួត​ពិនិត្យ​​ការ​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​​និង​​​ធ្លាក់មក​ជួន​ចំពេល​សហរដ្ឋ​អាមេរិក​ទើប​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ទង់ជាតិ​អ៊ីរ៉ង់ នៅទី​ស្នាក់ការ​​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​នា​ទី​ក្រុង​Vienne
ទង់ជាតិ​អ៊ីរ៉ង់ នៅទី​ស្នាក់ការ​​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​នា​ទី​ក្រុង​Vienne REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

ជា​ប្រមុខ​​អធិការ​នៃភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​តាំង​ពី​ឆ្នាំ​២០១៣ លោក Tero Varjoranta ពុំបាន​ការពន្យល់​មូលហេតុ​​នៃ​ការ​លាលែង​ចេញ​ពី​តំណែង ដែល​សម្រេច​ឡើង​ក្រោយ​ការ​ប្រកាស​​របស់លោក​ដូណាល់ ត្រាំ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទេ។ តួនាទី​នេះ​ត្រូវ​បាន​ជំនួស​ភ្លាម​ តែ​ជា​បណ្តោះ​អាសន្ន​ដោយ​នាយក​ការិយាល័យ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​នុយក្លេអ៊ែរអ៊ីរ៉ង់។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​អ្នក​នាំពាក្យភ្នាក់ងារ​​AIEA។​

​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៥ ជា​ភ្នាក់ងារ​​របស់​អង្គការ​សហប្រជាជាតិ​ ដែល​មាន​សមត្ថភាពក្នុង​វិស័យ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ អាអ៊ីអឺអា ​មាន​​​ទទួល​​បន្ទុក​ត្រួត​ពិនិត្យ​ការ​គោរព​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អន្តរជាតិ ឆ្នាំ​២០១៥ ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​មហាអំណាច សហរដ្ឋ​អាមេរិក​ បារាំង អង់គ្លេស ចិន​ រុស្ស៊ី និង​អាល្លឺម៉ង់។ ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​ទី ៨ ឧសភា ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​សម្រេច​ជា​ឯកតោ​ភាគី​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ និង​បាន​ទាមទារ​ជា​ថ្មី កាលពី​ថ្ងៃព្រហស្បតិ៍ ថា​បើ​ទោះ​បី​ជា​អាមេរិក​ដក​ខ្លួន​ចេញ​ក៏​ដោយ ក៏​អាមេរិក​ចង់​បន្តធ្វើ​​អធិការ​កិច្ច​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ព្រមទាំង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដល់​មូលដ្ឋាន​យោធា ដើម្បី​បាន​ដឹង​ថា​តើ​អ៊ីរ៉ង់​មិន​គោរព​កិច្ចព្រមព្រៀង​មែនឬក៏អត់។

សម្រាប់​ភ្នាក់​ងារ​ថាមពល​បរមាណូ អ៊ីរ៉ង់ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ ដោយ​ប្រព័ន្ធ​គួរ​ឱ្យ​ទុក​ចិត្ត​នៅ​លើ​ពិភពលោក ក្នុង​វិស័យ​នុយក្លេអ៊ែរ។ កាលពី​ថ្ងៃពុធ ភ្នាក់​ងារ​បាន​អះអាង​ជា​ថ្មី​ថា ​អ៊ីរ៉ង់​ពិត​ជា​បានគោរព​​យ៉ាង​ពេញ​លេញ នូវ​គ្រប់​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ភាគី​ហត្ថលេខី​ផ្សេង​ទៀត មាន​អាទិ៍​បារាំង​អង់គ្លេស ​អាល្លឺម៉ង់ ​រុស្ស៊ី និង​ចិន ព្រមទាំងអ៊ីរ៉ង់​ផ្ទាល់​ កំពុង​សាក​ល្បង​ស្រោច​ស្រង់​កិច្ចព្រមព្រៀង​នេះ។ កិច្ច​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់អឺរ៉ុប​​តាំង​ពី​ថ្ងៃ​ពុធ​មក​។ នៅ​ថ្ងៃ​នេះ​ប្រមុខ​ការទូត​អ៊ីរ៉ង់​កំពុង​ស្ថិត​នៅ​ក្រុង​​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ